បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងភ្នំពេញ សមាជិកប្លុកនេះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
បន្ទាប់ពីជំនួបនោះ លោក លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានធ្វើសន្និសីទសារព័ត៌មានមួយ ហើយបានអះអាងថា មេដឹកនាំអាស៊ានបានពិភាក្សាអំពីការវិវត្តន៍ថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅទីនោះ។
នាពេលថ្មីៗនេះ ប្រទេសមីយ៉ាន់ម៉ាប្រារព្ធខួបមួយឆ្នាំនៃរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលពួកយោធាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ មីន អោងឡាំង បានផ្តួលរំលំមេដឹកនាំស៊ីវិលរបស់ប្រទេសនេះនិងលើកបន្តុបរបបយោធាថ្មី។
លោក ប្រាក់ សុខុន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា៖ «យើងអំពាវនាវឲ្យអាជ្ញាធរមីយ៉ាន់ម៉ាចាត់វិធានការច្បាស់លាស់ ដើម្បីពន្លឿនការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច »។ «យើងទទូចឲ្យភាគីទាំងអស់រក្សាការអត់ធ្មត់ជាទីបំផុត និងចូលរួមក្នុងកិច្ចសន្ទនាក្នុងន័យស្ថាបនា [ដើម្បីស្វែងរក] ដំណោះស្រាយដោយសន្តិវិធីនិងប្រកបដោយបរិយាបន្ន ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា»។
ក្រៅពីបញ្ហានៅមីយ៉ាន់ម៉ា លោក សុខុន បានមានប្រសាសន៍ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីបញ្ហាទូទៅបន្ថែមទៀតក្នុងការពង្រឹងឯកភាពនៅក្នុងតំបន់ និងការចូលរួមពីខាងក្រៅ។
កិច្ចប្រជុំនេះក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តពេញលេញនិងប្រកប ដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូងនិងការសម្រេចក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសក៏បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា មីយ៉ាន់ម៉ាមិនបានបញ្ជូនអ្នកតំណាងដែលមិនមែននយោបាយទៅចូលរួមកិច្ចប្រជុំនេះទេ។
តំណាងមកពីប្រ៊ុយណេនិងថៃបានចូលរួមតាមអនឡាញ ខណៈរដ្ឋមន្ត្រីការបរទេសវៀតណាមបានចូលរួមតាមអនឡាញពីបន្ទប់របស់លោកក្នុងទីក្រុងភ្នំពេញដោយសារលោកធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅពេលអញ្ជើញមកដល់ប្រទេសកម្ពុជា។ រដ្ឋមន្ត្រីការបរទេសផ្សេងទៀតបានចូលរួមកិច្ចប្រជុំដោយផ្ទាល់។
លោក សុន្ទរី បានប្រាប់ខេមបូចាកាលពីសប្តាហ៍មុនថា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ទេ ដោយកត់សម្គាល់ថាមេដឹកនាំយោធានៅទីនោះបានច្រានចោលសំណើរបស់កម្ពុជាក្នុងការបញ្ជូនតំណាងដែលមិនមែននយោបាយមកចូលរួម។
លោក មីន អោងឡាំង ត្រូវបានរារាំងមិនឲ្យចូលរួមកិច្ចប្រជុំនៅខែតុលារបស់ប្លុកនេះ បន្ទាប់ពីប្រេសិតពិសេសអាស៊ានត្រូវបានរារាំងមិនឲ្យជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលមេដឹកនាំរបបយោធាបានផ្តួលរំលំពីអំណាច។ លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួននៅពន្ធនាគារ អំឡុងពេលធ្វើរដ្ឋប្រហារហើយកំពុងស្ថិតក្រោមការកាត់ក្តីពីបទឧក្រិដ្ឋផ្សេងៗ ដែលពួកយោធាចោទប្រកាន់ជាផ្នែកមួយនៃការគ្រប់គ្រងរដ្ឋរបស់ខ្លួន។
ចាប់តាំងពីកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមករានៅទីក្រុងណៃពិដោរវាងលោក ហ៊ុន សែន និងលោក មីន អោងឡាំង មេដឹកនាំទាំងពីរបានទាក់ទងគ្នាតាមទូរសព្ទដែលក្នុងនោះ តាមព័ត៌មានថា លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យប្រមុខរបបយោធាគោរពកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច អនុវត្តបទឈប់បាញ់និងអនុញ្ញាតឲ្យប្រេសិតពិសេសអាស៊ានចូលទៅប្រទេសមីយ៉ាន់ម៉ា។
លោក សុខុន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងនាមជាប្រេសិតពិសេសបច្ចុប្បន្ន លោកមានបំណងប្រើប្រាស់តួនាទីនេះ ដើម្បីបំពេញតាមអាណត្តិ ដើម្បីជួបជាទាំងលោក មីន អោងឡាំង និងមន្ត្រីដទៃទៀត ជាពិសេសអ្នកដែលស្ថិតនៅក្នុងរដ្ឋាភិបាលរួបរួមជាតិស៊ីវិល (NUG)។ សមាជិកនៃរដ្ឋាភិបាលស៊ីវិលដែលត្រូវបានគេទម្លាក់ចេញពីអំណាចបានបង្កើតរដ្ឋាភិបាលរួបរួមជាតិស៊ីវិល បន្ទាប់ពីរដ្ឋប្រហារ ហើយអះអាងថា ខ្លួនគឺជាថ្នាក់ដឹកនាំជាតិពិតប្រាកដ។
លោក សុខុន មានប្រសាសន៍ថា៖ «យើងជឿថាគ្រប់ភាគីមានការព្រួយបារម្ភ»។ «បញ្ហានៅត្រង់ពេលវេលាប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ យើងចង់រក្សាក្តីសង្ឃឹមក្នុងការបន្តទំនាក់ទំនងជាមួយទីក្រុងណៃពីដោ ជាពិសេសក្តីសង្ឃឹមក្នុងការរក្សាការជឿជាក់និងទំនុកចិត្តពីសម្ព័ន្ធមិត្ត»។
លោកបន្ថែមថា៖ «ដូច្នេះហើយនៅពេលនេះ យើងមិនទាន់បានជួបទំនាក់ទំនងណាមួយជាមួយ NUG នៅឡើយទេ ដោយសារតែទីក្រុងណៃពីដោបានហៅក្រុមនេះថា ជាក្រុមភេរវករ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា កម្ពុជានិងប្រទេសសមាជិកអាស៊ានដទៃទៀតមិនអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាដោយខ្លួនឯងបានទេ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា [កម្ពុជា] មិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបានទេ ហើយបញ្ហាមីយ៉ានម៉ានឹងត្រូវដោះស្រាយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» ដោយគូសបញ្ជាក់ថា ពួកយោធាមិនគោរពតាមកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចនោះទេ។
លោក សុវណ្ណារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីអាស៊ានក៏ហាក់ដូចជាមិនបានប្រព្រឹត្តទៅដោយរលូនដែរ ដោយសារតែគ្មានការចូលរួមដោយផ្ទាល់ពីតំណាងមួយចំនួន។
លោក សុវណ្ណារ៉ា បានមានប្រសាសន៍ថា៖ «មិនសូវមានភាពស្និទ្ធស្នាលច្រើនទេ [ក្នុងកិច្ចប្រជុំតាមអនឡាញ] ហើយគោលដៅជំរុញទេសចរណ៍ក្នុងស្រុកនិងតំបន់មិនទាន់ខ្លាំងគ្រប់គ្រាន់ទេ ដោយសារកិច្ចប្រជុំមិនអាចប្រព្រឹត្តទៅដោយរលូន»។
អ្នកវិភាគម្នាក់ទៀត គឺលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាចាំបាច់ត្រូវជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចជាមួយយោធាមីយ៉ាន់ម៉ា។
លោក គិន ភា បានមានប្រសាសន៍ថា៖ «កម្ពុជាត្រូវប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលក្រុមយោធាឲ្យអនុវត្ត [កិច្ចព្រមព្រៀងជាឯកច្ឆន្ទ]៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Asean foreign ministers meeting centers on Myanmar crisis