ដោយត្រូវបានគេចាត់ទុកថាជាបឹងទឹកសាបដែលសម្បូរត្រីបំផុតនៅលើពិភពលោក បឹងទន្លេសាបតែងតែនាំមកនូវជំនន់តាមរដូវកាលដែលធ្វើឱ្យទទឹងបឹងរីកមាឌនៅរដូវវស្សា ដល់ទៅ ៥ដងធំជាងទទឹងរបស់វានៅរដូវប្រាំង ។ ហើយជាយូរលង់មកហើយ ជំនន់តាមរដូវកាលនៅបឹងទន្លេសាបតែងត្រូវបានស្វាគមន៍ដោយប្រជាជនរាប់លាននាក់ដែលរស់នៅជុំវិញបឹង ។
ប៉ុន្តែ បឹងដែលជាជង្រុកត្រីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាមួយនេះកំពុងជួបញ្ហាក្នុងការរក្សាជំនន់តាមធម្មជាតិដោយសារតែការគំរាមកំហែងរួមផ្សំគ្នាជាច្រើនដែលបង្កបង្កើតឡើងដោយមនុស្ស ។
អាកាសធាតុមិនទៀងទាត់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងទំនប់វារីអគ្គិសនីជាច្រើនដែលសង់នៅផ្នែកខាងលើនៃដងទន្លេមេគង្គ និងដៃទន្លេមេគង្គ បានរំខានដល់លទ្ធភាពរបស់បឹងទន្លេសាបក្នុងការពង្រីកខ្លួនក្នុងអំឡុងរដូវវស្សា ដែលនេះជាបាតុភូតមួយដ៏សំខាន់បំផុតចំពោះវិស័យជលវប្បកម្មនិងសន្តិសុខស្បៀង ។
កម្ពស់ទឹករបស់បឹងទន្លេសាបបានឡើងជិតដល់កម្រិតធម្មតាកាលពីខែកក្កដា ប៉ុន្តែ បែរជាធ្លាក់ចុះវិញយ៉ាងខ្លាំងនៅខែសីហា ។ ការឡើងចុះទាំងនេះកើតឡើងស្របគ្នាទៅនឹងដំណើរស្រកចុះទៅវិញរយៈពេលវែងនៃកម្ពស់ទឹកនៅក្នុងប្រព័ន្ធទន្លេមេគង្គក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ។
ខណៈដែលសហគមន៍ជុំវិញបឹងទន្លេសាបដែលស្ថិតនៅខាងក្រោមខ្សែទឹក និងដៃទន្លេផ្សេងទៀតសម្របខ្លួនទៅតាមបែបផែនថ្មីនៃជំនន់ដែលមិនអាចទស្សន៍ទាយដឹងមុនបាន មូលហេតុចម្បងដែលជាប់សង្ស័យក្នុងវិបត្តិនេះ គឺទំនប់វារីអគ្គិសនីរាប់រយកន្លែងដែលសាងសង់នៅក្នុងអាងទន្លេមេគង្គ និងស្ថាប័ននិយ័តកម្មដែលមិនសូវទទួលបានកិច្ចសហប្រតិបត្តិការពីសមាជិករបស់ខ្លួន ។
ពង្រីកទំនប់ បង្រួញជីបចរជំនន់
លោក Brian Eyler ដែលជាអ្នកគ្រប់គ្រងកម្មវិធីអាស៊ីអាគ្នេយ៍ និងកម្មវិធីថាមពល ទឹក និងនិរន្តរភាពរបស់មជ្ឈមណ្ឌល Stimson បាននិយាយថា៖ «ចំណុចកំពូលនៃជីពចរជំនន់ប្រចាំឆ្នាំរបស់[ទន្លេសាប]មិនបានឡើងដល់កម្ពស់ទឹកធម្មតាដែលវាគួរតែឡើងដល់នោះឡើយ ហើយវាកម្រនឹងឡើងដល់កម្ពស់ធម្មតាណាស់នៅក្នុងអំឡុងរដូវវស្សា» ។
យោងតាមទិន្នន័យដែលប្រមូលដោយគណៈកម្មការទន្លេមេគង្គ ទន្លេសាប – ដែលហូរបញ្ច្រាសក្នុងអំឡុងរដូវវស្សា ដោយហូរចុះទៅទិសខាងជើងចេញពីចំណុចតភ្ជាប់គ្នានឹងទន្លេមេគង្គ រួចហើយបន្តហូរចាក់ចូលទៅក្នុងបឹងទន្លេសាប – មានកម្ពស់ទឹកប្រហែល ២ម៉ែត្រទាបជាងកម្ពស់ទឹកមធ្យមរបស់វា នៅពេលនេះនៃរៀងរាល់ឆ្នាំ ។
ប៉ុន្តែ លោក Eyler បានកត់សម្គាល់ថា នៅខែកក្កដា គឺនៅចំកណ្ដាលរដូវវស្សា កម្រិតកម្ពស់ទឹកនៅទន្លេសាបអាចឡើងដល់កម្រិតធម្មតា ដោយពុំមានផលប៉ះពាល់អ្វីពីទំនប់វារីអគ្គិសនី ។
លោកបាននិយាយថា៖ «ប៉ុន្តែ ក្នុងខែសីហា និងចូលខែកញ្ញា ទំនោរកម្ពស់ទឹកធ្លាក់ចុះក្រោមនៅពេលដែលខ្សែបន្ទាត់មធ្យមភាគកំពុងស្ថិតនៅខ្ពស់នៅឡើយ ។ ដូច្នេះ គេសង្កេតឃើញនិន្នាការផ្ទុយពីអ្វីដែលគួរកើតឡើង ហើយមូលហេតុភាគច្រើនគឺដោយសារផលប៉ះពាល់ពីទំនប់វារីអគ្គិសនី មិនមែនពាក់ព័ន្ធនឹងកម្រិតទឹកភ្លៀងអ្វីទេ» ។
ឆ្នាំ២០១០ត្រូវគេចាត់ទុកថាជាការចាប់ផ្ដើមនៃ«យុគសម័យមហាទំនប់» ដោយក្នុងអំឡុងទសវត្សរ៍២០១០នេះ គេឃើញការអភិវឌ្ឍគម្រោងទំនប់វារីអគ្គិសនីធំៗរាប់សិបគម្រោងនៅតាមដងទន្លេមេគង្គ និងដៃទន្លេជាច្រើនទៀតដែលជាសរសៃឈាមរបស់ទន្លេមេគង្គ ។ ភាគច្រើននៃទំនប់ទាំងនេះដែលជំរុញដោយតម្រូវការថាមពលដែលកើតចេញពីការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានសាងសង់ឡើងដោយប្រទេសចិននៅផ្នែកខាងលើនៃទន្លេមេគង្គ ដែលប្រជាជនចិនហៅថាទន្លេឡានឆាង ។
ផលប៉ះពាល់ពីទំនប់ទាំងនេះដែលភាគច្រើនជាទំនប់វារីអគ្គិសនីនិងទំនប់សម្រាប់ផ្គត់ផ្គង់ទឹកអាចរកឃើញនៅគ្រប់ទិសទីនៅក្នុងអាងទន្លេមេគង្គ ។
ចំពោះទន្លេសាបវិញ ការទប់ទឹកទុកនៅផ្នែកខាងលើនៅតាមទំនប់ដែលភាគច្រើនលើសលប់ជាទំនប់របស់ចិននិងឡាវ ធ្វើឱ្យរំខានដល់ជីពចរជំនន់ធម្មជាតិ ដោយកាត់បន្ថយរំហូរចូលតាមរដូវកាលនៃទឹកទន្លេដែលសំខាន់ចាំបាច់ចំពោះការប្រកបរបរចិញ្ចឹមជីវិតរបស់សហគមន៍ក្នុងស្រុក ។ ជំនន់ទឹកទន្លេតាមរដូវកាលដែលមានកម្រិតកម្ពស់ទឹកទាបក៏ជះផលប៉ះពាល់បន្តគ្នាមកលើសន្តិសុខស្បៀងជាតិរបស់ប្រទេសកម្ពុជា និងសហគមន៍កសិកម្មនៅខ្សែទឹកខាងក្រោមបំផុតនៅតំបន់ដីសណ្ដរមេគង្គរបស់ប្រទេសវៀតណាម ។ នេះបើតាមការលើកឡើងរបស់លោក Eyler ។
លោកបានបន្តថា នៅពេលបឹងទន្លេសាបរីកខ្លួនមិនសូវបានធំ វារឹតត្បិតដំណើររបស់ត្រីទៅរកទឹករាក់ដែលសំខាន់បំផុតសម្រាប់ការពងកូននិងធំលូតលាស់របស់ត្រី ។ លើសពីនេះ ការថយចុះនូវជំនន់ក៏នាំឱ្យធ្លាក់ចុះនូវដីល្បាប់និងវត្ថុធាតុសរីរាង្គ ដូចជា ស្លឹកឈើនិងមែកឈើតូចៗ ដែលទឹកហូរនាំចូលទៅក្នុងបឹងទន្លេសាប ផងដែរ ។ លោក Eyler បានរៀបរាប់បន្ថែមទៀតថា កត្តានេះនាំឱ្យខ្សត់ប្រភពចំណីរបស់ត្រី និងរំខានដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងផង និងតំបន់មាត់បឹងផង ។ ការធ្លាក់ចុះធនធានមច្ឆជាតិក៏នឹងបង្ខំឱ្យសហគមន៍អ្នកនេសាទស្វែងរកមុខរបរចិញ្ចឹមជីវិតក្រៅពីនេសាទ ដែលនេះជាភាពប្រឈមមួយសម្រាប់ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននៅពុំទាន់មានផ្លូវច្បាស់លាស់ណាមួយសម្រាប់ដោះស្រាយភាពប្រឈមនេះនៅឡើយ ។
ប៉ុន្តែ មិនមែនតែសហគមន៍ប្រជាជនដែលរស់នៅជុំវិញបឹងទន្លេសាបប៉ុណ្ណោះនោះទេ ដែលមុខរបរចិញ្ចឹមជីវិតត្រូវបានរំខានដោយជំនន់ទន្លេធ្លាក់ចុះទាប ។
មុខរបរចិញ្ចឹមជីវិតមិនប្រាកដប្រជា
លោក លឹម សៃ អាយុ ៥៤ឆ្នាំ ជាអ្នកនេសាទនៅខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់គ្នានឹងប្រទេសឡាវ និងដែលហូរកាត់ដោយទន្លេមេគង្គ បាននិយាយថា ជាច្រើនឆ្នាំចុងក្រោយនេះ លោកមិនដែលបានឃើញកម្ពស់ទឹកទន្លេឡើងខ្ពស់បំផុតឡើយ ។
បុរសអ្នកនេសាទដដែលបាននិយាយថា៖ «ខ្វះ[ទឹក]ហ្នឹងហើយ ជាពិសេស[បញ្ហា]ធំជាងគេទឹកខែប្រាំង មិនទៀងទេ ជួនកាលទឹកច្រើនគេបើក[ទំនប់]ទៅ ជួនកាលទឹកតិចគេបិទទៅ អ៊ីចឹងពិបាកដែរ ពិបាកក្នុងការនេសាទ»។
លោក សៃ បានយល់ឃើញថា ការធ្លាក់ចុះធនធានត្រី មូលហេតុចម្បងគឺដោយសារតែផលប៉ះពាល់ពីទំនប់ដែលនៅផ្នែកខាងលើទឹក ។ ប៉ុន្តែ លោកក៏ជឿជាក់ដែរថា កំណើននៃ«ការឆក់ត្រី»ដោយខុសច្បាប់ ដែលជំរុញដោយការធ្លាក់ចុះនូវទិន្នផលត្រីដែលបណ្ដាលមកពីទំនប់ទាំងនេះ បានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀត ។ នៅក្នុងភូមិរបស់លោក សៃ ដូចគ្នានឹងប្រជាជនជាច្រើនទៀតដែរ ការនេសាទត្រីត្រូវបានហាមឃាត់ចាប់ពីដើមខែមិថុនារហូតដល់ដំណាច់ខែកញ្ញា ដើម្បីអភិរក្សធនធានមច្ឆជាតិ ។ ក្នុងអំឡុងពេលរដូវហាមនេសាទនេះ លោកធ្វើស្រែចម្ការដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា ក្រសួងបានយល់ដឹងពីស្ថានភាពរបស់អ្នកនេសាទដែលនិយាយថាទិន្នផលនេសាទរបស់ពួកគេបានតិចជាងបណ្ដាឆ្នាំមុនៗ ។ ប៉ុន្តែ កញ្ញា រចនា អះអាងថា ការនេសាទបានផលទាបជាងធម្មតានៅអំឡុងរដូវនេះ គឺបណ្ដាលមកពីការកើនឡើងនៃចំនួនអ្នកនេសាទច្រើនជាងមុន មិនមែនមកពីការធ្លាក់ចុះនូវបរិមាណត្រី ព្រោះតែកម្ពស់ទឹក និងការប្រែប្រួលអាកាសធាតុដែលបង្ករការរំខានដល់ចរាចរណ៍របស់ត្រីឡើយ។
អ្នកនាំពាក្យរូបនេះបានលើកឡើងដោយសំដៅទៅលើទិន្នផលជលផលទាំងអស់របស់កម្ពុជា យ៉ាងដូច្នេះថា៖ «ជាក់ស្តែងទិន្នផលត្រីក្នុងឆ្នាំ២០២៣ គឺកើនឡើង៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ មិនមែនថយចុះទេ» ។
យោងតាមរដ្ឋបាលជលផល នៅឆ្នាំ២០២៣ ប្រទេសកម្ពុជាប្រមូលផលនេសាទទឹកសាបបានសរុប ៤២៦.៧៥០តោន ។ ទោះបីតួលេខផលនេសាទនេះខ្ពស់ជាងកាលពីឆ្នាំ២០១៩ ឆ្នាំ២០២១ និងឆ្នាំ២០២២ក្ដី រយៈពេលបីឆ្នាំជាប់គ្នាពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ គឺជាឆ្នាំដែលរាំងស្ងួតបំផុតមិនធ្លាប់មានពីមុនមកសម្រាប់បឹងទន្លេសាប ដែលជំនន់ទាបបានធ្វើឱ្យទិន្នផលនៃជង្រុកត្រីដ៏សម្បូរបំផុតរបស់កម្ពុជាធ្លាក់ចុះ ។
ភាពខុសគ្នានៅក្នុងការតាមដានទំនប់
ខណៈដែលសហគមន៍នេសាទបន្តនិយាយពីផលប៉ះពាល់នៃគម្រោងទំនប់នានា និងការប្រែប្រួលអាកាសធាតុ គណៈកម្មការទន្លេមេគង្គ (MRC) – ជាអង្គការអន្តររដ្ឋាភិបាលដែលទទួលខុសត្រូវលើការសម្របសម្រួលការគ្រប់គ្រងអាងទន្លេមេគង្គឱ្យមានចីរភាព – បានជួបការលំបាកក្នុងការដោះស្រាយផលប៉ះពាល់ទាំងនេះ និងរាប់ចំនួនច្បាស់លាស់នូវទំនប់ដែលត្រូវតាមដាន ។
គណៈកម្មការទន្លេមេគង្គ ប៉ាន់ស្មានថា នៅតាមដងទន្លេមេគង្គនិងដៃរបស់វា មានគម្រោងទាញទឹកទុកប្រើប្រាស់ចំនួន ៦១គម្រោង ។ ក្នុងចំណោមប្រទេសហត្ថលេខីទាំង៤នៃកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលបានបង្កើតក្របខ័ណ្ឌមួយសម្រាប់កិច្ចសហប្រតិបត្តិការទឹកថ្នាក់តំបន់ និងឈានទៅដល់ការបង្កើត MRC នេះឡើង ប្រទេសកម្ពុជាមានទំនប់តិចជាងគេបំផុត នេះបើយោងតាម MRC ។
ប្រទេសថៃ ឡាវ និងវៀតណាម គឺជាប្រទេសបីផ្សេងទៀតដែលបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ និងបានក្លាយជាសមាជិករបស់ MRC ។ ចំណែកឯប្រទេសចិន បើទោះបីខ្លួនមានផលប៉ះពាល់ធំធេងមកលើទន្លេមេគង្គក្ដី មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ហើយក៏មិនបានដំឡើងឋានៈរបស់ខ្លួនពី«ដៃគូសន្ទនា»ទៅកាន់ឋានៈជាសមាជិកពេញសិទ្ធិរបស់ MRC ដែរ ។
ទោះបីយ៉ាងនេះក្ដី នៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គត្រូវបានបង្កើតឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន សមាជិក MRC និងសហភាពមីយ៉ាន់ម៉ា សម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍធនធានទឹករួមគ្នាសម្រាប់ទន្លេឡានឆាងនិងទន្លេមេគង្គ ។
លេខាធិការដ្ឋាន MRC បាននិយាយតាមរយៈសារអ៊ីមែល ថា៖ «យើងធ្វើការជិតស្និទ្ធជាមួយបណ្ដាប្រទេសសមាជិករបស់យើងដើម្បីតាមដានទិន្នន័យជលសាស្ត្រ និងសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមប្រទេសសមាជិក ។ យើងធ្វើការវាយតម្លៃផលប៉ះពាល់ ជំរុញការតាមដានរួមគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅផ្នែកខាងលើនៃខ្សែទឹក ដូចជា ប្រទេសចិន ជាដើម» ។
គណៈកម្មការបានបន្តថា៖ «កិច្ចសហប្រតិបត្តិការនេះនឹងផ្ដោតលើការចែករំលែកទិន្នន័យ គម្រោងរួមគ្នា និងគំនិតផ្ដួចផ្ដើមទូទាំងអាង ដែលសំដៅដោះស្រាយកង្វល់សន្តិសុខទឹក ការកាត់បន្ថយផលប៉ះពាល់ពីទឹកជំនន់និងគ្រោះរាំងស្ងួត និងការជំរុញការអភិវឌ្ឍដោយចីរភាព» ។
ទាំងសមាជិក MRC ទាំងប្រទេសចិនសុទ្ធតែប្ដេជ្ញាចែករំលែកទិន្នន័យនិងបច្ចុប្បន្នភាពទាន់ពេលវេលាអំពីសកម្មភាពទំនប់របស់ខ្លួន ប៉ុន្តែ មជ្ឈមណ្ឌល Stimson និងអង្គការតំបន់ផ្សេងទៀត ជឿជាក់ថា ប្រទេសភាគច្រើនបំផុតមិនបានបញ្ចេញព័ត៌មានរបស់ខ្លួនពេញលេញនោះឡើយ ។
ដោយខុសគ្នាយ៉ាងខ្លាំងពីរបាយការណ៍របស់គណៈកម្មការ MRC មជ្ឈមណ្ឌល Stimson បានកត់ត្រាចំនួនសរុបនៃទំនប់មាន ៧៤៥ ដែលកំពុងដំណើរការ ឬកំពុងសាងសង់នៅតាមដងទន្លេមេគង្គ និងដៃទន្លេរបស់អាងទន្លេមេគង្គ ដែលក្នុងនោះ មាន ៤០ទំនប់ស្ថិតនៅក្នុងប្រទេសកម្ពុជា ។
អ្នកវិទ្យាសាស្ត្រផ្នែកភូមិវិទ្យាមកពីសាកលវិទ្យាល័យនានានៅក្នុងតំបន់ និងនៅក្រៅប្រទេស បានបោះពុម្ពផ្សាយរបាយការណ៍មួយកាលពីដើមឆ្នាំ២០២៤ ដោយលើកឡើងថា ទំនប់មានចំនួន ១០៥៥ ។
លោក Eyler បាននិយាយថា៖ «ក្រុមរបស់យើងដឹង និងអ្នកឃ្លាំមើលទន្លេមេគង្គផ្សេងទៀតភាគច្រើនបំផុត ដឹងថា បច្ចុប្បន្ន មានទំនប់រាប់រយនៅក្នុងអាងទន្លេមេគង្គ ក្នុងនោះរួមទាំងនៅតាមដៃទន្លេរបស់ទន្លេមេគង្គដែរ» ។ លោកបានបន្ថែមថា៖ «ដូច្នេះ វា[របាយការណ៍ដែលថាមាន ៦១ទំនប់]បង្ហាញថា ប្រទេសទាំងនេះមិនបានជូនដំណឹងដល់ MRC ទេនៅពេលមានទំនប់ថ្មីដែលគេសាងសង់នៅតាមដៃទន្លេ» ។ ទោះបី MRC បានទំនាក់ទំនងមក ខេមបូចា ប៉ុន្តែ គណៈកម្មការនេះមិនបានឆ្លើយតបសំណួរដែលសួរពីមូលហេតុនៃភាពខុសគ្នាលើទិន្នន័យតាមដានទំនប់នោះទេ ។
លោក ម៉ារ សុផល អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) ដែលបានធ្វើការជាមួយសហគមន៍នានាដែលរងផលប៉ះពាល់ដោយគម្រោងទំនប់ បានលើកឡងថា រដ្ឋជាសមាជិក MRC គួរតែស្វែងរកការពិគ្រោះយោបល់អន្តរជាតិជាបន្តទៀត និងស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមាន ដែលបង្កឡើងដោយគម្រោងអភិវឌ្ឍន៍របស់ពួកគេ ។
ទោះបីយ៉ាងណា ការទាមទារកិច្ចសហប្រតិបត្តិការច្រើនថែមទៀតពីប្រទេសចិនទើបតែកើតមានឡើងនៅពេលដែលប្រទេសកម្ពុជាបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍របស់ខ្លួន – ព្រែកជីងហ្វូណនតេជោ ដែលមានតម្លៃទឹកប្រាក់ ១,៧ពាន់លានដុល្លារ ដែលគម្រោងនេះនឹងទាញយកទឹកពីទន្លេមេគង្គ ដែលគម្រោងនេះមានធាតុចូលអន្តរជាតិតិចតួចបំផុតនៅមុនការចាប់ផ្ដើម ។
ខណៈដែលគេនៅមិនទាន់យល់ច្បាស់ពីផលប៉ះពាល់បរិស្ថានពីគម្រោងនេះក្ដី លោក Eyler ជឿជាក់ថា កម្ពុជាបានបាត់បង់ឋានៈរបស់ខ្លួនក្នុងនាមជាជើងឯកធំបំផុតនៃកិច្ចព្រមព្រៀងទន្លេមេគង្គដោយសារតែគម្រោងអភិវឌ្ឍន៍ចុងក្រោយនេះ ។
លោក Eyler បានកត់សម្គាល់ថា បើទោះបីយ៉ាងនេះក្ដី ប្រសិនបើការពិគ្រោះយោបល់ថ្នាក់តំបន់កើតមានឡើង ហើយកិច្ចប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ប្រកបដោយប្រសិទ្ធភាពត្រូវបានគេអនុវត្ត ព្រែកជីកនេះអាចផ្ដល់ផលប្រយោជន៍ដល់បណ្ដាប្រទេសដែលពាក់ព័ន្ធ ជំរុញការភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង និងពង្រឹងការគោរពពិធីសារនៃកិច្ចព្រមព្រៀងស្ដីពីគម្រោងនាពេលអនាគត ។ ការធ្វើបែបនេះនឹងជួយទប់ស្កាត់វដ្ដអវិជ្ជមាន និងបង្កើតនូវគំរូវិជ្ជមានសម្រាប់ការអភិវឌ្ឍផ្សេងទៀតនៅក្នុងតំបន់ ដែលនៅទីបំផុតទៅនឹងប៉ះពាល់ដល់កម្រិតកម្ពស់ទឹកនៅក្នុងទន្លេសាប ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ August Water Levels Dropped Sharply at Tonle Sap Amid Dam Data Discrepancies