សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការសង្គមស៊ីវិលជំរុញឱ្យមានការត្រួតពិនិត្យតឹងរ៉ឹងជាងមុនលើគម្រោងដែលវិនិយោគដោយក្រុមហ៊ុនចិន

តំណាងរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតចិន និងក្រុមសង្គមស៊ីវិល ចូលរួមសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ដើម្បីពិនិត្យលើវិធីសាស្ត្រវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងវិនិយោគរបស់ចិន។ រូបថត នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
តំណាងរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតចិន និងក្រុមសង្គមស៊ីវិល ចូលរួមសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ដើម្បីពិនិត្យលើវិធីសាស្ត្រវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងវិនិយោគរបស់ចិន។ រូបថត នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាននិងសង្គមឱ្យបានតឹងរ៉ឹងបន្ថែមទៀតចំពោះគម្រោងធំៗដែលវិនិយោគដោយចិន ក្នុងសិក្ខាសាលាមួយដែលបានការចូលរួមពីមន្ត្រីរដ្ឋាភិបាល តំណាងស្ថានទូតចិន និងសហគមន៍ដែលរងផលប៉ះពាល់។

សិក្ខាសាលានៅរាជធានីភ្នំពេញ ដែលរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានពិនិត្យលើការសិក្សាពាក់ព័ន្ធនឹងគម្រោងមួយចំនួន រួមមាន តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ គម្រោងព្រែកជីកតេជោហ្វូណន និងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលសុទ្ធតែប្រឈមនឹងក្តីបារម្ភពីផលប៉ះពាល់បរិស្ថាននិងសង្គមដែលកើតចេញពីគម្រោងទាំងនេះ។

កិច្ចពិភាក្សាទាំងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍប្រកបដោយចីរភាព ដែលមានគោលបំណងធ្វើឱ្យកង្វល់របស់សហគមន៍បានដឹងលឺកាន់តែច្រើនដល់ភាគីពាក់ព័ន្ធ និងជំរុញឱ្យមានវិធានការការពារផ្នែកច្បាប់ឱ្យកាន់តែរឹងមាំជាងមុនជុំវិញគម្រោងវិនិយោគរបស់ចិន។

វិនិយោគិនចិនដែលភាគច្រើនជាសហគ្រាសរបស់រដ្ឋចិន គ្រប់គ្រងចំណែកយ៉ាងច្រើននៃការវិនិយោគបរទេសនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងដែលគាំទ្រដោយចិន មានចំនួនលើសពីពាក់កណ្តាលនៃគម្រោងវិនិយោគចំនួន ៦៣០ ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលមានតម្លៃប្រមាណ ១០ពាន់លានដុល្លារ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ក្រុមហ៊ុនចិន ដូចជា ទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងវារីអគ្គិសនីមួយផ្សេងទៀតដែលគ្រោងនឹងអភិវឌ្ឍ បានបង្កឱ្យមានការព្រួយបារម្ភពីផលប៉ះពាល់បរិស្ថាន និងការផ្លាស់ទីលំនៅដោយបង្ខំរបស់សហគមន៍។

លោក សឿង សារឿន នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បាននិយាយថា ការពិភាក្សានេះមានសារៈសំខាន់ណាស់ ខណៈកម្ពុជានៅតែទទួលបានអត្ថប្រយោជន៍ពីការវិនិយោគផ្ទាល់ពីបរទេស ដែលជាង៧០%​ មកពីប្រទេសចិន។ លោកបានលើកឡើងពីរបាយការណ៍ឆ្នាំ២០២៤ ដែលអង្គការនេះត្រូវបានជ្រើសរើសឱ្យធ្វើការសិក្សា ហើយរកឃើញថា ប្រជាពលរដ្ឋកម្ពុជាជិត ៨០% ដែលចូលក្នុងការស្ទង់មតិ មានការព្រួយបារម្ភថាដោយចោទជាចម្ងល់ថាតើក្រុមហ៊ុនចិនគោរពតាមបទប្បញ្ញត្តិដែលមានក្នុងប្រទេសកម្ពុជាដែរឬទេ។

លោកមានប្រសាសន៍ថា«នេះបង្ហាញការពិតថា យើងត្រូវតែមានទំនួលខុសត្រូវចំពោះការវិនិយោគគម្រោងទាំងហ្នឹង»។

លោកបន្ថែមថា សិក្ខាសាលាពិគ្រោះយោបល់នេះ ដែលរួមមានទាំងការស្រាវជ្រាវដែលអង្គការលោកបានទទួលខុសត្រូវធ្វើតាំងពីខែមេសាមក បានក្លាយជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងស្ថានទូតចិន ដើម្បីផ្លាស់ប្តូរអនុសាសន៍ពីការកែលម្អការអនុវត្តគម្រោង និងពង្រឹងការគោរពតាមបទប្បញ្ញត្តិ។

លោក សារឿន បានបន្តថា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គ្រោងនឹងបន្តធ្វើការវាយតម្លៃផលប៉ះពាល់បន្ថែមទៀតក្នុងប៉ុន្មានខែខាងមុខ លើគម្រោងនានា រួមមានគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ ១,២ពាន់លានដុល្លារនិងគាំទ្រដោយចិន ខណៈការអភិវឌ្ឍគម្រោងនេះដំណើរការយឺតៗចាប់តាំងពីពិធីបើកការដ្ឋានក្នុងឆ្នាំ២០២៤។

ព្រែកជីកប្រវែង ១៨០គីឡូម៉ែត្រដែលនឹងតភ្ជាប់ទន្លេមេគង្គទៅកាន់ឈូងសមុទ្រថៃ និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើប្រទេសវៀតណាមក្នុងការដឹកជញ្ជូនទំនិញ ត្រូវបានសហគមន៍នៅតាមបណ្តោយផ្លូវគម្រោងបន្តបង្ហាញក្តីបារម្ភ ដោយពលរដ្ឋជាច្រើនអះអាងថា ពួកគេទទួលបានព័ត៌មានតិចតួចពីគម្រោងនេះ ក៏ដូចជាផលប៉ះពាល់ និងផែនការផ្តល់សំណង។

ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម គឺជាការងារអាទិភាពមួយ។

ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងកម្មវិធីនោះថា៖ «ក្នុងបរិបទនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស គម្រោងអភិវឌ្ឍន៍ទាំងអស់ត្រូវតែឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម( ESIA) យ៉ាងតឹងរ៉ឹង»។​

លោកបាននិយាយថា ក្រសួងលើកទឹកចិត្តឱ្យអនុវត្តនីតិវិធីវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម( ESIA) ឱ្យបានម៉ឺងម៉ាត់ ដើម្បីកំណត់ទាំងផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើផលប៉ះពាល់អវិជ្ជមានមានច្រើនជាងផលវិជ្ជមាន គម្រោងនោះមិនត្រូវអនុម័តឡើយ។ ប៉ុន្តែបើផលវិជ្ជមានមានច្រើនជាង គម្រោងអាចបន្តទៅមុខបាន ដោយមានវិធានការដោះស្រាយផលប៉ះពាល់អវិជ្ជមាន»។

លោកបានបន្ថែមថា ការចូលរួមរបស់សាធារណជនក្នុងដំណើរការនេះ គឺមានសារៈសំខាន់ណាស់។

កន្លងមក ក្រុមអង្គការសិទ្ធិមនុស្ស និងបរិស្ថាន ធ្លាប់រិះគន់អំពីកង្វះខាតការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម( ESIA) សម្រាប់គម្រោងជាច្រើន ក៏ដូចជាការបង្ហាញព័ត៌មានជាសាធារណៈ និងការពិគ្រោះយោបល់ជាមួយសហគមន៍ដែលរងផលប៉ះពាល់នៅមានកម្រិត។​

តំណាងម្នាក់មកពីស្ថានទូតចិន បានលើកឡើងថា ទីក្រុងប៉េកាំងលើកទឹកចិត្តឱ្យគម្រោងវិនិយោគរបស់ចិននៅកម្ពុជា គោរពតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរបស់កម្ពុជា។

លោកស្រី Chen Qiqi លេខាស្ថានទូតចិនប្រចាំកម្ពុជា បានបន្ថែមថា គម្រោងរបស់ចិនក៏បានរួមចំណែកជួយដល់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការបង្កើតការងារ និងការគាំទ្រសហគមន៍ ហើយស្ថានទូតនឹងនៅតែបន្តធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ក្រុមសង្គមស៊ីវិល និងអាជ្ញាធរកម្ពុជា លើបញ្ហាអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គម្រោងទំនប់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលវិនិយោគដោយចិននៅកន្លែងផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងតំបន់មេគង្គ ក៏បានទទួលរងនូវការរិះគន់ផងដែរ ជុំវិញការធ្វើឱ្យខូចបរិស្ថាន ការធ្វើពលរដ្ឋផ្លាស់ទីលំនៅដោយបង្ខំ និងការពិគ្រោះយោបល់ជាសាធារណៈដែលមានកម្រិត៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs Push for Stronger Oversight of Chinese-Backed Projects

ព័ត៌មានថ្មី

អត្ថបទពេញនិយម