មន្ត្រីពាក់ព័ន្ធអះអាងថា មិនទាន់អាចរកឃើញជនសង្ស័យជាមេឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំនៅខេត្តពោធិ៍សាត់នៅឡើយ ដែលករណីនេះសកម្មជនបរិស្ថានសង្ស័យថា មានជាប់ពាក់ព័ន្ធមន្ត្រីមានតួនាទីសំខាន់ៗមួយចំនួនទើបជនសង្ស័យអាចធ្វើសកម្មភាពបានជាង២០ឆ្នាំមកនេះ។
លោក កួយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានចេញដីកាឱ្យសមត្ថកិច្ចនាំខ្លួនលោក កោះ សំភី ហៅតាហយ វ័យ៦០ឆ្នាំ ឱ្យចូលខ្លួនបំភ្លឺជុំវិញបទឧក្រិដ្ឋកម្មព្រៃឈើរួមទាំងការប្រើរណាយន្តកាត់ បើកកន្លែងកែច្នៃ និងដឹកជញ្ជូនឈើដោយមិនមានច្បាប់អនុញ្ញាត។
ក្នុងលិខិតមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ក៏បានអំពាវនាវឱ្យសាធារណជនសហការផ្តល់ព័ត៌មានជុំវិញឧក្រិដ្ឋកម្មព្រៃឈើដែលជាប់សង្ស័យពាក់ព័ន្ធលោក កោះ សំភី ហៅតាហយ នេះដែរ។
ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក ស ថេង មានប្រសាសន៍ថា សមត្ថកិច្ចបានស្វែងរកដល់អាសយដ្ឋានរបស់តាហយ តែរកមិនឃើញ ចំណែកទូរសព្ទក៏ទាក់ទងមិនបាន។
លោក ស ថេង មានប្រសាសន៍ថា៖«មកដល់ពេលនេះ គឺព្រះរាជអាជ្ញាគាត់បានចេញដីកាឱ្យតាមរកមុខសញ្ញាតាហយហ្នឹង ប៉ុន្តែនៅក្នុងមូលដ្ឋានយើងរកអត់ឃើញ មិនដឹងថាគាត់បានទៅដល់ណាដល់ណី។ យើងអត់មានព័ត៌មានជាក់លាក់ ដើម្បីបង្ហាញថាគាត់នៅខេត្តណាៗចឹងហា៎ ហើយការទំនាក់ទំនងតាមលេខទូរសព្ទរបស់គាត់តេអត់ដែលបានចូល»។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ពុទ្ធ លី បញ្ជាក់ថា លោកកំពុងតែចាត់ចែងការងារនេះហើយ ប៉ុន្តែមិនមានតម្រុយនៅឡើយទេ។
លោក ពុទ្ធ លី បញ្ជាក់ថា៖«គេស្រាវជ្រាវរកហើយ តែវារកមិនទាន់ឃើញ ស្រាវជ្រាវទាំងអស់តែគ្នាហ្នឹង។ ខាងតុលាការគេចេញដីកាហើយ អាចទាក់ទងសួរទៅខាងតុលាការ ចំណែកខាងខ្ញុំកំពុងតែចាត់ចែងហើយ»។
សកម្មជនបរិស្ថាន៣រូបដែលធ្លាប់ចុះល្បាតព្រៃនៅខេត្តពោធិ៍សាត់ថ្លែងប្រាប់ ខេមបូចា ក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា ឈ្មោះ តាហយ ពាក់ព័ន្ធសកម្មភាពកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តាំងពីឆ្នាំ២០១០ ហើយសកម្មភាពជនសង្ស័យនេះកាន់តែខ្លាំងឡើងចាប់ពីឆ្នាំ២០១៨មក។ សកម្មជនទាំងនេះអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេធ្លាប់បានផ្សព្វផ្សាយរបាយការណ៍ជាសាធារណៈ និងដាក់របាយការណ៍ទាំងនោះទៅអាជ្ញាធរបន្តបន្ទាប់ដែរ ប៉ុន្តែសកម្មភាពតាហយធ្វើអាជីវកម្មឈើខុសច្បាប់នៅតែបន្តដោយគ្មានការទប់ស្កាត់។
សកម្មជនបរិស្ថានលោក តាន់ គីមសួរ មួយរយៈចុងក្រោយនេះ បានបង្ហាញរូបភាព និងវីដេអូ បន្តបន្ទាប់លើសកម្មភាពឆ្មក់ចូលកន្លែងស្តុកទុក និងកែច្នៃឈើខុសច្បាប់របស់តាហយ។ លោក តាន់ គីមសួរ ឱ្យដឹងថា ក្រុមលោកសហការជាមួយសមត្ថកិច្ចរកឃើញកន្លែងស្តុក និងកែច្នៃឈើខុសច្បាប់របស់តាហយ៤ទីតាំងរកឃើញឈើប្រមាណ៧០០ម៉ែត្រគូប។
លោក តាន់ គីមសួរ សង្ស័យបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះដំណើរការបានរហូតដល់២៥ឆ្នាំនេះអាចមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីចំនួនដែលអ្នកទាំងនោះសុទ្ធតែជាអ្នកទទួលខុសត្រូវនៅតាមតំបន់នៃបទល្មើសនេះកើតឡើង។
លោក តាន់ គីមសួរ ពន្យល់មូលហេតុដែលលោកសង្ស័យមន្ត្រីមួយចំនួននេះថា ជាមន្ត្រីមានតួនាទីសំខាន់ហើយគ្រប់គ្រងការងារតំបន់នោះ។
លោក តាន់ គីមសួរ អះអាងថា៖ «ខ្ញុំយោងទៅលើទី១ គឺពួកគាត់ជាមន្ត្រីជំនាញ ហើយក៏ជាមន្ត្រីពាក់ព័ន្ធអំពីការអភិរក្សព្រៃឈើ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមួយចំនួននៅតំបន់ហ្នឹងតែម្តង បទល្មើសព្រៃឈើនេះមិនមែនជាបទល្មើសដែលលួចលាក់ទេ គឺបទល្មើសបើកចំហរ»។
លោក គីមសួរ បន្តថា៖ «ហេតុអីបានខ្ញុំហ៊ានលើកឡើងថា បទល្មើសបើកចំហរ? ទី១បទល្មើសនេះគឺមានអាយុកាល២៥ឆ្នាំ គឺអាយុកាលនេះមិនមែនជាអាយុកាលដែលខ្លីទេ ឧទាហរណ៍ត្រឹម១ខែ ២ខែ មន្ត្រីអាចប្រកែកបានថា ពួកគាត់មិនដឹងថាមានបទល្មើសបែបហ្នឹង ហើយទី២ ការជញ្ជូនឈើនេះ គឺជញ្ជូនតាមទីប្រជុំជនតែម្តង ហើយឈើដែលជញ្ជូនចេញចូលនេះ គឺមិនមែនជាឈើតូចៗទេ គឺឈើសុទ្ធតែជាឈើខ្នាតសម្រាប់នាំចេញតែម្តង ហើយមួយទៀត គឺដល់ថ្នាក់បទល្មើសព្រៃឈើគាត់ហ៊ានបង្កើតឃ្លាំងនៅក្នុងទីប្រជុំជនតែម្តងមានដល់ថ្នាក់ឃ្លាំងស្តុកឈើដើម្បីដាក់ឡានV1 ដើម្បីដឹកជញ្ជូនចេញបន្ត ហើយនឹងមានការ៉ាស់ឡាន ដំឡើងឡានជួសជុលឡាននៅកណ្តាលទីប្រជុំជនដែលនៅជិតៗហ្នឹង គឺមានប្រជាជនមានអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតំបន់ហ្នឹង មានដូចជាប៉ុស្តិ៍ប៉ូលីស មានដូចជាសាលាឃុំ ដូចជាកន្លែងដែលមានការពាក់ព័ន្ធជាមួយពួកគាត់ទាំងអស់តែម្តង»។ លោកបន្តថា៖ «ចឹងសួរថាបើសិនជាពួកគាត់មិនមានការពាក់ព័ន្ធទេ? តើករណីនេះពួកគាត់នឹងដោះស្រាយយ៉ាងម៉េច ហើយនឹងបកស្រាយយ៉ាងម៉េច?»។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឡាយ វិទូ ថ្លែងថា លោកជាមន្ត្រីអនុវត្តច្បាប់មិនដែលស្គាល់ និងពាក់ព័ន្ធការប្រព្រឹត្តបទល្មើសជាមួយតាហយដូចការចោទប្រកាន់នោះទេ។
លោក ឡាយ វិទូ បញ្ជាក់ថា៖ «ពាក់ព័ន្ធស្អីជាមួយនឹងអាចឹងៗហ៎! សម័យនេះហើយ អ្នកណាទៅល្ងង់ដល់ប៉ុណ្ណឹងហ៎! គ្រាន់ថាមនុស្សចេះ! មនុស្សខ្លះណាក្នុងហ្នឹងមានអ្នកស្អប់ និងអ្នកស្រលាញ់យើង ពេលចឹងយកយើងដាក់ជាមួយទៅ។ ចុះមនុស្សនៅហ្នឹងម៉ាគរគោក ម៉េចមានតែឈ្មោះខ្ញុំ? មានឈ្មោះពីរបីនាក់? ខ្ញុំអត់ដែលទៅជិតសោះបីឆ្នាំមិនទាន់ស្គាល់ត្រង់ហ្នឹងម្តងផងហ្នឹង»។
ជុំវិញករណីនេះ ស្នងការរងខេត្តពោធិ៍សាត់ ទទួលផែនប្រឆាំងបទល្មើសសេដ្ធកិច្ច លោក ភុំ ផៃឌៀម ចុចទូរសព្ទបិទ មេព្រៃស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ប៉ុល ចន្ថា ឆ្លើយថា ជាប់រវល់ ចំណែកប្រធានការិយាល័យឧទ្យានជាតិភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ លោក រី ភារម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ លោក នៅ សុជាតិ និងអធិការស្រុកភ្នំក្រវាញ លោក គាត ចាន់គារិទ្ធ ទូរសព្ទហៅមិនចូល។
ជាការឆ្លើយតបលើការសង្ស័យមន្ត្រីមួយចំនួននេះ លោក ស ថេង ស្នងការនគរបាលខេត្តអះអាងថា លោកបានសាកសួរទៅមន្ត្រីថ្នាក់ក្រោមហើយ គឺរកមិនឃើញអ្នកទាំងនេះពាក់ព័ន្ធបទល្មើសទេ។
មាត្រា១០០នៃច្បាប់ស្តីពីព្រៃឈើចែងថា សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីនៃកងយោធពលខេមរភូមិន្ទ ឬមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើអន្តរាគមន៍ ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើ និងធ្វើសកម្មភាពគ្រប់យ៉ាង ផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់នេះ ឬធ្វើការគំរាមកំហែងដល់មន្ត្រីរដ្ឋបាលព្រៃឈើ ឬរាំងស្ទះ ដល់ការបំពេញភារកិច្ច និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវចាត់ទុកជាបទល្មើសដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពីមួយ(១)ឆ្នាំទៅប្រាំ(៥)ឆ្នាំ និងត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ចំនួនពីដប់លាន(១០ ០០០ ០០០) រៀល ទៅមួយរយលាន(១០០ ០០0 000)រៀល។
អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ លោក ហៀម ឃួន បញ្ជាក់ថា ករណីនេះកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីច្បាប់។ លោកបញ្ជាក់ថា មន្ត្រីរូបណាក៏ត្រូវប្រឈមមុខ និងផ្លូវច្បាប់ដែរ បើសិនជារកឃើញថា ពាក់ព័ន្ធបទល្មើសនេះ។
លោក ហៀម ឃួន ថ្លែងថា៖ «មន្ត្រីណាពាក់ពន្ធចាត់ការតាមច្បាប់មិនលើកលែង។ [រដ្ឋបាលខេត្ត]បន្តអប់រំប្រជាពលរដ្ឋ និងជួយផ្តល់ព័ត៌មាន»។
អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់លោក ហេង ដូនីន បញ្ជាក់ថា លោកមិនអាចឆ្លើយបានទេ ព្រោះករណីនេះនៅដំណើរការនីវិធីនៅដំណាក់កាលអយ្យការនៅឡើយ។
ខេមបូចា បានទាក់ទងតាមទូរសព្ទ និងផ្ញើសារតាមតេឡេក្រាមទៅលោកស្រី ផាន់ សុគន្ធថង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ តាំងពីថ្ងៃទី៥ ខែកក្កដារហូតដល់ថ្ងៃទី១២ ខែកក្កដានៅមិនមានការឆ្លើយតបទេ។
ប្រធានបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង ក៏បានតាមដានករណីបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់ពាក់ព័ន្ធជនសង្ស័យឈ្មោះ កោះ សំភី នេះដែរ។ លោកចាត់ទុកថា នេះជាបទល្មើសទ្រង់ទ្រាយធំ។
លោក ហេង គីមហុង ជឿជាក់ថា បទល្មើសទ្រង់ទ្រាយធំបែបនេះ ពិតជាមានអ្នកពាក់ព័ន្ធច្រើនដែលត្រូវស្រាវជ្រាវរកឱ្យឃើញ។
លោក ហេង គីមហុង ថ្លែងថា៖«បើសិនជាសកម្មភាពធំបែបនេះ និងមានការស្តុកទុកឈើរាប់សិបម៉ែត្រគីបយ៉ាងដូច្នេះ អាចនឹងមានបណ្តាញច្បាស់លាស់ ឬក៏អ្នកនៅពីខាងក្រោយដែលធ្វើឱ្យមានការបាត់បង់គម្របព្រៃឈើ ហើយធ្វើឱ្យជនល្មើសហ៊ានប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើនយ៉ាងដូច្នេះ។ ដូច្នេះមានតែការអនុវត្តវិធានការច្បាប់ ដោយពុំមានការលើកលែងចំពោះគ្រប់បុគ្គលទាំងឡាយណាពាក់ព័ន្ធជាមួយនឹងការបំផ្លិចបំផ្លាញ ការនៅពីក្រោយ ឬក៏ការទទួលបានផលប្រយោជន៍ពីឧក្រឹដ្ឋកម្មព្រៃឈើ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា ករណីសំណុំរឿងនៅខេត្តពោធិ៍សាត់នេះមិនមានសំណើពីមន្ត្រីថ្នាក់ក្រោមមកក្រសួងនៅឡើយ។ លោកបញ្ជាក់ថា បើមានសំណើនឹងមានវិធានការតាមផ្លូវច្បាប់១០០ភាគរយ។
លោក ខ្វៃ អាទិត្យា មានប្រសាសន៍៖ «ក្រសួងកំពុងតែពិនិត្យមើលរឿងនេះ អត់ទាន់មានការដាក់ស្នើសុំមកទេ គ្រាន់តែឃើញគាត់ផ្សព្វផ្សាយ ចឹងហើយបានសូមឱ្យមានការសហការ ជាពិសេសជាមួយនឹងសមត្ថកិច្ចបន្ថែមទៀតក្នុងការធ្វើការ។ អ៊ីចឹងហើយយើងលើកទឹកចិត្តឱ្យគាត់ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថនៅលើផ្ទៃប្រទេស លោក អេង ហ៊ី ក៏អះអាងថា លោកមិនទាន់ទទួលបានសំណុំរឿងករណីនៅខេត្តពោធិ៍សាត់នេះទេ។ ប៉ុន្តែលោកថា ឱ្យតែរកឃើញបទល្មើស នឹងបង្ក្រាបហើយ។
លោក អេង ហ៊ី មានប្រសាសន៍ថា៖ «ឱ្យតែមានបទល្មើគឺយើងធ្វើការបង្ក្រាប់ហើយ ហើយបើសិនជាករណីហ្នឹងវាពាក់ព័ន្ធជាមួយអ្នកណា គឺយើងត្រូវស្រាវជ្រាវរកវត្ថុតាងឱ្យបានច្បាស់លាស់ ក៏ប៉ុន្តែចំពោះបទល្មើសដែលកំពុងធ្វើគឺខ្ញុំមិនទាន់ទទួលបានរបាយការណ៍ទេ។ ពាក់ព័ន្ធជាមួយនឹងខេត្តពោធិ៍សាត់ សូមឱ្យសួរទៅខេត្តពោធិ៍សាត់តែម្តង»។
លោក សូរ គុយឡេង មេធាវីការពារក្តីឱ្យឈ្មោះ កោះ សំភី មិនអត្ថាធិប្បាយទេដោយបញ្ជាក់ថា លោកបំពេញតែការងារតាមផ្លូវច្បាប់។
ទោះយ៉ាងណារហូតដល់ថ្ងៃទី១៥ ខែកក្កដា នៅមិនទាន់មានព័ត៌មានថា លោក កោះ សំភី នៅទីណានៅឡើយ។
នៅក្នុងទិវាមច្ឆជាតិនៅថ្ងៃទី១ខែកក្កដា នៅខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានឱ្យអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ និងធនធានធម្មជាតិត្រូវបញ្ឈប់ជាបន្ទាន់។ លោកបន្តថា រដ្ឋាភិបាលរបស់លោកនឹងចេញវិធានការបន្តបន្ទាប់ដើម្បីបង្ក្រាបករណីនេះ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ហើយកុំចង់សាកល្បង តិចថារដ្ឋាភិបាលថ្មីក្មេងៗអត់ហ៊ានធ្វើអី។ ខ្ញុំសូមបញ្ជូនសារឱ្យហើយ យើងនឹងបន្តធ្វើ ព្រោះជាកាតព្វកិច្ច កាន់តួនាទីនៅក្នុងរដ្ឋ មិនថាក្មេង មិនថាចាស់ មានភារកិច្ចដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិដោយចីរភាពសម្រាប់ទាំងអស់គ្នា។ នេះជាកាតព្វកិច្ច។ ខ្ញុំបញ្ជូនសារប៉ុណ្ណេះ ខ្ញុំអត់បញ្ជូនសារច្រើនទេ។ យើងធ្វើហើយ។ កុំឱ្យស្តាយថាហេចង់សាក [រដ្ឋាភិបាល]ធ្វើមែន»។
នៅក្នុងពិធីរុក្ខទិវានៅថ្ងៃទី៩ ខែកក្កដា នៅខេត្តតាកែវ ព្រះមហាក្សត្រនរោត្តមសីហមុនី អំពាវនាវឱ្យមានការរួមគ្នាការពារព្រៃឈើ និងដាំដើមឈើឡើងវិញ ដើម្បីប្រយោជន៍ខ្លួនឯង គ្រួសារ សង្គមជាតិ និងពិភពលោក។
ព្រះមហាក្សត្រ អំពាវនាវ៖ «ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ»។
កាលពីខែមេសា ឆ្នាំ២០២៤ ភ្នាក់ងារសារព័ត៌មាន Mongabay បានផ្សព្វផ្សាយថា នៅឆ្នាំ២០២៣ កម្ពុជាបាត់បង់គម្របព្រៃឈើអស់ទំហំជាង១សែន២ម៉ឺនហិកតា(១២១ ០០ហិកតា) ដែលទំហំនេះស្មើនិងទីក្រុង ឡូសអាន់ជ័រលេស(Los Angeles)របស់សហរដ្ឋអាមេរិក។
បើទោះជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធបញ្ជាក់ជំហរបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិក៏ដោយក៏អ្នកល្បាតព្រៃសហគមន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅតែបង្ហាញរបាយការណ៍ពីសកម្មភាពនៃការកាប់ទន្ទ្រានព្រៃឈើមិនថមថយនោះទេ ជាក់ស្តែងបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់ទ្រង់ទ្រាយធំអាចដំណើរការបានរហូតដល់ជាង២០ឆ្នាំ។
លោក តាន់ គីមសួរ អំពាវនាវដល់មន្ត្រីពាក់ព័ន្ធមានវិធានការលើអ្នកពាក់ព័ន្ធបទល្មើសទ្រង់ទ្រាយធំនៅខេត្តពោធិ៍សាត់នេះ។
លោក តាន់ គីមសួរ បន្ថែមថា៖ «ខ្ញុំសូមធ្វើការសំណូមពរទៅដល់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធទាំងអស់តែម្តង មានដូចជាអគ្គស្នងការនគរបាលជាតិ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអាវុធហត្ថលើផ្ទៃប្រទេស សូមផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវអំពីរឿងរ៉ាវមិនប្រក្រតីចំពោះមន្ត្រីទាំងអស់ដែលពួកយើងបានធ្វើការដាក់ការសង្ស័យនេះ ហើយនឹងឈានឆ្ពោះទៅដល់ការផ្តន្ទាទោសទៅតាមផ្លូវច្បាប់តែម្តង ព្រោះថានេះគឺជាគំរូភាពមួយ»៕