អាជ្ញាធរខេត្តក្រុងផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស។ ប្រតិបត្តិការណ៍ទាំងនេះកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាថ្មី ដើម្បីបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរាប់តាំងពីឡូតូនិងកន្ទុយលេខ ដោយភ្ជាប់សារព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។
បទបញ្ជារបស់លោកនាយរដ្ឋមន្ត្រី កើតមានឡើងបន្ទាប់ពីបនល្បែងនានាបានរីកសាយទូទាំងប្រទេស ក្នុងរយៈពេលជាងកន្លះឆ្នាំចុងក្រោយនេះ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ក្នុងរយៈពេល៣ថ្ងៃអាជ្ញាធររាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងនិងបន្តបើកការស៊ើបអង្កេតបន្ថែមទៀត។
លោក សុខសីហា ថ្លែងថា៖«ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាល លោកដាក់បញ្ជាមកខាងអាជ្ញាធររាជធានីយើងបានចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម ទីតាំងឡូតូ ជល់មាន់អនឡាញ សរុបចំនួន៤៤ទីកន្លែង ដោយបានឃាត់ខ្លួនមនុស្សចំនួន៩១នាក់ក្នុងនោះស្រី៣៧នាក់»។
លោក សុខសីហា បន្ថែមថា៖ «ខាងកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានី ក៏បានសហការណ៍ជាមួយកម្លាំងអន្តោប្រវេសន៍ដើម្បីឆែកឆេរតាមសណ្ឋាគារនិងខុនដូមួយចំនួនផងដែរប៉ុន្តែមិនទាន់មានរបាយការណ៍លម្អិតនៅឡើយ។ចំពោះហាងបញ្ចាំអត់ច្បាប់មួយចំនួនក៏ត្រូវបានត្រួតពិនិត្យដែរ»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងសស្រាក់សស្រាំក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងអស់នៅទូទាំងខេត្ត។ ប៉ុន្តែលោកមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតឡើយ។
លោក ឃាង ភារម្យ បន្តថា៖ «ប៉ុន្មានថ្ងៃមកនេះអាជ្ញាធរខេត្តចែកកម្លាំងជាបីក្រុម ទី១បង្ក្រាបការជួញដូរមនុស្ស ទី២បង្ក្រាបល្បែងអនឡាញ ទី៣គឺបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលមានទាំងអាប៉ោង បៀរ ឆ្នោតឡូតូអីទាំងអស់ហ្នឹង។ កម្លាំងរបស់ខេត្តចូលរួមជាមួយថ្នាក់ជាតិ លើការងារទាំងអស់នេះដើម្បីឱ្យមានប្រសិទ្ធភាព»។

ទាក់ទងនឹងបញ្ហានេះដែរនៅតាមបណ្ដាខេត្តនានា ក៏បានផ្ដើមបង្ក្រាបទីតាំងលេងល្បែងជាបន្តបន្ទាប់ ដោយក្រុមអាជ្ញាធរខេត្តស្រុកទាំងនោះ បានប្រើប្រាស់ផេកហ្វេសប៊ុកសាមីអង្គភាព និងសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយពីស្នាដៃរបស់ខ្លួន។
អ្នកកត់ឡូតូម្នាក់របស់ក្រុមហ៊ុនឡូតូ៨៨៨៨ ប្រាប់ថានាងឈ្មោះ ស្រីនិច អាយុ២៣ឆ្នាំ។ ស្រីនិច ឱ្យដឹងថា នាងបានបាត់បង់ការងារបន្ទាប់ពីយុទ្ធនាការណ៍បិទល្បែង។ កញ្ញាឱ្យដឹងថា នាងកំពុងបារម្ភពីបញ្ហាជីវភាព និងកំពុងស្វែងរកការងារថ្មីទៀត។
ស្រីនិច បានឱ្យដឹងថា៖ «ខ្ញុំទើបធ្វើការបាន២ខែជាងគេបិទបាត់។ ខែនេះក្រុមហ៊ុនមិនទាន់បើកប្រាក់ខែឱ្យទេ មេគាត់ឱ្យចាំមើលសិន មេថាគាត់នឹងបើកប្រាក់ខែពាក់កណ្ដាលនោះឱ្យអាទិត្យក្រោយ។ ខ្ញុំគ្មានសង្ឃឹមថាបានការងារធ្វើវិញទេ មានតែរកការងារធ្វើថ្មី»។
ម្ចាស់ហាងកាហ្វេមួយកន្លែងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ លោក សុខុន ឱ្យដឹងថា ឡូតូនៅហាងកាហ្វេរបស់លោកត្រូវបិទតាំងពីពេលដែលលោកស្ដាប់លឺប្រសាសន៍របស់លោកហ៊ុន សែន មកម្ល៉េះ។
លោក សុខុន បញ្ជាក់ថា៖ «ខ្ញុំឱ្យក្រុមហ៊ុនអស់ហ្នឹងបិទតាំងពីលឺសម្ដេចប្រកាសភ្លាម ខ្ញុំភ័យខ្លាចគេមកចាប់ដោយទាំងកាហ្វេខ្ញុំអស់លុយអស់កាក់អីថែមទៀត។ ខាតប៉ុន្មានចំណេញប៉ុន្មានខ្ញុំលែងគិតហើយបិទចោលរើអីវ៉ាន់ចេញទៅ»។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ មានប្រសាសន៍ថា អង្គភាពរបស់លោកនឹងធ្វើការជាមួយក្រុមហ៊ុនប្រតិបត្តិករដែលទទួលអាជ្ញាបណ្ណ ល្បែងពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហានានាដែលនៅសេសសល់ក្រោយពេលអាជ្ញាធរបង្ក្រាបទីតាំងល្បែងស៊ីសងនៅទូទាំងប្រទេស។
លោក ភីរុណ បន្តថា៖ «បទបញ្ជានេះគឺផ្តោតទៅលើល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេស។ ករណីល្បែងពាណិជ្ជកម្មណាមួយដែលដំណើរការល្បែងមិនសមស្របទៅនឹងលក្ខខណ្ឌនៃអាជ្ញាបណ្ណនិងមិនអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក៏នឹងត្រូវទទួលរងនូវទោសទណ្ឌតាមនីតិវិធីច្បាប់ជាធរមាន»។

នាយកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះប្រតិបត្តិការរបស់អាជ្ញាធរក្នុងបង្ក្រាបល្បែងស៊ីសងទ្រង់ទ្រាយធំ ប៉ុន្តែលោកស្នើឱ្យរាជរដ្ឋាភិបាលធ្វើការងារនេះប្រកបដោយប្រសិទ្ធភាព។
លោក សំអាត លើកឡើងថា៖ «កាលណាល្បែងស៊ីសងរីកសាយភាយច្រើន ពលរដ្ឋនឹងមិនអាចរស់នៅប្រកបដោយសុវត្ថិភាពបានទេ។ កន្លងមកឃើញថាមុនសម្ដេចប្រកាសអាជ្ញាធរទាំងនោះធ្វើអី? គោលនយោបាយភូមិឃុំសុវត្ថិភាពនៅណា? ដូច្នេះបើចង់ឱ្យមានប្រសិទ្ធភាពត្រូវធ្វើការងារតាមច្បាប់ឱ្យជាប់ជាប្រចាំ មិនមែនដល់តែមេស្រែកបាននាំគ្នាធ្វើអីចឹងទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី១៧ខែកញ្ញា កត់សម្គាល់ថា ការរីកសាយភាយនៃបទល្បែងស៊ីសងគ្រប់ប្រភេទបណ្ដាលមកពីភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងកង្វះការទទួលខុសត្រូវពីសំណាក់ចៅហ្វាយខេត្តចៅហ្វាយស្រុកនៅទូទាំងប្រទេស។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «វាស្ទើតែមិនមានការចាំបាច់ឱ្យមានអន្តរាគមន៍ពីថ្នាក់ជាតិនោះទេបើឯកឧត្តមលោកជំទាវ ជាអភិបាលខេត្តរាជធានីយកការទទួលខុសត្រូវ ចេញកម្លាំងបង្ក្រាបលើមណ្ឌលលេងល្បែងទាំងនោះ»។
លោកបន្ថែមថា៖ «ខ្ញុំសូមចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមឱ្យចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលានិងដាច់ណាត់បំផុត។ យើងមិនអាចបណ្ដោយឱ្យសភាពការណ៍កើតឡើងបែបអណាធិបតេយ្យតទៅទៀតទេទាក់ទងនឹងល្បែងនេះ ការបើកបនល្បែងវាមិនមែនជាកំណើនសេដ្ឋកិច្ចទេ»។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ អនុក្រឹត្យតែងតាំង លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាននៃក្រុមការងារបង្ក្រាបល្បែងស៊ីសង លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន រួមទាំងសមាជិក១០រូបផ្សេងទៀតដែលសុទ្ធសឹងជាមន្ត្រីធំៗក្នុងឱវាទក្រសួងមហាផ្ទៃ។
កាលពីថ្ងៃទី១៩ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។លោកបានឆ្លើយតបទៅកាន់អ្នកកាសែតជុំវិញបញ្ហាល្បែងស៊ីសង ដោយលោកបញ្ជាក់ថា ល្បែងស៊ីសងជាមេរោគមហារីកដែលញាំញីសង្គមកម្ពុជា។
លោក ស ខេង បញ្ជាក់ថា៖ «ការបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងខុសច្បាប់អាចជំនួសឱ្យការវិនិយោគត្រឹមត្រូវតាមច្បាប់នោះបានទេ។ធម្មតាមុននឹងគេយកប្រាក់មកវិនិយោគ គេមើលទាំងអស់។ ការមកច្រើនសនៃអ្នកមិនត្រឹមត្រូវនេះ(អ្នកបើកបនល្បែង) វាក៏មិនអាចមកជំនួសអ្នកជំនាញល្អៗ និងទេសចរណ៍នោះបានដែរ ប៉ុន្តែវាថែមទាំងរារាំងអ្នកជំនាញ និងទេសចរណ៍ថែមទៀតផង»៕