បាត់ដំបង៖ អាជ្ញាធរស្រុកបាណន់បានសម្រេចបិទសាលាចំនួន៨៣ខ្នងភ្លាមៗ ក្រោយពីទាហានថៃបានប្រើយន្តហោះទម្លាក់គ្រាប់ចូលទីតាំងជនស៊ីវិល រស់នៅក្នុងភូមិសាស្តស្រុកបាណន់ នៅពេលព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីព្រំដែនខេត្តប៉ៃលិន និងប្រហែល៩០គីឡូម៉ែតពីព្រំដែនស្រុកសំពៅលូន។
លោក ស្រេង សុខា អភិបាលស្រុកបាណន់បានឱ្យដឹងថា ក្រោយពេលយន្តហោះចម្បាំងថៃទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តដែលប្រជាពលរដ្ឋរស់នៅ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ធ្វើឱ្យប្រជាពលរដ្ឋផ្អើលរត់ចេញពីភូមិ និងសិស្សសាលារៀនក្បែរនោះផ្អើលរត់ចេញពីសាលាដោយការភ័យខ្លាច។
លោកបន្តថា នៅចំពោះមុខភ្លាមៗលោកបានសម្រេចផ្អាកសាលារៀននៅស្រុកបាណន់ទាំងមូលចំនួន៨៣សាលាបណ្តោះអាសន្នសិន ដើម្បីធានាសុវត្ថិភាពសិស្ស និងគ្រូបង្រៀនរង់ចាំមើលសភាពការសិន។
លោកអភិបាលស្រុកបាណន់បានបន្ថែមថា៖ «ខ្ញុំសម្រេចបិទភ្លាមៗបណ្តោះអាសន្ន ៨៣សាលា ក្នុងនោះមានវិទ្យាល័យ៣ អនុវិទ្យាល័យ១០ បឋមសិក្សា៦៨សាលា សាលាមានសិស្សប្រហែលជាង២ម៉ឺននាក់ ដើម្បីពិនិត្យមើលស្ថានភាពសិន ជៀសវៀងបញ្ហាប្រការណាមួយ»។
លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បានបញ្ជាក់ថា មន្ទីរមិនទាន់ប្រកាសជាផ្លូវការក្នុងការបិទសាលាបន្ថែមទៀតនោះទេ ដោយមន្ទីរកំពុងសុំគោលការណ៍រដ្ឋបាលខេត្ត និងពីក្រសួងនៅឡើយ ។
លោកបានថ្លែងថា៖ «ប៉ុន្តែចំពោះមុខនេះសិស្សសាលានៅស្រុកបាណន់ និងបណ្តាស្រុកមួយចំនួនទៀត នៅម៉ោង១០ គាត់ប្រញាប់ប្រញាល់ចេញពីសាលាទៅផ្ទះ ហើយរសៀលនេះគាត់ប្រហែលជាមិនទាន់អាចត្រឡប់មកវិញបានទេ វាអាស្រ័យលើសាលារៀន និងអាណាព្យាបាលសិស្ស ព្រោះការប្រកាសផ្អាកជាផ្លូវការនោះ យើងកំពុងសុំពេលពិនត្យមើលស្ថានភាព និងសុំគោលការណ៍ថ្នាក់លើសិន»។
លោកបន្ថែមថា ការសម្រេចបិទសាលា៨៣ទីតាំងរបស់រដ្ឋបាលស្រុកបាណន់ គឺជាសិទ្ធិសម្រេចរបស់លោកក្នុងនាមអាជ្ញាធរដែនដី ដែលគាត់គ្រប់គ្រងផ្ទាល់ ប៉ុន្តែលោកក៏បាន ណែនាំឱ្យតាមបណ្តាសាលារៀនទាំងអស់ ផ្អាកការធ្វើតេស្ត រឺប្រឡងបណ្តោះអាសន្នសិន ដោយសារតែសភាពការប្រែប្រួល ។
បើតាមក្រសួងការពារជាតិ នៅវេលាម៉ោង ១០:០០នាទី ថ្ងៃទី ២៤ខែធ្នូ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រសួងការពារជាតិបានបញ្ជាក់ថា៖ «សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ»។
ក្រសួងការពារជាតិបានឱ្យដឹងថា យោធាថៃបានបន្តបាញ់ផ្លោងចំនួន២៦គ្រាប់ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ នៅវេលាម៉ោង ១០:២៨នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
បើតាមរបាយការណ៍ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងឱ្យដឹងថា សាលារៀនចាប់ពីថ្នាក់បឋម រហូតដល់វិទ្យាល័យនៅស្រុកជាប់ព្រំដែនចំនួន៤មានស្រុកកំរៀង ភ្នំព្រឹក សំពៅលូន និងសំឡូតសាលារៀន ចំនួន២៤១សាលា ត្រូវបានបិទទ្វារ សិស្សជាងបួនម៉ឺននាក់នាក់ និងគ្រូជិត ១ ៨០០នាក់ត្រូវបានប៉ះពាល់ការសិក្សា និងបង្រៀន។
ទោះបីយ៉ាងណាដើម្បីឱ្យសិស្សដែលភៀសសឹកតាមឪពុកម្តាយ បានបន្តការរៀនសូត្រ មន្ទីរអប់រំខេត្ត បានសម្រួលដល់សិស្សភៀសសឹក បានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាខេត្តបាត់ដំបងមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន ២ ៦៣៧នាក់ ស្រី ១ ៥៩៧នាក់ក្នុងនោះថ្នាក់បត្តេយ្យសិក្សាចំនួន ៥៧សាលា បឋមសិក្សាចំនួន១៨៦ សាលានិងមធ្យមសិក្សាចំនួន៧៥សាលា៕









