សាលាដំបូងខេត្តបាត់ដំបងសម្រេចឱ្យស៊ើបអង្កេតបន្ថែមលើសំណុំរឿងសកម្មជនគណបក្សភ្លើងទៀន លោក ឡី សុខុន កាលពីថ្ងៃទី២៤ ខែសីហា ដោយសារខ្វះសំដីសាក្សីមួយចំនួន ខណៈភរិយាជនជាប់ចោទថាវាជារឿងអយុត្តិធម៌សម្រាប់ប្តីរបស់គាត់ដែលគ្មានកំហុស ព្រោះរឿងនេះពាក់ព័ន្ធនឹងនយោបាយ។
ក្នុងបន្ទប់សវនាការ លោកស្រីចៅក្រមជំនុំជម្រះ ហៃ ណៃហេង បានសម្រចបង្វិលសំណុំរឿងឱ្យធ្វើការស៊ើបសួរបន្ថែម ព្រោះមានភាពចាំបាច់ត្រូវស្រាវជ្រាវជាថ្មី ដោយសំអាងថាដើមបណ្តឹង ឈ្មោះ ឡាញ់ ជុន មានមុខរបរលក់ត្រីរស់នៅភូមិកំពង់សំបួរ មិនមែនជាម្ចាស់លំនៅឋាន ដែលមុនដំបូងប្តឹងលោក ឡី សុខុន បន្ទាប់មកដកពាក្យបណ្តឹងវិញ។
លោកស្រីចៅក្រមបន្ថែមថា ដោយតម្រូវឱ្យចៅក្រមស៊ើបបន្តសាកសួរឈ្មោះ សុខ លីម ជាម្ចាស់លំនៅឋានដែលអវត្តមាននាពេលសវនាការព្រោះទៅប្រទេសថៃ (ដែលមិនបានប្តឹង) និងសាកសួរ សមត្ថកិច្ចជំនាញដើម្បីរកឱ្យឃើញព្រំប្រទល់រវាងបរិវេណផ្ទះឈ្មោះ សុខ លីម និងចំណីផ្លូវសាធារណៈ។
លោក ឡី សុខុន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ពីបទរំលោភលើលំនៅឋាន ដែលពាក់ព័ន្ធនឹងលោកបានចុះទៅថតរូបមន្រ្តីគណបក្សប្រជាជនដែលកំពុងអង្គុយកត់ឈ្មោះប្រជាពលរដ្ឋដែលទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តិនៅភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
អ្នកស្រី លីន លីដា អាយុ២៩ឆ្នាំ ជាភរិយារបស់លោក ឡី សុខុន បាននិយាយដោយលាយឡំទឹកភ្នែកជោកថ្ពាល់ ខណៈដើរចេញពីបន្ទប់សវនាការថា វាជារឿងអយុតិធម៌ណាស់សម្រាប់ប្តីអ្នកស្រីដែលតុលាការនៅបន្តឃុំខ្លួនគាត់ទៀតទាំងដែលគ្មានកំហុសអ្វីធំដុំ បើទោះជាម្ចាស់ពាក្យបណ្តឹងគេដកហើយក្តី។
អ្នកស្រី លីដា ឱ្យដឹងថា៖ «វាអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំខ្លាំងណាស់ តុលាការមិនគួរបន្តឃុំខ្លួនគាត់គ្មានថ្ងៃកំណត់បន្តទៀតទេ ហើយថាបន្តស៊ើបសួរម្ចាស់ផ្ទះទៀត តែម្ចាស់ផ្ទះគាត់អត់នៅផ្ទះទេ គាត់ទៅថៃ ហើយម្ចាស់ ផ្ទះគាត់មិនបានដាក់ពាក្យបណ្តឹងអីដែរ! អ្នកដាក់ពាក្យបណ្តឹងគេដកវិញអស់ហើយតុលាការនៅតែបន្តឃុំគ្រួសារខ្ញុំបន្តទៀត តើហេតុអី?»។
អ្នកស្រីបានត្អូញត្អែដោយទឹកភ្នែកបន្ថែមថា សព្វថ្ងៃអត់ពីប្តីរបស់គាត់ទៅគ្រួសាររបស់គាត់ មានការលំបាកខ្លាំងណាស់ផ្នែកសេដ្ឋកិច្ច ដោយត្រូវមើលថែម្តាយក្មេកចាស់ជរាមានជំងឺជាប់ខ្លួន និងកូនពីរនាក់ក្នុងបន្ទុកត្រូវមើលថែផង។ អ្នកស្រីបន្ថែមថា ពីមុនប្តីរបស់អ្នកស្រីធ្វើគ្រូបង្រៀននៅសកលវិទ្យាល័យមួយគ្រាន់បានចំណូលផ្គត់ផ្គង់គ្រួសារ តែបច្ចុប្បន្ននេះអត់ពីប្តីទៅគាត់ខំលក់ដូរតាមអនឡាញតិចតួចគ្រាន់ចិញ្ចឹមគ្រួសារស្ទើរមិនគ្រប់ ។
អ្នកស្រី លីដា បន្ថែមថា៖ «ខ្ញុំសូមឱ្យតុលាការដោះលែងប្តីរបស់នាងខ្ញុំមកវិញផង ព្រោះសាច់រឿងប្តីរបស់ខ្ញុំគឺ ជារឿងនយោបាយច្រើនជាង សូមរកភាពយុត្តិធម៌ដល់គ្រួសារខ្ញុំផង»។
សូមរំលឹកថា បន្ទាប់ពីសាកសួរដេញដោលក្នុងអង្គសវនាការកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ តំណាងអយ្យការសាសាលដំបូងខេត្តបាត់ដំបងបានធ្វើការសន្និឋានរួចដោយរក្សាការចោទប្រកាន់ដដែលពីបទរំលោភលើលំនៅឋាន ដោយលើកហេតុផលថាលោក ឡី សុខុន បានចូលទៅក្នុងលំនៅឋានគេ គឺហួសពីព្រំរបងទៅគៀកផ្ទះគេ (ផ្ទះឈ្មោះ សុខ លីម)។
ចំណែកលោកមេធាវី សំ សុគង់ ស្នើសុំលោកស្រីចៅក្រមជម្រះលើកលែងឱ្យកូនក្តីគាត់ រួចផុតពីបទចោទ ព្រោះមិនបានចូលទៅក្នុងលំនៅឋានឈ្មោះ សុខ លីមទេ ។ ក្រៅពីនេះមិនបានប្រើពាក្យសំដីគំរាមកំហែង ប្រើហិង្សា បង្ខិតបង្ខំ និងប្រើឧបាយកលអ្វីឡើយគឺកូនក្តីទៅបំពេញការងារតាមអ្វីដែល គជប តម្រូវ។
ចំណែកលោក ឡី សុខុន ស្នើឱ្យលោកស្រីចៅក្រម លើកលែងទោសឱ្យរួចផុតពីបទចោទខាងលើ ដោយហេតុថាពេលនោះបានខ្លួនដើរល្បាត និងឃ្លាំមើលភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត ព្រោះមានប្រជាពលរដ្ឋរាយការណ៍មកថា នៅខាងមុខការិយាល័យបោះឆ្នោតវត្តកែវមានការទិញសន្លឹកឆ្នោតដូច្នេះគាត់ទៅថតរូបទុកជាភស្តតាងទុកឱ្យ គជប ប៉ុណ្ណោះ។
លោក ឡី សុខុន បាននិយាថា ខ្លួនមិនបានចូលទៅក្នុងលំនៅឋានឈ្មោះ សុខ លីម នោះទេ គ្រាន់តែសួរថា ប្រាក់នៅនឹងដៃឈ្មោះ ឡាញ់ ជុន ជាប្រាក់អ្វី ? ដោយឈ្មោះ ឡាញ់ ជុន ឆ្លើយថា ជាប្រាក់ខ្លួនលក់ត្រី ខ្លួនក៏សុំទោស និងថាមិនអីទេរួចក៏ចាកចេញ។
លោក ឡាញ់ ជុន បានសរសេរក្នុងលិខិតសុំដកពាក្យបណ្តឹងកាលពីថ្ងៃទី៩ ខែមិថុនា ថា លោកខឹងនឹងលោក ឡី សុខុន ដោយសារតែគាត់ចូលទៅផ្ទះអ្នកជិតខាងហើយថតវីដេអូបង្ហោះលើបណ្តាញសង្គម នឹងបានសុំមើលលុយ របស់ខ្លួនដែលកាន់នៅនឹងដៃ ដោយលោកយល់ថាវាប៉ះពាល់សិទ្ធិរបស់ខ្លួន។ តែនៅពេលដែលលោក ឡី សុខុន និងគ្រួសារបានសន្យា ធ្វើវីដេអូសុំទោសជាសាធារណៈនៅពេលបាននៅក្រៅឃុំនិងយល់ឃើញថា វាជា កំហុសតិចតួចហើយ លោក ឡី សុខុន យល់ព្រមលប់វីដេអូនោះចេញវិញផង លោកក៏សម្រេចចិត្តដកពាក្យបណ្តឹងវិញ។
ក្នុងមាត្រា ២៩៩នៃក្រមព្រហ្មទ័ណ្ឌ ទាក់ទងនឹងបទរំលោភលើលំនៅឋាន បានចែងថា អំពើ ប្រព្រឹត្តដោយមានហិង្សា បង្ខិតបង្ខំ ការគំរាមកំហែងរឺឧបាយកលចូលទៅក្នុងលំនៅឋានអ្នកដទៃនោះ ត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់១០ម៉ឺនរៀល ទៅ២លានរៀល លើកលែងករណីដែលច្បាប់អនុញ្ញាត។
ខេមបូចា មិនអាចទំនាក់ទំនងលោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងដើម្បីបំភ្លឺបន្ថែម បាននៅឡើយទេ ។
លោក អ៊ិន គង់ជិត មន្រ្តីស៊ើបអង្កេតអង្កការសិទ្ធមនុស្សលីកាដូរប្រចាំខេត្តបាត់ដំបងនិងប៉ៃលិន បានលើកឡើងថា ករណីខាងលើលោកចៅក្រមជំនុំជម្រះមិនគួរសម្រេចស៊ើបសួរបន្ថែមទេ គួរតែឱ្យលោក ឡី សុខុន រួចផុតពីបទចោទរំលោភសិទ្ធិលំនៅឋានអ្នកដទៃ ដោយហេតុថាគាត់មិនបានរំលោភដូចការចោទប្រកាន់នោះទេ ហើយមិនបានប្រើហិង្សា មិនបានបង្ខិតបង្ខំ មិនបានគំរាមកំហែងនិងប្រើឧបាយកលទុច្ចរិត ទៅលើម្ចាស់លំនៅឋាន ឈ្មោះសុខ លីម នោះឡើយ ។
លោក គង់ជិត បន្ថែមថា៖ «ឈ្មោះ សុខ លីម ជាម្ចាស់ផ្ទះ គាត់ទៅប្រទេសថៃតាំងពីមុនថ្ងៃកើតហេតុទី៥ ខែមិថុនា ម៉្លេះ។ លោក ឡី សុខុន គ្រាន់តែសួរនាំឈ្មោះ ឡាញ់ ជុន រឿងឃើញគាត់កាន់សាច់ប្រាក់១ដុំ ដែលបានមកពីការ លក់ត្រីប៉ុណ្ណោះ ហើយនៅថ្ងៃទី៩ មិថុនា ឈ្មោះឡាញ់ ជុន បានដកពាក្យបណ្តឹងវិញដែរ ដូច្នេះរឿងត្រូវចប់»។
លោក គង់ជិត បន្ថែមថា ម្យ៉ាងទៀត នៅក្នុងដំណាក់ការស៊ើបសួរលោកចៅក្រមស៊ើបសួរគួរតែចុះទៅពិនិត្យអង្កេតជាក់ស្តែងដោយឱ្យមន្ត្រីជំនាញពាក់ព័ន្ធដូចជាមន្ត្រីផ្នែកសុរិយោដី ផ្នែកសាធារណៈការ ចុះទៅពិនិត្យវាយតម្លៃលើបរិវេណទីតាំងលំនៅឋានរបស់ឈ្មោះ សុខ លីម នោះ មុននឹងរុញសំណុំរឿងទៅជំនុំជំម្រះ៕