អង្គការសង្គមស៊ីវិលជាង១០០ នៅថ្ងៃពុធនេះ បានដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសផ្សេងៗដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ នៅរាជធានីភ្នំពេញ ដោយពួកគេជំរុញឱ្យប្រទេសទាំងនោះធ្វើការសម្របសម្រួលដើម្បីរក្សាបទឈប់បាញ់តាមព្រំដែនជាមួយថៃ និងស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សដែលបណ្តាលមកពីការប៉ះទង្គិចដោយអាវុធដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីខែមុន។
កិច្ចព្រមព្រៀងដែលមានប្រទេសចំនួន១៩ ចុះហត្ថលេខានេះ នៅពេលបញ្ចប់សង្គ្រាមកម្ពុជា-វៀតណាមជាផ្លូវការ ហើយនាំឱ្យអង្គការសហប្រជាជាតិចូលមកគ្រប់គ្រងប្រទេសកម្ពុជាជាបណ្តោះអាសន្ននាពេលនោះ។
រដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ញត្តិទាំងនេះ ដោយអំពាវនាវឱ្យមានសាមគ្គីភាព ប៉ុន្តែបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលបានអនុវត្តវិធានការចាំបាច់ទាំងអស់រួចហើយ រួមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិផងដែរ។
បទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ដែលសម្រេចបាននៅប្រទេសម៉ាឡេស៊ី ក្រោយពីមានការប៉ះទង្គិចគ្នាដោយបង្ហូរឈាមអស់រយៈពេល៥ថ្ងៃនោះ ត្រូវបានពង្រីកខ្លឹមសារបន្ថែមទៀត ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅនៃប្រទេសទាំងពីរ។ ជម្លោះនោះបានបណ្តាលឱ្យមនុស្សជាង៣០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងមនុស្សជាង៤០នាក់បានស្លាប់។ ពេលនេះ ជនភៀសសឹកមួយចំនួនបានវិលត្រឡប់ទៅលំនៅដ្ឋានវិញបណ្តើរៗហើយ។
ស្ថានភាពនៅតាមតំបន់ព្រំដែនដែលមានជម្លោះនៅតែផុយស្រួយ។ កម្ពុជាបានថ្កោលទោសកងកម្លាំងថៃចំពោះការបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ និងត្រូវបានរាយការណ៍ថាភាគីថៃបានហ៊ុំព័ទ្ធនៅតំបន់ដែលអ្នកភូមិកម្ពុជារស់នៅ ស្របពេលដែលមានការចោទប្រកាន់គ្នាទៅវិញទៅមកលើការរំលោភបទឈប់បាញ់។
ថៃបានចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីៗជាបន្តបន្ទាប់តាមព្រំដែន ដែលបានធ្វើឱ្យទាហានរបស់ខ្លួនរងរបួស ដែលជាការចោទប្រកាន់ដែលរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធ។

ក្រុមអ្នកដាក់ញត្តិ ដែលក្នុងនោះមានតំណាងមកពីវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម បានប្រគល់ញត្តិរបស់ពួកគេទៅស្ថានទូតចំនួន១០ រួមមាន បារាំង សហរដ្ឋអាមេរិក និងចិន ដោយអំពាវនាវឱ្យមានបេសកកម្មស្វែងរកការពិតពីអន្តរជាតិ ដើម្បីស៊ើបអង្កេតការរំលោភលើបទឈប់បាញ់ ការរំលោភច្បាប់អន្តរជាតិ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងកសាងសន្តិភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់។
អង្គការសង្គមស៊ីវិលគ្រោងនឹងបន្តធ្វើកិច្ចការនេះទៀតនៅថ្ងៃស្អែក ដែលនឹងទៅដាក់ញត្តិនៅស្ថានទូតថៃផងដែរ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាមេដឹកនាំនៃសម្ព័ន្ធញត្តិបានថ្លែងថា «ទូត[បារាំង]បានបញ្ជាក់ថា ពួកគាត់នឹងលើកឡើងពីញត្តិរបស់យើងជាមួយមន្ត្រីការទូត និងបញ្ជូនបន្តទៅប្រធានាធិបតីបារាំង លោក ម៉ាក្រុង»។
តំណាងស្ថានទូតសហរដ្ឋអាមេរិកបានប្រាប់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានបន្ទាប់ពីទទួលញត្តិថា សហរដ្ឋអាមេរិកកំពុងតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់ និងគាំទ្រដំណោះស្រាយប្រកបដោយសន្តិភាព។
ភាគីទាំងសងខាងក្នុងជម្លោះព្រំដែន បានអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសទៅទស្សនកិច្ចនៅតំបន់នោះដើម្បីវាយតម្លៃការខូចខាត និងការអនុវត្តបទឈប់បាញ់។ សហរដ្ឋអាមេរិកក៏បានប្តេជ្ញាបង្កើតក្រុមត្រួតពិនិត្យក្នុងតំបន់ និងប្រើប្រាស់ការឃ្លាំមើលតាមអាកាសដើម្បីត្រួតពិនិត្យបទឈប់បាញ់នេះ។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil Society Groups Seek Embassy Support for Border Peace, Investigations and Aid










