សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី ទទួលបានលទ្ធផលវិជ្ជមាន ​ដើម្បីអនុវត្តលក្ខខណ្ឌបទឈប់បាញ់ Updated

លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីការពារជាតិស្តីទីថៃ ស្ថិតក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងការពារជាតិ)
លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីការពារជាតិស្តីទីថៃ ស្ថិតក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងការពារជាតិ)
UPDATES:

UPDATES: ម៉ោង ២០:០០ ៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោកប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយសារលោក ត្រាំ បានផ្តួចផ្តើមឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។ លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុនហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។  

លោកបានបញ្ជាក់ថា ការស្នើនេះស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះលោក Donald Trump ដែលលោកបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។

UPDATES: ម៉ោង ១៧:២០ ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា សង្ឃឹមថា ភាគីថៃនឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ (រូបភាព៖ ហ្វេសប៊ុកលោក ទៀ សីហា)

Breaking: លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី៧ ខែសីហា ដែលដឹកនាំដោយ លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីការពារជាតិស្តីទីថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន  ហើយភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ យោងតាមក្រសួងការពារជាតិ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់​ហេតុ​នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម»។

ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នោះ មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) មានបីចំណុចធំៗ គឺ ១.កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមាន៨ចំណុចតូចៗ ២.យន្តការសម្រាប់អនុវត្តបទឈប់បាញ់ ដែលមាន៣ចំណុច និង៣.ពេលវេលានិងទីតាំងនៃកិច្ចប្រជុំបន្ទាប់ ដែលមានមួយចំណុច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្សាយលទ្ធផលសប្រជុំ GBC លើហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងលោក និង លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

លោកបានបន្តថា ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។

លោកបានបញ្ជាក់ទៀតថា «ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ»។ លោកបន្តថា៖ «ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ»។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ពិធីកម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម