សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភច្បាប់ កំពុងត្រូវបានស៊ើបអង្កេត ខណៈព្រំដែនស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់

គ្រាប់កាំភ្លើងធំបានធ្លាក់ត្រូវលើផ្ទះប្រជាជនជាច្រើននៅស្រុកសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រូបថតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ (ផ្តល់ឱ្យដោយ ស៊ុន ណារិន)
គ្រាប់កាំភ្លើងធំបានធ្លាក់ត្រូវលើផ្ទះប្រជាជនជាច្រើននៅស្រុកសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រូបថតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ (ផ្តល់ដោយ ស៊ុន ណារិន)

ការប៉ះទង្គិចនៅតាមព្រំដែនរយៈពេល៥ថ្ងៃកាលពីខែមុនដែលតាមតួលេខផ្លូវការបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤០នាក់ស្លាប់ភាគច្រើនជាជនស៊ីវិល ទាំងកម្ពុជា និងថៃនៅតែចោទប្រកាន់គ្នាទៅវិញទៅមកពីការបើកការវាយប្រហារមុន និងការរំលោភច្បាប់អន្តរជាតិ ខណៈអ្នកស៊ើបអង្កេតកំពុងធ្វើការផ្ទៀងផ្ទាត់ការចោទប្រកាន់ទាំងនេះ។

បទឈប់បាញ់ដ៏ផុយស្រួយមួយកំពុងត្រូវបានអនុវត្ត ហើយការចរចាយោធាដោយផ្ទាល់កំពុងបញ្ចប់នៅប្រទេសម៉ាឡេស៊ី ដែលជាទីកន្លែងអព្យាក្រឹត ប៉ុន្តែភាពតានតឹងនៅតែពិបាកគ្រប់គ្រង​។

ក្រៅពីការចោទប្រកាន់គ្នាទៅវិញទៅមកថាតើអ្នកណាបាញ់មុននៅជិតតំបន់ជម្លោះ នាប្រាសាទ​តាមាន់ដែលនាំឱ្យមានការប៉ះទង្គិចរាលដាលទៅតំបន់ព្រំដែនផ្សេងៗជាច្រើនទៀតនៅថ្ងៃទី២៤ ខែកក្កដា និងអ្នកណារំលោភបទឈប់បាញ់ នៅថ្ងៃទី២៨​ ខែកក្កដា ប្រទេសថៃកំពុងប្រឈមនឹងការចោទប្រកាន់ថាបានប្រើគ្រាប់បែកចង្កោម និងរំលោភអនុសញ្ញាទីក្រុងហ្សឺណែវ ដោយសារតែប្រទេសនេះនៅតែឃុំខ្លួនទាហានកម្ពុជា១៨នាក់ ទោះបីជាឈប់ប្រយុទ្ធគ្នាក៏ដោយ។

កម្ពុជាវិញក៏ត្រូវបានចោទប្រកាន់ថា បានទម្លាក់គ្រាប់បែកលើតំបន់ជនស៊ីវិលរស់នៅ និងសម្លាប់ជនស៊ីវិលដែលមិនមែនជាកងទ័ព។ គ្រាប់បែករបស់ថៃក៏ត្រូវបានរាយការណ៍ថាបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិត ខណៈយោធាថៃបានបន្តអះអាងថា កងកម្លាំងកម្ពុជាបានរំលោភបទឈប់បាញ់។

អ្នកជំនាញច្បាប់អន្តរជាតិ និងអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលថាតើប្រទេសទាំងពីរបានបំពេញកាតព្វកិច្ចផ្លូវច្បាប់ណាខ្លះ និងថាតើថៃបានប្រើគ្រាប់បែកចង្កោមនៅតំបន់ដែលជនស៊ីវិល និងតំបន់បេតិកភណ្ឌឬអត់។ អ្នកជំនាញម្នាក់បាននិយាយថា រដ្ឋាភិបាលទីថៃដែលទទូចឱ្យមានការចរចាទ្វេភាគី ខណៈរដ្ឋាភិបាលកម្ពុជាជំរុញឱ្យមានអន្តរាគមន៍អន្តរជាតិ ឥឡូវនេះកំពុងជួបបញ្ហាដោយសារកង្វះការប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញានិងតុលាការអន្តរជាតិ ដែលជាកន្លែងដែលរដ្ឋាភិបាលភាគច្រើនដាក់ពាក្យបណ្តឹងពីការរំលោភច្បាប់។

ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅចុងខែកក្កដា ដែលជាការប៉ះទង្គិចតាមព្រំដែនដ៏សាហាវបំផុតរវាងប្រទេសជិតខាងទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ កងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកនៅជិតចំណុចប្រយុទ្ធគ្នា។ មន្ត្រីកម្ពុជាក្រោយមកបានចោទប្រកាន់ថា ការវាយប្រហារទាំងនេះបានប៉ះពាល់តំបន់របស់ជនស៊ីវិលដែលរួមមាន វត្តអារាម សាលារៀន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានចោទប្រកាន់ថៃថាបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ដោយប្រទេសជាច្រើន ដោយសារវាបន្សល់ទុកនៅគ្រាប់មិនទាន់ផ្ទុះដែលនឹងបង្កគ្រោះថ្នាក់យូរអង្វែងដល់ជនស៊ីវិល។

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានកត់ត្រាពីការដោះយកគ្រាប់បែក MK-84 ដែលត្រូវបានគេអះអាងថា ត្រូវបានទម្លាក់លើផ្ទះពលរដ្ឋមួយកន្លែងដោយកងកម្លាំងថៃក្នុងអំឡុងជម្លោះតាមព្រំដែនរយៈពេល៥ថ្ងៃ។ ថៃបានបដិសេធថាមិនបានប្រើគ្រាប់បែកនេះទេ ខណៈកម្ពុជាអះអាងថាគ្រាប់បែកនេះផលិតនៅឆ្នាំ១៩៩៦ និងមិនមែនជាសំណល់ពីសង្គ្រាមកន្លងមកទេ។ រូបថតបង្ហោះនៅលើហ្វេសប៊ុកដោយអគ្គនាយក CMAC លោក ហេង រតនា។

ដំបូងឡើយ ភាគីថៃបានបដិសេធការចោទប្រកាន់នេះ។ ប៉ុន្តែអ្នកនាំពាក្យយោធាម្នាក់ក្រោយមកបាននិយាយថា អាវុធប្រភេទនេះ«អាចត្រូវបានប្រើនៅពេលចាំបាច់» ដែលសម្តីនេះបានទទួលរងការថ្កោលទោសភ្លាមៗពីក្រុមសិទ្ធិមនុស្ស។

លោក Nathan Paul Southern នាយកប្រតិបត្តិការនៃគម្រោង EyeWitness ដែលស៊ើបអង្កេតលើរឿងជម្លោះ អំពើពុករលួយ និងឧក្រិដ្ឋកម្មសង្គ្រាមសកល បាននិយាយថា៖ «ថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទេ ប៉ុន្តែនៅតែត្រូវបានភ្ជាប់ដោយច្បាប់មនុស្សធម៌អន្តរជាតិ»។​

ប្រទេសទាំងពីរមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការប្រើប្រាស់ ការស្តុកទុក និងការផ្ទេរអាវុធ ប៉ុន្តែយ៉ាងណាក៏ដោយក៏ប្រទេសទាំងពីរនៅតែត្រូវបានចងភ្ជាប់ដោយកាតព្វកិច្ចទូទៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ។

លោកបាននិយាយថា៖ «ប្រសិនបើគ្រាប់បែកចង្កោមត្រូវបានប្រើនៅតំបន់មានប្រជាជនរស់នៅ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ហួសហេតុបើធៀបនឹងផលប្រយោជន៍យោធា នោះទំនងជារំលោភលើគោលការណ៍សមាមាត្រក្រោមច្បាប់ទំនៀមទម្លាប់អន្តរជាតិ»។​

លោក Southern បាននិយាយថា ក្រុមរបស់លោកកំពុងប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន និងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។ អ្នកស៊ើបអង្កេតរូបនេះបានទៅមើលនៅទីតាំងសង្ស័យនៃការវាយប្រហារនៅកម្ពុជា សម្ភាសសាក្សី និងពិគ្រោះជាមួយអ្នកជំនាញអាវុធ ដើម្បីវាយតម្លៃថាតើគ្រាប់បែកចង្កោមត្រូវបានប្រើឬអត់។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានការសន្និដ្ឋានចុងក្រោយនៅឡើយទេ។

ក្នុងអំឡុងជម្លោះតាមព្រំដែនចុងក្រោយរវាងប្រទេសជិតខាងទាំងពីរក្នុងឆ្នាំ២០១១ ថៃក៏ត្រូវបានរាយការណ៍ថាបានប្រើគ្រាប់បែកចង្កោម ដែលជាការប្រើប្រាស់លើកដំបូងនៅទូទាំងពិភពលោកចាប់តាំងពីអនុសញ្ញានេះចូលជាធរមាន។

លោក Southern បាននិយាយថា៖ «យើងបានចែករំលែកការរកឃើញដំបូងរបស់យើងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជូនដំណឹងពួកគេពីវត្តមានដែលអាចកើតមាននៃគ្រាប់មិនទាន់ផ្ទុះ។ នៅទីតាំងយ៉ាងហោចណាស់មួយ មានគ្រួសារជាច្រើននៅតែរស់នៅក្បែរនោះ។ ករណីនេះធ្វើឱ្យការសម្អាតតំបន់នេះកាន់តែបន្ទាន់»។

លោក Southern បានជំរុញឱ្យអាជ្ញាធរថៃ និងកម្ពុជាផ្តល់សិទ្ធិពេញលេញដល់អ្នកស៊ើបអង្កេតចូលមើលទីតាំង ខណៈក្រុមរបស់លោកកំពុងធ្វើការផ្ទៀងផ្ទាត់ការសង្ស័យថាមានការរំលោភដោយភាគីទាំងសងខាង។

ស្របពេលដែលមានការជជែកផ្នែកផ្លូវច្បាប់ ផលប៉ះពាល់លើជនស៊ីវិលនៅតែធ្ងន់ធ្ងរ។

អ្នកស្លាប់ពីការប៉ះទង្គិចភាគច្រើនជាជនស៊ីវិល។ មន្ត្រីកម្ពុជាបាននិយាយថា ពលរដ្ឋ៨នាក់ត្រូវបានសម្លាប់ និង៥០នាក់រងរបួស ខណៈអាជ្ញាធរថៃបានរាយការណ៍ថា ជនស៊ីវិល១៤នាក់ រួមទាំងកុមារ ត្រូវបានសម្លាប់ និង៣៩នាក់រងរបួសក្នុងការវាយប្រហាររបស់កម្ពុជា។

ពលរដ្ឋស៊ីវិលទាំងសងខាងជាង៣០០,០០០នាក់ ត្រូវបានផ្លាស់ទីលំនៅទោះបីជាអ្នកខ្លះបានចាប់ផ្តើមត្រឡប់ទៅផ្ទះវិញក៏ដោយ។

ស្ត្រីម្នាក់ដែលរងរបួសក្នុងការប៉ះទង្គិចរវាងទាហានកម្ពុជា និងថៃទទួលការព្យាបាលនៅមន្ទីរពេទ្យនៅខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Fortify Rights និង Human Rights Watch បានចោទប្រកាន់ភាគីទាំងសងខាងថា អាចរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។

នៅលើភាគីទាំងពីរ តំបន់ជនស៊ីវិលត្រូវបានវាយប្រហារដោយគ្រាប់រ៉ុកកែត និងកាំភ្លើងធំ។ អង្គការ Fortify Rights កាលពីសប្តាហ៍មុនបានចោទថា កម្ពុជាហាក់ដូចជាបាន«វាយប្រហារដោយគ្មានការបែងចែក»លើជនស៊ីវិល។

ការចោទប្រកាន់មួយចំនួននៅតែមិនទាន់បានផ្ទៀងផ្ទាត់នៅឡើយទេ។ ថៃបានចោទកម្ពុជាថាបានដាក់មីនប្រឆាំងនឹងមនុស្ស ដែលបានធ្វើឱ្យទាហានថៃជាច្រើនរងរបួសនៅតាមព្រំដែនប្រាសាទព្រះវិហារ មុនពេលការប្រយុទ្ធផ្ទុះឡើងសារជាថ្មី។ កម្ពុជាវិញបានចោទថា យន្តហោះថៃបានបាចម្សៅគីមីពុល ដែលជាការចោទប្រកាន់ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមនៅកម្ពុជាជាមួយរូបភាពដែលក្រោយមកត្រូវបានបញ្ជាក់ថាក្លែងក្លាយ។

បញ្ហាបន្ទាន់ និងព្រួយបារម្ភបំផុតសម្រាប់ក្រុមសិទ្ធិមនុស្សក្នុងស្រុក គឺការបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ដោយភាគីថៃ ដែលពួកគេត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីមានបទឈប់បាញ់។

រដ្ឋាភិបាលទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការរំលោភបទឈប់បាញ់ដែលនាំឱ្យមានការប៉ះទង្គិច។ មន្ត្រីកម្ពុជាបានចោទប្រកាន់កងកម្លាំងថៃថាបានរៀបចំការវាយឆ្មក់ដើម្បីចាប់ទាហានទាំងនេះ។

អាជ្ញាធរថៃបានប្រគល់សពទាហានកម្ពុជាម្នាក់ដែលស្លាប់នៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់ទៀត ពួកគេបានបញ្ជូនទាហាន២នាក់ទៀតត្រឡប់មកវិញ ដែលម្នាក់រងរបួស និងម្នាក់ទៀតត្រូវបានរាយការណ៍ថាមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។ ចំនួនអ្នកឃុំខ្លួនបានធ្លាក់ចុះពី២០នាក់មកនៅត្រឹម១៨នាក់។

លោក លឹម ឆាយ អនុប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅភ្នំពេញ បាននិយាយថា ការចាប់ខ្លួន និងការបន្តឃុំខ្លួនទាហានកម្ពុជាបន្ទាប់ពីបទឈប់បាញ់ គឺរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។

លោកបានលើកឡើងថា ការទាក់ទាញទាហានកម្ពុជាដោយប្រើប្រាស់រូបភាពសន្តិវិធីរួចហើយចាប់ពួកគេឃុំឃាំង គឺជាទង្វើបញ្ឆោត ដែលច្បាប់ហាមឃាត់។ លោកក៏បានបន្តថា អ្នកទោសសង្គ្រាមត្រូវតែទទួលការថែទាំងដោយមនុស្សធម៌ និងត្រូវដោះលែងភ្លាមៗនៅពេលការប្រយុទ្ធបានបញ្ចប់។

កងកម្លាំងថៃបាននិយាយថា ទាហាន១៨នាក់ដែលស្ថិតក្រោមការឃុំគ្រងរបស់ពួកគេកំពុងត្រូវបានថែទាំយ៉ាងត្រឹមត្រូវ និងត្រូវបានចាត់ទុកជាអ្នកទោសសង្គ្រាម។ ថៃបានលើកហេតុផលក្នុងការបន្តឃុំខ្លួនដោយចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់។ អាជ្ញាធរថៃបានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមទៅមើលអ្នកឃុំខ្លួនរួចហើយ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ពាក្យបណ្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយចោទប្រកាន់ថៃថា បានធ្វើទារុណកម្ម បដិសេធផ្តល់ការថែទាំវេជ្ជសាស្ត្រ និងរារាំងការទំនាក់ទំនងក្នុងអំឡុងពេលឃុំខ្លួនទាហានកម្ពុជា។

លោក ឆាយ ក៏បានរិះគន់ការវាយប្រហារតាមអាកាសរបស់ថៃដែលត្រូវបានគេអះអាងថា បានធ្វើឡើងលើប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលត្រូវបានតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឱ្យកម្ពុជាទទួលបានសិទ្ធិលើប្រាសាទនេះក្នុងឆ្នាំ១៩៦២ ប៉ុន្តែនៅតែមានជម្លោះជាមួយថៃ។

ក្រសួងវប្បធម៌កម្ពុជាបានលើកឡើងថា ប្រាសាទនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារតាមអាកាសរបស់ថៃនៅថ្ងៃដំបូងនៃការប៉ះទង្គិចគ្នា។

ការចោទប្រកាន់នេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយ សារព័ត៌មានខេមបូចា នៅឡើយទេ។ អង្គការយូណេស្កូបានបញ្ជាក់ថា ការប្រយុទ្ធនាពេលថ្មីៗនេះអាចបានបណ្តាលឱ្យខូចខាតសម្បត្តិបេតិកភណ្ឌវប្បធម៌នៅក្នុងប្រទេសទាំងពីរ រួមទាំងទីតាំងដែលស្ថិតនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

រូបថតនៃការខូចខាតប្រាសាទព្រះវិហារបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ថៃដែលត្រូវបានបោះពុម្ពផ្សាយដោយសារព័ត៌មានក្នុងស្រុក AKP នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

នៅពេលសួរអំពីការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានវាយប្រហារជនស៊ីវិលថៃ ឬដាក់មីន រួមទាំងការវាយប្រហារលើស្ថានីយ៍ប្រេងឥន្ធនៈនៅខេត្តស៊ីសាកេតរបស់ថៃដែលបានសម្លាប់ជនស៊ីវិល៨នាក់ ក្នុងនោះមានកុមារ២នាក់ លោក ឆាយ បាននិយាយថា ការចោទប្រកាន់ទាំងនេះនៅតែមិនទាន់បានផ្ទៀងផ្ទាត់នៅឡើយ និងគួរតែត្រូវបានស៊ើបអង្កេតតាមរយៈការស៊ើបអង្កេតឯករាជ្យ និងអព្យាក្រឹត។

រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាថានឹងមិនប្រើមីនទេ។ កម្ពុជាបានបដិសេធការចោទប្រកាន់ថាមានការលួចដាក់មីនថ្មី ដោយនិយាយថាទាហានថៃបានជាន់លើវាលមីនចាស់ៗសល់ពីសង្គ្រាមកន្លងមក។

ស្របពេលជាមួយគ្នានេះ មន្ត្រីថៃកំពុងរៀបចំបណ្តឹងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងកម្ពុជា។

លោក ភុមថាំ វេចាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់លោករៀបចំបណ្តឹងស៊ីវិល និងព្រហ្មទណ្ឌទាំងនៅក្នុងប្រទេសថៃ និងតុលាការអន្តរជាតិ ដោយចោទប្រកាន់កម្ពុជាថាបានចាប់ផ្តើមការវាយប្រហារមុន និងសន្យាថានឹងស្វែងរកយុត្តិធម៌ និងសំណង សម្រាប់ប្រទេសថៃ។

លោក ភុមថាំ បាននិយាយថា សកម្មភាពនេះមិនរាប់បញ្ចូលការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលថៃមិនទទួលស្គាល់ទេ។

ការមិនទទួលស្គាល់តុលាការអន្តរជាតិរបស់ថៃអាចនឹងកម្រិតសមត្ថភាពក្នុងការទទួលខុសត្រូវផ្នែកច្បាប់លើកម្ពុជានៅលើឆាកអន្តរជាតិ ប៉ុន្តែមិនទាំងស្រុងទេ។

លោក ស ម៉ូរី អ្នកសិក្សាផ្នែកច្បាប់អន្តរជាតិបាននិយាយថា៖ «ថៃមិនអាចប្តឹងកម្ពុជានៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានទេ លើកលែងតែប្រទេសនេះចូលរួមជាមួយសន្ធិសញ្ញាទីក្រុងរ៉ូម» ដោយបានកត់សម្គាល់ថា កម្ពុជាធ្លាប់បាននាំយកករណីប្រឆាំងនឹងថៃទៅ ICJ កាលពីអតីតកាល។

ទោះយ៉ាងណា លោកបានលើកឡើងថា កម្ពុជានៅតែអាចនាំយកករណីទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន ទោះបីជាថៃមិនមែនជាភាគីនៃសន្ធិសញ្ញានេះក៏ដោយ។

លោក ម៉ូរី បានបញ្ជាក់ថា៖ «តុលាការព្រហ្មទណ្ឌអន្តរជាតិមានយុត្តាធិការប្រសិនបើឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តនៅលើទឹកដីរបស់រដ្ឋភាគី ដែលជាកម្ពុជា»។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរថាតើកម្ពុជានឹងដាក់បណ្តឹងប្រឆាំងនឹងថៃអំពីការរំលោភអនុសញ្ញាទីក្រុងហ្សឺណែវឬអត់នៅឡើយទេ។

ខណៈបទឈប់បាញ់នៅតែបន្តកើតមាន ភាពតានតឹង និងការចរចានៅតែបន្ត។ ក្នុងអំឡុងពេលនេះ ការបន្តក្តីបណ្តឹងព្រហ្មទណ្ឌនៅតុលាការអន្តរជាតិអាចនឹងប្រថុយនឹងការបង្កើនជម្លោះដែលបានឈានដល់ស្ថានភាពផុយស្រួយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ War Crimes, Legal Breaches Under Probe as Border Holds Uneasy Calm

ព័ត៌មានថ្មី

អត្ថបទពេញនិយម