ប្តីប្រពន្ធជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងក្រុមហ៊ុនចិញ្ចឹមសត្វមួយឈ្មោះថា អានស៊ីន អាវី សែនជ័យ ត្រូវបានតុលាការខេត្តបាត់ដំបងបានសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងបទឆបោក ប្រជាពលរដ្ឋជាង២០០នាក់លើទឹកប្រាក់ជិតបីលានដុល្លារ។
ក្នុងដីការបង្គាប់ឱ្យឃុំខ្លួនរបស់លោកស្រី ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាឱ្យឃុំខ្លួនលោក ធី រ៉ាវុធ អាយុ៣១ឆ្នាំជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អានស៊ីន អាវី សែនជ័យ និងប្រពន្ធឈ្មោះ វុន រស្មី អាយុ២៦ឆ្នាំ ជាប្រធានគណនេយ្យក្រុមហ៊ុន អានស៊ីន អាវី សែនជ័យ ។
ជនសង្ស័យទាំងពីរនេះត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងបទឆបោកប្រព្រឹត្តនៅចំណុចក្រុមទី១២ ស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង កាលពី អំឡុងឆ្នាំ១០១៩ដល់ឆ្នាំ២០២២ ក្នុង បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌ។
លោក ឡូត ឈឿត អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគបាលខេត្ត បាត់ដំបងបានឱ្យដឹងថា ជនសង្ស័យពីរនាក់ខាងលើនេះបានស្ម័គ្រចិត្តចូលមកសារភាពនៅនគបាលប៉ុស្តិ៍រដ្ឋបាលអូរម៉ាល់ ក្រុងបាត់ដំបង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីរត់គេចអស់ជាច្រើនខែ។
លោក ឡូត ឈឿត ថ្លែងថា៖ «ពួកគាត់ទាំងពីរនាក់បានចូលមកបង្ហាញខ្លួនដោយស្ម័គ្រចិត្ត ដោយពួកគាត់ថា សុខចិត្តទទួលទោសតាមច្បាប់ ហើយយើងបានបញ្ជូនបន្តទៅតុលាការ បន្ទាប់មកចៅក្រមក៏សម្រេចឃុំខ្លួនតាមដីការតែម្តងនៅម្សិលមិញ[១១ខែឧសភា២០២៣]»។
កាលពីដើមខែកញ្ញា ឆ្នាំ២០២២ សាលាដំបូងខេត្តបាត់ដំបងក៏បានឃុំខ្លួនអ្នកទទួលខុសត្រូវជាន់ខ្ពស់ក្រុមហ៊ុនខាងលើពីរនាក់រួចមកហើយ ក្នងនោះមានឈ្មោះ ឃុន ផាណូ អគ្គនាយកក្រុមហ៊ុន និងម្នាក់ទៀតឈ្មោះធី រ៉ាវ៉ាន់ មានតួនាទីជាអ្នកគ្រប់គ្រងការលក់ទិញ គោ ពពែ មាន់ និងចំណីក្រុមហ៊ុននេះ ដែលកំពុងឃុំខ្លួនក្នុងពន្ធធនាគារ។
យោងតាមមាត្រា៣៧៧នៃក្រមព្រហ្មទណ្ឌ បញ្ជាក់ថាអំពើឆបោកគឺជាអំពើបន្លំចំពោះ រូបវន្តបុគ្គលឬនិតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែង ដោយរំលោកភទៅលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបាន ទទួលពីបុគ្គលនេះដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះឬរបស់តតិយជននូវ: ១/ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ២/ ការផ្គត់ផ្គង់សេវា ៣/ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឬជាការឱ្យរួចពីកាតព្វកិច្ច។
យោងតាមមាត្រា៣៧៨នៃក្រុមព្រហ្មទណ្ឌដដែលនេះ ទោសដែលត្រូវអនុវត្តនៃអំពើឆបោកត្រូវផ្តន្ទាទោសពីប្រាំមួយខែទៅបីឆ្នាំ និងពិន័យជាទឹកប្រាក់១លានរៀលដល់ ៦លានរៀល។
ប្រជាពលរដ្ឋលោក អាង សុផាន់ណា ជាដើមបណ្តឹងមួយរូបក្នុងចំណោមជាង២០០នាក់ បានសម្តែងក្តីរីករាយដែល តុលាការ សម្រេចឃុំខ្លួនបុរសពីរនាក់ប្តីប្រពន្ធខាងលើ ដែលបានបោកប្រាស់ប្រាក់ប្រជាពលរដ្ឋជិត៣លានដុល្លារដោយការវិនិយោគ។
លោក សុផាន់ណា និយាយបន្តថាក្នុងនាមតំណាងអោយជនរងគ្រោះចំនួន២២៥នាក់ដែលត្រូវបានបុគ្គលឈ្មោះដូច ធី រ៉ាវុធ, វុន រស្មី, ឃុន ផាន់ណូ និង ធី រ៉ាវ៉ាន់ ផ្តួចផ្តើម និងប្រើល្បិចកល ផ្សំគំនិតគ្នា ឆបោក អស់ប្រាក់សរុបរាប់លានដុល្លាអាមេរិក ក្នុង កលល្បិចដ៏ថោកទាប របស់បុគ្គលទាំងអស់ខាងលើ រួមគ្នាជាក្រុម ជាប្រពន្ធ័ និងមានមេខ្លោង ចាត់តាំងត្រឹមត្រូវធ្វើឱ្យពួកយើងខ្ញុំ រងគ្រោះ អស់ប្រាក់ដែលខំសន្សំ រលីងពីខ្លួន និងធ្លាក់ក្នុងបំណុលជាមួយនឹងមីក្រូហិរញ្ញវត្ថុ រឺធនាគារជាដើម។
លោក សុផាន់ណា បន្តថា៖ «យើងខ្ញុំទាំងគ្នាដែលជាជនរងគ្រោះ សង្ឃឹម និងជឿជាក់លើ សាលាដំបូងខេត្តបាត់ដំបង នឹងផន្ទាទោស និងដាក់ទណ្ឌកម្មចំពោះជនឆបោកទាំងអស់ឱ្យ សមទៅនឹងអំពើទុច្ចរិតរបស់ពួកក្រុមជនល្មើស ដើម្បីផ្តល់យុត្តិធម៌ដល់យើងខ្ញុំ និងកុំបន្ធូរ បន្ថយទោសដល់ពួកទុច្ចរិតទាំងអស់នេះជាដាច់ខាត»។
ក្រុមហ៊ុន អានស៊ីន អាវី សែនជ័យ ឯ.ក (ANSHIN RV SENCHEY CO.LTD) ជាក្រុមហ៊ុនឯកជនមួយបង្កើតឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ មានទីតាំងនៅក្រុមទី១ ភូមិសាលាបាឡាត់ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង មុនដំបូងក្រុមហ៊ុននេះចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងមានលិខិតអនុញាតង្កើតកសិដ្ឋាន ចិញ្ចឹមគោ និងមាន់ពូជក្នុងស្រុកដែលចេញដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វផងដែរ។ ក្រុមហ៊ុន អានស៊ីនមានកសិដ្ឋានចិញ្ចឹមគោ ពពែ មាន់ធំៗពីរកន្លែង មួយកន្លែងជួលដីទំហំប្រហែលមួយហិកតា នៅភូមិបត់សាលា និងមួយកន្លែងទៀតនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ លើផ្ទៃដីបីហិកតា។
ជនរងគ្រោះបានឱ្យដឹងថា លោក ធី រ៉ាវុធ និងបក្សពួកបានធ្វើសកម្មភាពផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍ និងបណ្តាញសង្គម ព្រមទាំងតាមរយៈអ្នកណែនាំឱ្យស្គាល់គ្នាជាបន្តបន្ទាប់ស្តីពីការវិនិយោគបណ្តាក់ទុនរបស់ក្រុមហ៊ុនខ្លួនលើវិស័យចិញ្ចឹមសត្វគោ មាន់ ពពែ និងចែកចាយផលិតផលកសិកម្មគ្រប់ប្រភេទដោយមានភ្ជាប់រូបភាពថ្នាក់ដឹកនាំ កំពូលៗដែលចុះមកមើលក្រុមហ៊ុនខ្លួន និងឈ្មោះឧកញ្ញ៉ាមួយចំនួនជាធ្នាក់ទៀតផង។
ដោយក្រុមនេះបានអូសទាញប្រជាពលរដ្ឋឱ្យចូលលុយវិនិយោគនឹងទទួលបានមកវិញនូវប្រាក់ចំណេញជាភាគលាភខ្ពស់ទៅតាមទំហំទឹកប្រាក់ដែលវិនិយោគដោយអត្រាការប្រាក់ចាប់ពីជាងបីភាគរយដល់៦ភាគរយ។ ក្រោយពីមានការជឿជាក់ប្រជាពលរដ្ឋជាច្រើនតាមបណ្តាខេត្តនានា និងក្រៅប្រទេសផងបានប្រមែប្រមូលលុយដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ ខ្លះអស់រាប់ពាន់និងរាប់ម៉ឺនដុល្លារដែលសរុបខ្ទង់លានដុល្លារដោយទទួលបាន ការប្រាក់(ភាគលាភ)ជាប្រចាំខែប្រចាំវគ្គ រឺប្រចាំឆ្នាំបានមួយរយៈក្រុមហ៊ុនក៏បិទទ្វារ និងលែងមានការទទួលខុសត្រូវចំពោះអ្នកដាក់វិនិយោគ។
លោក អាង សុផាន់ណា ប្រជាពលរដ្ឋរងគ្រោះខាងលើបានបន្តថា ពួកគាត់បានរកឃើញទីតាំងដីជិត២០កន្លែងដែលដែលតំណាងក្រុមហ៊ុនខាងលើមានឈ្មោះ ធី រ៉ាវុធ ធី រ៉ាវ៉ាន់ ឃុន ផាណូ និងពាក់ព័ន្ធបានយកលុយដែលឆបោកប្រជាពលរដ្ឋទៅទិញដី ដើម្បីបញ្ជូនឯកសារទៅតុលាការ ។ លោកបន្តថាបច្ចុប្បន្ននេះត្រូវតុលាការចេញដីការ រក្សាការពារ១៣កន្លែងហើយដែលមានឯកសារច្បាស់លាស់ ដែលដីនេះតាមតម្លៃប៉ាន់ស្មាន ជិត១លានដុល្លា។
លោក សុផាន់ណា បន្ថែមថា៖ «ដី១៣កន្លែងនេះខ្លះកន្លះហិកតា ២ហិកតាកន្លះ បីហិកតា និងដីភូមិស្ថិតនៅទីប្រជុំជនជាដើមហើយពួកខ្ញុំកំពុងស្វែងរកទីតាំងដីផ្សេងទៀត។ ពួកខ្ញុំ សុំសំណូមពរដល់តុលាការបន្តចាត់ការបណ្តឹងទាក់ទងនឹងការរកឃើញដីធ្លីខាងលើនេះ ដើម្បីផ្តល់សំណងដល់ប្រជាពលរដ្ឋ»។
លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំប្មូងខេត្តបាត់ដំបងបានមានប្រសាសន៍ថា សំណុំរឿងនេះមានជនជាប់ចោទបួននាក់ខាងលើ កំពុងស្ថិតនៅក្នុងដំណាក់ កាលជំនុំជម្រះក្តីពាក់ព័ន្ធបទល្មើសឆបោក ហើយចៅក្រមនឹងសម្រេចក្តីយោងទៅ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ និងឯកសារភ្ជាប់ភស្តុតាងផ្សេងៗ។
លោកព្រះរាជអាជ្ញាបន្តថា តុលាការបានកំពុងអនុវត្តនីតិវិធីមួយទៀត គឺឃាត់ទុកបណ្តោះ អាសន្នលើទ្រព្យទាំងឡាយដែលស្វែងរកឃើញថាជនសង្ស័យបានយកប្រាក់ប្រជាជនដែលគាត់ឆបោកហ្នឹង យកទៅបំប្លែងទៅទិញដី រឺអ្វីផ្សេង ដើម្បីឆ្ពោះទៅដល់ការស្រាវជ្រាវក្នុងបទ ល្មើសសម្អាតប្រាក់ ។
លោក កែវ សុជាតិ បន្ថែមថា៖ «យើងកំពុងស្រាវជ្រាវឃាត់ទ្រព្យសម្បត្តិបន្ថែមទៀត តែទោះបីជាកំពុងអនុវត្តនីតិវិធីនៃការស្រាវជ្រាវទ្រព្យក្នុងបទល្មើសសម្អាតប្រាក់ក៏ដោយក៏ប៉ុន្ត បើសិនជារកឃើញថាដីហ្នឹងបានមកពីការឆបោកប្រជាជន យកទៅបំប្លែងទៅទិញ យើងអាចរឹបអូស ទ្រព្យទាំងអស់ហ្នឹងយកមកសងប្រជាជនវិញដែរ»។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបងបាន ថ្លែងសាទរចំពោះចំណាត់ការរបស់តុលាការខេត្តបាត់ដំបងដែលឃាត់ខ្លួនតំណាងក្រុមហ៊ុនខាងលើជាបន្តបន្ទាប់ ដែលវាជាជំហ៊ានដំបូងមួយធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះមានទំនុកចិត្ត លើរាជរដ្ឋាភិបាល និងលើតុលាការខណៈដែលពួកគាត់បានអស់សង្ឃឹមទៅ ហើយនាពេលកន្លងមក ។
លោកបន្តថា៖ «ចំណាត់ការនេះវាក៏ជាគំរូមួយបង្ហាញដល់អ្នកវិនិយោគទុន រឺក្រុមហ៊ុនផ្សេង ទៀត ដែលគាត់ចង់ប្រកបអាជីវកម្មផ្សេងៗធ្វើឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងត្រូវបំពេញ កាតព្វកិច្ចទាំងឡាយណាមានចែងក្នុងកិច្ចសន្យាដែលធ្វើឡើងជាមួយដៃគូររបស់គាត់បើមិនដូច្នេះទេត្រូវប្រឈមនឹងមុខច្បាប់ជាធរមាន»។
ទោះបីយ៉ាងណាលោក គង់ជិត បានថ្លែងបន្តថា ក្នុងនាមសង្គមស៊ីវិលអំពាវដល់តុលាការមាន វិធានការថែមទៀតដូចជារក្សាកាពារទ្រព្យសម្បត្តិ រឺគណនីយរបស់ក្រុមហ៊ុនខាងលើរក្សាទុកដើម្បីដោះស្រាយជូនដល់ជនរងគ្រោះ ចំពោះក្រុមហ៊ុនត្រូវផ្តល់សំណងដល់អ្នករងគ្រោះទាំងសំណងក្នុងកិច្ចសន្យានិងសំណងជំងឺចិត្ត៕