ថ្វីបើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណ្តតិទី៥នៅខេត្តបាត់ដំបង ត្រូវបានបក្សនយោបាយ សង្គមស៊ីវិលនិងគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត អះអាងស្រដៀងគ្នាថា មានភាពល្អប្រសើរ មិនមានបាតុភាពអ្វីធ្ងន់ធ្ងរនោះ ប៉ុន្តែពួកគេនៅមានការព្រួយបារម្ភខ្លាំងខ្លាចក្រែងមានការប៉ះទង្គិចគ្នានៅថ្ងៃទី០៣ខែមិថុនាដែលជាថ្ងៃឃោសនាចុងក្រោយ ព្រោះសមាជិកបក្សនីមួយនឹងប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ។
លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភផងដែរថា នៅថ្ងៃទី៣ខែមិថុនាខាងមុខដែលជាថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ខ្លាចក្រែងមានការប៉ះទង្គិចណាមួយកើតឡើង។
លោកបញ្ជាក់ថា ក្នុងចំណោមគណបក្សទាំង១០ដែលដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត មានតែគណបក្សធំពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន បានដាក់គម្រោងជួបជុំនិងហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតធំជាងគេនៅក្នុងក្រុងបាត់ដំបង ដែលមានអ្នកចូលរួមរាប់ពាន់នាក់។
លោក សុខ ហ៊ីង បន្ថែមថាគណបក្សធំទាំងពីរបានដាក់ប្រតិទិនមកគឺធ្វើដូចគ្នាទីតាំងខុសគ្នា តែហែក្បួនលើទ្រូងផ្លូវតែមួយ និងម៉ោងស្ទើរដូចគ្នានៅពេលព្រឹក ។ ដូច្នេះដើម្បីបញ្ជៀសការប៉ះទង្គិច រឺអំពើហិង្សាផ្សេងៗកើតឡើង លោកបានអញ្ជើញគណបក្ស ប្រជាជនកម្ពុជានិងគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ មកជជែកចរចាគ្នាដើម្បីធ្វើយ៉ាងណា អោយមានការយោគយល់អធ្យាស្រ័យគ្នា បើសិនជាហែក្បួនជួបគ្នា លើទ្រូងផ្លូវណាមួយ គឺយើងអោយគណបក្សមួយហែទៅមុនហើយ គណបក្សមួយទៀតឈរចាំសិនអីជាដើម ។
លោក សុខ ហ៊ីង បានបន្ថែម៖ «គណបក្សទាំងពីរបានប្តេជ្ញាចិត្តរៀងៗខ្លួនថានឹងបញ្ចៀស អោយខានតែបាន មិនឱ្យមានបញ្ហាអ្វីកើតឡើងទេនៅថ្ងៃបិទបញ្ចប់ឃោសនាបោះឆ្នោត»។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរូបនេះ នៅតែបង្ហាញក្តីព្រួយបារម្ភ នឹងមិនទាន់អាចព្យាករណ៍ពីស្ថានការណ៍នៅថ្ងៃទី៣ខែ មិថុនាបានទេ តែ គខប បានត្រៀមលក្ខណៈជាស្រេច ក្នុងករណីចាំបាច់ណាមួយ គណៈកម្មាការរៀបចំការបោះឆ្នោតខេត្ត ស្រុក ឃុំ និង សមត្ថកិច្ចដូចជាប៉ូលិសជាដើម ដើម្បីត្រៀមអន្តរគមន៍និងសម្របសម្រួលជានិច្ច បើសិនមានហេតុការណ៍ហែក្បួនបុកគ្នា រឺហែក្បួនកាត់គ្នាអីជាដើម ។
ទាក់ទងនឹងបរិយាកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ជាង១០ថ្ងៃមកនេះ លោក សុខ ហ៊ីង ក៏បានសន្និដ្ឋានថា មានភាពល្អប្រសើរច្រើនជាងអណត្តិមុនៗ ដោយគណបក្សនយោបាយទាំងអស់ ហាក់ចាស់ទុំ គាត់យល់ដឹងពីច្បាប់បោះឆ្នោត នីតិវិធី និងក្រមសីលធម៌។ ដែលមកទល់ពេលនេះមិន ទាន់មានពាក្យបណ្តឹងណាមួយពីគណបក្សនយោបាយមកកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងខេត្តនៅឡើយទេ ។
លោក សុខ ហ៊ីង ថ្លែងថា៖ «រាល់បញ្ហាកើតឡើងរាល់លើក គាត់តែងតែរាយការណ៍ មកប្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ខេត្ត យកបញ្ហាមកដាក់លើតុ ដើម្បីសម្របសម្រួល ជជែកគ្នាដោះស្រាយបញ្ចប់ដោយមិនប្តឹងផ្តល់»។
ទោះបីយ៉ាងណា លោកក៏បានសំណូមពរដល់គណបក្សនយោបាយទាំងអស់ត្រូវបន្តប្រកាន់ ភ្ជាប់នូវក្រមសីលធម៌ក្នុងការឃោសនាបោះឆ្នោតប្រកបដោយការយោគយល់គ្នា កុំប៉ះដៃយកដៃ ប៉ះជើងយកជើង ធ្វើអោយបរិយាកាសឃោសនាបោះឆ្នោតនៅថ្ងៃបិទបញ្ចប់មានភាពរលូន និងបញ្ចៀសការប្តឹងផ្តល់គ្នា។
លោក ម៉ុក សុផល្លា លេខាធិការនិងជាតំណាងគណបក្សភ្លើងទៀនខេត្តបាត់ដំបង លើកឡើងថា លោកមានការព្រួយបារម្ភខ្លាចមានការប៉ះទង្គិចគ្នាប្រការណាមួយ នៅថ្ងៃឃោសនាចុងក្រោយ ដែលគណបក្សរបស់លោកនិង គណបក្សប្រជាជនកម្ពុជា ត្រៀមរៀបចំជួបជុំសមាជិករាប់ពាន់នាក់ដូចគ្នា ហើយមានការដង្ហែរក្បួនជុំវិញទីប្រជុំជនក្រុងបាត់ដំបង ។
លោក សុផល្លាមានប្រសាសន៍ថា៖ «យើងមិនអាចកំណត់ចំនួនប៉ុន្មានពាន់នាក់ទេព្រោះសមាជិកគណបក្សភ្លើងទៀន តាមឃុំស្រុកមួយចំនួនទាមទាឡើងមកច្រើននៅថ្ងៃចុងក្រោយ តែយើងកំពុងទប់តាមស្រុកកុំអោយឡើងមកច្រើនពេកមានផលពិបាក វាមិនងាយស្រួលទេ យើងព្រួយបារម្ភរឿងចរាចរ ព្រោះក្រុងយើង ផ្លូវតូចដែរ ខ្លាចប៉ះទង្គិចគ្នា»។
លោក សុផល្លា បន្តថា បញ្ហានេះមានតែពឹងពាក់លើសមត្ថកិច្ចនិងអាជ្ញាធរឱ្យលោកជួយរៀបចំ សណ្តាប់ធ្នាប់ និងធ្វើអន្តារគមន៍ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា រឺហិង្សា ដោយយថាហេតុណាមួយ ។ លោកបានបន្តទៀតថា ថ្វីត្បិតស្ថានភាពនៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី៥ នៅខេត្តបាត់ដំបងមានភាពល្អប្រសើរជាងអណ្តតិមុនៗក៏ដោយ តែវាមានបញ្ហាបាតុភាពខ្លះៗ ដែលមានការប្រឈមសម្រាប់គណបក្សរបស់លោកដែរ។
លោក សុផល្លា បានលើកឡើងពីបាតុភាពតិចតួចដូចជា រឿងករណីនៅសង្កាត់អូរចា ដែលមានអ្នកស្រី ស៊ិន ចាន់ពៅរូហ្សិត ឈរឈ្មោះ ជាចៅសង្កាត់ ដែលមានសមាជិកគណបក្សប្រជាជនកម្ពុជាបានយកស្ទីកឃ័រ មកបិទពីលើបដា និងបាត់បដាអីជាដើម និង មានករណីប្រឈមផ្សេងៗទៀត តែគណបក្សភ្លើងទៀនបានព្យាយាមសម្របសម្រួលបញ្ចប់រឿង ដោយមិនដាក់ពាក្យបណ្តឹងនោះទេ ។
លោក ម៉ុក សុផល្លា ឱ្យដឹងថា៖ «ខ្ញុំបានណែនាំសមាជិកគណបក្សនៅមូលដ្ឋានថាមានរឿងអីតិចតួចអី យើង កុំដាក់ពាក្យប្តឹងគ្នាអី យើងនិយាយគ្នាទៅ ព្រោះមិនចង់អោយបាតុភាព រឺមានអីកើតឡើងនាំឱ្យល្អក់កករ យើងសុខចិត្តញញឹមដាក់គ្នាប្រសើរជាងការប្តឹង»។
ទោះបីយ៉ាងណា លោក សុផល្លា បានបង្ហាញពីបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ដូចជាមានការពិបាកក្នុងការផ្លាស់ប្តូរអ្នកសង្កេតការណ៍ ដែលគេតម្រូវអោយមានភេទដូចគ្នាទើបអាចជំនួសបាន ហើយចំពោះបេក្ខភាពដែលឈរឈ្មោះបោះឆ្នោត ដែលមានបណ្ណក្រីក្រ ត្រូវបានផ្អាកកញ្ចប់ថវិកាសម្រាប់បណ្ណក្រីក្រពួកគាត់ជាដើម ។
តាមរបាយការណ៍របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ខេត្តនេះមាន ឃុំសង្កាត់ចំនួន១០៣ទូទាំងខេត្តដែលមានគណបក្សនយោបាយ ចូលរួមឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណ្តតិទី៥ ឆ្នាំ២០២២នេះចំនួន១០គណបក្ស។
គណបក្សទាំងនោះរួមមាន គណបក្សប្រជាជនកម្ពុជាដាក់បេក្ខជនឈរឈ្មោះ១០៣ឃុំសង្កាត់ គណបក្សភ្លើងទៀនដាក់បេក្ខជនឈរឈ្មោះទាំង១០៣ឃុំសង្កាត់ដូចគ្នា គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខភាពឈរឈ្មោះ៥១ឃុំសង្កាត់ គណបក្សខ្មែរស្រលាញ់ជាតិដាក់បេក្ខជនឈរឈ្មោះ៦៣ឃុំសង្កាត់ និងគណបក្សខ្មែររួបរួមជាតិដាក់បេក្ខជនឈរឈ្មោះ៤១ឃុំសង្កាត់ ចំណែកគណបក្សប្រាំផ្សេងទៀតដូចជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ខ្មែរតែមួយ, កែទម្រង់កម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះ ចាប់ពី១ឃុំសង្កាត់ទៅ៣ឃុំសង្កាត់តែប៉ុណ្ណោះ។
ទាក់ទងស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ លោក សុត សុផុន តំណាងគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បដិសេធមិនធ្វើអត្ថាធិប្បាយ តាមទូរស័ព្ទជាមួយខេមបូចា ដោយលោកថាជាប់រវល់ប្រជុំ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ និងរុញឱ្យសួរគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តវិញ។
ដោយឡែក លោក ចាត ជឿត អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចប្រចាំខេត្តបាត់ដំបង បាននិយាយថា គណបក្សលោកមិនមានការព្រួយបារម្ភ អំពីការប្រឈមគ្នានៅថ្ងៃដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នោះទេ ព្រោះគណបក្សលោកដាក់បេក្ខភាពឈរឈ្មោះមិនបានគ្រប់ឃុំសង្កាត់នោះទេ ។
លោក ចាត ជឿតបន្តថា គណបក្សហ៊្វុនស៊ិនប៉ិចមិនបានហែក្បួនឃោសនាបើក និង បិទធំដុំនោះទេ គឺធ្វើសកម្មភាពហែក្បួនតូចៗតាមឃុំសង្កាត់ដែលឈរឈ្មោះប៉ុណ្ណោះ ដូចជាដង្ហែតាមម៉ូតូ និងរថយន្តជាដើម ។
លោក ចាត ជឿត ៖ «អញ្ចឹងដូចក្រុងបាត់ដំបងមាន១០សង្កាត់យើងមានបេក្ខភាពឈរ តែមួយសង្កាត់ទេគឺសង្កាត់អូរម៉ាល់ គឺយើងហែធំមិនកើតទេ មិនដូចគណបក្សប្រជាជន កម្ពុជានិងគណបក្សភ្លើងទៀន គេមានបេក្ខជនឈរឈ្មោះទាំង១០៣ឃុំសង្កាត់ គេហែធំកើត»។
លោក ចាត ជឿត បានបន្ថែមថា យុទ្ធនាការឃោសនាតាមស្រុក តាមឃុំពុំមានបញ្ហាអ្វីប្រឈមនោះទេ មានសមត្ថកិច្ចជួយធ្វើចរាចរណ៍ សន្តិសុខ សណ្តាប់ធ្នាប់ ឱ្យដូចថ្ងៃដែលព្រះអង្គប្រធានបក្សចុះមកអី គឺពុំមានការប្រឆាំងរឺការរារាំងអ្វីនោះទេ។
លោក ឡុញ សុជា ប្រធានខុមហ្រ្វែលខេត្តបាត់ដំបងក៏បានសម្តែងក្តីព្រួយបារម្ភខ្លាំងផងដែរ នៅថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្លាចក្រែងមានការប្រឈមគ្នារវាងគណបក្សនយោបាយធំៗដែលមានសមាជិកគាំទ្រចូលរួមច្រើនចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត។
លោក ឡុញ សុជា លើកឡើងថា៖ «យើងព្រួយបារម្ភ វាអាចប្រឈមគ្នាខ្លាំងក្នុងករណីក្បួនដង្ហែជល់គ្នាលើផ្លូវតែមួយ ព្រោះថ្ងៃឃោសនាដំបូងៗគេអាចដាក់ប្រតិទិនមុនក្រោយបាន តែថ្ងៃចុងក្រោយគឺថ្ងៃតែមួយ គណបក្សនីមួយៗប្រកួតប្រជែងខ្លាំងដើម្បីកៀរគរអ្នកគាំទ្របក្សរៀងៗខ្លួន»។
លោកសង្ឃឹមថា គណបក្សនយោបាយទាំងអស់នឹងមានការយោគយល់អធ្យាស្រ័យគ្នា ដើម្បីបញ្ចៀសហិង្សា និងការប្តឹងផ្តល់គ្នា មកគណៈកម្មាធិការរៀបចំការបោះឆ្នោត ។
ទោះបីយ៉ាងណាលោក ឡុញ សុជា បានធ្វើការកត់សម្គាល់ថា ជាទូទៅស្ថានភាពយុទ្ធនា ការឃោសនាបោះឆ្នោតអណ្តតិទី៥នេះ មានបរិយាកាសល្អប្រសើរ ថ្វីត្បិតតែគណបក្សនយោបាយខ្លះ មានការប្រទាញប្រទង់គ្នាខ្លះមែន តែពួកគាត់ព្យាយាមសម្របសម្រួលនិង ដោះស្រាយគ្នាបញ្ចប់ដោយសន្តិវិធីនិងមិនដាក់ពាក្យបណ្តឹងទេ។
ខេមបូចាមិនអាចទំនាក់ទំនងលោក ឧត្តមសេនីយទោ សាត គឹមសាន្ត ស្នងការនគបាលខេត្ត បាត់ដំបងបានទេ។ តែទោះយ៉ាងណាលោក ពេជ្យ សារ៉ែន អធិការនគបាលក្រុងបាត់ដំបង មានប្រសាសន៍ថា ស្នងការខេត្តកំពុងប្រជុំរៀបចំកម្លាំង ដើម្បីត្រៀមលក្ខណៈអន្តារគមន៍និងសម្របសម្រួលសណ្តាប់ធ្នាប់ផ្សេងៗក្នុង ថ្ងបិទបញ្ចប់នៃ ថ្ងៃឃោសនាបោះឆ្នោតនោះហើយ ។
លោក ពេជ្យ សារ៉ែន បន្ថែមថា៖ «កិច្ចការនេះជាកិច្ចការថ្នាក់ខេត្ត ខ្ញុំរង់ចាំតែបទបញ្ជាបន្ថែមទេដើម្បីអនុវត្ត កន្លងទៅយើងតែអនុវត្តជាប្រចាំ ក្នុងការសម្របសម្រួលចរាចរណ៍និងរៀបចំសណ្តាប់ធ្នាប់ គ្រប់គណបក្សនយោបាយ មិនប្រកាន់បក្សណានោះទេ»៕