យុវជនកម្ពុជាសម្ដែងក្ដីបារម្ភកាន់តែខ្លាំងឡើងថា ការបំពេញកាតព្វកិច្ចយោធានឹងធ្វើឱ្យបញ្ហាហិរញ្ញវត្ថុរបស់ពួកគេកាន់តែដុនដាប ខណៈដែលប្រទេសនេះត្រៀមដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦ខាងមុខ។
យុវជនជាងពាក់កណ្ដាលដែលកំពុងជាប់បំណុល បង្ហាញការព្រួយបារម្ភថា ជីវភាពគ្រួសាររបស់ពួកគេនឹងកាន់តែលំបាក បើសិនជាពួកគេនឹងត្រូវចាកចេញពីការងារដែលមានប្រាក់ខែសមរម្យរយៈពេលពីរឆ្នាំ។
ថ្លែងក្នុងវេទិវាកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលោកជាអតីតមេបញ្ជាការកងទ័ព បានប្រកាសពីគម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ របស់កម្ពុជា។ ការផ្លាស់ប្តូរនេះមានគោលបំណងបង្កើនសមត្ថភាពយោធា និងកើតឡើងចំពេលមានភាពតានតឹងនៅព្រំដែនជាមួយប្រទេសថៃ។
លោក ហ៊ុន ម៉ាណែត បានស្នើឱ្យមានការបង្កើនរយៈពេលនៃការបំពេញកាតព្វកិច្ចពី១៨ទៅ ២៤ខែសម្រាប់យុវជនកម្ពុជាទាំងអស់ដែលមានអាយុពី១៨ ដល់ ៣០ឆ្នាំ។ ការអនុវត្តច្បាប់ជាប្រវត្តិសាស្ត្រ គឺមានភាពធូររលុង ហើយការអនុវត្តសម្រាប់ស្ត្រីគឺផ្អែកទៅលើការស្ម័គ្រចិត្ត។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការពង្រីកកម្លាំងនឹងបង្កើនប្រសិទ្ធភាពនៃការជ្រើសរើសបុគ្គលិក និងពង្រឹង«វិន័យ និងសណ្ដាប់ធ្នាប់ក្នុងចំណោមពលរដ្ឋ»។
ព្រឹទ្ធសភានឹងត្រូវបោះឆ្នោតដើម្បីបញ្ជាក់អំពីវិសោធនកម្មនេះដែលជាជំហានមួយបំពេញទឹកចិត្តចំពោះអ្នកគ្រប់គ្រង ដោយផ្តល់ឱ្យគណបក្សកាន់អំណាចដែលមានអសនៈភាគច្រើនក្នុងសមាជិកព្រឹទ្ធសភា និងការកាន់អំណាចរយៈពេល៤ទសវត្សរ៍របស់ខ្លួនកាន់តែមានឥទ្ធិពល។
ប៉ុន្តែខណៈដែលគម្រោងនេះកំពុងដំណើរការទៅមុខ យុវជន និងអ្នកវិភាគ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរពីកាតព្វកិច្ចទៅជាការស្ម័គ្រចិត្ត និងស្នើឱ្យមានការផ្ដល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់ទាហានបំពេញកាតព្វកិច្ចទាំងនេះ។
លោក អ៊ឹង ស៊ា អាយុ ២៧ឆ្នាំ ជាអ្នកសារព័ត៌មានឯករាជ្យប្រចាំក្រុងភ្នំពេញ បាននិយាយថា កាតព្វនេះអាចបង្កផលលំបាកដល់យុវជនដែលជាប់បន្ទុកគ្រួសារ។
លោកបាននិយាយថា៖ «យុវជនកម្ពុជាជាច្រើនមានទំនួលខុសត្រូវក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ជាក់ស្ដែង ដូចជារូបខ្ញុំផ្ទាល់ត្រូវរ៉ាប់រងការចំណាយលើការសិក្សារបស់ប្អូន និងជួយដល់តម្រូវការបន្ទាន់ដូចជាការសងបំណុលជាដើម»។ លោកបន្តថា៖ «ការត្រូវបង្ខំឱ្យបំពេញកាតព្វយោធារយៈពេលពីរឆ្នាំអាចរំខានដល់ការរួមចំណែកទាំងនេះ និងគំរាមកំហែងដល់ជីវភាពគ្រួសារដោយសារតែខ្វះប្រាក់បម្រុងទុក»។
យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីកាតព្វយោធា ទាហានបំពេញកាតព្វកិច្ចនឹងទទួលបានប្រាក់បំណាច់តែម្តងគត់ក្នុងកំឡុងពេលអនុវត្តចំនួន ១៥០ដុល្លារ និង «អត្ថប្រយោជន៍ផ្សេងទៀតសម្រាប់ការរស់នៅប្រចាំថ្ងៃ» ទោះបីជាព័ត៌មានលម្អិតមិនច្បាស់លាស់ក៏ដោយ។ គួរបញ្ជាក់ថា ប្រាក់ខែប្រចាំខែសម្រាប់ទាហានដែលមានឋានៈទាបបំផុតគឺប្រមាណ ៣៤៥ ដុល្លារ។
លោក ស៊ា បានព្រមានថា ការអវត្តមានយូរពីការងារអាចធ្វើឱ្យប៉ះពាល់ដល់ជំនាញ និងផលិតភាពរបស់រូបគេបន្ទាប់ពីបញ្ចប់ការបំពេញកាតព្វកិច្ច។
លោកបានបន្តថា៖ «ក៏មានភាពមិនប្រាកដប្រជាអំពីសន្តិសុខការងារដែរ។ មនុស្សជាច្រើនដូចខ្ញុំបារម្ភថានឹងមិនទទួលបានតំណែង ប្រាក់ខែ ឬអត្ថប្រយោជន៍ទេ លុះត្រាតែរដ្ឋាភិបាលដាក់ចេញការការពារ»។
សំខាន់ជាងនេះទៅទៀត លោកបានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើតមូលនិធិមួយ ដើម្បីគាំទ្រដល់គ្រួសារទាហាន និងការពារការបាត់បង់ប្រាក់ចំណូលក្នុងអំឡុងពេលបំពេញកាតព្វកិច្ចរបស់ពួកគេ។
អ្នកផ្សេងទៀត ក៏បានបន្ទរពីការព្រួយបារម្ភអំពីកត្តាសេដ្ឋកិច្ច និងសង្គមនៅពេលពួកគេចូលបម្រើកាតព្វកិច្ចនេះផងដែរ ដោយអំពាវនាវឱ្យមានវិធីសាស្រ្តដែលអាចបត់បែនបាន។
អ្នកវិភាគផ្នែកការពារជាតិ លោក ពេជ្រ ចន្ទ្រា ដែលទើបបញ្ចប់ការសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឱ្យដឹងថា លោកគាំទ្រចំពោះការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា តែយ៉ាងណាលោកពេញចិត្តចំពោះគំរូចូលរួមបំពេញកាតព្វកិច្ចដោយស្ម័គ្រចិត្ត។
លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែដោះស្រាយកង្វល់សំខាន់ៗ រួមមានការរំខានផ្នែកសេដ្ឋកិច្ច ភាពតានតឹងផ្នែកថវិកា ហានិភ័យនៃបរិមាណកងទ័ព និងអំពើពុករលួយដែលកំពុងបន្តកើតមាន។
លោកបាននិយាយថា៖ «បើពិនិត្យទៅលើបញ្ហាប្រឈមទាំងនេះ គំរូស្ម័គ្រចិត្ត គឺសមស្របជាង។ ដោយវានឹងទាក់ទាញមនុស្សដែលពិតជាចង់បម្រើ ដែលជួយបង្កើនសីលធម៌ ការប្តេជ្ញាចិត្ត និងការអនុវត្ត»។
លោកបន្ថែមថា៖ «វាក៏ជៀសវាងការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុទៅលើអ្នកដែលមិនទាន់ត្រៀមខ្លួន ឬអាចបម្រើផងដែរ ជាពិសេសនៅក្នុងប្រទេស ដែលមានយុវជនជាច្រើនត្រូវជួយផ្គត់ផ្គង់គ្រួសាររបស់ពួកគេ»។
លោក ចន្ទ្រា បានបន្តថា លោកក៏ធ្លាប់ប្រឈមមុខនឹងសម្ពាធដូចគ្នានេះកំឡុងពេលហ្វឹកហាត់នៅសហរដ្ឋអាមេរិក ដោយមានការទាមទារផ្នែកសិក្សា និងកាយសម្បទារឹងមាំ ស្របពេលដែលលោកក៏មានការព្រួយបារម្ភជាប្រចាំអំពីសាច់ញាតិនៅកម្ពុជា។ លោកតែងតែគិតដល់ អាហាររបស់ជីដូនគាត់ អ្នកមីងដែលកំពុងមានជម្ងឺមហារីក និងមេរោគអេដស៍ និងការអប់រំរបស់បងប្អូនស្រី។
ទោះបីជាលោកទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដែរ។ លោកបានធ្វើការក្រៅម៉ោងដើម្បីផ្ញើប្រាក់ទៅផ្ទះ ហើយបាននិយាយថា យុវជនកម្ពុជាជាច្រើននាក់ដែលមានជីវភាពមធ្យមអាចប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងនៅពេលចូលបម្រើកាតព្វកិច្ចយោធា។
យោងតាមរបាយការណ៍ការពិនិត្យការពារជាតិប្រចាំឆ្នាំរបស់ Global Firepower ឱ្យដឹងថា ប្រទេសថៃ ដែលកម្លាំងយោធាត្រូវបានគេប៉ាន់ស្មានថាមានចំនួនច្រើនជាងកម្ពុជាដល់ទៅពីរដង បានបង្ហាញសញ្ញាថាខ្លួនអាចនឹងលុបចោលប្រព័ន្ធចាប់ឆ្នោតរើសទាហានចូលបម្រើកាតព្វកិច្ច។
គណបក្សនយោបាយជាច្រើន រួមទាំងគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃដែលកំពុងកាន់អំណាច បានសន្យាថា នឹងបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធា និងផ្លាស់ប្តូរទៅរកការចុះឈ្មោះដោយស្ម័គ្រចិត្ត។
អ្នកតាមដានភូមិសាស្ត្រនយោបាយក្នុងតំបន់ លោក សេង វណ្ណលី បានកត់សម្គាល់ថា កត្តាជំរុញមួយនៃរបៀបវារៈកំណែទម្រង់របស់ប្រទេសថៃ ដែលនាំមុខភាពតានតឹងនៅតាមព្រំដែនបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរកាលពីខែឧសភាដែលបានសម្លាប់ទាហានកម្ពុជា គឺជាផលប៉ះពាល់ដែលតម្រូវឱ្យមានលើវិស័យហិរញ្ញវត្ថុ និងការអប់រំ។
លោកគូសបញ្ជាក់ថា ក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ថាមពលសេដ្ឋកិច្ច និងផលិតភាពការងាររបស់យុវជនមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើនរបស់ជាតិ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនយល់ស្របទៅនឹងការអនុវត្តច្បាប់កាតព្វកិច្ចយោធាទេ តែខ្ញុំក៏មិនបដិសេធក្នុងការធ្វើទំនើបកម្មក្នុងវិស័យយោធាទេ»។ លោកបន្តថា៖ «ការធ្វើទំនើបកម្មក្នុងវិស័យយោធា វាមិនចាំបាច់ទាមទារឱ្យមានច្បាប់កាតព្វកិច្ចយោធាទេ គ្រាន់តែព្យាយាមធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចដែលមានភាពល្អប្រសើរ ហើយយកទៅវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យាយោធា និងប្រព័ន្ធការពារជាតិទំនើប និងសហការជាមួយប្រទេសដទៃ»។
លោកបន្ថែមថា៖ «ខណៈសេដ្ឋកិច្ចជួបការលំបាក រដ្ឋាភិបាលគួរតែផ្តោតលើការលើកកម្ពស់ផលិតភាព និងការទាញយកជំនាញរបស់ពលរដ្ឋ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញសំណើកែប្រែការអនុវត្តកាតព្វកិច្ចនេះទេ ដោយលោកមានប្រសាសន៍ថា វិសោធនកម្មនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Pushback Grows Against Proposed Longer Conscription Term








