សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាធានាថាមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ ខណៈតម្លៃប្រេងកំពុង​កើន​ឡើង​

បុគ្គលិក​ស្ថានីយប្រេងឥន្ធនៈ​កំពុង​ចាក់ប្រេង​ឱ្យអតិថិជន​នៅទីក្រុង​ភ្នំពេញ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២៦។ ភាព​តាន​តឹង​នៅ​មជ្ឈឹម​បូព៌ា​កំពុង​បង្កការរំខាន​ដល់​ការធ្វើ​ចរាចរ​នាវាដឹក​ប្រេង​នៅច្រក​ហ័រម៉ូស ដែលជា​ច្រក​សំខាន់​មួយ​ក្នុង​ការ​ដឹកនាំប្រេងនិង​ឧស្ម័ន​ផ្គត់ផ្គង់តម្រូវការពិភព​លោក​។ ស្ថានភាព​នេះ​បាន​រុញ​ឱ្យតម្លៃ​ថាមពល​នៅ​លើ​ពិភព​លោក​កើន​ឡើង និង​បង្ក​ឱ្យមានក្ដី​កង្វល់​សម្រាប់​ប្រទេសជាច្រើន រួម​ទាំង​កម្ពុជា​ផងដែរ​។ (ខេមបូចា/ ព្រីង សំរាំង)
បុគ្គលិក​ស្ថានីយប្រេងឥន្ធនៈ​កំពុង​ចាក់ប្រេង​ឱ្យអតិថិជន​នៅទីក្រុង​ភ្នំពេញ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២៦។ ភាព​តាន​តឹង​នៅ​មជ្ឈឹម​បូព៌ា​កំពុង​បង្កការរំខាន​ដល់​ការធ្វើ​ចរាចរ​នាវាដឹក​ប្រេង​នៅច្រក​ហ័រម៉ូស ដែលជា​ច្រក​សំខាន់​មួយ​ក្នុង​ការ​ដឹកនាំប្រេងនិង​ឧស្ម័ន​ផ្គត់ផ្គង់តម្រូវការពិភព​លោក​។ ស្ថានភាព​នេះ​បាន​រុញ​ឱ្យតម្លៃ​ថាមពល​នៅ​លើ​ពិភព​លោក​កើន​ឡើង និង​បង្ក​ឱ្យមានក្ដី​កង្វល់​សម្រាប់​ប្រទេសជាច្រើន រួម​ទាំង​កម្ពុជា​ផងដែរ​។ (ខេមបូចា/ ព្រីង សំរាំង)

តម្លៃ​ប្រេងឥន្ធនៈនៅ​កម្ពុជា​កំពុង​ហក់​ឡើង​ខ្ពស់ ដោយសារតែ​តម្លៃ​ដឹក​ជញ្ជូន​​កើនឡើងជាងមុន​ យ៉ាងណា​រដ្ឋាភិបាល​​បាន​ធានា​ថា ​កម្ពុជា​មានប្រេងបម្រុង​គ្រប់គ្រាន់ និង​ជំរុញ​ឱ្យ​សាធារណជន​កុំមានការព្រួយបារម្ភ​។​

បុគ្គលិក​ចាក់​ប្រេង​នៅ​ស្ថានីយមួយ​​កន្លែង​ក្នុង​​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​សាំងធម្មតា​​នៅ​ស្ថានីយក្បែរគាត់​​បាន​អស់​ស្តុក​តាំងពី​ថ្ងៃអាទិត្យ និង​ថា​នៅ​មាន​លក់​តែ​សាំង​ស៊ូពែរ​ដែល​មាន​តម្លៃ​ ៦ ៨០០រៀល​ក្នុង​មួយ​លីត្រ​ ដែល​តម្លៃ​នេះ​ហក់ឡើងពី​៤ ៧៥០រៀល​។ ​​​

បុគ្គលិក​រូប​នេះ គឺឈ្មោះ ធី ប៊ុនធា បាន​បញ្ជាក់ថា៖ «អតិថជិន​មក​ចាក់សាំង​ធម្មតា​ច្រើន [ធ្វើ​ឲ្យ​] សាំងធម្មតា​ដាច់ស្តុក​»​។ ​

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​អំពី​តម្លៃប្រេងឥន្ធនៈ​សម្រាប់​ថ្ងៃទី​៨​ដល់​១០​ ខែមីនា ឆ្នាំ២០២៦ តម្លៃ​ប្រេង​​នៅ​កម្ពុជាហក់​ឡើង​យ៉ាង​គំហុក​​។ សាំងធម្មតា​ឡើង​ពី ​​៣ ៨៥០​​រៀល​​ក្នុង​មួយលីត្រ​​ទៅ​ ​៤ ៤០០​រៀលក្នុង​មួយ​លីត្រ ខណៈប្រេងម៉ាស៊ូត​ឡើងរហូត​ដល់​១ ៣០០​រៀលក្នុងមួលលីត្រ ដែល​តម្លៃលក់ចេញ​មាន​រហូត​ដល់​ ៥ ១៥០​រៀល​ក្នុង​មួយ​លីត្រ​។​

តម្លៃប្រេង​លើពិភព​លោក​កើន​ឡើង​ដោយសារ​ភាពតានតឹង​នៅ​មជ្ឈិម​បូព៌ា និង​ការបិទច្រក​សមុទ្រហ័រម៉ូស ដែល​ជា​ច្រក​ដឹក​ប្រេង​ដ៏​សំខាន់​សម្រាប់​ផ្គត់​ផ្គង់ទី​ផ្សារ​អន្តរជាតិ​។​

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មាន​ប្រសាសន៍​ថា ​​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​កំពុងព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​មក​លើ​ជីវភាព​ដោយ​សារតែជម្លោះ​នៅ​មជ្ឈិមបូព៌ា​ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង និង​ឧស្ម័ន​ក្នុង​ស្រុក​កើន​ឡើង។

តម្លៃសាំងធម្មតាបាន​ឡើង​​២៥០០​រៀលក្នុងមួយលីត្រលើតម្លៃពីមុន ខណៈ​សាំង​ស៊ុបពែរ​បាន​ឡើង​ដល់​៥ ៥០០​រៀល​ក្នុង​មួយ​លីត្រនៅតាមស្ថានីយប្រេងមួយចំនួន។ លោក​លើក​ឡើង​ទៀត​ថា ​ស្ថានីយ​ប្រេង​​ក្នុង​ស្រុក​មួយ​ចំនួន​បាន​បិទការលក់បណ្ដោះអាសន្ន ឬ​ផ្អាក​តែ​ម្ដង​។ ​

លោក វន់ ពៅ ប៉ាន់ប្រមាណថា ​នៅទូទាំង​ប្រទេស​កម្ពុជា​មាន​ត្រីចក្រយានយន្ត ឬតុកៗ​ប្រហែល​២សែនគ្រឿង ​ហើយ​ភាគច្រើន​នៃអ្នក​ទាំង​នោះកំពុង​ប្រឈម​សម្ពាធ​ហិរញ្ញវត្ថុ ដោយសារ​ចំណូល​មិន​អាចទប់​ទល់​នឹង​ការចំណាយដែល​កំពុង​កើន​ឡើង​​បាន​។​​

លោក​បន្ថែមថា៖ «ពួកគាត់​ចំណាយច្រើនលើ​ប្រេង​ឥន្ធនៈ ខណៈ​ប្រាក់ចំណូល​នៅ​តែ​ទាប ដូច​នេះ​វា​មិន​មាន​តុល្យភាព​រវាងការចំណាយ និង​ចំណូល​​។ ស្ថាន​ភាព​បែបនេះ អាចធ្វើ​ឲ្យ​អត្រានៃភាព​ក្រីក្រ​កើន​ឡើង ខណៈ​តម្លៃទំនិញ​ក៏​ឡើង ហើយ​ចំណូល​នៅ​មាន​តិច ហើយ​តម្លៃទំនិញ​នានា​​នៅ​តែ​បន្ត​ឡើង​ថ្លៃ​។ អ្វីទាំង​នេះគឺជា​ការពិត​ដែល​យើង​មើល​ឃើញ​»។​

លោក វន់ ពៅ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យតាមដាន​​លើ​ក្រុម​ហ៊ុន​នាំចូលប្រេង​ និង​ឧស្ម័ន ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ទាំង​នោះ​កេង​ចំណេញ​ពី​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈហួសហេតុ​។ បើ​សិន​ជា​អាច​លោក​ថា រដ្ឋាភិបាល​គួរ​តែពិចារណា​​ជួយ​បន្ថែមការ​ឧបត្ថម្ភធន​លើ​តម្លៃប្រេង ដើម្បី​ស្តារទំនុក​ចិត្ត​សាធារណជន និង​ការពារ​ផល​ពិបាក​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រជា​ពល​រដ្ឋ។​

លោកបន្ថែម​ថា ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​ថា​ខ្លួន​មាន​លទ្ធភាព​នាំប្រេង​ចូល​ដោយ​ផ្ទាល់​ដើម្បីជៀសវាង​វិស័យ​ឯកជន​យក​ផ្ដាច់​មុខ ហើយ​រដ្ឋអាច​ធ្វើ​ការ​លក់​ដោយ​ផ្ទាល់​ទៅ​ប្រជាពល​រដ្ឋ​ក្នុង​តម្លៃសមរម្យ​មួយ​។​​

តារាង​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​ស្ថានីយ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញនៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២៦ បង្ហាញពី​តម្លៃកើន​ឡើង​ខណៈ​ដែល​ភាព​តាន​តឹង​នៅ​មជ្ឈឹម​បូព៌ា​នៅ​បន្ត​មាន រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ប្រេង​តាម​ច្រក​សមុទ្រហ័រម៉ូស ដែល​ជា​ច្រក​សំខាន់​មួយ​សម្រាប់​​ដឹក​ចេញ​ទៅ​ផ្គត់​ផ្គង់ទី​ផ្សារ​អន្តរជាតិ​។​

អ្នក​បើក​កង់បី លោក ប៊ុន សឿន ប្រាប់សារព័ត៌មានខេមបូចា​ថា ​តាំងពី​ប្រេង​ និង​ហ្គាស​ឡើងថ្លៃ​ ចំណូល​របស់​លោក​បាន​ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់ជីវភាពគ្រួសារ​។​

លោក​ឱ្យ​ដឹងថា ​​ពីមុន​លោក​ចំណាយ​១ ៥០០​រៀល​ក្នុង​ការ​បញ្ចូល​ហ្គាស​សម្រាប់​ធ្វើការ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​តាំងពី​តម្លៃ​កើន​ឡើង​មក លោក​ត្រូវ​បន្ថែម​១ម៉ឺនរៀល​ទៀត​ដើម្បីបញ្ចូល​ហ្គាស​សម្រាប់ដឹក​អ្នក​ដំណើរ​ ហើយ​ចំនួន​អ្នក​ធ្វើ​​ដំណើរ​ទៀត​សោត​ក៏​ធ្លាក់ចុះ​ដូច​គ្នា​។​

លោកឲ្យ​ដឹងថា៖ «កន្លែង​ខ្លះ​លក់​ហ្គាស​ចន្លោះពី​២៥០០រៀល ទៅ​៣០០០​រៀល​។ ឥឡូវ​ខ្ញុំ​ចំណាយ​លើសមុន​១ម៉ឺន​រៀល។ វាប៉ះពាល់​ដល់​ជីវភាព​ ព្រោះ​អ្វីៗ​ឡើង​ថ្លៃ»។​

លោក សឿន ស្នើ​ឲ្យ​រដ្ឋាភិបាលចាន់​វិធានការ​លើ​ការ​ឡើង​ថ្លៃ​ប្រេង​នេះ និង​ពិនិត្យ​មើល​លើ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ដែល​លក់​ប្រេង​ឥន្ធនៈ​ខ្ពស់ជាង​តម្លៃ​ដែល​ក្រសួង​កំណត់​។​

លោក​បន្ថែមថា៖ «​ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​លើ​បញ្ហា​នេះ និង​ពិចារណា​បញ្ចេញ​ថវិកាជាតិ​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ប្រេង​ឥន្ធនៈ​។ បើ​មិន​ដូច​នោះទេ វានឹង​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាពប្រជាជន ព្រោះថា​កន្លែង​ខ្លះ​បាន​ដំឡើង​តម្លៃ​​ច្រើន រហូត​ដល់​១ ០០០​រៀល»។​

លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ជំរុញ​កុំ​ឲ្យ​សារធាណជន​មាន​ការ​ព្រួយ​បារម្ភ ដោយថា​កម្ពុជា​មាន​ប្រេង​បម្រុងគ្រប់គ្រាន់​សម្រាប់​រយៈពេល​២១​ថ្ងៃ ក្នុង​ករណី​គ្មាន​ការនាំចូល​ប្រេង​បាន​ទាល់តែសោះ​។​

លោក​បន្ថែម​ថា៖ «​យើង​មិ​ទាន់​ឈាន​ដល់​ស្ថានភាព​នៃការ​ខ្វះប្រេង​ផ្គត់ផ្គង់​នៅឡើយទេ​។ កម្ពុជា​​​បច្ចុប្បន្ន​នៅ​បន្ត​នាំ​ប្រេង​ចូល​រាល់ថ្ងៃ មិនមានការបិទ​ប្រភព​នាំ​ចូល​ប្រេង​មក​កម្ពុជា​នោះទេ»។​

លោកបន្តថា ​ក្រុម​ហ៊ុន​ប្រេង​ក្នុង​ស្រុក​​នានា​បាន​នាំចូល​ប្រេង​សម្រាប់​ផ្គត់ផ្គង់​ត​ម្រូវការ​ប្រចាំ​ថ្ងៃ​ក្នុង​ស្រុក​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​។​ យ៉ាងណា លោក​ថា​តម្លៃ​អាច​នឹង​កើន​ឡើង​​ទៅ​តាម​តម្លៃ​ប្រេង និង​ឧស្ម័ន​របស់​ទីផ្សារ​អន្តរជាតិ។​

លោកជំរុញ​ឲ្យ​សាធារណជន​​កុំ​ព្រួយ​បារម្ភ​រហូត​ទិញ​ប្រេង​ស្តុក​ទុក​ ដែល​អាច​បង្កជាហានិភ័យ​នៃការ​កើត​មាន​អគ្គិភ័យ​។​

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃរាជបណ្ឌិត្យ​សភាកម្ពុជា បាន​លើកឡើងថា​តម្លៃ​ប្រេង​មិន​មែន​ប៉ះពាល់តែកម្ពុជា​នោះទេ តែ​វាជាបញ្ហាសកល​។​

លោក​មាន​ប្រសាសន៍ថា៖ «​តម្លៃប្រេង​ឡើង​ខ្ពស់ វា​នឹង​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់​ផ្គង់ ផលិត​កម្ម និង​ការ​ដឹក​ជញ្ជូន​។ តម្លៃទំនិញ​ក៏​នឹង​កើន​ឡើង​នៅ​កម្ពុជា ដែល​វា​បង្ក​ការ​រំខាន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប។ ពេល​ថ្លៃដឹកជញ្ជូន​កើន​ឡើង វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ»។​

លោកបន្ថែម​ថា​ រដ្ឋាភិបាល​គួរ​ពិចារណាបង្កើត​​​គណៈកម្មការ​បន្ទាន់​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយ​ពង្រឹង​បរិមាណ​ប្រេង​បម្រុង​ទុក ស្វែង​រក​ប្រភព​ផ្គត់​ផ្គង់នានា​ដើម្បី​នាំចូល និង​រុក​រក​ផលិត​​កម្ម​ប្រេង​ក្នុង​ស្រុក​។​

អ្នកនាំពាក្យ​ក្រ​សួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មិន​អាចទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធអត្ថាធិប្បាយ​លើ​រឿង​នេះ និង​បាន​បង្វែរ​ឲ្យ​រក​ព័ត៌មាន​នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ក្រ​សួង​ពាណិជ្ជកម្ម​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Assures Fuel Supply As Gasoline Prices Jump

ព័ត៌មានថ្មី

អត្ថបទពេញនិយម