ព្រះវិហារ៖ ការប្រយុទ្ធបានរាលដាលដល់ជាងដប់កន្លែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែងជាង ៨០០គីឡូម៉ែត្រ ហើយបានបន្តចូលថ្ងៃទីបីនៅថ្ងៃអង្គារនេះ ដោយទាហានកម្ពុជាច្រើននាក់បានរងរបួស និងយ៉ាងហោចណាស់ម្នាក់បានបាត់បង់ជីវិតនៅខេត្តព្រះវិហារ ខណៈចំនួនជនស៊ីវិលដែលបានស្លាប់កើនដល់ប្រាំពីរនាក់។
ភាគីទាំងសងខាងបានបន្ទោសគ្នាទៅវិញទៅមកចំពោះការប៉ះទង្គិចគ្នាជាថ្មីលើតំបន់ដែលមានជម្លោះ ដែលបានធ្វើឱ្យខូចដល់បទឈប់បាញ់ដ៏ផុយស្រួយដែលសម្រុះសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ចប់ការប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃកាលពីខែកក្កដា។
ប្រទេសថៃបានរាយការណ៍ថា មានទាហានខ្លួនយ៉ាងតិចបីនាក់បានស្លាប់ និង ១៨នាក់រងរបួស។
ក្រសួងការពារជាតិកម្ពុជានៅមិនទាន់បានប្រកាសពីការខូចខាតផ្នែកយោធានៅឡើយទេ ប៉ុន្តែអ្នកសារព័ត៌មានខេមបូចា បានឃើញពិធីបុណ្យសពទាហានម្នាក់នៅក្រុងព្រះវិហារដែលបានស្លាប់ក្នុងការប្រយុទ្ធគ្នាក្បែរប្រាសាទព្រះវិហារដែលមានជម្លោះនោះ។ នេះបើតាមអ្នកដែលបានចូលរួមបុណ្យសពនៅភូមិកំណើតរបស់ទាហានដែលបានពលី បានប្រាប់អ្នកសារព័ត៌មានខេមបូចា។
អ្នកភូមិក៏បានចូលរួមក្នុងបុណ្យសព របស់ជនស៊ីវិលម្នាក់ទៀត ឈ្មោះ ឆេង រ៉ា អាយុ ៦២ឆ្នាំនៅតំបន់មុំបី នៃខេត្តព្រះវិហារ ដែលបានស្លាប់នៅពេលគ្រាប់ផ្លោងបានធ្លាក់ចំផ្ទះរបស់គាត់កាលពីថ្ងៃចន្ទ។ កូនស្រីរបស់គាត់ឈ្មោះ សោម លីដា បានប្រាប់បន្ថែមថា គ្រាប់ផ្លោងនោះបាញ់ចេញមកពីភាគីថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បាននិយាយថា ជនស៊ីវិលខ្មែរចំនួនប្រាំពីរនាក់បានស្លាប់ដោយសារការបាញ់ផ្លោងរបស់ថៃតាមបណ្តោយព្រំដែនចាប់តាំងពីថ្ងៃចន្ទមក ដោយមិនបានបញ្ជាក់ពីតំបន់ណានោះទេ។
ប្រទេសថៃក៏បានចោទប្រកាន់កម្ពុជាពីការប៉ុនប៉ងបាញ់គ្រាប់រ៉ុកកែតទៅលើតំបន់ស៊ីវិលផងដែរ។
នៅព្រះវិហារ ជាកន្លែងដែលការប៉ះទង្គិចគ្នាបានចាប់ផ្តើមកាលពីល្ងាចថ្ងៃអាទិត្យ ហើយបានផ្ទុះឡើងពេញទំហឹងកាលពីថ្ងៃចន្ទតាមបណ្តោយព្រំដែនជាមួយខេត្តស៊ីសាកេត និងខេត្តឧបុនរាជធានីរបស់ថៃ អ្នកសារព័ត៌មានខេមបូចា បានសង្កេតឃើញទាហានកម្ពុជារងរបួសច្រើននាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយដែលស្ថិតនៅឆ្ងាយពីព្រំដែន ដោយអាជ្ញាធរបានបញ្ជាក់ថាចំនួនអ្នករងគ្រោះមានចំនួន ៥៧នាក់។
មន្ទីរពេទ្យបានបន្តទទួលទាហានដែលរងរបួសបន្ថែមទៀត ខណៈការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងនៅឡើយ យ៉ាងហោចណាស់ប្រាំតំបន់តាមបណ្តោយព្រំដែនខេត្តនេះកាលពីថ្ងៃអង្គារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើហ្វេសប៊ុក និង Telegram ប្រធានព្រឹទ្ធសភា និងជាមេដឹកនាំកម្ពុជាដ៏មានឥទ្ធិពលយូរអង្វែងលោក ហ៊ុន សែន បានអះអាងថា កងកម្លាំងរបស់កម្ពុជាបានអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ បើទោះបីជារងការវាយប្រហារយ៉ាងខ្លាំងកាលពីថ្ងៃចន្ទក៏ដោយ ប៉ុន្តែនៅពេលយប់កម្ពុជាបានចាប់ផ្តើមបាញ់តបវិញ។
លោកបានសរសេរថា យុទ្ធសាស្ត្រផ្តោតលើកន្លែងដែលថៃកំពុងវាយ ដែលអាចអនុញ្ញាតឱ្យកម្ពុជា «អនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់»។

កងទ័ពថៃក៏បានអះអាងថា ពួកគេបានកាន់កាប់ផ្នែកខ្លះនៃភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលរដ្ឋាភិបាលកម្ពុជានិយាយថាជាផ្នែកមួយនៃខេត្តបន្ទាយមានជ័យ។ ប្រទេសថៃជំទាស់នឹងការលើកឡើងនេះ ហើយបានហាមឃាត់អ្នកភូមិខ្មែរជាច្រើនមិនឱ្យត្រឡប់ទៅផ្ទះសម្បែង និងកសិដ្ឋានរបស់ពួកគេវិញអស់រយៈពេលជាច្រើនខែមកហើយ។
ដោយសារការគំរាមកំហែងនៃការប៉ះទង្គិចគ្នាកាន់តែខ្លាំង ទីក្រុងប៉ោយប៉ែតនៅតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលល្បីថាមានទីតាំងបោកបញ្ឆោតតាមអ៊ីនធឺណិត ត្រូវបានដាក់ឱ្យស្ថិតក្រោមបទបញ្ជាជម្លៀសពលរដ្ឋចេញនារសៀលថ្ងៃអង្គារ។
ចាប់តាំងពីថ្ងៃចន្ទមក អាជ្ញាធរបានឱ្យដឹងថា ពលរដ្ឋខ្មែររាប់សែននាក់ដែលរស់នៅតាមព្រំដែនរួមគ្នាជាមួយថៃត្រូវបានផ្លាស់ទៅកាន់ទីសុវត្ថិភាព។ ប្រទេសថៃបាននិយាយថា ខ្លួនបានជម្លៀសជនស៊ីវិលចំនួន ៤៣០ ០០០ នាក់នៅទូទាំងខេត្តព្រំដែនចំនួនប្រាំ។
អ្នកស្រី ហ៊ុន ចន្ទធិនីកា អាយុ ៣១ឆ្នាំ បានភៀសខ្លួនចេញពីផ្ទះរបស់គាត់នៅស្រអែម ចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។ អ្នកស្រីត្រូវបានគេជម្លៀសចេញចំនួន៤ដងហើយចាប់តាំងពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងចុងក្រោយដែលមានរយៈពេល៥ថ្ងៃកាលពីខែកក្កដា ។ ពេលនេះគាត់កំពុងស្នាក់នៅផ្ទះបងប្រុសរបស់គាត់នៅក្រុងព្រះវិហារ។
អ្នកស្រីបាននិយាយទាំងឱបកូនស្រីអាយុ ៩ខែរបស់គាត់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់ទៅផ្ទះ ខ្ញុំចង់ឱ្យមានបទឈប់បាញ់។ ខ្ញុំចង់ទៅផ្ទះ ហើយវាពិបាករស់នៅទីនេះហ្នឹង។ ខ្ញុំបានរត់គេចប៉ុន្មានដងហើយ ហើយកូនស្រីរបស់ខ្ញុំតែងតែឈឺពេលមកម្តងៗ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Border Fighting Spreads, Dozens of Troops Wounded and at Least One Killed









