សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិស្សប្រុសកាន់តែច្រើនប្រឈមនឹងការបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ

សិស្សថ្នាក់វិទ្យាល័យដើរចេញពីសាលារបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង
សិស្សថ្នាក់វិទ្យាល័យដើរចេញពីសាលារបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

រចំ សុខា ជា​យុវជន​វ័យ ១៩​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី៨ កាល​ពី​ឆ្នាំ​មុន។ បច្ចុប្បន្ន​ សុខា ជួយ​ធ្វើ​ស្រែ​ចម្ការ​ឪ​ពុកម្ដាយនៅ​ស្រុក​កំណើតដើម្បី​ទ្រទ្រង់​ជីវភាពគ្រួសារ​ ខណៈ​ប្អូន​ៗ​បួន​នាក់​ផ្សេង​ទៀត​កំពុង​នៅ​សិក្សា​នៅ​ឡើយ​។​

សុខា ជាកូន​ទី​ពីរ​ក្នុង​គ្រួសារ​មួយ​របស់​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ និង​កំពុង​រស់​នៅ​ស្រុក​បកែវ ខេត្ត​រតនគិរី។ សុខា ជា​សិស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ប្រុស​ជា​ច្រើន​ទៀត​នៅ​កម្ពុជា ដែល​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ការសិក្សា​ដោយសារ​តែមានការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​។​

សុខា​ និយាយថា៖ «​ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈប់​រៀន​កាលពី​ឆ្នាំទៅ មុន​ពេល​កូវីដ១៩ រាល​ដាល​ខ្លាំង ដោយសារតែ​ពេល​នោះ​ខ្ញុំ​អត់​មាន​ម៉ូតូ​ជិះ​ទៅ​រៀន​…ខ្ញុំ​បាន​ខិត​ខំរៀន​សូត្រ និង​សង្ឃឹម​ថា​នឹង​មាន​អនាគតប្រសើរ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ក្ដី​សង្ឃឹម​នេះ​បាន​រលាយ​បាត់ ព្រោះ​តែ​បញ្ហា​ថវិកា»។​

ក្នុង​របាយការណ៍​សកល​មួយ​ស្ដី​ពី​ការ​មិន​បាន​ចូល​រៀន​របស់​ក្មេង​ប្រុស​បាន​ចុះ​ផ្សាយ​នៅ​ខែ​នេះ អង្គការ​យូណេស្កូ បាន​រក​ឃើញ​ថា​ថ្វី​បើ​សិស្ស​ស្រី​ប្រឈម​នឹង​ការ​លំបាក​ច្រើន​ក្នុង​ការ​ទទួល​បាន​ការ​អប់​រំ និង​មាន​ចំនួន​ច្រើន​សម្រេច​ចិត្ត​បោះ​បង់​ការ​សិក្សា​នៅកម្រិត​បឋមសិក្សា សិស្ស​ប្រុសឯណោះវិញ​ក៏មាន​ការ​ប្រឈម​ច្រើន​ដែរ​នៅ​កម្រិត​អនុវិទ្យាល័យ​។

លោក Danny Padilla ប្រ​ធាន​ផ្នែក​អប់​រំ​របស់​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រាប់​ខេមបូចាថា ចំនួន​ក្មេង​ប្រុស​បោះ​បង់​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​មាន​ច្រើន​ជាង​ក្មេង​ស្រី​នៅ​កម្ពុជា។ ទោះបី​ជា​ចំនួន​សិស្ស​ប្រុស​ច្រើន​បាន​ចុះ​ឈ្មោះ​ចូលរៀន និង​បញ្ចប់​ថ្នាក់​បឋម​សិក្សា តែ​ចំនួន​នេះ​មិន​ដូច​គ្នា​ទេ​នៅ​កម្រិត​អនុវិទ្យាល័យ​។​

លោក​ឱ្យដឹង​ថា៖ «​បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្មេងស្រីជំទង់​ និងក្មេង​ប្រុសជំទង់​​អាយុ​ចន្លោះ​ពី​ ១៤ ទៅ​១៨​ឆ្នាំ​ត្រូវ​គេ​ឃើញ​ថា​បាន​ចូល​រួម​ក្នុង​កម្លាំង​ពលកម្ម​ច្រើន​។ បញ្ហា​ធំ​សម្រាប់​ក្មេង​ប្រុសៗ​ទាំង​នេះ គឺ​កត្តា​សេដ្ឋកិច្ច​គ្រួសារ។ យ៉ាងណា ក៏មានកត្តា​រួម​ផ្សំ​ផ្សេង​ទៀត​ផង​ដែរ…បន្ថែមពីនេះ​ក្មេងប្រុស​ជំទង់​ មាន​ឱកាស​ទទួល​បាន​ប្រាក់​ឈ្នួល​ការងារ​ខ្ពស់​ និង​មាន​ការងារ​ច្រើន​សម្រាប់​ពួកគេ​ដែរ»។​

លោក Danny Padilla មានប្រសាសន៍​ទៀត​ថា នេះក៏​ព្រោះ​តែ​វា​ជា​ការងារ​ធ្ងន់ គ្មាន​ជំនាញ ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ ឬ​ធ្វើ​វេន​យប់ ដែល​វា​ស័ក្ដិ​សម​សម្រាប់​តែក្មេង​ប្រុស ឬ​បុរសពេញ​វ័យ។ លោក​បន្ត​ថា៖ «យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​សមភាព​យេនឌ័រ​នៅ​ក្នុង​កម្មវិធី​សិក្សា និង​គោល​នយោបាយ។ វា​មាន​សារៈ​សំខាន់​ណាស់ ដែល​ត្រូវ​រួម​បញ្ចូល​ក្មេង​ប្រុស​ក្នុង​ផែនការគោល​នយោបាយ»។

លោក​បន្ត​ថា កម្ពុជា​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​គ្រប់​គោលនយោបាយ និង​កម្មវិធី​អប់​រំ​ផ្សេងៗ​មានការ​តាម​ដាន​ដល់​វឌ្ឍនភាព​របស់​ក្មេង​ប្រុស ឲ្យ​បាន​ច្រើនដូច​ក្មេង​ស្រី​ដែរ ហើយ​តម្រូវ​ការ​របស់​ក្មេង​ប្រុស​ក៏​គួរ​ត្រូវ​ពិចារណា​ដែរ​។ បើ​តាម​តួលេខ​របស់​ក្រសួង​អប់​រំ​ក្នុង​ឆ្នាំ​២០២០-២០២១ លោក​ថា អត្រា​សិស្ស​ស្រី​បោះ​បង់​ការ​សិក្សា​​នៅ​ថ្នាក់​អនុវិទ្យាល័យ​មាន​ប្រហែល​១៦,៩ភាគ​រយ ខណៈ​សិស្ស​ប្រុស​វិញ​មាន​ដល់ទៅ​ជា​១៩​ភាគ​រយ​។​

ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​បញ្ហា​នេះ អង្គការ​យូណេស្កូ ក្នុង​កិច្ច​សហការ​ជាមួយ​ក្រ​សួង​អប់​រំ​ យុវជន និង​កីឡា និង​ក្រ​សួងការងារ បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​គម្រោង​មួយ​ឈ្មោះ​ថា កម្មវិធី​សមមូល​អប់​រំកម្រិត​មូល​ដ្ឋាន​ តាម​អនឡាញ ហៅ​ថា​BEEP ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​យុវជន​អាច​សិក្សា​តាម​អនឡាញ ​ទោះ​ពួកគេ​មិន​បាន​ចូល​រៀន​នៅ​សាលា ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​បញ្ចប់​កម្មវិធីសិក្សា​សមមូល​ត្រឹម​ថ្នាក់​ទី​៩​។​

លោក​បានបន្ថែមថា៖ «កម្ម​វិធី​នេះ​គាំទ្រ​ដល់​សិស្ស​បោះបង់​ការសិក្សា ឱ្យ​បាន​បញ្ចប់​កម្រិត​អប់​រំ​មូល​ដ្ឋាន​តាម​រយៈ​ការសិក្សា​អនឡាញ ដែល​ការ​សិក្សា​នេះ​មិន​ប៉ះពាល់​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​អាច​ទទួលបាន​សញ្ញាបត្រ​ និង​អាច​ចុះឈ្មោះ​ចូល​រៀន​វគ្គ​ជំនាញ​បច្ចេក​ទេស​នៅ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​របស់​ក្រ​សួង​ការងារ​បាន​»។

លោក រស់ សុវាចារ អ្នក​នាំពាក្យ​ក្រ​សួង​អប់​រំ ប្រាប់​ខេមបូចា ថាកម្មវិធី​ BEEP បាន​ផ្ដល់​ជា​ផ្លែផ្កា​វិជ្ជមាន​ក្នុង​កិច្ច​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ ដើម្បី​បង្កើន​គុណភាព​អប់​រំ​ដល់​សិស្ស​ជាគោល​ដៅ។​

លោក​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៩ ក្រ​សួង​អប់រំ និង​ក្រ​សួង​ការងារ ក៏​ដូច​ជា​អង្គការ​យូណេស្កូ បាន​សហការ​គ្នា​អនុវត្ត​កម្មវិធី BEEP នៅ​មណ្ឌល​សិក្សា​ចំនួន​១៣ មាន​ប្រាំមួយ​សាលា​នៅ​សៀម​រាប ប្រាំមួយ​សាលា​នៅ​ភ្នំពេញ និង​មួយ​សាលា​នៅ​បាត់​ដំបង​ និង​ថាមណ្ឌល​សិក្សា​ចំនួន​ប្រាំបី​ទៀត បាន​បង្កើត​បន្ថែម​នៅ​ឆ្នាំ​២០២០​។​

លោកបានឲ្យ​ដឹង​ថា៖ «​យើង​សង្ឃឹម​ថា​នឹង​មាន​មណ្ឌល​សិក្សា​រហូត​ដល់​៣៥ នៅ​ត្រឹម​ឆ្នាំ​២០២៣ ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​ចំនួន​១៤​ផ្សេង​ទៀត​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Boys more at risk of dropping out of school at secondary levels

940 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម