សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ពង្រឹងសមភាពយេនឌ័រ ខណៈអំពើហិង្សា និង​បញ្ហា​បំណុល​នៅ​តែកើត​មាន

កិច្ច​ពិភាក្សា​អំពីដំណោះស្រាយ​លើ​បញ្ហា​របស់ស្រ្តី និង​​គោលនយោបាយ​ ក្នុង​ពិធី​សម្ពោធ​​របាយការណ៍​អង្គការ​​អង្គការស៊ី-ដ ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០២៥​។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
កិច្ច​ពិភាក្សា​អំពីដំណោះស្រាយ​លើ​បញ្ហា​របស់ស្រ្តី និង​​គោលនយោបាយ​ ក្នុង​ពិធី​សម្ពោធ​​របាយការណ៍​អង្គការ​​អង្គការស៊ី-ដ ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០២៥​។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល កាលពី​ថ្ងៃទី២១ ខែតុលា បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​លើ​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ ខណៈ​របាយការណ៍​បង្ហាញ​ថា​អំពើ​ហិង្សា​ ការ​រើស​អើង ការ​កើន​ឡើង​នៃ​បំណុល និង​ការ​រិត្បិតសិទ្ធិ​មូល​ដ្ឋាន​​នៅ​តែ​កើត​មាន។​​

​​គណៈកម្មាធិការ​អង្គការ​​ក្នុង​ស្រុក​ធ្វើ​ការ​លើ​អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ហៅ​កាត់​ថា​ NGO-CEDAW ដែលអង្គការ​សង្គម​ស៊ីវិល​រាប់​សិប​ផ្សេង​ទៀត​ចួល​រួម បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា បញ្ហា​វិសមភាព​យេនឌ័រ​នៅ​តែ​បន្ត​កើត​​មាន និង​មិន​ទាន់​បាន​ដោះ​ស្រាយ ក្នុង​នោះ​រួម​ទាំង​ចំនួន​ដ៏​តិច​តួច​របស់​ស្រ្តី​ក្នុង​កិច្ច​ការ​នយោបាយ​ផង​ដែរ។​​

​​នៅ​កម្ពុជា​តំណាង​រាស្រ្ត​ដែល​ជា​ស្រ្តី​មាន​តិច​ជាង​១៣​ភាគរយ ហើយ​នៅ​ព្រឹទ្ធសភា​មាន​ប្រហែល​១៧ភាគរយ ​និង​ស្រ្តី​បម្រើ​ការ​នៅ​ថ្នាក់​ក្រោម​ជាតិ​មាន​​តិច​ជាង​២០​ភាគរយ។​

របាយការណ៍​របស់អង្គការ​ខាង​លើ​លើក​ឡើង​ថា ​ស្រ្តី​បាន​រង​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី​​នៅ​កម្ពុជា ​ក្នុង​នោះ​មាន​ជិត​១ម៉ឺន​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​​ក្នុង​ឆ្នាំ​២០២៤​។​

អង្គការ ស៊ី-ដ លើក​ឡើង​ថា ​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​នៅ​តែ​កើត​មាន​ជាច្រើន​កន្លែង និង​ថា​ការ​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​ស្ដី​ពីអំពើ​ហិង្សាក្នុង​គ្រួសារ​​មាន​ភាព​យឺតយ៉ាវ​។​

​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ បាន​បង្ហាញ​ក្នុង​របាយការណ៍​ខ្លួន​ដែរ​ថា គិត​ពី​ឆ្នាំ២០២០ យ៉ាង​ហោច​ណាស់​មនុស្ស​១៤៦​នាក់​បាន​ស្លាប់​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​រំលោភ​ផ្លូវ​ភេទ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន​៩៦​នាក់ និង​កុមារ​៤៦​នាក់​។​

របាយការណ៍​របស់​អង្គការ​ ស៊ី-ដ លើក​ឡើង​ថា៖ «សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ការ​ជួបជុំ និង​ប្រមូល​ផ្ដុំ​​នៅ​តែ​មាន​ការ​រឹតត្បិត​ ជា​មួយ​គ្នា​នោះ​ស្រ្តី​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាល សកម្មជន និង​អ្នក​សារព័ត៌មាន​ នៅ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ ចាប់​ដាក់​ពន្ធនាគារ និង​ការ​បៀត​បៀន​ដោយ​ផ្អែក​លើ​យេនឌ័រ​»។ របាយការណ៍​បន្ត​ថា ​ការ​ទទួល​បានសេវាសុខភាព​ផ្នែក​សុខភាព​ផ្លូវ​ភេទ និង​បន្តពូជ និង​​ការ​អប់រំ​ក៏​នៅ​មាន​កម្រិត​។​

របាយការណ៍​ ដែល​​​បាន​ពិនិត្យ​លើ​ទំនោរ​កាល​ពី​ឆ្នាំមុន ក៏​បាន​អំពាវ​នាវ​ឲ្យ​មានការ​បន្ថូរបន្ថយ​ទោស​ដល់​​ស្រ្តី​បម្រើ​សេវា​ផ្លូវ​ភេទ និង​អ្នក​ពពោះ​ជំនួស​ ព្រម​ទាំង​ជួយ​គាំទ្រ​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​ស្មើ​ភាព​។​

អគ្គលេខាធិការ​អង្គការស៊ី-ដ អ្នកស្រី​ ជឹម ចាន់នាង មាន​ប្រសាសន៍​ថា៖ «ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​យើង​បាន​ដាក់​ជូន​រដ្ឋាភិបាល​នឹង​បង្ក​ឲ្យ​កម្ពុជា​នៅ​បន្ត​​មិន​អាច​អនុវត្ត​បាន​ពេញ​លេញ​ទៅ​តាម​អនុសញ្ញា​ស៊ី-ដ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​​»។

កម្ពុជា​បាន​ផ្ដល់សច្ចាប័ន​ដល់​អនុញ្ញាស៊ី-ដ កាល​ពី​ឆ្នាំ​១៩៩២ ហើយ​រំពឹង​ថា​កម្ពុជា​អាច​នឹង​អនុវត្ត​បាន ព្រម​ទាំង​ផ្ដល់​របាយការណ៍​ពី​វឌ្ឍនភាព​ទៅ​អង្គការ​សហប្រជា​ជាតិ​​នៅ​​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត​។​

ក្រុម​អង្គកា​រសិទ្ធិមនុស្ស​បាន​លើក​ឡើងថា​ កម្ពុជា​មាន​គោល​នយោបាយ​សមភាព​យេនឌ័រ ប៉ុន្តែ​ថាការ​អនុវត្ត​នៅ​មាន​កម្រិត​ខ្សោយ ដោយសារ​តែ​កង្វះ​ថវិកា និង​ធនធាន​។​

ក្រសួង​កិច្ច​ការ​នារី ស្ថិត​ក្នុង​​ចំណោម​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ដែល​បាន​ទទួល​ថវិកា​តិច​ជាង​គេ​បំផុតពីរ​ឆ្នាំ​ជាប់​គ្នា​ បើ​ធៀប​ទៅ​នឹង​ក្រសួង​ផ្សេង​ៗ​ទៀត​។​

អ្នកស្រី ប៊ុន​ឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ​របស់​ក្រសួង​កិច្ច​ការ​នារី​ មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​នោះទេ​។​

អង្គការ​ស៊ី-ដ ក៏​បាន​អំពាវ​នាវ​ឲ្យ​មានការ​រឹត​បន្ដឹង​លើ​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បី​ទប់​ស្កាត់​​ការ​យក​ដី​របស់​ជនជាតិ​ដើម​ភាគ​តិច​ទៅ​ធ្វើ​ជា​ទ្រព្យបញ្ចាំ ក្នុង​ន័យ​ជួយ​គាំទ្រ​ស្រ្តី​ងាយ​រងគ្រោះ និង​សហគមន៍​របស់​ពួកគាត់​។​

វាគ្មិន​លើក​ពី​រឿង​សមភាពយ៉េនឌ័រ​​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​អង្គការស៊ី-ដ ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០២៥​។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ​)

លោក សុត សាវន តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិចកួយ មក​ពី​ខេត្តព្រះ​វិហារ​លើក​ឡើង​ថា ​ការ​ជាប់​វ័ណ្ឌក​នឹង​បំណុល​បាន​ធ្វើ​ឲ្យ​ស្រ្តី និង​ក្មេ​ង​ស្រី​ងាយ​នឹង​រងគ្រោះ​ទៅ​នឹង​អំពើ​ហិង្សា ការ​បង្ខំ​ឲ្យ​ឈប់​រៀន និង​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ​​។​​

ការ​ជំពាក់​បំណុល​ជាមួយ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​កើន​ឡើងក៏​ដោយ​សារការ​​ដោះ​ទ័ល​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​ពេល​ខ្លះ​ក៏​មាន​ទាក់ទង​នឹង​ការ​ចងការប្រាក់​ដែល​មានអត្រាការប្រាក់ខ្ពស់ ដែល​រឿង​នេះ​នៅ​តែ​បន្ត​កើត​មាន​។ ជាង​ពាក់​កណ្ដាល​នៃ​មនុស្ស​ពេ​ញ​វ័យ​នៅ​កម្ពុជា​មាន​ជាប់​បំណុល ហើយ​ក្នុង​នោះ​ស្រ្តី​មាន​ប្រហែល​ជា​២ភាគ​៣ ក្នុង​ចំណោម​អ្នក​ខ្ចី​​ប្រាក់​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​​សរុប​២លាន​នាក់ ដែល​គិត​ជា​ទឹក​ប្រាក់​បំណុល​មាន​ច្រើនជាង​១៨​ពាន់​លាន​ដុល្លារ​។​

​អ្នកនាំពាក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា អះអាង​ថា ​សមភាព​យេនឌ័រ​នៅ​កម្ពុជា ​​គឺ​កំពុង​ស្ថិត​នៅ​ចំណុច​ខ្ពស់​ក្នុង​ប្រវត្តិសាស្រ្ត​។ លោកបន្ត​ថា៖ «​ជាង​៥០០​ឆ្នាំ​កន្លង​មក​នេះ តើ​មាន​ពេល​ណា​ដែល​ស្រ្តី​កម្ពុជាមាន​សិទ្ធិ​សេរីភាព​ដូច​ជា​ពេលនេះ?» លោក​បន្ថែមថា រដ្ឋាភិបាល​បាន​លើក​កម្ពស់​សមភាព​​យេនឌ័រ​។​

ប៉ុន្តែ​សម្រាប់​សកម្មជន ដូច​ជា អ្នកស្រី សេន ចន្ធួ នាយិកាស្ដី​ទី​អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា លើក​ឡើង​ថា​ ស្រ្តី​ដែល​ត្រូវ​គេ​មាក់ងាយ មាន​ដូច​ជាស្រ្តី​បម្រើ​សេវាផ្លូវភេទ នៅ​បន្ត​ទទួល​ការ​រើស​អើង ការ​ដាក់​ទោស​ទណ្ឌ និង​នៅ​ខ្វះ​ការ​គាំ​ពារ​ខាង​ផ្លូវ​ច្បាប់​​។​

ពេល​សួរ​ពីការ​ផ្ដល់​សច្ចាប័នលើ​ការ​ធ្វើ​កំណែទម្រង់​ការងារ​ផ្អែក​លើ​យេនឌ័រ អ្នកនាំពាក្យ​ក្រសួង​​ការងារ​ លោក ស៊ុន មេសា មាន​ប្រសាសន៍​ថា ​ក្រសួង​គ្រាន់​ជា​សេនាធិការ​មួយ​របស់​​រដ្ឋាភិបាល ហើយ​មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​អាច​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​នេះ។ លោក​បន្ថែម​ថា​ក្រសួង​ «ការពារ និង​អនុវត្ត​តាម​ច្បាប់​ស្ដី​ពី​ការងារ​ទាំង​លើ​និយោជក និង​និយោជិត»៕​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs Urge Stronger Action on Gender Equality Amid Violence and Debt

109 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម