សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកវិភាគ៖ ការបង្កើនទំនាក់ទំនងផ្អែមល្ហែមកម្ពុជា-ជប៉ុន ដើម្បីរក្សាតុល្យភាពឥទ្ធិពលចិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមភាគីនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមភាគីនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

ក្នុងដំណើរទស្សនៈកិច្ចកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានរំលឹកម្តងទៀតពីការគំាទ្ររបស់ជប៉ុនក្នុងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា បន្ទាប់ពីលោកបានលើកឡើងពីបញ្ហានេះម្តងរួចមកហើយជាមួយលោក ហ៊ុន ម៉ាណែត កាលពីខែមុន។

លោក គីស៊ីដា ហ្វូមីអូ បានថ្លែងថា៖ «ជប៉ុ​ន​ច​ង់ឃើ​ញការ​បោះឆ្នោ​ត​​ឆ្លុះ​ប​​ញ្ចាំង​ពីសំ​ឡេងចម្រុះពីប្រជាជនកម្ពុជា តាមរយៈការ​លើកកម្ព​ស់កិច្ច​សន្ទ​នារវា​ងរ​ដ្ឋាភិបាលនិង​សង្គ​មស៊ី​វិល​ រួមទាំងការ​​ពង្រឹង​​អភិបាលកិច្ច តាមរយៈការចូ​ល​​រួ​​មរបស់ប្រជាព​ល​រដ្ឋ និងជំនួ​យបច្ចេកទេសផ្នែកច្បាប់»។

សេចក្តីថ្លែងការណ៍រួមរបស់លោក គីស៊ីដា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរបានបញ្ចប់ ដោយភាគីទាំងពីរបានសន្យាថានឹងជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរ ទាំងកម្រិតទ្វេភាគី និងក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ លោក គីស៊ីដា ក៏បានសង្កត់ធ្ងន់ផងដែរអំពីសក្តានុពលសម្រាប់ភាពជាដៃគូសន្តិសុខកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ ដែលករណីនេះអ្នកវិភាគមើលឃើញថាជប៉ុនចង់ឱ្យមានតុល្យភាពឥទ្ធិពលចិននៅក្នុងតំបន់។

ប្រទេសជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍សង្គម និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនដល់កម្ពុជារួចហើយ ដែលពេលថ្មីៗនេះមានផ្លូវស្ពាន កំពង់ផែសមុទ្រ អគ្គិសនី និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល កម្ពុជា-ជប៉ុន ប្តេជ្ញាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែទឹកជ្រៅដ៏សំខាន់ចម្បងមួយនៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីកំពង់ផែទឹកជ្រៅនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងខេត្តព្រះសីហនុគឺភាគច្រើនស្ថិតក្រោមគម្រោងវិនិយោគចិន។

ក្រោយពីកិច្ចប្រជុំ លោក ហ៊ុន សែន មាន​ប្រសាសន៍​ដោយក្តី​រីករាយក្នុង​សន្និសីទ​សារព័ត៌មាន​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់លោកគីស៊ីដានៅកម្ពុជានាពេលនេះ។

លោក បានថ្លែងថា៖ «យើងទាំងពីរនាក់បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អំពីការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ព្រមទំាងបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ»។ លោកបានបន្ថែមថា៖ «យើងមានក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទំាងពីរ និងទទួលស្គាល់ថាទំនាក់ទំនងនេះស្ថិតក្នុងកម្រិតល្អបំផុតដែលពុំធ្លាប់មានកន្លងមក។ […]ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងខ្ញុំ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្រោមភាពជាដៃគូរយុទ្ធសាស្រ្តនៃប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មី»។

យោងតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងអំឡុងវិបត្តិ ជំងឺកូវីដ១៩ នៅរក្សាស្ថិរភាពដដែលពោលគឺជាង២ពាន់លានដុល្លា។

អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ផ្អែកលើការយល់ឃើញពីផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

លោក បានថ្លែងថា៖ «ប្រសិនបើយើងមើលទៅលើសកម្មភាពសេដ្ឋកិច្ចក្នុងបណ្តាប្រទេសអាស៊ាន ភាគច្រើនត្រូវបានគ្របដណ្តប់ដោយការវិនិយោគរបស់ជប៉ុន លើកលែងតែប្រទេសកម្ពុជាដែលគ្រប់គ្រងដោយចិន។ នេះបង្ហាញពីគម្លាតកាន់តែធំរវាងជប៉ុន និងចិន។ សម្រាប់រឿង​សេដ្ឋកិច្ច ជប៉ុន​កំពុង​ព្យាយាម​រក្សា​តុល្យភាព​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​»​។

លោក នី បានបន្តថាសម្រាប់កម្រិតនយោបាយ ជប៉ុនកំពុងប្រកាន់យកជំហកណ្តាលជាជាងការដាក់សម្ពាធ។

លោក​បានបន្ថែម​ថា​៖ «​ចាប់​តាំង​ពី​កម្ពុជា​ធ្លាក់ចូល​ក្នុង​វិបត្តិ​នយោបាយ ជប៉ុន​មិន​បាន​ចូល​រួម​ក្នុង​ការ​ដាក់​សម្ពាធ​លើ​កម្ពុជា​ទេ។ យ៉ាង​ណា​ក៏​ដោយ ជប៉ុន​នៅ​តែ​ក្រើន​រំឭក​ដល់​កម្ពុជា​ឱ្យ​ដើរ​ទៅ​រក​ទិស​ដៅ​ត្រឹម​ត្រូវ​សម្រាប់បញ្ហា​សិទ្ធិ​មនុស្ស និងការគោរពលទ្ធិប្រជាធិបតេយ្យ»។

ជប៉ុន និងកម្ពុជាក៏បានសន្យាធ្វើការជាមួយគ្នាលើបញ្ហាក្នុងតំបន់ រាប់ចាប់ពីវិបត្តិមីយ៉ាន់ម៉ា និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រហូតដល់ភាពតានតឹងនៅឧបទ្វីបកូរ៉េ និងនៅសមុទ្រចិនខាងត្បូង។ ខណៈដែលធ្វើជាប្រធានប្តូវេនអាស៊ាន កម្ពុជាមានភារកិច្ចត្រួតពិនិត្យការឆ្លើយតបរបស់តំបន់នេះចំពោះការវិវត្តន៍នានាទាំងក្នុងតំបន់ និងពិភពលោក។

កម្ពុជានាពេលថ្មីៗក៏បានគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាតិដែលប្រឆាំងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ងាកមករកប្រទេសជិតខាងវិញ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលជាប្រសិតពិសេសរបស់អាស៊ានសម្រាប់បញ្ហាមីយ៉ាន់ម៉ា ក៏កំពុងដឹកនាំគណៈប្រតិភូ បំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

សេចក្តីថ្លែងការណ៍រួមសម្រាប់ដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា មកកាន់កម្ពុជា ដដែលនេះ  ភាគីទាំងពីរ ក៏យល់ស្របគ្នាពីសារៈសំខាន់នៃការរក្សាឱ្យបាននូវសន្តិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាការអត់ធ្មត់ និងតំបន់ដែលគ្មានយោធា ស្របទៅតាមច្បាប់អន្តរជាតិ។

ប្រទេសទាំងពីរ ថែមទាំងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជំរុញឱ្យប្រទេសជម្លោះទាំងអស់ចៀសវាងការប្រើប្រាស់សកម្មណាមួយជាឯកតោភាគី ដែលវាអាចបង្កើនភាពតានតឹង ឬធ្វើឱ្យស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែស្មុគ្រស្មាញថែមទៀត។

ប៉ុន្តែទោះបីជាជប៉ុនព្យាយាមធ្វើឱ្យមានតុល្យភាពឥទ្ធិពលចិន យ៉ាងណាក្តីកម្ពុជាជាអ្នករក្សាតុល្យភាពនោះដោយខ្លួនឯង។

កាលពីថ្ងៃទី១៨ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងសកលលោកផងដែរ។

ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាចូលជាធរមាន លោក ស៊ី បានសន្យាថានឹងបង្កើនការនាំចូលអង្ករពីកម្ពុជា ក៏ដូចជាផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានការពារពីការពឹងផ្អែករបស់កម្ពុជាលើចិនដោយចោទជាសំណួរជាសាធារណៈថា៖«បើមិនឱ្យពឹងចិន តើកម្ពុជាគួរពឹងអ្នកណា?»។

ការ​រត់ទៅកាន់គន្លងទំនាក់ទំនងដ៏ស្អិតរមួយជាមួយ​​ចិន​  បាន​គំរាម​កំហែង​ដល់​ទំនាក់​ទំនង​របស់កម្ពុជា។ កន្លង​មក ដៃគូ​អាស៊ាន​បាន​ចោទសួរ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​តំណាង​ផលប្រយោជន៍​របស់​តំបន់ មិនមែន​របស់​ចិន ​ក្នុង​ករណីជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​។ សហរដ្ឋអាមេរិក​ក៏​តែងតែ​ចោទប្រកាន់​​កម្ពុជា​ថា​បាន​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ ដោយ​អនុញ្ញាត​ឱ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព​នៅក្នុង​មូលដ្ឋាន​ទ័ពជើងទឹក​រាម ដែលជា​ការអះអាង​នេះត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​។

លោក អៀ សុផល អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាសាស្រ្តាចារ្យរងនៅសាកលវិទ្យាល័យ Arizona State ជឿថារដ្ឋាភិបាលកម្ពុជាសប្បាយចិត្តដែលលោក គីស៊ីដា បានស្វាគមន៍ដំណើរទស្សនៈកិច្ចលោក ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាតែងតាំងជានាយករដ្ឋមន្រ្តីបន្តវេនពី លោកហ៊ុន សែន។

លោក សុផល បានថ្លែងថា៖«វាហាក់បីដូចជា នេះជាវីធីដែលជប៉ុនបង្កើតចេតនាល្អ ហើយរឿងនេះវាបានចេញផ្លែផ្កានៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញដោយកម្ពុជា និងជប៉ុន ក្រោយពីមេដឹកនាំទាំងពីរបានជជែកគ្នា»។

លោក បានបន្តថាដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលនេះបង្ហាញថាកម្ពុជាមិនមែនមិនចេះថ្លឹងថ្លែងពីគោលនយោបាយការបរទេសជាមួយជប៉ុន និងចិន នោះទេ។

លោក សុផល បានប្រាប់ថាកម្ពុជាអាចជួយរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល ដោយធ្វើការតស៊ូមតិឱ្យមានសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗជាដើម។ លោកថា  ក្នុងពេលជាមួយគ្នានេះកម្ពុជាក៏មិនត្រូវបំផ្លាញលទ្ធិប្រជាធិបតេយ្យបង្រួញលំហសេរីភាព និងរំលោភសិទ្ធិមនុស្សរបស់ពលរដ្ឋខ្លួនឯងដែរ។

លោក បានថ្លែងថា៖ «ខ្លួនឯងមិនមានប្រជាធិបតេយ្យផង ហើយប្រាប់មេយោធាភូមាឱ្យគោរពលទ្ធិប្រជាធិបតេយ្យ វាមិនអាចទៅរួចទេ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ការគាំទ្រតែជំហចិន ក៏មិនមែនជាអ្នកសម្របសម្រួលដែលស្មោះត្រង់ដែរ»។

ទោះជាយ៉ាងណាក្តី លោក សុផល បាននិយាយថាការលើកឡើងពីការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយគណៈប្រតិភូជប៉ុន ជារឿងមន្ទិលមួយ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia and Japan sweetening relations to balance China’s influence, analysts say

524 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម