UPDATES:
ម៉ោង ៥:០៦ រសៀល៖ យោងតាមក្រសួងការពារជាតិ គិតត្រឹមម៉ោង៤រសៀលថ្ងៃនេះ គ្មានការបាញ់ប្រហារឬផ្លោងគ្រាប់នោះទេនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីអនុវត្តបទឈប់បាញ់នៅម៉ោង១២ថ្ងៃត្រង់។
ម៉ោង ៣:៥៧ រសៀល៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវឌ្ឍថ្មីៗលើស្ថានភាពបច្ចុប្បន្នជាមួយប្រទេសថៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន។
កិច្ចប្រជុំនេះមានគោលបំណងសម្រួលដល់ការផ្លាស់ប្តូរដោយស្មោះត្រង់ និងស្ថាបនាលើស្ថានភាពបច្ចុប្បន្ននៃខេត្តទាំងពីរ ដោយមានទស្សនៈជំរុញទំនុកចិត្តគ្នាទៅវិញទៅមក លើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹង និងស្តារសន្តិភាព និងសន្តិសុខឡើងវិញ។ លើសពីនេះ លោក ប្រាក់ សុខុន នឹងធ្វើការពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។
កម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់ជាបន្ទាន់» ដែលចូលជាធរមាននៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ បន្ទាប់ពីការពិភាក្សានៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា នៅក្នុងសន្និសីទសារព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានថ្លែងថា ចំណុចសំខាន់ដំបូង គឺភាគីទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់មួយដែលនឹងចូលជាធរមានចាប់ពីថ្ងៃនេះនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះតទៅ។
កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) លើកទី៣ ប្រព្រឹត្តទៅនៅច្រកទ្ធារអន្តរជាតិព្រំ នៅព្រំប្រទល់រវាងខេត្តប៉ៃលិននៃប្រទេសកម្ពុជា និងខេត្តច័ន្ទបុរីនៃប្រទេសថៃ។
លោក សីហា បានបន្តថា បន្ទាប់ពីបទឈប់បាញ់នេះ ភាគីទាំងពីរត្រូវអនុវត្តឲ្យបានពេញលេញក្នុងរយៈពេល ៧២ម៉ោង ហើយក្នុងនោះ ភាគីកម្ពុជាស្នើឱ្យភាគីថៃដោះលែងយោធិនកម្ពុជា១៨រូប ដែលពួកគេបានជាប់នៅប្រទេសថៃអស់រយៈពេល១៥១ថ្ងៃមកហើយ។
លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាបទឈប់បាញ់នេះ យើងនឹងមានការអត់ធ្មត់រហូតដល់ ៧២ម៉ោង ដើម្បីធានាបាននូវបទឈប់បាញ់នេះ»។ លោក សីហា បានបន្ថែមថា ដើម្បីឱ្យទាហានកម្ពុជា១៨រូបបានត្រឡប់មកប្រទេសកម្ពុជាវិញជួបនឹងបងប្អូនក្រុមគ្រួសាររបស់គាត់វិញនៅពេលខាងមុខនេះ។
ក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំពិសេសនេះ គឺមាន១៥ចំណុចសំខាន់ៗ រួមមាន ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវ ធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។
ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
ភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល។ ការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹង ហើយបង្កឱ្យមានផលអវិជ្ជមាន ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។
នៅឯជំរំជនភៀសសឹក អ្នកស្រី រៀប លូត អាយុ ៣១ឆ្នាំ ដែលបានរត់គេចខ្លួនជាមួយមនុស្សប្រាំនាក់មកពីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បាននិយាយថា អ្នកស្រីមានការរំភើបយ៉ាងខ្លាំងនៅពេលដែលអ្នកស្រីបានឮអំពីបទឈប់បាញ់ដែលចាប់ផ្តើមនៅថ្ងៃនេះ។
អ្នកស្រី លូត ដែលបានចាកចេញពីស្រុកកំណើតរបស់អ្នកស្រីកាលពីថ្ងៃទី៨ ខែធ្នូ បានបន្តថា អ្នកស្រីសង្ឃឹមថាបទឈប់បាញ់នេះនឹងមានប្រសិទ្ធភាព ដើម្បីឲ្យប្រជាជននៅក្នុងជំរំអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញ និងរស់នៅដោយសន្តិភាពបន្ទាប់ពីបានតស៊ូយ៉ាងលំបាក។ «សន្តិភាព និងស្ថិរភាពមានតម្លៃជាងអ្វីទាំងអស់ឥឡូវនេះ»។
អ្នកស្រី លូត បានបន្ថែមថា៖ «ពេលដែលខ្ញុំឮថានឹងមានបទឈប់បាញ់ ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះយើងអាចត្រឡប់ទៅផ្ទះវិញឆាប់ៗ។ ខ្ញុំបានឮសំឡេងគ្រាប់បែកនៅជិតជំរំរបស់យើងនៅព្រឹកមិញនេះ ប៉ុន្តែខ្ញុំសង្ឃឹមថាយើងអាចត្រឡប់ទៅវិញឆាប់ៗ ហើយមិនរត់គេចទៀតទេ»។
ជនភៀសសឹកម្នាក់ទៀតឈ្មោះ សឿក សារឿម ដែលបានភៀសខ្លួនចេញពីខេត្តបន្ទាយមានជ័យជាមួយសមាជិកគ្រួសាររបស់គាត់ បាននិយាយថា ប្រធានមណ្ឌលស្នាក់នៅបានប្រកាសថា កម្ពុជា និងថៃបានយល់ព្រមលើបទឈប់បាញ់ ដែលបានចាប់ផ្តើមនៅរសៀលនេះ។
អ្នកស្រីមានការរំភើប ប៉ុន្តែអាជ្ញាធរបានប្រាប់ប្រជាជននៅទីលានបោះជំរំថា ពួកគេនឹងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅវិញបានលុះត្រាតែវាមានសុវត្ថិភាពទាំងស្រុង។ ពួកគេត្រូវបានស្នើកុំទាន់ឱ្យត្រឡប់ទៅវិញ ហើយរង់ចាំព័ត៌មានថ្មីៗបន្ថែមពីអាជ្ញាធរ។
អ្នកស្រី សារឿម បានឱ្យដឹងថា៖ «មុនពេលប្រកាសបទឈប់បាញ់ ខ្ញុំនៅតែឮសំឡេងគ្រាប់បែកផ្ទុះនៅជិតទីលានបោះជំរុំរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំសង្ឃឹមថាបទឈប់បាញ់នេះមានប្រសិទ្ធភាព ព្រោះខ្ញុំមិនចង់ឮសំឡេងផ្ទុះទៀតទេ។ ខ្ញុំចង់បានសន្តិភាព ហើយយើងចង់ត្រឡប់ទៅផ្ទះវិញ»៕









