សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាបបួលថៃក្នុងពេលប្រជុំឱ្យយកតំបន់ជម្លោះចំនូន៤ទៅដោះស្រាយ​នៅតុលាការយុត្តិធម៌អន្តរជាតិ

រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងទីប្រឹក្សាក្រសួងការបរទេសថៃលោក ប្រាសាស​ ប្រាសាសវិនិច្ឆ័យ ចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ  នាថ្ងៃអាទិត្យ បន្ទាប់ពីការប្រជុំចំនួនពីរថ្ងៃនារាជធានីភ្នំពេញ ។ (រូបថត/ AKP)
រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងទីប្រឹក្សាក្រសួងការបរទេសថៃលោក ប្រាសាស​ ប្រាសាសវិនិច្ឆ័យ ចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ  នាថ្ងៃអាទិត្យ បន្ទាប់ពីការប្រជុំចំនួនពីរថ្ងៃនារាជធានីភ្នំពេញ ។ (រូបថត/ AKP)

កម្ពុជា​បានស្នើទៅភាគីថៃអំឡុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ឱ្យយកករណីព្រំដែនដែលមានជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ​ ស្របពេលជាមួយគ្នានេះកម្ពុជាក៏បានបដិសេធការប្រើប្រាស់ផែនទីដែលគូដោយឯកតោរបស់ថៃ ​ដោយកម្ពុជាចោទថា​«ជាប្រភពដ៏ចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ»។ ភាគីទាំងពីរយល់ព្រមជួបប្រជុំជាមួយគ្នាម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២៥។​

កិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលបានចាប់ផ្តើម​កាលពីថ្ងៃសៅរ៍ និងបញ្ចប់ទៅវិញនាថ្ងៃអាទិត្យនេះ មានគោលបំណងបន្តពិភាក្សា និងជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោលរវាងប្រទេសទាំងពីរ។​ កិច្ចប្រជុំនេះហើយបានធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវដោយអាវុធរវាងភាគីទាំងពីរកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ នៅតំបន់មានជម្លោះមួយកន្លែងដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់បាត់ជីវិត។​

ទោះបីជារដ្ឋាភិបាលទាំងពីរបានអំពាវនាវជាសាធារណៈឱ្យមានការដោះស្រាយតាមវិធីការទូតក៏ដោយ ក៏ប្រទេសថៃបានកាត់បន្ថយពេលវេលាបើកបិទច្រកព្រំដែនជាច្រើនកាលពីល្ងាចថ្ងៃសៅរ៍ ដោយធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែតានតឹង។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ រដ្ឋមន្រ្តីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក​ ឡាំ ជា បានឱ្យដឹងថា ការពិភាក្សាបានប្រព្រឹត្តទៅក្នុង«បរិយាកាសមិត្តភាព និងយោគយល់គ្នា» និង«ពិភាក្សាគ្នាដោយបើកចំហទៅវិញទៅមកនិងប្រកបដោយភាពវិជ្ជមាន»។​

លោក បានបន្តថា៖ «ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលំអៀង និងជាដំណោះស្រាយស្ថាពរសម្រាប់ប្រទេសទាំងពីរ ភាគីកម្ពុជាបានស្នើភាគីថៃ ក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច  និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)»។

លោក ឡាំ ជា ក៏បានឱ្យដឹងដែរថា កម្ពុជានឹងចាប់ផ្តើមដំណើរការនីតិវិធីច្បាប់ដោយឯករាជ្យម្ចាស់ការ បើទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ក៏ដោយ​។

បន្ថែមលើនេះកម្ពុជាក៏បានបញ្ជាក់សារជាថ្មីម្តងទៀតបដិសេធទទួលស្គាល់ផែនទីដែលភាគីថៃបានគូសដោយឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាងដែលជាប្រភពចម្បង«នាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត»។

ទោះជាយ៉ាងណាក៏ដោយក៏កម្ពុជានៅតែបញ្ជាក់ជំហថា ក្រៅតែតំបន់ទាំងបួនដែលស្ថិតនៅក្នុងបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ កម្ពុជានៅតែប្រកាន់ជំហ និងសុច្ឆន្ទៈក្នុងការសហការ​ជាមួយភាគីថៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ  ក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែន។​

ភាគីទាំងពីរក៏បានឯកភាពគ្នាលើរបៀបវារៈចំនួន៤ដែលក្នុងនោះរួមមាន ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤របស់អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន នាខែកក្កដា ឆ្នាំ២០២៤ ពិនិត្យ និងពិភាក្សាលើការកែសម្រួលToR ឆ្នាំ២០២៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ អនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន និងពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនូវចំណុច៦ពីកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC)កាលពីឆ្នាំ២០០៩។

ស្របពេលកិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅ កម្ពុជាបានដាក់សំណើជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ ទាក់ទងនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ព្រមទាំងតំបន់មុំប៉ីផងដែរ។ 

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា កងទ័ព​ថៃ​បាន​ចោទ​ទាហាន​កម្ពុជា​ថា​បាន​«ដាក់​ពង្រាយ​អាវុធ»​នៅ​ជិត​ព្រំដែន ដោយ​ហៅ​វា​ថា​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ដែល​នាំ​ឱ្យ​កងកម្លាំង​ថៃ​កែសម្រួល​ទីតាំង​របស់​ខ្លួន។

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ មិនទាន់បានឆ្លើយតបសំណួររបស់អ្នក សារព័ត៌មានខេមបូចា នៅឡើយរហូតដល់ម៉ោងផ្សាយនេះ។


លោក មាស នី អ្នកវិភាគនយោបាយ បានប្រាប់ សារព័ត៌មានខេមបូចា ថា កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC)មានគោលបំណងចម្បង ដើម្បីបម្រើដល់ការរក្សាទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ បន្ធូរបន្ថយភាពតានតឹង និងការពារជម្លោះដែលអាចកើតមាន។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ប្រទេសថៃនៅតែ «មានមហិច្ឆតា» ក្នុងការកាន់កាប់ដីមានជម្លោះ និងបន្តឱ្យទាហានតាមព្រំដែនរបស់ខ្លួនបង្កហេតុ  ជាសកម្មភាពដែលលោកហៅថាជាសញ្ញាច្បាស់ណាស់ដែលថាប្រទេសថៃខ្វះចេតនាពិតប្រាកដក្នុងការដោះស្រាយបញ្ហា។

លោក​បាន​ថ្លែង​ថា​៖ «​ភាគី​ថៃ​ហាក់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ពេល​ណា​មួយ​​ឆាប់​ៗ​នោះ​ទេ​គឺ​ពួកគេចង់បន្ត​ឱ្យ​វា​អូសបន្លាយ​។ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ដី​ត្រូវ​ពន្លឿន​កិច្ច​ប្រឹង​ប្រែង​ដើម្បី​យក​សំណុំ​រឿង​នេះ​ទៅ​តុលាការ​យុត្តិធម៌​​ឱ្យជួយធ្វើការ​ការ​សម្រេច​ហើយ​បន្ត​សហការ​ជាមួយ​ថៃ​ដើម្បី​បោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់»។

ជាមួយគ្នានេះ លោក ឈិន រតនៈ អ្នកនាំពាក្យខេត្តកោះកុង បានប្រាប់​ សារព័ត៌មានខេមបូចា ថា ច្រកទ្វារអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង បានចាប់ផ្តើមរឹតបន្តឹងការចូលរថយន្តដឹកបន្លែ និងផ្លែឈើពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា នៅម៉ោង ១១ ព្រឹកថ្ងៃសៅរ៍នេះ។

លោក​បាន​ឱ្យដឹងបន្ថែមថា ការ​រឹត​បន្តឹង​ដែល​ចេញ​ដោយ​អភិបាល​ខេត្ត​នេះ អនុវត្ត​ចំពោះ​តែ​ការ​ដឹក​ជញ្ជូន​ទំនិញ​ប៉ុណ្ណោះ ដោយឡែកប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លង​ដែន​ដូច​ធម្មតា។

ទោះយ៉ាងណាក៏ដោយលោកបានថ្លែងថា លោកមិនអាចបញ្ជាក់បានទេថានៅពេលណាដែលច្រកទ្វារនេះនឹងបើកឡើងវិញទាំងស្រុងសម្រាប់ការធ្វើពាណិជ្ជកម្មប៉ុន្តែស្ថានភាពគឺ «ធម្មតា» ។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សកម្មភាពរបស់កម្ពុជាជាការឆ្លើយតបទៅនឹងការសម្រេចចិត្តជាឯកតោភាគីរបស់យោធាថៃ ក្នុងការកាត់បន្ថយពេលវេលាប្រតិបត្តិការបិទបើកច្រកទ្វារព្រំដែន នៅក្នុង«ការប៉ុនប៉ងដែលត្រូវបានមើលឃើញយ៉ាងច្បាស់ថាដើម្បីដាក់សម្ពាធលើកម្ពុជា»។

លោកបានពន្យល់ថា ជាជំហានដំបូង កម្ពុជាបានកែសម្រួលម៉ោងបើកទ្វារព្រំដែន ពីម៉ោង៩ ព្រឹក ដោយអាជ្ញាធរកម្ពុជាកំណត់ច្រកទ្វារព្រំដែនសំខាន់ៗ ដែលថៃនាំចេញទំនិញឆ្លងកាត់ក្នុងកម្រិតច្រើន។ លោក​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​បិទ​ច្រក​ទ្វារ​ទាំង​នោះ​ជា​វិធានការ​ឆ្លើយតប​ដែល​ធ្វើ​ឱ្យ​ទំនិញ​ថៃ​ជាប់​គាំង​នៅ​តាម​ព្រំដែន​យ៉ាង​មាន​ប្រសិទ្ធភាព។

លោកបានបន្ថែមថា៖ «ច្រកដែលយើងកំណត់ថាជាខ្សែជីវិតរបស់ប្រទេសថៃ យើងនឹងបិទ»។ លោកបានបន្តទៀតថា វិធានការបន្ថែមទៀតនឹងពឹងផ្អែកលើការវាយតម្លៃដែលធ្វើឡើងដោយអភិបាលខេត្តរបស់កម្ពុជានៅតាមព្រំដែនដើម្បីកំណត់ចំណុចពាណិជ្ជកម្មដែចម្បងបំផុតសម្រាប់ការនាំចេញទំនិញថៃមកកម្ពុជា។

កាល​ពី​ថ្ងៃ​សុក្រ នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រកាស​បិទទាំងស្រុង​ច្រក​ទ្វារ​អន្តរជាតិ​ដូង ​​ក្នុង​ខេត្ត​បាត់ដំបង ក្រោមហេតុផល​រក្សា​សន្តិសុខ និង​សុវត្ថិភាព​របស់​ពលរដ្ឋ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Asks Thailand During JBC Meeting to Settle Four Disputed Areas at ICJ 

ព័ត៌មានថ្មី

អត្ថបទពេញនិយម