សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាប្រើប្រាស់«គ្រប់មធ្យោបាយ​» ផ្លូវច្បាប់ ខណៈកងកម្លាំងថៃកាន់កាប់តំបន់មានជម្លោះ

អ្នកសារព័ត៌មានម្នាក់ថតរូបកុងតឺន័រ និងបន្លាលួសដែលដាក់ដោយកងកម្លាំងថៃនៅភូមិមួយតាមបណ្ដោយព្រំដែនដែលកម្ពុជាថាជាតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/យ៉ន សូវៀត)
អ្នកសារព័ត៌មានម្នាក់ថតរូបកុងតឺន័រ និងបន្លាលួសដែលដាក់ដោយកងកម្លាំងថៃនៅភូមិមួយតាមបណ្ដោយព្រំដែនដែលកម្ពុជាថាជាតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/យ៉ន សូវៀត)

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កម្ពុជានឹងប្រើប្រាស់«គ្រប់មធ្យោបាយ» ដែលរួមមានទាំងផ្លូវច្បាប់ និងការទូត ដើម្បីការពារទឹកដីរបស់ខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាចំពោះអ្វីដែលខ្លួនហៅថាជា«ការកាន់កាប់ដោយខុសច្បាប់»លើតំបន់ប្រមាណ ១៤កន្លែងតាមបណ្តោយព្រំដែនរបស់កម្ពុជាដោយកងកម្លាំងថៃ។

ក្រសួងការបរទេសបានឱ្យដឹង​កាលពី​ដើមខែមករា​ថា ចាប់តាំងពីមាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ដែល​ធ្វើឡើង​ក្រោយ​មាន​ការប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែន​កាលពី​ខែ​មុន កងទ័ព​ថៃ​បាន​សាងសង់​របាំង​បន្ថែម​នៅ​តំបន់​មាន​ជម្លោះ ដែល​ជាហេតុ​រារាំង​ប្រជាជន​ខ្មែរ​រាប់សិបពាន់​នាក់​ដែល​ភៀសសឹក មិន​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយប្តឹងចោទប្រកាន់កងកម្លាំងថៃថា បានកម្ទេចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជនស៊ីវិល នៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។

ទោះបីជាកម្ពុជាធ្លាប់បានឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងជម្លោះប្រាសាទព្រះវិហារតាមបណ្តោយព្រំដែនជាមួយថៃក៏ដោយ ដំណើរការផ្លូវច្បាប់ទាំងនោះអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំ និងអាចបង្កើនភាពតានតឹងថែមទៀត។

លើសពីនេះ ការបាត់បង់ទឹកដីណាមួយដែលបណ្តាលមកពីការប្រយុទ្ធគ្នានៅតាមព្រំដែនកាលពីឆ្នាំមុន ដែលបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងជាងកន្លះលាននាក់ត្រូវភៀសសឹក ព្រមទាំងសម្ពាធក្នុងស្រុកផ្សេងៗទៀត សុទ្ធតែជាបញ្ហាដែលអ្នកសង្កេតការណ៍មើលឃើញថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចមិនអាចមើលរំលងបានឡើយ​។

ទោះបីជាមិនទាន់មានពេលកំណត់ច្បាស់លាស់សម្រាប់នីតិវិធីផ្លូវច្បាប់ក៏ដោយ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ខ្លួនកំពុងរៀបចំផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែង ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារភាពតានតឹងនៅតាមព្រំដែន រួមទាំងការផ្តល់ទីជម្រកបណ្តោះអាសន្នផងដែរ។

គ្រួសារដែលភៀសសឹកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកងកម្លាំងថៃបានដាក់កុងតឺន័រ និងបន្លាលួស រារាំងមិនឱ្យចូលលំនៅដ្ឋានរបស់ពួកគេបានវិញ ទទួលអាហារនៅទីជម្រកបណ្តោះអាសន្នមួយនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/យ៉ន សូវៀត)

អ្នកសិក្សាស្រាវជ្រាវ​នានាព្រមាន​ថាកម្ពុជាអាចមានជម្រើសតិចតួចប៉ុណ្ណោះ។

លោក គិន ភា នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​ថា៖ «តុលាការ​អន្តរជាតិ និង​យន្តការ​នានា​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់ ហើយ​យើង​មិន​ឃើញ​មាន​ជម្រើស​ណា​ប្រសើរ​ជាង​នេះ​ទេ» នៅ​ពេល​សួរ​អំពី​ជម្រើស​របស់​ប្រទេសកម្ពុជា។ «យន្តការ​ទ្វេភាគី​អាច​ដំណើរការ​បាន លុះត្រា​តែ​ថៃ​មាន​ភាព​ស្មោះត្រង់ និង​ប្តេជ្ញា​ចិត្ត​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះ​ជាមួយ​គ្នា»។

គណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសជិតខាងទាំងពីរ ជាយន្តការទ្វេភាគីដែលប្រើប្រាស់សម្រាប់កំណត់ព្រំដែន ប៉ុន្តែការប្រជុំនានាតែងតែមានភាពតានតឹង ទោះបីជាគណៈកម្មាធិការព្រំដែនមួយផ្សេងទៀតបានជួយសម្រេចបាននូវបទឈប់បាញ់ និងនាំកងទ័ពកម្ពុជាដែលត្រូវបានចាប់ខ្លួនត្រឡប់មកវិញកាលពីខែមុនក៏ដោយ។

បទឈប់បាញ់ដែលសម្រុះសម្រួលដោយសហរដ្ឋអាមេរិកកាលពីមុន បានបរាជ័យ មុនពេលផ្ទុះការប្រយុទ្ធគ្នាឡើងវិញនៅខែធ្នូ។

លោក ភា បានលើកឡើងពីជម្លោះប្រាសាទព្រះវិហារជាឧទាហរណ៍មួយដែលគួរឱ្យប្រុងប្រយ័ត្ន។ កម្ពុជាបានដាក់សំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាលើកដំបូងក្នុងឆ្នាំ១៩៥៩ ហើយបានឈ្នះអធិបតេយ្យភាពលើប្រាសាទនេះក្នុងឆ្នាំ១៩៦២។

ប្រទេសថៃមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិទេ។

ប្រាសាទព្រះវិហារ ដែលពីមុនត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ កាត់ក្តីថាជារបស់កម្ពុជា ត្រូវបានគេរាយការណ៍ថាបានរងការខូចខាតអំឡុងពេលមានការប៉ះទង្គិចព្រំដែនកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ រូបថតដែលបានបង្ហោះនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។​

ប៉ុន្មានទសវត្សរ៍ក្រោយមក ភាពតានតឹងបានផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ២០០៨។ កម្ពុជាបានវិលត្រឡប់ទៅតុលាការយុត្តិធម៌អន្តរជាតិ វិញនៅឆ្នាំ២០១១ ហើយរហូតដល់ឆ្នាំ២០១៣ ទើបតុលាការនេះបានបញ្ជាក់ជាថ្មីទទួលស្គាល់ការគ្រប់គ្រងរបស់កម្ពុជា និងបញ្ជាឱ្យកងទ័ពថៃដកថយ។​

ទោះបីជាកងទ័ពថៃមានកម្លាំងខ្លាំងជាងកម្ពុជាគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ហាក់ដូចជាមិនបានគ្រប់គ្រងប្រាសាទព្រះវិហារនោះទេ បើទោះបីជាបានកាន់កាប់ទីតាំងប្រវត្តិសាស្ត្រមានជម្លោះផ្សេងទៀត និងតំបន់ដែលមានការប្រទាំងប្រទើសជាច្រើនកាលពីខែធ្នូក៏ដោយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានលើកឡើងថា ប្រាសាទព្រះវិហារត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលមានការប្រយុទ្ធគ្នានេះ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនបានឆ្លើយសំណួរថាតើកម្ពុជាមានគម្រោងដាក់ពាក្យបណ្តឹងថ្មីទៅតុលាការយុត្តិធម៌អន្តរជាតិដែរឬទេ។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈ WhatsApp ទេ។

លោក ដេត សុខឧត្តម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Paragon International University រាជធានីភ្នំពេញ បានមានប្រសាសន៍ថា លោកមិនមានសុទិដ្ឋិនិយមថាថៃនឹងយល់ព្រមទទួលយកការកំណត់ព្រំដែនដោយផ្អែកលើសន្ធិសញ្ញាដែលមានអាយុកាលជាងមួយសតវត្សរ៍ ដែលត្រូវបានបង្កើតឡើងនៅពេលដែលកម្ពុជាស្ថិតក្រោមអាណានិគមបារាំងនោះទេ។

លោកបានបន្ថែមថា ថៃអាចនឹងដកខ្លួនចេញពីតំបន់«ដែលច្បាស់លាស់ថាជាទឹកដីរបស់កម្ពុជា»ដោយរឿងនេះអាស្រ័យជាសំខាន់លើសកម្មភាពរបស់រដ្ឋាភិបាលថ្មីដែលអាចនឹងកើតមាននៅទីក្រុងបាងកក ក្រោយការបោះឆ្នោតខែកុម្ភៈ។ លោកក៏បានជំរុញឱ្យតំបន់អាស៊ានដើរតួនាទីឱ្យខ្លាំងក្លាជាងមុន ក្នុងការជំរុញភាគីទាំងសងខាងឱ្យគោរពតាមកិច្ចសន្យារបស់ខ្លួន។

អ្នកភូមិ​ម្នាក់​រស់នៅ​តាម​ព្រំដែន​នៃ​ខេត្ត​ព្រះវិហារ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ពីមុខ​ផ្ទះ​របស់គាត់ ដែល​រង​ការខូចខាត​ដោយសារ​ការប៉ះទង្គិច​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ រូបថតថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៦។ (ខេមបូចា/វ៉ា សុភានុត)

លោក ភា ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាក៏ត្រូវយកចិត្តទុកដាក់លើតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានផ្លាស់ទីលំនៅពីតំបន់ព្រំដែនផងដែរ ជាពិសេសកន្លែងស្នាក់នៅ និងការងារ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលបានបង្កើតក្រុមការងារមួយនាពេលថ្មីៗនេះ ដើម្បីស្តារជីវភាពរស់នៅ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារជម្លោះ ដោយផ្តោតជាចម្បងលើផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុលគ្រួសារ និងការស្តារសេវាសាធារណៈឱ្យបានឆាប់រហ័ស។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្តេជ្ញាផ្តល់ជំនួយចំនួន ៤៥ លានដុល្លារ ដើម្បីជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដើមដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ហើយដែលសហរដ្ឋអាមេរិកបានជួយសម្រុះសម្រួលកាលពីខែតុលា​។

ថវិកាទាំងនេះ គឺដើម្បីជួយដល់សហគមន៍តាមព្រំដែន គាំទ្រការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយក៏ជួយដល់កម្មវិធីនានាដែលប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការបោកប្រាស់ ការជួញដូរគ្រឿងញៀន និងគំនិតផ្តួចផ្តើមឆ្លងដែនផ្សេងៗទៀត៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Manet Vows Legal “All Means” as Thai Forces Hold Disputed Areas

ព័ត៌មានថ្មី

អត្ថបទពេញនិយម