សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អាជាធរថៃបានបិទច្រករបៀង និងកាត់បន្ថយម៉ោងចេញចូលតាមច្រកតំបន់ និងច្រកអន្តរជាតិ នៅខេត្តបន្ទាយមានជ័យ

ទិដ្ឋភាពអាជ្ញាធរកម្ពុជា និងប្រជាពលរដ្ឋ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាជ្ញាធរថៃបានបិទទ្ធារច្រកនៅរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ (រូបភាព៖ ផ្តល់ឱ្យ)
ទិដ្ឋភាពអាជ្ញាធរកម្ពុជា និងប្រជាពលរដ្ឋ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាជ្ញាធរថៃបានបិទទ្ធារច្រកនៅរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ (រូបភាព៖ ផ្តល់ឱ្យ)

មន្ត្រី​កម្ពុជា​បាន​លើកឡើង​ថា អាជ្ញាធរ​ថៃ​បាន​បិទច្រករបៀងទាំងអស់ និង​កាត់បន្ថយ​ម៉ោងចេញចូល​តាម​ច្រកតំបន់ និងច្រកអន្តរជាតិ​​ក្នុងខេត្តបន្ទាយមានជ័យ ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ដែលបណ្តាលឱ្យមាន​ភាព​តានតឹង​ខ្លាំងឡើង ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​សាហាវ​នៅ​ជិតតំបន់​មាន​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​ព្រះវិហារ​កាល​ពី​ជាង​មួយ​សប្តាហ៍​មុន។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ សារព័ត៌មានខេមបូចា ថា នៅវេលាម៉ោង៤៖១៦នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ភាគីថៃបានបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈយោធាថៃសម្រេចបិទច្រករបៀងតាមព្រំដែនដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យជាឯកតោភាគី។

យោងតាមសារព័ត៌មានក្នុងស្រុកពីទីក្រុងប៉ោយប៉ែត ដែលបានបង្ហោះវីដេអូ ពលរដ្ឋខ្មែរប្រញាប់ប្រញាល់ចាកចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ភាគីថៃបានបញ្ជាឲ្យពលរដ្ឋខ្មែរចាកចេញនៅម៉ោង៤ល្ងាច ហើយវីដេអូនេះក៏បង្ហាញពីហ្វូងមនុស្សនៅច្រកព្រំដែន ខណៈពលរដ្ឋខ្មែរចាកចេញពីប្រទេសថៃ ហើយពលរដ្ឋថៃជាច្រើននាក់ក៏កំពុងចាកចេញពីកម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍ទោ ប៉ិច វណ្ណា ប្រធានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ច្រករបៀងទាំងអស់រវាងខេត្តបន្ទាយមានជ័យ និងខេត្តថៃ ត្រូវបានបិទតាំងពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែច្រកតំបន់ រួមមាន ច្រកបឹងត្រកួន ម៉ាឡៃ និងច្រកស្ទឹងបត់ ព្រមទាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានកាត់បន្ថយម៉ោងចេញចូល។

លោក វណ្ណា មាន​ប្រសាសន៍​ថា​៖ «ជាការ​ពិត ​ច្រក​របៀង​ទាំង​អស់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បានបិទដោយ​អាជ្ញាធរ​ថៃ​បិទ​តាំង​ពី​ព្រឹក​មិញ ហើយ​ច្រក​តំបន់​និង​អន្តរជាតិ​ក៏​ត្រូវ​បានកាត់​បន្ថយ​ម៉ោងចេញចូល»

លោកបានបន្តថា ជាធម្មតា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៦ល្ងាច ប៉ុន្តែពេលនេះ អាជ្ញាធរថៃ បើកពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ហើយជាធម្មតា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើកពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ ប៉ុន្តែចាប់ពីថ្ងៃស្អែក ថៃនឹងចាប់បើកពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល។

លោក វណ្ណា បន្ត​ថា លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេថាតើសម្រាប់ច្រក​នៅ​ខេត្ត​ផ្សេង​ទៀត​ដែល​ជាប់ជាមួយខេត្តមួយចំនួននៃ​ប្រទេស​ថៃបានបិទ ឬអត់នោះទេ ព្រោះ​លោកមិនទាន់ទទួលបានព័ត៌មានច្បាស់នៅឡើយ ​ហើយសម្រាប់ខេត្តបន្ទាយមានជ័យលោក​ទទួល​បាន​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​នេះ។

លោកបានបន្ថែមថា ការបិទច្រករបៀង និង កាត់បន្ថយម៉ោងចេញចូលនៃច្រកតំបន់ និងច្រកអន្តរជាតិ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជននៃប្រទេសទាំងពីរ ដែលធ្វើដំណើរទៅមកប្រកបរបររកស៊ីប្រចាំថ្ងៃ និងជាពិសេស ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលពួកគេទៅធ្វើការនៅក្នុងប្រទេសថៃនៅពេលព្រឹក ហើយពួកគេត្រឡប់មកផ្ទះវិញនៅពេលល្ងាច។

លោក វណ្ណា បាន​ថ្លែង​ថា​៖ «​ការ​បិទ​ច្រក​របៀង គឺធ្វើឱ្យប៉ះពាល់ដល់​​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​»។ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ថា​ ​​ប្រជាជន​ប្រទេស​ណាមួយដែលប៉ះពាល់​ខ្លាំង​ជាង​នោះ​ទេ។

លោក វណ្ណា បានបន្ថែមថា លោក និងក្រុមការងារបានព្យាយាមពិភាក្សាជាមួយអាជ្ញាធរព្រំដែនថៃជាច្រើនដងក្នុងពេលថ្មីៗនេះ ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរចេញចូលក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃងាយស្រួល ប៉ុន្តែអាជ្ញាធរព្រំដែនថៃបានប្រាប់ថានេះជាបញ្ជារបស់មន្ត្រីជាន់ខ្ពស់របស់ពួកគេ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា ពិតជាមានការបិទច្រកព្រំដែន ដែលនៅតែបន្តកើតមាន ដោយមិនមានការជូនដំណឹងពីភាគីថៃឡើយ។

លោក បូណា បាន​ថ្លែង​ថា​៖ «​យើង​មិន​មាន​ចំនួន​ពិត​ប្រាកដ​ទេ​រហូត​ដល់​យើង​ទទួល​បាន​របាយការណ៍​ពី​ខេត្ត ​ព្រោះ​ច្រក​ព្រំដែន​ខ្លះ​នៅ​តែ​ដំណើរការ​ហើយ​ខ្លះ​បាន​បិទ»

ទាក់ទិននឹងស្ថានការណ៍នៅខេត្តកោះកុងនេះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ សារព័ត៌មានខេមបូចា ថា ច្រកព្រំដែនក្នុងខេត្តកោះកុង គឺដំណើរការជាធម្មតា មិនមានអ្វីខុសប្រក្រតីទេ គិតត្រឹមថ្ងៃនេះ។

ជាមួយគ្នានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ភាគីថៃបានបិទច្រករបៀងពីរជាឯកតោភាគី។

យ៉ាងណាក៏ដោយ សម្រាប់ច្រកអន្តរជាតិ និងច្រកតំបន់ ភាគីថៃបានជូនដំណឹងដល់អាជ្ញាធរខេត្តបាត់ដំបងថា នឹងបើកដំណើរការចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៤រសៀល។

លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ តាមរយៈលិខិតផ្ញើជូនក្រសួងការបរទេសបានអះអាងថា យោធាថៃដែលឈរជើងនៅតំបន់ព្រំដែនខេត្តស្រះកែវ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកប្រចាំតំបន់ និងច្រករបៀងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ជាឯកតោភាគី) រង់ចាំការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

លោកបន្ថែមថា ការបិទបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា មិនព្រមចរចា៤ចំណុច គឺតំបន់តាមាន់តូច តាមាន់ធំ តាក្របី និងមុំបី ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការព្រំដែនរួម (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយទាមទារឱ្យភាគីថៃ ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីម្សិលមិញថា កម្ពុជានឹងនាំយកតែចំណុចជម្លោះទាំងបួនទៅកាន់តុលាការ ICJ ហើយនឹងបន្តប្រើប្រាស់យន្តការ MoU សម្រាប់ការកំណត់ព្រំដែនផ្សេងទៀតទាំងអស់។

ចាប់តាំងពីការប៉ះទង្គិចគ្នាដ៏សាហាវមួយកាលពីថ្ងៃទី២៨ ខែឧសភា នៅជិតប្រាសាទព្រះវិហារដែលមានជម្លោះដ៏យូរដែលបានសម្លាប់ទាហានកម្ពុជាម្នាក់ ភាគីទាំងពីរបានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមក ប៉ុន្តែក៏បានស្វែងរកការបន្ធូរបន្ថយភាពតានតឹងតាមរយៈការចរចាទ្វេភាគីដែលមានស្រាប់។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានជួបជាមួយសមភាគីថៃ លោក Phumtham Wechayachai រដ្ឋមន្ត្រីការពារជាតិថៃ។ លោក សីហា បញ្ជាក់ជាថ្មីពីការបដិសេធរបស់កម្ពុជាក្នុងការដកទ័ពចេញពីទីតាំងក្បែរប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលអង្គការសហប្រជាជាតិទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជា ប៉ុន្តែប្រទេសថៃបានបដិសេធ។ ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​នៅ​ជុំវិញ​តំបន់​ដែល​មាន​ការ​ប្រកួត​ប្រជែង​នេះ ដែល​កម្ពុជា​ទទូច​ថា​ជាតំបន់​យោធាឈរជើង​របស់​ខ្លួន៕

60 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម