សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាប្រគល់ញញួរប្រធានអាស៊ានជូនដល់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចុងបញ្ចប់នៃជំនួបកំពូលអាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ញញួរជូនដល់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ជាកាយវិកាមួយដែលតំណាងឲ្យការប្រគល់តួនាទីប្រធានអាស៊ានប្តូរវេនកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ញញួរជូនដល់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ជាកាយវិកាមួយដែលតំណាងឲ្យការប្រគល់តួនាទីប្រធានអាស៊ានប្តូរវេនកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ចំពេល​មាន​ភាព​តាន​តឹង​រវាង​អាមេរិកនិង​ចិន​នៅ​ក្នុង​តំបន់​និង​ជម្លោះ​នៅ​ប្រទេសមីយ៉ាន់ម៉ា​និង​អ៊ុយ​ក្រែន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ​បាន​ប្រគល់​តួនាទី​ប្រធាន​អាស៊ាន​ជូន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ (​Joko Widodo) ដែល​មាន​ប្រសាសន៍ថា អាស៊ាន​​មិន​ត្រូវ «ធ្វើ​ជាតំណាង​ឲ្យ​មហាអំណាចណាមួយ» ឬបណ្តោយ​ឲ្យ​ភូមិសាស្ត្រនយោបាយ​បង្កើត «សង្គ្រាមត្រជាក់ថ្មី» នៅ​ក្នុង​តំបន់​នោះទេ។​

លោក ហ៊ុន សែន មាន​ប្រសាសន៍ថា ប្រទេសកម្ពុជាមាន​ជំនឿយ៉ាងពេញលេញ​ថា ប្រទេសឥណ្ឌូណេស៊ី​ ដែលក្លាយជា​ប្រធាន​អាស៊ានប្តូរវេន​បន្ទាប់ទៅនេះ​​នឹង​បន្ត​ដឹកនាំ​​អាស៊ាន​​ដែល​មាន​សមាជិក​១០​ប្រទេសនេះ​សម្រេចបាននូវគោលបំណងចម្បងគឺ​កសាង​ «សហគមន៍អាស៊ាន​​ប្រកបដោយ​សុខសន្តិភាព ភាពធន់និង​បរិយាបន្ន​»។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់លោក ហ៊ុន​ សែន បានឲ្យដឹងថា៖ «ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើង​ត្រូវ​រក្សា​ឯកភាព​អាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល​។ ការលើកកម្ពស់​សាមគ្គីភាព​និង​ឯកភាព​នឹងនៅ​តែជា​អាទិភាព​កំពូល​របស់​អាស៊ាន​នៅក្នុងឆ្នាំ​បន្ត​បន្ទាប់ទៀត​»។​

បន្ទាប់ពី​លោក ហ៊ុន សែន ប្រគល់​ញញួរ​ ដែលជា​និមិត្តរូប​តំណាងឲ្យ​ការ​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ប្តូរវេន​ពី​កម្ពុជា​ទៅ​ប្រទេសឥណ្ឌូនេស៊ី​មក ប្រធានាធិបតីឥណ្ឌូណេស៊ី​ ចូកូ វីដូដូ មាន​ប្រសាសន៍ថា អាស៊ាន​នឹង​ក្លាយ​ជា​ «មជ្ឈមណ្ឌលនៃកំណើន»។

យោងតាម​អង្គការ​សម្រាប់​ការ​អភិវឌ្ឍនិងកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​ (OECD) បាន​ឲ្យ​ដឹងថា  កំណើន​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់អាស៊ាន​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំក្រោយ​ត្រូវបាន​ព្យាករណ៍​ថា មាន​កម្រិត​ ៥,២​ភាគរយ​ធៀបនឹងឆ្នាំ​២០២១ ដែល​មាន​​កម្រិត​៣​ភាគរយ ដោយ​កំណើន​នេះ​មាន​ចាប់ពី​ -០,៣​ភាគរយ​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា​ដល់​ ៧ភាគរយ​នៅក្នុងប្រទេសហ្វីលីពីន​នៅ​ឆ្នាំ​នេះ។ ​​

លោក ចូកូ វីដូដូ មាន​ប្រសាសន៍ថា៖ «កំណើនសេដ្ឋកិច្ច​តែងតែ និងនៅតែជា​រឿង​រ៉ាវរបស់អាស៊ាន​»។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) បាន​មាន​ប្រសាសន៍កាលពីថ្ងៃសៅរ៍ថា អាស៊ាន​ត្រូវតែជៀសវាងការបែងចែកសេដ្ឋកិច្ច​សកលលោក​ជាពីរ​ ​ដោយ​ប្រទេសដែលមាន​សេដ្ឋកិច្ចធំជាងគេគឺសហរដ្ឋអាមេរិកនិងចិន​​កំពុងដឹកនាំ។

លោក ហ្គោទែរ៉េស មាន​ប្រសាសន៍ថា៖ «ការ​ប្រេះស្រាំ​បែបនេះ​ជាមួយនឹង​ច្បាប់ពីរផ្សេងគ្នា រូបិយប័ណ្ណលេចធ្លោពីរ ប្រព័ន្ធអ៊ីនធើណិតពីរ ​និង​យុទ្ធសាស្ត្រជម្លោះពីរ​ស្តីពីបញ្ញាសិប្បនិម្មិត​នឹង​ធ្វើ​ឲ្យ​ខូចសមត្ថភាព​របស់ពិភព​លោក​ក្នុងការ​ឆ្លើយ​តប​នឹងបញ្ហា​ប្រឈម​ធ្ងន់ធ្ងរដែល​យើងប្រឈមមុខ​»។

លោកបន្ថែមថា ប្រជាជាតិ​អាស៊ាន​ស្ថិតនៅ «ទីតាំងល្អមួយ» ក្នុងការជួយផ្សាភ្ជាប់នូវការបែកបាក់សេដ្ឋកិច្ច។ «យើង​ត្រូវតែមាន​សេដ្ឋកិច្ច​សកល​មួយ​ ទីផ្សារសកលមួយ ដែល​គ្រប់ប្រទេសអាចចូល​បាន​»។

ខណៈរដ្ឋជាសមាជិក​ពិភាក្សាគ្នា​រកវិធីដ៏ល្អបំផុត​ក្នុងការ​ឆ្លើយ​តប​ចំពោះជម្លោះ​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា​ ដោយ​មាន​ប្រទេសខ្លះ​រួម​ទាំង​ប្រទេសឥណ្ឌូនេស៊ី​ផង​បាន​អំពាវនាវ​ឲ្យ​ដក​មេដឹកនាំ​យោធា​ប្រទេសមីយ៉ាន់ម៉ា​ចេញពីតួនាទី​អាស៊ាន​បន្ថែមពី​លើ​ជំនួបកំពូល​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នោះ លោក ចូកូ វីដូដូ មាន​ប្រសាសន៍ថា៖ «​អាស៊ាន​ត្រូវតែ​ក្លាយជា​តំបន់​សន្តិភាព​និង​ជា​យុថ្កា​សម្រាប់ស្ថិរភាព​ពិភពលោក» និង «ការគោរពច្បាប់​អន្តរជាតិ​ដ៏ជាប់លាប់និងមិនមែនជា​អ្នក​តំណាង​ឲ្យ​មហាអំណាចណាមួយឡើយ​»។

លោក​បន្តទៀតថា អាស៊ាន​ត្រូវតែ​ «រក្សា​តម្លៃនៃមនុស្សជាតិ​និង​លទ្ធិប្រជាធិបតេយ្យ​» និង​ «មិនគួរ​បណ្តោយ​ឲ្យ​ភាពសកម្មភូមិសាស្ត្រនយោបាយ​បច្ចុប្បន្ន​ក្លាយ​ជា​សង្គ្រាមត្រជាក់ជាថ្មី​នៅ​តំបន់របស់​យើងឡើយ»។

ចំពេល​មាន​ការ​ព្រមាន​របស់លោក ចូកូ វីដូដូ កាលពីថ្ងៃអាទិត្យ​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺជី ឡាវរ៉ូវ (Sergey Lavrov) បាន​ប្រាប់អ្នក​យកព័ត៌មាន​នៅ​ជំនួប​កំពូល​អាស៊ាន​ថា មស្ចិមប្រទេស​កំពុងព្យាយាមក្តោបក្តាប់វិស័យយោធាក្នុង តំបន់​អាស៊ី​អាគ្នេយ៍ក្នុងកិច្ច​ប្រឹងប្រែង​ទប់​ស្កាត់​ផលប្រយោជន៍របស់រុស្ស៊ី​និង​ប្រទេសចិន​។

យោងតាម​ការ​ស្រង់សម្តី​ដោយ​សារព័ត៌មាន Reuters លោក​មាន​ប្រសាសន៍ថា៖ «សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​អង្គការណាតូ​របស់ខ្លួន​កំពុងតែព្យាយាម​ធ្វើ​ជា​ម្ចាស់​លំហ​នេះ»។

លោក ឡាវវ៉ូវ មាន​ប្រសាសន៍ថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក​របស់​ប្រធានាធិបតី​អាមេរិក​ ចូ បាយ​ឌិន​ នឹងពាក់ព័ន្ធ «ការធ្វើយោធូបនីយកម្មនៅក្នុងតំបន់នេះ ដោយ​ផ្តោត​ការយកចិត្តទុកដាក់ជាក់ស្តែង​លើ​ការ​ទប់ស្កាត់​ចិន​និង​ទប់ស្កាត់​ផល​ប្រយោជន៍​របស់រុស្ស៊ី​នៅ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក»។​

អំឡុង​ថ្លែង​សុន្ទរកថា​នៅឯជំនួបកំពូល​អាស៊ាន​កាលពីថ្ងៃសៅរ៍ លោក បាយឌិន បាន​ហៅ​អាស៊ាន​ថា ជា «បេះដូង» ​យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក​​របស់លោក​ ហើយបាន​មាន​ប្រសាសន៍ថា អាមេរិក​គោរព​ភាពជាកណ្តាល​របស់​អាស៊ាននិង​ធ្វើការជាមួយ​ប្រទេសនានានៅក្នុងតំបន់​ ដើម្បី​ដោះស្រាយ​ការ​គំរាម​កំហែង​លើ​អាកាសធាតុ និតិរដ្ឋនិង​សណ្តាប់ធ្នាប់​ដែលផ្អែក​លើច្បាប់​និង​ដោះស្រាយ​បញ្ហាប្រឈម​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា​និង​សមុទ្រចិន​ខាងត្បូង។​

ថ្លែង​ទៅ​កាន់​លោក ហ៊ុន សែន នៅ​ថ្ងៃដដែលនេះ លោក បាយឌិន បាន​លើកឡើង​ពី​​ការព្រួយបារម្ភអំ​ពីមូលដ្ឋាន​កងទ័ពជើងទឹក​រាមដោយ​បាន​គូសបញ្ជាក់​ពី «​សារៈសំខាន់​នៃតម្លាភាព​ពេញលេញ​» ទាក់ទងនឹង​សកម្មភាព​របស់​យោធាចិន​នៅ​មូលដ្ឋាន​នេះ នេះបើ​យោងតាម​សេចក្តី​ថ្លែង​ការ​ណ៍​របស់​សេតវិមាន​។​

ប្រទេសចិន​និង​កម្ពុជា​បាន​បដិសេធ​ម្តងហើយ​ម្តងទៀត​នូវការ​អះអាងរបស់សហរដ្ឋអាមេរិក​អំពីកិច្ច​ព្រមព្រៀង​សម្ងាត់​រវាងចិន​និងកម្ពុជា​ដែល​បាន​ផ្តល់សិទ្ធិ​ផ្តាច់មុខ​ដល់​យោធាចិន​ចូល​ទៅ​កាន់​ផ្នែក​ខ្លះនៃមូលដ្ឋាន​នេះ ដែលកំពុងត្រូវ​បាន​សាងសង់​ដោយ​មាន​ជំនួយ​មូលនិធិពីប្រទេស​ចិន​។

កម្ពុជា​អះអាងថា ការ​ដាក់ពង្រាយ​កងទ័ពបរទេសនៅលើ​ទឹកដី​របស់ខ្លួន​នឹង​រំលោភរដ្ឋធម្មនុញ្ញ។

យោងតាម​សេចក្តី​រាយការណ៍របស់​សារព័ត៌មាន  Bloomberg បាន​ឲ្យ​ដឹងថា ​ អំឡុង​ជំនួបកំពូល​ដោយ​មាន​ជំនួប​ដោយ​ឡែក​​ជាមួយ​បណ្តាមេដឹកនាំ​អាស៊ាន​និង​មេដឹកនាំប្រទេសចំនួន​៨ផ្សេងទៀត​កាលពីថ្ងៃអាទិត្យផងនោះ​ មេដឹកនាំ​រុស្ស៊ី​និង​អាមេរិកមិន​បាន​ឯកភាព​គ្នា​លើ​ពាក្យ​ពេជន៍​សម្រាប់​សេចក្តី​ថ្លែងការណ៍រួមទេ​។​

លោក ឡាវរ៉ូវ បាន​បន្ទោស​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដោយ​លោក​និយាយថា ពួកគេ «ទទូច​ឲ្យ​ប្រើប្រាស់​ពាក្យ​ពេជន៍ដែល​មិនអាចទទួល​យក​បាន​ពាក់ព័ន្ធនឹង​ស្ថានភាពនៅ​អ៊ុយក្រែន»។ រុស្ស៊ី​បាន​ហៅ​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេសអ៊ុយក្រែន​ជា​ «​ប្រតិបត្តិការយោធា​ពិសេស​» មិនមែនជា​សង្គ្រាម​ទេ។

លោក ឡាវរ៉ូវ មាន​ប្រសាសន៍ថា សហរដ្ឋអាមេរិក​បាន​បែងចែក​អាស៊ាន​ហើយ​បាន​ចោទប្រកាន់​អង្គការណាតូ ​ថាបង្កើន​សកម្មភាព​នៅ​តំបន់អាស៊ី​អាគ្នេយ៍។

អំឡុង​សន្និសីទកាសែត​នៅវិមាន​សន្តិភាពកាលពីល្ងាច​ថ្ងៃអាទិត្យ​ លោក​ ហ៊ុន សែន បាន​ប្រាប់អ្នក​សារព័ត៌មាន​ថា អាស៊ាន​មិន​បម្រើ​រស្ស៊ី​ឬអ៊ុយក្រែន​ ហើយក៏មិន​ជ្រើសរើ​ស​រវាងចិន​និង​អាមេរិកដែរ។

លោក​មាន​ប្រសាសន៍ថា៖ «​អាស៊ាន​មិន​មែនជា​អាយ៉ង​របស់​នរណាម្នាក់ទេ»។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា លោក​បាន​ប្រាប់​លោក ឡាវរ៉ូវ និង​លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន​ដែល​បាន​ចូលរួម​ជំនួប​កំពូល​ថា ពួកគេអាចជួបគ្នា​បាននៅពេល​ពួកគេស្ថិតនៅក្នុងទីក្រុង​ភ្នំពេញ ប៉ុន្តែពួកគេមិន​បាន​ជួបគ្នា​ទេ។

មេដឹកនាំ​ពិភព​លោក​ដែល​បា​ន​ចូលរួម​ជំនួប​កំពូល​អាស៊ាន​រួម​មាន​លោក ចូ បាយឌិន លោក ឡាវរ៉ូវ លោក លី ខឺឈាង ជានាយករដ្ឋមន្ត្រីចិន​បាន​ឯកភាព​មិន​ព្រមថតរូបជាក្រុម បន្ទាប់ពីជំនួប​កំពូល​ដូចដែលបាន​ធ្វើ​សម្រាប់កិច្ច​ប្រជុំ​ផ្សេងទៀត អំឡុង​ជំនួប​កំពូល​អាស៊ាន​រយៈ​ពេល​បួន​ថ្ងៃនេះ​។​

ដោយ​មិន​បាន​ពន្យល់​ឲ្យ​បាន​ច្បាស់​ លោក​ ហ៊ុន សែន មាន​ប្រសាសន៍ថា៖ «​យើង​មិន​បាន​ថតរូប​ជាក្រុម​ទេ។ វាខុស​ទម្លាប់របស់យើង​កន្លងមក។ ខ្ញុំ​ជឿថា គ្រប់គ្នា​យល់​។ អ្នក​សារព័ត៌មាន​ក៏ប្រហែលជា​យល់​ដែរ​»។​

នៅ​ពេល​សាកសួរ​អំពី​សេចក្តី​ថ្លែង​ការ​ណ៍​របស់​សេតវិមាន​កាល​ពីថ្ងៃសៅរ៍ថា លោក បាយឌិន បាន​ទទូច​ឲ្យ​លោក ហ៊ុន សែន «បើក​លំហ​សេរីភាពពលរដ្ឋ​និង​លំហ​សិទ្ធិនយោបាយឡើងវិញ និង​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង សេង ធារី លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សួរ​មក​អ្នក​សារព័ត៌មាន​វិញ ដោយ​លើកឡើង​ថា លោក បាយឌិន មិន​បានថ្លែងបែបនេះ​មក​កាន់​លោក ហ៊ុន សែន​ ទេ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​ទៅសួរ​ស្ថានទូត​អាមេរិក។

លោក​មាន​ប្រសាសន៍ថា៖ «​លោក ចូ បាយឌិន មិន​បាន​និយាយច្រើន​ជាមួយ​ខ្ញុំទេ។ គាត់និយាយ​អំពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​។ ខ្ញុំ​និយាយអំពី​ការ​បោះ​ឆ្នោត​»។

ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន បាន​បន្ថែម​ទៀតថា៖ «​លោក បាយឌិន មក​ទីនេះ មិន​មែន​និយាយរឿង​ផ្ទៃក្នុងរបស់​កម្ពុជា​ទេ។ គាត់មក​និយាយអំពី​បញ្ហា​សកល​»។​

យោងតាម​ការបកប្រែក្នុងកំណត់ត្រា នៃកិច្ច​សន្ទនា​របស់​លោក ចូ បាយឌិន ជាមួយ​លោក ហ៊ុន សែន រយៈ​ពេល​បីនាទី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សេតវិមាន​ លោក​ប្រធានាធិបតី​បាន​ថ្លែង​អំណរគុណលោក ហ៊ុន សែន ចំពោះការ​ដឹកនាំ​​អាស៊ាន​និង​ “«ការ​ថ្កោលទោស​ការឈ្លានពាន​របស់រុស្ស៊ី​ទៅលើ​ប្រទេសអ៊ុយ​ក្រែន​» និង​បាន​និយាយថា សហរដ្ឋអាមេរិក​ «គោរពការនៅកណ្តាល​របស់​អាស៊ាន​»។

លោក បាយឌិន ក៏បា​ន​និយាយថា សហរដ្ឋអាមេរិក​នៅ​តែ​ប្តេជ្ញាចិត្ត​ចង់ «ឃើញ​ការ​វិលត្រឡប់​មកវិញនូវលទ្ធិប្រជាធិបតេយ្យ​នៅប្រទេសមីយ៉ាន់ម៉ា​និង​ធ្វើការ​ជាមួយ​…អាស៊ាន​ ដើម្បីធានានូវការអនុវត្ត​កិច្ច​ព្រមព្រៀងជា​ឯកច្ឆន្ទប្រាំចំណុច»។

​កំណត់ហេតុដែល​ត្រូវ​បាន​ចុះផ្សាយ​នេះ​មិន​បាន​និយាយ​អំពី​កញ្ញា សេង ធារី ឬការបើក​បន្ថែម​នូវ​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ទេ៕

រាយការណ៍បន្ថែមដោយ ឆន ចាន់ស៊ី និង ឃី សុវុឌ្ឍី​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Hands Asean Reins to Indonesia on Last Day of Summit

178 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម