សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរមួយក្រុមធ្វើការងារនៅថៃព្យាបាលជំងឺកូវីដដោយប្រើវិធីសាស្ត្របុរាណ

ពលករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរីប្រទេសថៃកំពុងស្ពង់តាមវិធីសាស្ត្របុរាណ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។ រូបភាពថត នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២១។ ផ្តល់ដោយពលករ
ពលករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរីប្រទេសថៃកំពុងស្ពង់តាមវិធីសាស្ត្របុរាណ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។ រូបភាពថត នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២១។ ផ្តល់ដោយពលករ

ពលករខ្មែរមួយក្រុមកំពុងបំពេញការងារនៅក្នុងខេត្តឈុនបុរីប្រទេសថៃអះអាងថា ពួកគាត់ភាគច្រើនទាំងអ្នករកឃើញមានមេរោគកូវីដ​-១៩ និងអ្នកដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសង្ស័យថាមានផ្ទុកមេរោគនេះ គឺព្យាបាលតាមបែបបុរាណ ដោយសារពិបាករកសេវាពេទ្យព្យាបាល។​

តាមមន្ត្រីសង្គមស៊ីវិល និងពលករខ្មែរនៅក្នុងខេត្តឈុនបុរីអះអាងថា កន្លែងដែលពួកគាត់រស់នៅនោះ​ គឺពលករខ្មែរប្រមាណ៧០ទៅ៨០ភាគរយមានអាការៈដូចជាកើតជំងឺកូវីដ ដូចជា ក្តៅខ្លួន ក្អក និងឈឺក ជាដើម។​ ក្នុងចំណោមពលករទាំងនោះអ្នកដែលបានពិនិត្យដឹងថា មានកូវីដ-១៩ និងអ្នកដែលមិនទាន់អាចរកកន្លែងពិនិត្យបាន គឺសុទ្ធតែប្រើវិធីសាស្ត្របែបបុរាណព្យាបាលដោយខ្លួនឯង។​

មន្ត្រីអង្គការសង់ត្រាល់ប្រចាំនៅក្នុងប្រទេសថៃលោក ឡឹង សុផុន ថ្លែងថាពលករខ្មែរមួយក្រុមរស់នៅក្នុងខេត្តឈុនបុរីភាគច្រើនសង្ស័យមានកូវីដ-១៩។​

លោក ឡឹង សុផុន និយាយថា៖«នៅកន្លែងខ្ញុំនេះ៧០ទៅ៨០ភាគរយហើយដែលមានអាការៈដូចជាឆ្លងកូវីដចឹង!​ កន្លែងខ្ញុំនេះមានគ្នា៣០០នាក់ទៅ៤០០នាក់ដែរ គឺទូទៅហើយដែលមានអាការៈផ្តាសាយ ឈឺក ឈឺក្បាល ហៀរសំបោ  និងមានការរាគរុះឈឺពោះអីចឹង»។​

លោក ឡឹង សុផុន ថ្លែងថា ពលករខ្មែរទាំងនោះពិបាករកការពារព្យាបាលដោយសារពេទ្យនៅទីនោះមានអ្នកជំងឺច្រើន អ្នកខ្លះមិនមានឯកសារគ្រប់គ្រាន់ និងមិនសូវចេះភាសាថៃជាដើម។​ លោកថា​ ដើម្បីដោះស្រាយបញ្ហាជំងឺនេះគឺពលករខ្មែរប្រើប្រាស់វិធីសាស្ត្របុរាណ។

លោក ឡឹង សុផុន បន្តថា៖«គាត់ខំរកថ្នាំបែបបុរាណដូចជា គល់ស្លឹកគ្រៃ ទឹកខ្មេះជួនកាលទៅយករំដេង យកទឹកឃ្មុំ យកមកលាយចូលគ្នាហើយដាំទឹកក្តៅស្ពង់អ៊ីចឹងទៅ»។

បើតាមលោក ឡឹង សុផុនគឺឈុនបុរីជាខេត្តមួយក្នុងចំណោម១០រាជធានីខេត្តក្នុងប្រទេសថៃដែលកំពុងមានការឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ១៩។​

ពលករដែលមានផ្ទុកកូវីដហើយកំពុងតែព្យាបាលតាមបែបបុរាណលោក គាវផេង ថ្លែងថា ក្រោយពេលរកឃើញថា មានមេរោគកូវីដលោកបានសម្រាកព្យាបាលនៅក្នុងបន្ទប់ដោយប្រើវិធីសាស្ត្របុរាណដោយសារតែនៅពេទ្យមិនមានកន្លែងសម្រាកព្យាបាលទេ។ លោកថា ស្ពង់តាមបែបបុរាណនេះគឺលោកធ្វើបានតែ២ថ្ងៃម្តងព្រោះពិបាករកទិញគ្រឿងផ្សំ។

លោក​ គាវផេង និយាយថា៖«២ថ្ងៃស្ពង់ម្តង ខ្ញុំមិនបានស្ពង់រាល់ថ្ងៃទេ ព្រោះខ្ញុំពិបាកចេញទៅក្រៅ ទំរាំផ្ញើគេទិញឥវ៉ាន់មកបានម្តងៗ»។

ពលករខ្មែរធ្វើការងារផ្នែកផលិតគ្រឿងចក្រនៅក្នុងខេត្តឈុនបុរីម្នាក់ទៀតលោក ពេជ្រ ឱ្យដឹងថា ក្រោយពេលដែលពេទ្យនៅកន្លែងការងារពិនិត្យឃើញមានកូវីដ គឺពេទ្យបានឱ្យថ្នាំគ្រាប់មកលោកមួយចំនួនយកទៅប្រើប្រាស់នៅបន្ទប់ជួល ដោយសារមន្ទីរពេទ្យមិនមានកន្លែងសម្រាក។ លោកថា លោកក៏បានប្រើប្រាស់វីធីស្តង់បន្ថែមដើម្បីព្យាបាលជំងឺនេះ។

លោក ពេជ្រ និយាយថា៖«ស្ពង់ថ្នាំរាល់ថ្ងៃ។ ស្លឹកក្រូចសើច ស្លឹកក្រូចឆ្មារ និងស្លឹកគ្រៃ ស្ពង់រាល់ថ្ងៃ ទាំងព្រឹក និងល្ងាច»។​

ពលករខ្មែរនៅខេត្តឈុនបុរីម្នាក់ទៀតលោក មករា ឱ្យដឹងថា រូបគាត់ និងប្រពន្ធធ្វើការនៅរោងចក្រផលិតប្លាស្ទិករកឃើញថា មានផ្ទុកមេរោគកូវីដទាំង២នាក់តាំងពីថ្ងៃទី២៥ខែកក្កដា។​ លោកថា ការធ្វើតេស្តត្រូវចំណាយលុយខ្លួនឯង ហើយមិនបានសម្រាកនៅពេទ្យទៀតដោយសារខ្វះកន្លែង។​

លោក មករា ឱ្យដឹងថា រូបលោក និងប្រពន្ធកំពុងបន្តព្យាបាលជំងឺកូវីដដោយប្រើវិធីសាស្ត្រស្ពង់ដូចពលករខ្មែរផ្សេងទៀតដែរ។ លោកថា ក្នុងស្ថានភាពនេះលោកជួបការលំបាកត្រូវចំណាយលើអាហារ និងចំណាយផ្សេងទៀត ខណៈបាត់បង់ការងារផង។

លោក មករា និយាយថា៖ «ចំណាយខ្លួនឯងទាំងអស់ អត់លុយ អត់កាក់ទៀត មិនដឹងទៅណាទៅណីទេ?»។

ទិដ្ឋភាពតាមដងផ្លូវនិងបន្ទប់ជួលក្នុងតំបន់ដែលពលករខ្មែរកំពុងស្នាក់នៅក្នុងខេត្តឈុនបុរីប្រទេសថៃ។ រូបភាពថត នៅថ្ងៃទី៤ខែសីហាឆ្នាំ២០២១។ ផ្តល់ឲ្យដោយពលករ
ទិដ្ឋភាពតាមដងផ្លូវនិងបន្ទប់ជួលក្នុងតំបន់ដែលពលករខ្មែរកំពុងស្នាក់នៅក្នុងខេត្តឈុនបុរីប្រទេសថៃ។ រូបភាពថត នៅថ្ងៃទី៤ខែសីហាឆ្នាំ២០២១។ ផ្តល់ឲ្យដោយពលករ

ខេមបូចាបានទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃតាមសារអេឡិចត្រូនិក ប៉ុន្តែមិនមានការឆ្លើយតប។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ថ្លែងថាខាងមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសថៃកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលពលករខ្មែរនៅទីនោះកំពុងជួបប្រទះការលំបាក។

លោក កុយ គួង មានប្រសាសន៍ថា៖ «ស្ថានទូត និងស្ថានអគ្គកុងស៊ុល តែងយកគ្រឿងឧបភោគបរិភោគទៅចែកជូនពលករជួបការលំបាក សហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃឲ្យយកចិត្តទុកដាក់ព្យាបាលពលករដែលឆ្លងជំងឺកូវីដ ហើយទាក់ទងរោងចក្រសហគ្រាសក្រុមហ៊ុនឲ្យផ្តល់អាហារគ្រប់គ្រាន់ដល់ពលករខ្មែរដែលកំពុងនៅក្នុងតំបន់បិទខ្ទប់»

ចំណែកអ្នកនាំពាក្យក្រសួងការងារកម្ពុជាលោក ហេង សួរ​ អំពាវនាវឱ្យពលករខ្មែរនៅថៃដែលត្រូវការជំនួយផ្សេងៗអាចទាក់ទងតាមលេខទូរសព្ទ ឬ តេឡេក្រាមដែលស្ថានទូតកម្ពុជានៅថៃបានផ្សព្វផ្សាយ។

លោក ហេង សួរ មានប្រសាសន៍ថា៖ «ចំពោះមុខ! ប្រសិនជាបងប្អូននៅក្នុងបាងកក ឬ ខេត្តជុំវិញបាងកក គឺយើងមានសេវាប្រឹក្សាយោបល់អំពីការព្យាបាលកូវីដ-១៩ ពីចំងាយជូន។ ប្រសិនជាបងប្អូនត្រូវការថ្នាំក៏អាចស្នើសុំបាន។ បើខ្វះខាតស្បៀងក៏អាចស្នើសុំបាន»។

លោក លោក ឡឹង សុផុន ស្នើឱ្យមន្ត្រីស្ថានទូតខ្មែរបង្កើតក្រុមការងារជួយពលករខ្មែរដល់ទីតាំងដែលពលកររស់នៅជាការល្អព្រោះពលករមួយចំនួនមិនចេះប្រើតេឡេក្រាម ឬ បណ្តាញទំនាក់ទំនងសង្គមផ្សេងៗនោះទេ។​ ចំណែកលេខទូរសព្ទដែលស្ថានទូតប្រកាសលោកថា មិនសូវមានអ្នកទទួលទេ។​

លោក ឡឹង សុផុន លើកឡើងថា៖ «កន្លងមកបងប្អូនពលករខ្មែរទាក់ទងទៅលេខស្ថានទូត លេខកុងស៊ុលអីហ្នឹង! គាត់ថា ពិបាកណាស់។ សូម្បីតែខ្ញុំផ្ទាល់ ដែលឱ្យលេខហ្នឹងទៅ មានតែពួកគាត់ជេរយើងថា ឱ្យលេខដែលខលអត់លើកចឹង»។​

បើតាមលោក ឡឹង សុផុនគឺ គិតរហូតដល់ដើមខែសីហាឆ្នាំ២០២១នេះ ពលករខ្មែរកំពុងធ្វើការងារនៅថៃមានជាង២លាននាក់ ក្នុងនោះជិតពាក់កណ្តាលរស់នៅ និងធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។ លោកថា អ្នកធ្វើការខុសច្បាប់ដោយសារពួកគេលួចឆ្លងដែនខុសច្បាប់ និង អ្នកខ្លះទៀតខកខានមិនបានបំពេញឯកសារផ្លូវច្បាប់បន្ត ពេលឯកសារចាស់ផុតកំណត់។ ការខកខាននេះដោយសារបញ្ហាមេរោគកូវីដ។​

ប៉ុន្តែសម្រាប់របាយការណ៍ក្រសួងការងារវិញគឺរហូតដល់ឆ្នាំ២០២១នេះ ពលករខ្មែរកំពុងបំពេញការងារនៅក្រៅប្រទេសមានប្រមាណ១លាន២សែននាក់ ក្នុងនោះធ្វើការនៅថៃមានជាង១លាន១សែននាក់៕

1,265 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម