សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ ស្ងប់ស្ងាត់ ប៉ុន្តែសង្គ្រាមលើបណ្តាញសង្គមនៅតែបន្ត

កាមេរ៉ាដែលត្រូវបានអ្នកកាសែតដំឡើងដើម្បីផ្តិតយកសកម្មភាពនៃព្រឹត្តិការណ៍មួយនារាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កាមេរ៉ាដែលត្រូវបានអ្នកកាសែតដំឡើងដើម្បីផ្តិតយកសកម្មភាពនៃព្រឹត្តិការណ៍មួយនារាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ការបាញ់គ្រាប់ផ្លោងរវាងកងទ័ពថៃ និងកម្ពុជាបានធូរស្រាល បន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយមួយត្រូវបានឯកភាពគ្នានៅម៉ាឡេស៊ីនៅថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែសង្គ្រាមព័ត៌មានរវាងអ្នកប្រើប្រាស់អ៊ីនធឺណិតនៃប្រទេសទាំងពីរនៅតែបន្តកើតមាននៅលើបណ្តាញសង្គម ។

ហាស់ថេក(#)​ជាតិនិយម រូបភាពបង្កើតដោយ AI និងរូបភាពមិនពាក់ព័ន្ធដែលបានមកពីព្រឹត្តិការណ៍​កន្លងមក ដោយខ្លះថតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែត្រូវបានអះអាងថា ជារូបភាពពីសមភូមិជួរមុខ បានចែកចាយពាសពេញបណ្តាញសង្គមទាំងនៅកម្ពុជា និងថៃ។

មន្ត្រីនៃប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានដឹកនាំយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ។ 

លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីសប្តាហ៍មុនបានជំរុញឱ្យសាធារណជនកុំយកចិត្តទុកដាក់លើព័ត៌មានមិនពិត ដែលលោកបានពណ៌នាថា ជា«ការប៉ុនប៉ងដោយចេតនាដើម្បីបំផ្លាញភាពជឿជាក់ និងកេរ្តិ៍ឈ្មោះរបស់ថៃនៅលើឆាកអន្តរជាតិ» និងបានប្រាប់ឱ្យពលរដ្ឋខ្លួនជឿជាក់តែព័ត៌មានលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាល​ថៃ​។

ក្រសួងការពារជាតិកម្ពុជាបានចោទប្រកាន់ថៃថា បានសម្របសម្រួលដឹកនាំយុទ្ធនាការផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត ដោយអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា ទីក្រុងបាងកក«មិនចង់ឱ្យការពិតទៅដល់ពលរដ្ឋ»។

អាជ្ញាធរនៃប្រទេសទាំងពីរបានព្រមានអ្នកប្រើប្រាស់បណ្តាញសង្គមកុំឱ្យផ្សព្វផ្សាយឱ្យមានការស្អប់ខ្ពើម ញុះញង់ឱ្យមានអំពើហិង្សា ឬចែករំលែកព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ ប៉ុន្តែការព្រមាននេះហាក់មានប្រសិទ្ធភាពតិចតួចណាស់។ ការបង្ហោះមួយចំនួនដែលជាព័ត៌មានមិនពិតនោះ ថែមទាំងត្រូវបានចែករំលែកឡើងវិញដោយសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាចនៅកម្ពុជាផងដែរ។​

វេទិកាឌីជីថលនៅក្នុងប្រទេសទាំងពីរបានក្លាយជាទៅដូចជាសមរភូមិនៅព្រំដែនដែរ។

ព័ត៌មានក្លែងក្លាយ រូបភាពមិនបានផ្ទៀងផ្ទាត់ និងហាស់ថេកដែលបង្កអារម្មណ៍រំជួលចិត្តកំពុងប្រកួតប្រជែងនៅលើអ៊ីនធឺណិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មហាជននៃប្រទេសទាំងពីរ។ ការរីករាលដាលខ្លាំងនៃខ្លឹមសារដែលស្របតាមរដ្ឋាភិបាល និងសេរីភាពសារព័ត៌មានមានកម្រិត បានជំរុញឱ្យបណ្តាញសារព័ត៌មានឯករាជ្យ និងក្រុមសង្គមស៊ីវិលនៅកម្ពុជា ថៃ និងតំបន់ជុំវិញ អំពាវនាវឱ្យមានការរាយការណ៍ប្រកបដោយសីលធម៌លើជម្លោះតាមព្រំដែនរវាងប្រទេសទាំងពីរនេះ។ ទន្ទឹមនឹងនេះ អ្នកជំនាញសន្តិសុខឌីជីថលម្នាក់បាននិយាយថា ព័ត៌មានក្លែងក្លាយនៅលើអ៊ីនធឺណិតក៏បានបង្កើតឱកាសឱ្យអ្នកខ្លះរកប្រាក់ចំណេញតាមរយៈការជំរុញភាពតានតឹងបែបនេះ។

លោក ង៉ែត ម៉ូ​សេ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថលដែលមានមូលដ្ឋាននៅភ្នំពេញ បានលើកឡើងថា៖ «បណ្តាញសង្គមគឺជាពិភពរបស់ Gen Z។ ជំនាន់ពួកគាត់នេះដឹងពីរបៀបប្រើប្រាស់ Algorithm ដើម្បីបង្កើតនិន្នាការ»។

លោកបាននិយាយថា យុវជនប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា និងថៃបានបង្កើតក្រុមរកប្រាក់តាមអនឡាញ ដោយឡែកៗគ្នា ដើម្បីរៀបចំ និងរកចំណូលពីការចែករំលែកខ្លឹមសារពីជម្លោះ ដែលខ្លះមិនបានផ្ទៀងផ្ទាត់ ខ្លះត្រូវបានកែប្រែ និងខ្លះទៀតបង្កើតដោយបច្ចេកវិជ្ជា AI។ ក្រុមទាំងនេះអាចទទួលបានប្រាក់រង្វាន់ ឬអត្ថប្រយោជន៍ផ្សេងៗពីវេទិកាបណ្តាញសង្គម នៅពេលដែលខ្លឹមសាររបស់ពួកគេមានអ្នកចូលមើលច្រើន ឬល្បីលើអ៊ីនធឺណិត ដែលវាបានបង្កើតការលើកទឹកចិត្តបន្ថែមឱ្យពួកគេចែករំលែកខ្លឹមសារដែលអាចរំជួលអារម្មណ៍ខ្លាំងៗ ដើម្បីទាក់ទាញអ្នកមើល។

នៅពេលដំបូងៗនៅថ្ងៃជម្លោះទី២៤ ខែកក្កដា គណនីបណ្តាញសង្គមកម្ពុជាមួយចំនួនបានចែករំលែកវីដេអូមួយ ដែលទទួលបានការមើលជាង ២៥៥ ០០០ដង ដោយអះអាងថា វីដេអូននោះបង្ហាញពីយន្តហោះចម្បាំងថៃ F-16 ត្រូវបានបាញ់ទម្លាក់ដោយយោធាកម្ពុជា។

ក្រុមផ្ទៀងផ្ទាត់ការពិត Lead Stories ក្រោយមកបានបញ្ជាក់ថា វីដេអូនេះតាមពិតបង្ហាញពីយន្តហោះរុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅអ៊ុយក្រែន និងបានចែកចាយក្នុងបណ្តាញសង្គមដំបូងក្នុងខែមិថុនា។

ថៃបានធ្វើការទម្លាក់គ្រាប់បែកជាច្រើនដងដោយយន្តហោះ F-16 នៅក្នុងជម្លោះតាមព្រំដែនជាមួយកម្ពុជា។

ប៉ុន្មានម៉ោងមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន រូបភាពមួយផ្សេងទៀតដែលបង្ហាញពីយន្តហោះទម្លាក់សារធាតុទប់ស្កាត់ភ្លើងឆេះព្រៃ រួមជាមួយចំណងជើងអះអាងថាថៃបានប្រើអាវុធគីមីប្រឆាំងនឹងកម្ពុជា ដែលអាចនឹងជាការរំលោភច្បាប់អន្តរជាតិ  បានចែករំលែក​យ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមកម្ពុជា។

រូបភាពមួយចំនួនក្រោយមកត្រូវបានរកឃើញថាជារូបភាពបង្កើតដោយ AI នេះបើយោងតាមអ្នកកាសែតឯករាជ្យដែលសរសេរពីកម្ពុជាសម្រាប់ប្រតិបត្តិសារព័ត៌មាន Kouprey។ រូបភាពផ្សេងទៀតត្រូវបានរកឃើញដោយ AFP ថាជារូបភាពរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលជារូបភាពភ្លើងឆេះ ឈ្មោះPalisades ឆ្នាំ២០២៥ នៅទីក្រុងឡូសអេនជឺលេស។

រូបភាពមួយពីភ្លើងឆេះព្រៃ Palisades ដែលត្រូវបានដាក់ចំណងជើងដោយខុសថា«ផ្សែងពុល» របស់ថៃ ត្រូវបានចែករំលែកនៅថ្ងៃចន្ទដោយឥស្សរជនជាន់ខ្ពស់នៃគណបក្សកាន់អំណាចនៅកម្ពុជា នេះបើយោងតាម Kouprey។ សារព័ត៌មានខេមបូចា បានផ្ទៀងផ្ទាត់ថាការបង្ហោះនេះបន្ទាប់មកត្រូវបានលុបចោល។ រូបភាពមួយទៀតដែលសង្ស័យថាត្រូវបានបង្កើតដោយ AI ដែលបង្ហាញពីយន្តហោះ F-16 ថៃបញ្ចេញផ្សែង ត្រូវបានបង្ហោះឡើងវិញដោយមន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ខណៈដែលការអះអាងថា ថៃបានប្រើអាវុធគីមីជីវសាស្រ្តនៅតែមិនទាន់បានផ្ទៀងផ្ទាត់ ការចោទប្រកាន់របស់កម្ពុជាដែលថាកងទ័ពថៃបានប្រើគ្រាប់បែកចង្កោមដោយជារឿយៗត្រូវបានចាត់ទុកថាជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ កំពុងត្រូវបានស៊ើបអង្កេតដោយអង្គការឃ្លាំមើលឧក្រិដ្ឋកម្ម ជម្លោះ និងអំពើពុករលួយជាសកល។

ដំបូង ប្រទេសថៃបានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែក្រោយមកអ្នកនាំពាក្យយោធាម្នាក់បាននិយាយថា អាវុធបែបនេះ«អាចត្រូវបានប្រើប្រាស់នៅពេលចាំបាច់» ដែលករណីនេះធ្វើឱ្យមានថ្កោលទោសភ្លាមៗពីក្រុមសិទ្ធិមនុស្ស។

ប្រទេសទាំងពីរមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទេ ប៉ុន្តែប្រទេសទាំងពីរនៅតែត្រូវគោរពតាមកាតព្វកិច្ចទូទៅនៃអនុសញ្ញាទីក្រុងហ្សឺណែវ។

ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Fortify Rights និង Human Rights Watch បានចោទប្រកាន់ប្រទេសទាំងពីរថា អាចមានការរំលោភច្បាប់មនុស្សធម៌អន្តរជាតិក្នុងអំឡុងជម្លោះរយៈពេលប្រាំថ្ងៃ ដែលបានធ្វើឱ្យមនុស្សជាង ៣០០ ០០០ នាក់ផ្លាស់ទីលំនៅ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៣ នាក់ស្លាប់ រួមទាំងជនស៊ីវិល។

នៅលើបណ្តាញអ៊ីនធឺណិត រឿងរ៉ាវជាតិនិយមនៅតែបន្តសាយភាយគ្រប់បណ្តាញសង្គមនានា។

ហាស់ថេកដែលមាននៅលើបណ្តាញសង្គម Facebook, X និង TikTok ក្នុងចំណោមគណនីភាសាខ្មែររួមមាន #JusticeForCambodia (យុត្តិធម៌សម្រាប់កម្ពុជា) និង #Cambodia​Self​Defend (កម្ពុជាការពារខ្លួន)។ នៅលើបណ្តាញសង្គមថៃ អ្នកប្រើប្រាស់បានប្រើ #Cambodia​Opened​Fire (កម្ពុជាបើកការបាញ់ប្រហារ) ជាញឹកញាប់នៅពេលបង្ហោះអំពីជម្លោះ ដែលឥឡូវនេះបានឈានដល់ភាពស្ងប់ស្ងាត់។

អ្នកប្រើប្រាស់រាប់រយពាន់នាក់បានបង្ហោះដោយប្រើហាស់ថេកទាំងនេះ។

កងទ័ពថៃក៏បានលើកទឹកចិត្តឱ្យពលរដ្ឋខ្លួនប្រើហាស់ថេកដូចជា #CambodiaShootsFirst (កម្ពុជាអ្នកបាញ់់មុន), #ThailandLovesPeaceButWhenItComesToWarWeAreNotCowardly (ថៃស្រលាញ់សន្តិភាព ប៉ុន្តែនៅពេលសង្រ្គាមមកដល់យើងមិនកំសាកទេ), និង #Cambodia​Opened​Fire(កម្ពុជាបើកការបាញ់ប្រហារ)ជាដើម។

ការចោទប្រកាន់គ្នាថា ភាគីណាបាញ់មុនតែងកើតមានបន្ទាប់ពីការប៉ះទង្គិចនីមួយៗរវាងប្រទេសជិតខាងទាំងពីរ ចាប់តាំងពីឧប្បត្តិហេតុខែឧសភា ដែលជាករណីដំបូងដែលទាហានកម្ពុជាត្រូវសម្លាប់នៅក្នុងជម្លោះនេះ។ ទីក្រុងបាងកក និងភ្នំពេញតែងប្រញាប់ប្រញាល់ចោទប្រកាន់គ្នាទៅវិញទៅមករាល់ពេលជម្លោះផ្ទុះឡើង។

អ្នកកាសែតថៃម្នាក់បានប្រាប់ Nikkei Asia ថា និន្នាការដ៏គួរឱ្យព្រួយបារម្ភនៅលើបណ្តាញសង្គមក្នុងស្រុកគឺការកើនឡើងនៃមតិដែលអំពាវនាវឱ្យ«លុបកម្ពុជាចេញពីផែនទី»។ លោកបានសង្កេតឃើញថា បណ្តាញសារព័ត៌មានថៃមួយចំនួនកំពុងបង្កើនភាពតានតឹងដោយផ្តល់អាទិភាពដល់ព័ត៌មានដែលធ្វើឱ្យមានការរំជួលអារម្មណ៍ ។

វោហារសាស្ត្រដែលបានពង្រីកបន្ថែមនេះ អាចជាផ្នែកមួយដែលរួមចំណែកធ្វើឱ្យមានការវាយប្រហារលើកម្មករចំណាកស្រុកកម្ពុជានៅប្រទេសថៃ ភ្លាមៗបន្ទាប់ពីជម្លោះបានផ្ទុះឡើងវិញ។

អង្គការសង់ត្រាល់បានកត់ត្រាករណីចន្លោះពី ១៥ ទៅ ២០ ដែលពាក់ព័ន្ធនឹងការវាយប្រហារលើជនជាតិខ្មែរនៅថៃចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា។

ក្រុមហ៊ុន Meta ដែលគ្រប់គ្រងបណ្តាញ Facebook និង Instagram ត្រូវបានគេរិះគន់ជាយូរមកហើយចំពោះការជំរុញឱ្យការកើនឡើងនៃការប្រើប្រាស់ភាសាដែលមានលក្ខណៈស្អប់ខ្ពើមក្នុងអំឡុងជម្លោះ ជាពិសេសទាក់ទងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា។ ក្រុមហ៊ុននេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណួរពីខេមបូចា ទាក់ទងនឹងវិធានការដើម្បីទប់ស្កាត់ការកើនឡើងនៃសម្តីញុះញង់នៅក្នុងខ្លឹមសារជាភាសាខ្មែរ និងថៃនៅឡើយទេ។

លោក ម៉ូសេ អ្នកស្រាវជ្រាវអំពីអាកប្បកិរិយានៅលើអ៊ីនធឺណិតនៅក្នុងប្រទេសទាំងពីរ បានលើកឡើងថា៖ «នៅកន្លែងដែលមានកម្រិតនៃការយល់ដឹងឌីជីថលទាប មនុស្សជួបការលំបាក​​ក្នុងការបែងចែករវាងព័ត៌មានមិនពិត ព័ត៌មានខុស និងការពិត»។ លោកបានបន្ថែមថា៖ «ដោយសារតែបញ្ហានេះ និងការខឹងសម្បារ ក៏ដូចជាការស្អប់ខ្ពើមនៅលើអ៊ីនធឺណិត វាពិបាកក្នុងការបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ សូម្បីតែប្រភពដែលគួរឱ្យទុកចិត្តក៏មិនត្រូវបានគេទុកចិត្តទៀតឡើយ»។

ជម្លោះបណ្តាញសង្គមក៏បានជំរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងក្នុងចំណោមបណ្តាញសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់ផងដែរ។

សម្ព័ន្ធនៃក្រុមសិទ្ធិមនុស្ស និងសារព័ត៌មានចំនួន១៦ ដែលរួមមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខេមបូចា និងបណ្តាញព័ត៌មានថៃ Prachatai បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃសុក្រដោយជំរុញឱ្យមានការរាយការណ៍ប្រកបដោយសីលធម៌ និងអព្យាក្រិត និងការការពារអ្នកកាសែតដែលគ្របដណ្តប់ជម្លោះ។

សេចក្តីថ្លែងការណ៍បានសរសេរថា៖ «យើងខ្ញុំសូមអំពាវនាវបន្ថែមទៀតដល់អ្នកសារព័ត៌មានទាំងអស់ មិនថាក្នុងស្រុកឬអន្តរជាតិ ទាំងនៅប្រទេសកម្ពុជា ឬនៅប្រទេសថៃ អ្នកសារព័ត៌មានវិជ្ជាជីវៈ ឬពលរដ្ឋ ត្រូវប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលត្រូវបានទទួលស្គាល់ជាសកល ជាពិសេសនៅពេលដែលរាយការណ៍អំពើបញ្ហាព្រំដែនដ៏រសើប»។

សេចក្តីថ្លែងដដែលបានបន្ថែមថា៖ «ក្រមសីលធម៌វិជ្ជាជីវៈ ទាមទារភាពត្រឹមត្រូវ យុត្តិធម៌ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយមនសិការ ដើម្បីចៀសវាងការភាន់ច្រលំ ឬ ការបង្កើននូវជម្លោះ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia-Thailand Clashes Lull, Social Media Battles Carry On

ព័ត៌មានថ្មី

អត្ថបទពេញនិយម