UPDATES:
ម៉ោង៥:១៥៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានជំរុញឱ្យប្រទេសកម្ពុជា និងប្រទេសថៃ ចាត់វិធានការដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងកាត់បន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបានមានប្រសាសន៍ថា៖ «ប្រទេសចិននឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមវិធីផ្ទាល់ខ្លួនរបស់យើង ក្នុងការនាំមកនូវបទឈប់បាញ់ និងស្តារសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ»។
ម៉ោង២:៥៨៖ គិតត្រឹមថ្ងៃទី១៥ខែធ្នូ សាលារៀនចំនួន ១,០៣៩ នៅក្នុងខេត្តចំនួន៦ជាប់ព្រំដែនរវាងកម្ពុជានិងថៃ បានបិទទ្វារដែលធ្វើឱ្យប៉ះពាល់ដល់គ្រូបង្រៀន ៩,៧៩៧នាក់ និងសិស្សចំនួន ២៤២,៨៨១នាក់។ នេះបើយោងទៅតាមក្រសួងអប់រំ។
ម៉ោង២:៣០៖ ពលរដ្ឋជាស្ត្រីម្នាក់ទៀតត្រូវបានស្លាប់នៅក្នុងខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យចំនួនជនស៊ីវិលកម្ពុជាដែលស្លាប់កើនដល់ ១៣ នាក់ និងរបួស ៧៤នាក់ ក្នុងជម្លោះកម្ពុជា-ថៃ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។ ខណៈជនភៀសសឹកកើនឡើងដល់ ៤០៥,៧៥៨នាក់ គិតត្រឹមម៉ោង ៧:០០ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥។
ម៉ោង ០១:៣៥នាទី៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ដើម្បីបង្ហាញការរកឃើញពីការតាមដានផ្កាយរណបរបស់សហរដ្ឋអាមេរិកលើការវិវត្តន៍នៅតំបន់ជម្លោះ ព្រំដែនកម្ពុជា-ថៃត្រូវបានពន្យារពេល។ នេះបើយោងតាមប្រធានអាស៊ានប្តូរវេន លោក Anwar Ibrahim។
ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានផ្ទុះឡើងជាថ្មីបានឈានចូលដល់ថ្ងៃទី៩ នាថ្ងៃចន្ទនេះ ខណៈដែលភាពតានតឹងបានកើនឡើងនិងរាលដាលដល់តំបន់សមុទ្រ។ ក្រសួងការពារជាតិកម្ពុជា ក៏បានច្រានចោលការអះអាងរបស់ថៃ ដែលចោទថា កម្ពុជាបានចូលឈ្លានពានខេត្តត្រាត។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះថា យោធាថៃបានបើកការបាញ់ប្រហារនិងប្រើដ្រូនចូលក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដែលគ្របដណ្តប់លើតំបន់បឹងត្រកួន ភូមិព្រៃចាន់ ភូមិជោគជ័យ អូរភ្លុកដំរី ថ្មដា និងច្រកជ័យជម្នះ និង យោធភូមិភាគទី៤ យោធាថៃក៏បានចាប់ផ្តើមបាញ់គ្រាប់កាំភ្លើងធំ ដាក់ពង្រាយគ្រាប់បែកចង្កោម ទម្លាក់គ្រាប់បែក និងរំកិលរថក្រោះចូលទៅក្នុងតំបន់ផ្សេងៗ រួមមាន អូរស្មាច់ ប្រាសាទខ្នារ ថ្មដូន ប្រាសាទតាក្របី ក្រុងសំរោង តំបន់អានសេះ ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ។
ក្រសួងការពារជាតិ បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួនថា នៅម៉ោង១០:០៨នាទី និង ម៉ោង១០:១១នាទី នៅថ្ងៃចន្ទនេះ យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ២គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្នុងពេលជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ថា ថៃបានពិចារណាបិទឈូងសមុទ្រថៃ ដើម្បីរារាំងការផ្គត់ផ្គង់ប្រេងនិងសម្ភារៈយោធាដែលមានគោលដៅមកកម្ពុជា។ សេចក្តីរាយការណ៍ដដែលបានលើកឡើងថា កងទ័ពថៃបានបញ្ជាឱ្យបិទខ្ទប់ឈូងសមុទ្រ ដើម្បីរារាំងការដឹកជញ្ជូនប្រេងឥន្ធនៈ និងសម្ភារៈយោធាកុំឱ្យទៅដល់កម្ពុជាដើម្បីឱ្យសមត្ថភាពយោធារបស់កម្ពុជាចុះខ្សោយ។
ទោះជាយ៉ាងណាក៏ដោយ វិធានការនេះនៅមិនទាន់ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់ថៃនៅឡើយ ដោយក្រុមប្រឹក្សានេះគ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៥ ខែធ្នូ ដើម្បីពិភាក្សាលើសំណើនេះ។
ទន្ទឹមនឹងនេះ កងទ័ពជើងទឹកភូមិន្ទថៃបានណែនាំអ្នកនេសាទឱ្យផ្អាកសកម្មភាពនេសាទជាបណ្តោះអាសន្ន នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ចំនួនបួន គឺតំបន់ភាគខាងត្បូងកោះឆាង ជុំវិញកោះគុត តំបន់ទល់មុខកោះយ៉ និងនៅឆ្នេរស្រុកខ្លងយ៉ៃ ក្នុងខេត្តត្រាតរបស់ប្រទេសថៃ នៃព្រំប្រទល់ខត្តកោះកុងរបស់កម្ពុជា។
តាមក្រសួងមហាផ្ទៃ គិតត្រឹមម៉ោង៦:០០ ល្ងាច ថ្ងៃទី១៤ ខែធ្នូ ជនស៊ីវិលម្នាក់ទៀតបានបាត់បង់ជីវិតនិង១៥នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមានពលរដ្ឋម្នាក់រងផលប៉ះពាល់ដោយសារផ្សែងពុល ដែលធ្វើឱ្យតួលេខជនស៊ីវិលកម្ពុជាដែលបានស្លាប់សរុបកើនដល់១២នាក់ និង៧៤នាក់ទៀតរងរបួស។
ចំនួនជនភៀសសឹកបានកើនឡើងដល់ ១២០ ៨១៤គ្រួសារ ដែលស្មើនឹង ៤០៣ ៦០១នាក់ ដែលក្នុងនោះមានស្ត្រីប្រមាណ ២០៨ ០០០នាក់ និងកុមារប្រហែល ៩៦ ០០០នាក់។ អំឡុងពេលដែលជម្លោះបានផ្ទុះឡើងនេះ សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបានធ្វើការតវ៉ានៅមុខសេតវិមាន ដោយអំពាវនាវរកសន្តិភាព និងជំរុញឱ្យថៃបញ្ឈប់ការប្រយុទ្ធ។ ជនជាតិខ្មែររស់នៅក្រៅប្រទេសរាប់រយនាក់ផ្សេងទៀតដូចជានៅប្រទេសអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង ក៏បានធ្វើបាតុកម្មស្រដៀងគ្នានេះដែរ ដើម្បីទាមទារឱ្យថៃបញ្ចប់ជម្លោះព្រំដែននិងបញ្ឈប់ការឈ្លានពានមកលើកម្ពុជា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia–Thailand Conflict Enters Ninth Day as Tensions Spill Into the Sea, With Proposed Gulf Blockade









