កម្ពុជានឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ–១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac)របស់ចិនដល់កុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅក្នុងសារជាសំឡេងមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសម្រេចអនុញ្ញាតឱ្យបើកយុទ្ធនាការនេះ។
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ លើកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ ទូទាំងប្រទេសកម្ពុជានឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរក្សាគម្លាតសម្រាប់ដូសទី១ និងដូសទី២ រយៈពេល២៨ថ្ងៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារជាសំឡេងមួយនៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយស្នើឱ្យអាណាព្យាបាល និងមាតាបិតានាំកូនអាយុពី៣ឆ្នាំ ដល់ ៥ឆ្នាំ ទៅទទួលយកការចាក់វ៉ាក់សាំងដូសមូលដ្ឋានដើម្បីការពារពីការឆ្លងនូវជំងឺកូវីដ-១៩។
លោក ហ៊ុន សែន ឱ្យដឹងទៀតថា ការដាក់ចេញនូវវិធានការចាំបាច់នេះ ដើម្បីកុំឱ្យកុមារទាំងនោះឆ្លងនូវមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង។
លោកនិយាយថា៖ «មូលហេតុសម្រេចបែបនេះដោយសារតែសង្កេតឃើញថា ចាប់ផ្ដើមអូមីក្រុងរុករាន នៅក្នុងប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម៥ឆ្នាំ មានប្រមាណជាង២៥% (នៃ៧០ម៉ឺននាក់)ដែលទទួលនូវជំងឺនេះ រហូតដល់មានការ[ប្រើ]ម៉ាស៊ីនជំនួយដកដង្ហើមផងដែរ។ និយាយដោយត្រង់សូម្បីចៅទី២១របស់ខ្ញុំដែលទើបនឹងមានអាយុមិនទាន់ដល់២ខួប ក៏ទទួលការឆ្លងផងដែរ»។
លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា ទាល់តែមានការចាក់វ៉ាក់សាំង ដើម្បីធានាថាពួកគេមានភាពស៊ាំ ដើម្បីបញ្ចៀសនូវគ្រោះមហន្តរាយនេះសម្រាប់ពួកគេ ហើយប្រសិនបើឆ្លងក៏មិនធ្ងន់ធ្ងរនាំឱ្យបាត់បង់ជីវិតផងដែរ។
អ្នកស្រី ម៉ុម ថាត មានកូនបីនាក់ រស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និយាយថា អ្នកស្រីនឹងរងចាំមើលឪពុកម្ដាយផ្សេងទៀត ថាតើមានអ្នកយកកូនអាយុ៣ឆ្នាំទៅដល់៥ឆ្នាំទៅចាក់វ៉ាក់សាំងដែរឬទេ ហើយប្រសិនបើមាន អ្នកស្រីក៏នាំកូនស្រីអាយុ៤ឆ្នាំទៅចាក់វ៉ាក់សាំងដើម្បីការពារកុំឱ្យឆ្លងនូវជំងឺកូវីដ-១៩នេះផងដែរ។
អ្នកស្រីបន្ថែមថា គ្រួសារអ្នកស្រីទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នាលើកលែងតែកូនស្រីអាយុ៤ឆ្នាំម្នាក់នេះប៉ុណ្ណោះ។
អ្នកស្រី និយាយថា «យើងអត់ដឹងថាម៉េចវានៅតូចដែរ គេថាអត់អី តែយើងចេះតែបារម្ភ អ្នកខ្លះថាចាក់ទៅមានផលប៉ះពាល់ តែគេថា ឆ្លងក៏វាស្រាល។ ប៉ុន្តែបើសិនជាចាក់ទៅល្អដូចការផ្សព្វផ្សាយយើងចាក់ល្អជាង»។
កំពុងឈរលក់លៀសហាលក្រោមកំដៅថ្ងៃក្ដៅជាមួយកូនប្រុស អ្នកស្រី ជាប ផល្លា អាយុ៤៦ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និយាយថា សប្ដាហ៍ក្រោយនេះ អ្នកស្រីនឹងនាំកូនប្រុសអាយុជាង៣ឆ្នាំទៅចាក់វ៉ាក់សាំង បើទោះបីជាអ្នកស្រីមានមន្ទិលថា ការចាក់សាំងអាចនាំផលរំខានដល់កូនអ្នកស្រីក៏ដោយ។
អ្នកស្រីនិយាយថា៖ «ខ្ញុំចាក់ហើយអត់ដែរអីផង គ្រាន់តែឈឺកន្លែងចាក់ (រងផលរំខាន)។ ខ្ញុំគិតថាប្រហែលជាមិនអីទេមើលទៅ ប៉ុន្តែមិនប្រាកដទេ។
លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនងនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា បានឆ្លើយតបសំណួរអ្នកសារព័ត៌មានខេមបូចាតាមរយៈអ៊ីម៉ែលថា បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងPfizer ចំពោះកុមារអាយុចាប់ពី៥ឆ្នាំទ្បើង។
លោកបន្តថា សម្រាប់ចម្លើយរបស់យូនីសេហ្វ លោកសូមចែករំលែកនូវសេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២១។
សេចក្ដីថ្លែងការណ៍របស់អង្គការយូនីសេហ្វដែលចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ជំងឺកូវីដ-១៩ ពុំសូវបង្កហានិភ័យខ្ពស់លើកុមារ និងក្មេងជំទង់ឡើយ។ ហើយពួកគេក៏ប្រហែលមិនងាយឆ្លងជំងឺនេះផងដែរ ប្រសិនបើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ។ ក្នុងករណីឆ្លង គឺមានអាការស្រាល ឬគ្នានរោគសញ្ញាហើយភាគរយតិចណាស់ដែលពួកគេអាចចម្លងមេរោគនេះទៅកាន់មនុស្សផ្សេងទៀត។
យោងតាមគេហទំព័រអង្គការសុខភាពពិភពលោក ឱ្យដឹងថា ក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្ររបស់អង្គការមួយនេះ សន្និដ្ឋានថា វ៉ាក់សាំងPfizer មានសុវត្ថិភាពក្នុងការប្រើប្រាស់សម្រាប់អ្នកដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ហើយវ៉ាក់សាំង Moderna អាចប្រើបានសម្រាប់អ្នកដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។
លោក ហុក គឹម ចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល បដិសេធឆ្លើយសំណួរទាក់ទិននឹងការចាក់វ៉ាក់សាំងលើកុមារនេះ ដោយសារលោករវល់ប្រជុំ។
លោកនិយាយថា៖ «ខ្ញុំចង់ឱ្យប្អូនទំនាក់ទំនងទៅគណៈកម្មការចំពោះកិច្ចវិញដោយសារ ខ្ញុំជាប់ប្រជុំរឿងកូវីដអូមីក្រុង គណៈកម្មការចំពោះកិច្ចគេជំនាញខាងហ្នឹងតែម្ដង គេកំពុងរៀបចំនិតិវិធីក្នុងការចាក់ហ្នឹង។(កុមារតម្រូវឱ្យចាក់ប៉ុន្មានដូស) គេកំពុងរៀបចំនិតិវិធីហ្នឹង»។
ដោយឡែកលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចសុំការអត្ថាធិប្បាយអំពីរឿងនេះបានទេ។
សារាចររបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឱ្យដឹងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញដល់កុមារអាយុ ៥ឆ្នាំ ដល់ ១២ឆ្នាំ ឱ្យបានឆាប់រហ័ស។ ទន្ទឹមនេះ អាជ្ញាធរពាក់ព័ន្ធត្រូវធានាថា ឱសថមាននៅក្នុងស្តុកគ្រប់គ្រាន់ និងមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាល មធ្យម និងកម្រិតធ្ងន់ ព្រមទាំងចែកចាយឱសថដែលមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្រាន់ ទូលំទូលាយ ក្នុងតម្លៃសមរម្យដល់សាធារណជន។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង កាលពីថ្ងៃពុធសប្ដាហ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ប្រជាពលរដ្ឋខ្មែរដែលបានចាក់វ៉ាក់សាំងចំនួន១៤លាននាក់ក្នុងនោះមាន៦លាននាក់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសជម្រុញទី៤ ចំនួន៦០ម៉ឺននាក់។
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារអាយុ ៥ឆ្នាំ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមានវ៉ាក់សាំងក្នុងដៃចំនួន១០លានដូស ដែលបានស្តុកទុកក្នុងឃ្លាំងតាមបណ្ដារាជធានី-ខេត្ត។ លោក ហ៊ុន សែន ឱ្យដឹងទៀតថា កម្ពុជាមានវ៉ាក់សាំងសរុបចំនួន៣៨លានដូស ក្នុងនោះការបញ្ជាទិញចំនួន២៨លានដូស ក្រៅពីនេះគឺជាការផ្ដល់ឱ្យពីបណ្ដាប្រទេសដូចជា អាមេរិក ជប៉ុន អង់គ្លេស និងចិន។ ខណៈការសន្យានានាក្នុងការផ្ដល់ជំនួយវ៉ាក់សាំងមានដល់៤៧លានដូស។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនេះ ឱ្យដឹងថា លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មានអ្នកចាក់វ៉ាក់សាំងចំនួន ៨៩,៩១%។ ក្នុងនោះអត្រានៃការចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង មានចំនួន១០២,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ កុមារអាយុចន្លោះ ១២ឆ្នាំ ដល់១៨ឆ្នាំ មាន៩៩,៦៩% ធៀបជាមួយប្រជាជនគោលដៅចំនួន១,៨២៧,៣៤៨នាក់។ កុមារអាយុចន្លោះ ០៦ឆ្នាំ ដល់១២ឆ្នាំ មាន១០៦,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ចំនួន១,៨៩៧,៣៨២នាក់។ កុមារអាយុ៥ឆ្នាំ មាន១០៨,០៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ចំនួន៣០៤,៣១៧នាក់។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ វីរុសអូមីក្រុងដែលឆ្លងរាលដាលក្នុងសហគមន៍ត្រូវបានរកឃើញមានចំនួន ៤ ០៦៤ករណី បន្ទាប់ពីរកឃើញអូមីក្រុងដំបូងក្នុងសហគមន៍នៅថ្ងៃទី០៨ខែមករា ឆ្នាំ២០២២។ ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសរុបចំនួន ១២៥ ២០១ករណី និងស្លាប់សរុបចំនួន៣០១៥ករណី ខណៈការជាសះស្បើយចំនួន ១១៩ ៨៨០ករណី៕