សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

លោក នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំមន្ត្រី ប្រជាពលរដ្ឋ និងអ្នកសារព័ត៍មានធ្វើទស្សនកិច្ចតាមបង្គោលព្រំដែនភាគឦសានប្រទេស។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (រូបភាព៖ AKP)
លោក នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំមន្ត្រី ប្រជាពលរដ្ឋ និងអ្នកសារព័ត៍មានធ្វើទស្សនកិច្ចតាមបង្គោលព្រំដែនភាគឦសានប្រទេស។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (រូបភាព៖ AKP)

កម្ពុជាបានប្រកាសសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA ដែលត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំមកហើយ ក្រោយមានការតវ៉ាស្នើឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងនេះជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែរនៅឯក្រៅប្រទេស។

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីគម្រោងនេះត្រូវបានប្រកាសជាសាធារណៈនៅលើគេហទំព័ររបស់ប្រធានព្រឹទ្ធសភា​គឺ លោក ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

លោក ហ៊ុន សែន បានលើកឡើងថា កន្លងទៅនេះក្រុមដែលមានមតិផ្ទុយ បានយកតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ធ្វើជាអាវុធនយោបាយ ដើម្បីវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយធ្វើឱ្យប្រជាជនមានការភាន់ច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤នៃភាគឦសានឱ្យទៅបរទេសជាដើម។ លោកបានបន្ថែមថា ចុងក្រោយនេះ ពួកគេក៏បានប្រើរឿងនេះ ដើម្បីធ្វើការញុះញង់ និងបំផុសបំផុលប្រជាជនឱ្យចូលរួមអនុវត្តនូវផែនការ ថ្ងៃទី១៨ ខែសីហា ក្នុងការប៉ុនប៉ងធ្វើបាតុកម្មបង្កអស្ថិរភាពដល់សង្គមជាតិ។

បើយោងតាមសេចក្តីថ្លែងការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស ចេញផ្សាយថ្ងៃទី២៨ ខែសីហា ថា មនុស្ស៩៤នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងការរិះគន់អពីគម្រោងCLV-DTA ហើយយ៉ាង​ហោចណាស់៥៩នាក់ត្រូវបានចោទប្រកាន់ ឃុំខ្លួន ឬស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះ​អាសន្ន​​។ មនុស្ស​៥៩​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​រួម​មាន​សកម្មជន​ការពារ​បរិស្ថាន ​សកម្មជនសិទ្ធិ​មនុស្ស​ព្រម​ទាំង​«កុមារ»ផងដែរ។

ក្នុងនោះ មនុស្ស២១នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ហើយមនុស្ស៣៣នាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទរួមគំនិតក្បត់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល​។

អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានចេញអត្ថបទកាលពីថ្ងៃទី១៦ ខែ កញ្ញា ដោយបង្ហាញថា យ៉ាងហោចណាស់មនុស្ស​៦រូប ជាសមាជិកអង្គការ និងសមាគម៤រូប ជាសកម្មជន និង១២រូប ជាសកម្មជនគណបក្សជំទាស់ ចំណែកអ្នកផ្សេងទៀត គឺជាពលរដ្ឋ ដែលបានបង្ហោះសារលើ បណ្តាញសង្គម ឬការចង់ជួបជុំរបស់ពួកគេជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ផងដែរ។

តែយ៉ាងណាមិញ ផែនការធ្វើបាតុកម្មថ្ងៃទី១៨ ខែសីហា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយពលរដ្ឋខ្មែរជាច្រើនពាន់នាក់ធ្វើបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងគម្រោងCVL-DTA ដោយសារតែបារម្ភថាកម្ពុជាអាចបាត់បង់ទឹកដីខេត្តភាគឦសានទៅវៀតណាម មិនអាចត្រូវបានធ្វើឡើងនោះទេ។

លោក ហ៊ុន សែន បន្តថា ទោះបីផែនការថ្ងៃទី១៨ ខែសីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ប៉ុន្តែ ជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។

លោកបានប្រសាសន៍ថា៖ «ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំ​បាច់​ខាងនយោបាយ ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចហើយដែរ»

បើទោះបីជាកម្ពុជាបានសម្រេចចាកចេញពីគម្រោងនេះហើយក៏ពិតមែន តែអ្នកដែលត្រូវបានចាប់ខ្លួនកន្លងមកពាក់ព័ន្ធនឹងគម្រោងនេះ មិនត្រូវបានដោះលែងវិញទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិនិត្យមើល​ការសាងសង់ផ្លូវ​នៅតាម​បណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តក្រចេះ និងខេត្ត​មណ្ឌល​គិរី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ (រូប​ភាព​ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិនិត្យមើល​ការសាងសង់ផ្លូវ​នៅតាម​បណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តក្រចេះ និងខេត្ត​មណ្ឌល​គិរី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ (រូប​ភាព​ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត)

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ ខេមបូចា ថា ការអនុវត្តច្បាប់ចាប់អ្នកទាំងនោះមិនពាក់ព័ន្ធជាមួយនឹងដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA ទេ។

បើតាមការឆ្លើយតបពីគណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន ទៅកាន់មតិដែលបានស្នើរសុំលោកឱ្យដោះលែងអ្នកដែលត្រូវបានចាប់ខ្លួននាងពេលកន្លងមក លោកបញ្ជាក់ថា ពួកគេទាំងនោះគឺមិនអាចដោះលែងបានទេ។

លោក អំ សំអាត នាយក​​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​ នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ បានប្រាប់ ខេមបូចា ថា កន្លងមកទាក់ទងជាមួយបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍នេះ គឺមានបញ្ហាចម្រូង​ចម្រាសច្រើន ទាំងការតវ៉ានៅក្រៅប្រទេស​ និងព្រួយបារម្ភរបស់ពលរដ្ឋទៅលើបញ្ហារបស់គម្រោងអភិវឌ្ឍន៍នេះ ដូច្នេះអាចមកពីកត្តាទាំងនេះដែរ ទើបរដ្ឋាភិបាលសម្រេចចិត្តក្នុងការបញ្ចប់នូវគម្រោងអភិវឌ្ឍន៍នេះ។

តែយ៉ាងណាមិញ លោកក៏នៅតែសង្ឃឹមថា ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សម្រេចដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍នេះ សកម្មជន និងយុវជនដែលត្រូវបានចាប់ខ្លួនពីពេលកន្លងទៅនឹងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។

លោកមានប្រសាសន៍ថា៖ «យើងនៅតែមានការសោកស្ដាយ ព្រោះកន្លងមកមានមនុស្សជាច្រើន ជាពិសេសយុវជនដែលមានអាយុក្រោយ១៨ឆ្នាំ និងយុវជនជាច្រើនដែលជាសិស្សនិស្សិតកំពុងសិក្សាត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងជាប់ពន្ធធនាគារ។ យើងសង្ឃឹមថារាជរដ្ឋាភិបាលនឹងពិនិត្យមើលទៅលើរឿងនេះឡើងវិញ ហើយសង្ឃឹមថាយុវជនទាំងអស់នេះអាចនឹងបន្តការសិក្សារៀនសូត្ររបស់ខ្លួន»

ក្រោយពីលោក ហ៊ុន សែន បានប្រកាសពីការដកខ្លួនចេញពីគម្រោងនេះ មួយម៉ោងក្រោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតមួយផ្ញើទៅរដ្ឋមន្រ្តីការបរទេស​ឡាវ និងវៀតណាម អំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។

ក្នុងលិខិតបានលើកឡើងថា ដោយអាណត្តិកិច្ចសហប្រតិបត្តិការបានឈានដល់គោលដៅរបស់ខ្លួន ដូច្នេះកម្ពុជាជឿជាក់ថា​ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាការអភិវឌ្ឍប្រទេសរៀងៗខ្លួន។

កន្លងមកទាក់ទងជាមួយគម្រោងអភិវឌ្ឍនេះ ក៏មាននូវយុទ្ធនាការអនឡាញដែលផ្សព្វផ្សាយអំពីការគាំទ្រលើគម្រោង CLV-DTA នេះផងដែរ តាមរយៈប្តូរស៊ុមរូបថត Facebook ។

យុទ្ធនាការ​លេចធ្លោ​ចំនួន​ពីរ​បាន​ទទួល​ការ​ទាក់ទាញ​ខ្លាំង។ មួយមានអ្នកគាំទ្រ ៣៥៩ ០០០នាក់ ខណៈមួយទៀតទាក់ទាញអ្នកគាំទ្រ ៣៥ ០០០នាក់ក្នុងរយៈពេលប្រាំថ្ងៃ។

ក្រោយពីការចូលរួមក្នុងគម្រោងនេះអស់រយៈពេល២៥ឆ្នាំមកនេះ លោក ហ៊ុន សែន ថា កម្ពុជាបានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ តែយ៉ាងណាមិញ លោកថា​ ក្រោយពីការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ហើយ កម្ពុជានៅតែបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួន ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និងប្រទេស ជាមួយអាស៊ាន និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងដែរថា​ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនកម្ពុជាបានចូលរួម និងចូលរួមចំណែកដល់ការអភិវឌ្ឍនេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។

បើគិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីមហាជនដែលបានចូលរួមជា មួយរាជរដ្ឋាភិបាលក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បានចំនួនជិត១៩លានដុល្លារ អាមេរិក។

បើយោងតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ ខេមបូចា ថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញានេះ មានប្រជាពលរដ្ឋកម្ពុជាចំនួនប្រមាណ ២ ៥០០នាក់ហើយ បានចុះ និងបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាននៃប្រទេសកម្ពុជា៕

378 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម