សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖​ មនុស្ស​៩៤នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការ​រិះគន់គម្រោង CLV-DTA ខណៈ​អាជ្ញាធរកម្ពុជាបដិសេធតួលេខនេះ

រូបទី១៖ ប៉ូលិសពិនិត្យមើលរថយន្តដែលចូលមកទីក្រុងភ្នំពេញនៅព្រឹកថ្ងៃអាទិត្យនៅខេត្តកណ្តាល ដើម្បីបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៨ ខែសីហា ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
រូបទី១៖ ប៉ូលិសពិនិត្យមើលរថយន្តដែលចូលមកទីក្រុងភ្នំពេញនៅព្រឹកថ្ងៃអាទិត្យនៅខេត្តកណ្តាល ដើម្បីបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៨ ខែសីហា ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទទៅលើអ្នកដែលត្រូវបានចាប់ខ្លួនតាមអំពើចិត្តចំពោះការរិះគន់ជាសាធារណៈអំពីកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ថ្លែង​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួនគឺ «ល្មើសច្បាប់» ហើយមិនពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិរបស់គេឡើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ចេញផ្សាយកាលពីថ្ងៃពុធទី២៨ ខែសីហា ថា មនុស្ស៩៤នាក់ត្រូវបានចាប់ខ្លួន ហើយយ៉ាងហោចណាស់៥៩នាក់ត្រូវបានចោទប្រកាន់ ឃុំខ្លួន ឬស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន។

មនុស្ស​៥៩​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​រួម​មាន​សកម្មជន​ការពារ​បរិស្ថាន ​សកម្មជនសិទ្ធិ​មនុស្ស​ព្រម​ទាំង«កុមារ»ផងដែរ។ ពួកគេ​ត្រូវបាន​ឃុំខ្លួន​ និង​ចោទប្រកាន់​ដោយ​ខុសច្បាប់ ព្រោះពួកគេ​បង្ហាញ​ទស្សនៈ​លើ​កិច្ចព្រមព្រៀងតំបន់ត្រីកោណ (CLV-DTA) ឬ​រៀបចំ​ការតវ៉ា​ដោយ​សន្តិវិធី​។

មនុស្ស២១នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ហើយមនុស្ស៣៣នាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទរួមគំនិតក្បត់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ក្នុងនោះមានយុវជនបួននាក់ជាសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ផងដែរ។

បន្ទាប់ពីការចាប់ខ្លួនសកម្មជនបីនាក់ដំបូងនៅក្នុងខែកក្កដា ក្រុមតេឡេក្រាម ដែលមានសមាជិករាប់ពាន់នាក់ត្រូវបានបង្កើតឡើង ហើយបានចាប់ផ្តើមរៀបចំការជួបជុំជាសាធារណៈ និងការដង្ហែក្បួនដោយសន្តិវិធីប្រឆាំងនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណ (CLV-DTA)។

លោកស្រី Bryony Lau នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងថា៖ «ការចាប់ខ្លួនដ៏ច្រើននៃសកម្មភាព CLV-DTA គឺជាចេតនាមួយ និងកិច្ចខំប្រឹងប្រែងសម្របសម្រួលដោយអាជ្ញាធរកម្ពុជា ដើម្បីបំភិតបំភ័យអ្នករិះគន់ និងរារាំងពួកគេមិនឱ្យធ្វើបាតុកម្មនៅក្នុងទីក្រុងភ្នំពេញ ឬចែករំលែកទស្សនៈរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម»

លោកស្រីបន្ថែមថា៖ «ការឃុំខ្លួនមិនត្រឹមត្រូវ និងការចោទប្រកាន់ទាំងនេះ បង្ហាញពីការមិនគោរពសិទ្ធិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋកម្ពុជា និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេស»

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បដិសេធមិនបង្ហាញចំនួនជាក់លាក់ចំនួនមនុស្សបានចាប់ខ្លួន ដែលគ្រោងចូលរួមបាតុកម្មប្រឆាំងគម្រោង CVL-DTA ។

លោក​បន្តថា‍៖ «គាត់ [អង្គការឃ្លាំមើលសិទ្ធិមនុស្ស] ឮអ្វីស្រេចតែគាត់ទៅ ប៉ុន្តែខ្ញុំមិនមានទិន្នន័យដូចគាត់និយាយទេ ខ្ញុំអត់មានទិន្នន័យសម្រាប់រាយការណ៍ជូនគាត់ទេ ហើយ​​ក៏​អត់មាន​អី​​ប្រាប់​អ្នក​កាសែត​ដែរ»

លោក គឹមឃឿន បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម ហើយបានបង្វែរសំនួរឱ្យទៅមើលសារព័ត៌មានក្នុងស្រុក Freshnews ចុះផ្សាយកាលពីថ្ងៃទី១៨ ខែសីហា។ ដែលលោកបានបញ្ជាក់ថាមនុស្ស៣១នាក់ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

ការបាតុកម្មដែលមិនបានកើតឡើងនៅថ្ងៃទី១៨ ខែសីហា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយពលរដ្ឋខ្មែរជាច្រើនពាន់នាក់ធ្វើបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងគម្រោង CVL-DTA ដោយសារតែបារម្ភថាកម្ពុជាអាចបាត់បង់ទឹកដីខេត្តភាគឦសានទៅវៀតណាម។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា កម្ពុជាក៏ដូចប្រទេសដទៃដែរ ប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ហើយចាត់វិធានការចំពោះជនល្មើសច្បាប់តែប៉ុណ្ណោះ។

លោកថ្លែងថា‍៖ «ខ្ញុំសូមជម្រាបប្អូនថា មិនមានការចាប់ខ្លួនអ្នកដែលបញ្ចេញមតិមក​លើ​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​មាន​តែ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ប៉ុណ្ណោះ»

លោក​ បូណា បន្តថា៖ «អង្គការឃ្លាំមើលសិទិ្ធមនុស្សគួរតែស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងសរសេររបាយការណ៍ស្តីពីថាតើមានមូលហេតុអ្វីចំណាត់ការផ្លូវច្បាប់ចំពោះមនុស្សមួយចំនួន»

លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់ និង​សេរីភាព​ផ្សេងៗ​ទៀត។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានប្រាប់ សារព័ត៌មានខេមបូចា ថា ប្រសិនបើស្ថានការណ៍ CLV-DTA នៅតែតានតឹង វានឹងប៉ះពាល់ដល់សកម្មភាពគណបក្សក្រៅរដ្ឋាភិបាល និងសុវត្ថិភាពសមាជិកបក្ស។

លោកបានលើកឡើងថា គណបក្សបានណែនាំសមាជិករបស់ខ្លួនឱ្យបញ្ឈប់សកម្មភាពរបស់ពួកគេ ដូចជាកិច្ចប្រជុំក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដើម្បីជៀសវាងការចោទប្រកាន់ពីការប្រមូលផ្តុំគ្នាប្រឆាំងនឹង CLV-DTA ។

លោកលើកឡើងថា៖​​ «យើងមិនចង់ឱ្យមានការចោទប្រកាន់ ឬក៏មិនចង់ឱ្យមានការសង្ស័យទេ ថ្វីត្បិតតែយើង សកម្មភាពរបស់យើង គឺជាសកម្មភាពស្មោះត្រង់ គឺជាសកម្មភាពនយោបាយ ការជួបជុំជាមួយសកម្មជន ជាមួយសមាជិកសមាជិការរបស់យើង ជារឿងធម្មតាសម្រាប់គណបក្សនយោបាយ»

គណបក្សភ្លើងទៀននឹងបន្តសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញក្នុងពេលឆាប់ៗនេះ រួមទាំងកិច្ចប្រជុំជាមួយសមាជិកនៅថ្នាក់មូលដ្ឋាន ដើម្បីពិភាក្សាអំពីជំហររបស់ពួកគេ និងពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន។

លោក គង់ ម៉ូនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សប្រឆាំងមួយបានមានប្រសាសន៍ថា៖ «នេះជារូបភាពនៃការបំភិតបំភ័យ និងបិទសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»

លោកសង្កេតឃើញថា សមាជិកគណបក្សប្រឆាំងចំនួន១០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ ដោយលោកជំរុញឱ្យរដ្ឋាភិបាលបើកលំហសេរីភាពនៃការបញ្ចេញមតិ និងគោរពសិទ្ធិមនុស្ស។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ថ្លែងថា តួលេខរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស គឺជាការព្រួយបារម្ភលើអ្នកជាប់ឃុំ ដោយការចោទប្រកាន់ធ្ងន់ធ្ងរព្រោះពាក់ព័ន្ធនឹង «បទរួមគំនិតក្បត់ និងបទញុះញង់» ដែលគួរឱ្យព្រួយបារម្ភណាស់។

លោកបានបញ្ជាក់ថា៖ «ថ្មីៗនេះក៏យើងឃើញមានការរិះគន់ច្រើនដែរទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមានការបោះជំហានថយក្រោយនៅក្នុងប្រទេសកម្ពុជា»

លោកបន្ថែមថា អង្គការសង្គមស៊ីវិលតែងតែផ្តោតលើសិទ្ធិមនុស្ស ដូច្នេះពួកគេនៅតែមានការព្រួយបារម្ភ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ HRW Says 94 People Arrested In Alleged Anti-CLV-DTA Sweep, Authorities Deny Figure 

1,500 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម