សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការសង្គមស៊ីវិលកម្ពុជា និងពលរដ្ឋថៃទាមទារឱ្យបញ្ចប់ជម្លោះ ខណៈការស្លាប់របស់ជនស៊ីវិលកើនឡើង Updated

ក្រុមអង្គការសង្គមស៊ីវិលមួយក្រុមកាន់បដាអំពាវនាវរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងការបញ្ចប់ជម្លោះ។ រូបថតមួយសន្លឹកនេះត្រូវបានបង្ហោះនៅលើវេទិកាអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) នៅលើហ្វេសប៊ុករបស់ប្រទេសកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលមួយក្រុមកាន់បដាអំពាវនាវរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងការបញ្ចប់ជម្លោះ។ រូបថតមួយសន្លឹកនេះត្រូវបានបង្ហោះនៅលើវេទិកាអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) នៅលើហ្វេសប៊ុករបស់ប្រទេសកម្ពុជា។
UPDATES:

ម៉ោង ៨: ៥៨ យប់៖ ក្រសួងការពារជាតិបានលើកឡើងថា យោធាថៃនៅតែបន្តបាញ់ប្រហារលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជា គិតត្រឹមម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥។

  • ចាប់ពីម៉ោង ៦:១៥នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំយ៉ាងសន្ធាប់និងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះបាញ់បុកបន្ថែម ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ។
  • ចាប់ពីម៉ោង ៧:៤០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
  • ចាប់ពីម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។
  • ម៉ោង ៩:៥០ យោធាថៃបានប្រើប្រាស់យន្តហោះស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រប្រាសាទតាមាន់។
  • ម៉ោង ១១:០០នាទី យោធាថៃបានបង្កើនការបាញ់យ៉ាងសន្ធប់បន្ថែមលើភូមិសាស្ត្រប្រាសាទតាមាន់។
  • ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
  • ម៉ោង ១:២០នាទី យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងបានបន្តបាញ់ផ្លោងកាំភ្លើងធំ, កាំជ្រួចហ្វូង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភូមិសាស្ត្រអូរស្មាច់ ខេត្តឧត្តរមានជ័យ។
  • ចាប់ពីម៉ោង ៣:០០នាទី ដល់ម៉ោង ៥:០០នាទី យោធាថៃបានបាញ់កាំជ្រួចហ្វូងប្រភេទ DTI-2 និងSR4 មកលើប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ, គោល៨ ព្រមទាំងវាយប្រហារចូលដល់ទីប្រជុំជនរបស់ស្រុកស្រអែម, ពាក់ស្បែក ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រអូរស្មាច់ ខេត្តឧត្តរមានជ័យ។
  • ចាប់ពីម៉ោង ៤:០០នាទី ដល់ម៉ោង ៥:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំជ្រួចហ្វូង DTI-2 មកលើភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជំាតែ និងគោល៨ ព្រមទាំងបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច។

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតត្រឹមម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥។

  • ម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួនទៅតាមផែនការនៃការឈ្លានពានបូរណភាពទឹករបស់កម្ពុជា។
  • ចាប់ពីម៉ោង ៦:១៣នាទី ដល់ម៉ោង ៣:៣៥នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ១២៥គ្រាប់ចូលភូមិសាស្ត្រភូមិព្រៃចាន់។
  • ចាប់ពីម៉ោង ៦:១៨ ដល់ម៉ោង ៦:៤៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
  • ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៤:០០នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ចូលភូមិសាស្ត្រស្រុកថ្មពួក។
  • ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៤:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំចំនួន ៩៩គ្រាប់, ផ្សែងពុល និងបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចំនួន ៤លើកក្នុងភូមិសាស្ត្រភូមិជោគជ័យ។
  • ចាប់ពីម៉ោង ៩:៥៨នាទី ដល់ម៉ោង ៣:១១នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។
  • ម៉ោង ១៦:៥៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះ និងរថពាសដែកបានព្យាយាមរុលចូលភូមិសាស្ត្រចម្ការគ ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រសួងបានបន្ថែមថា កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

អង្គការសង្គមស៊ីវិលជាង ១៨០ (CSOs) បានថ្កោលទោសការប្រើប្រាស់កម្លាំង ការឈ្លានពានដោយយោធា និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តដោយរដ្ឋាភិបាលថៃ ហើយបានអំពាវនាវឱ្យបញ្ឈប់អរិភាពជាបន្ទាន់-ការស្នើសុំនេះត្រូវបានធ្វើឡើងដោយនិស្សិត និងប្រជាជននៅឈៀងម៉ៃ ប្រទេសថៃ។

យោងតាមក្រសួងការពារជាតិ គិតត្រឹមម៉ោង ៨:៤១ ព្រឹក ថ្ងៃទី២៥ ខែធ្នូ យោធាថៃបានបាញ់គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រចូលទៅក្នុងតំបន់លំនៅឋានរបស់ជនស៊ីវិល ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ នៅក្នុងតំបន់តាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​។

នៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា កងកម្លាំងថៃនៅតែបន្តវាយប្រហារ និងឈ្លានពានទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដោយដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងរថក្រោះឈ្លបយកការណ៍ និងបាញ់កាំភ្លើងធំចូលទៅក្នុងតំបន់យោធភូមិភាគទី៤ និងទី៥ ដែលមានទីតាំងនៅព្រះវិហារ និងខេត្តបន្ទាយមានជ័យ។

យោធាថៃក៏បានបើកការវាយប្រហារតាមអាកាសដោយប្រើយន្តហោះចម្បាំង F-16 និង T-50 ផងដែរ។ ការបាញ់ផ្លោងដោយកាំភ្លើងធំ និងការប្រើប្រាស់គ្រាប់រំសេវផ្សេងៗ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងច្រើន។

ការវាយប្រហារនៅតែបន្ត ទោះបីជាមានការចរចាជាបន្តបន្ទាប់រវាងកម្ពុជា និងថៃ នៅលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលជាថ្ងៃទីពីរ ជាមួយនឹងការពិភាក្សាផ្តោតលើការបញ្ឈប់អរិភាព និងការស្វែងរកដំណោះស្រាយដើម្បីស្តារស្ថិរភាព ក៏ដូចជាការសម្រួលដល់ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញយ៉ាងឆាប់រហ័ស។

គិតត្រឹមពេលនេះ ជនស៊ីវិលចំនួន ៣១នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង៨៧នាក់រងរបួស និងជាងកន្លះលាននាក់ត្រូវបានភៀសសឹក។

និស្សិត និងប្រជាពលរដ្ឋនៅខេត្តឈៀងម៉ៃ បានធ្វើបាតុកម្មនៅមុខសាកលវិទ្យាល័យឈៀងម៉ៃ ដោយអំពាវនាវឱ្យបញ្ចប់ការប៉ះទង្គិចគ្នាដោយអាវុធតាមបណ្តោយព្រំដែនថៃ-កម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ (រូបភាព៖ Prachatai)

អង្គការសង្គមស៊ីវិលមានការព្រួយបារម្ភចំពោះការចោទប្រកាន់ដោយមានទំនុកចិត្តអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងអំពើហិង្សាផ្លូវភេទប្រឆាំងនឹងជនស៊ីវិលកម្ពុជាម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តដោយក្រុមសមាជិកយោធាថៃ។

ពួកគេបានជំរុញឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ានចាត់វិធានការជាក់ស្តែង ដូចជា «ដាក់សម្ពាធការទូត» និង «ទណ្ឌកម្មគោលដៅ» នៅកន្លែងសមស្រប។

លិខិតដែលចុះហត្ថលេខាដោយអង្គការស៊ីវិលកម្ពុជាចំនួន ១៨៣ ត្រូវបានអានថា៖ «ការកើនឡើងនៃកម្លាំងជាបន្តបន្ទាប់មិនត្រឹមតែបណ្តាលឱ្យមានគ្រោះថ្នាក់ និងការបំផ្លិចបំផ្លាញដល់ជនស៊ីវិលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងគោលការណ៍ជាមូលដ្ឋានរបស់អាស៊ានផងដែរ»។

វាបាននិយាយថា ទង្វើបែបនេះ ប្រសិនបើមានភស្តុតាង «អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម» និងឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ ហើយតម្រូវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ឯករាជ្យ មិនលំអៀង និងមានប្រសិទ្ធភាព ជាមួយនឹងជនល្មើសដែលត្រូវទទួលខុសត្រូវជាលក្ខណៈបុគ្គល​។

ប្រជាពលរដ្ឋខ្មែរ​ដែល​ត្រូវ​បាន​ភៀសសឹកទៅ​ស្នាក់​នៅ​ក្នុង​ជំរំ​​ក្នុង​វត្ត​មួយ​នៅស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ក្នុងចំណោមអង្គការទាំងនោះ ប្រធានសមាគមអាដហុក លោក នី សុកា បានមានប្រសាសន៍ថា ជនស៊ីវិលនៅក្នុងប្រទេសទាំងពីរនឹងប្រឈមមុខនឹងបន្ទុកកាន់តែធ្ងន់ធ្ងរ ប្រសិនបើយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «យើងបានឃើញកងកម្លាំងថៃប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបានប៉ះពាល់ដល់ជនស៊ីវិល។ យើងថ្កោលទោសការឈ្លានពានរបស់ពួកគេ»។

លោកបានជំរុញឱ្យប្រទេសថៃអនុវត្តគោលការណ៍អន្តរជាតិជាបន្ទាន់ និងប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃ ដោយបន្ថែមថា អង្គការសង្គមស៊ីវិលកំពុងរង់ចាំលទ្ធផលនៃការចរចាទ្វេភាគីរវាងប្រទេសទាំងពីរ។

នៅប្រទេសថៃ និស្សិត និងប្រជាជននៅឈៀងម៉ៃបានធ្វើបាតុកម្មប្រឆាំងសង្គ្រាមនៅថ្ងៃពុធ នៅមុខសាកលវិទ្យាល័យឈៀងម៉ៃ ដោយទាមទារឱ្យបញ្ចប់ការប៉ះទង្គិចគ្នាដោយអាវុធ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ Prachatai English៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian CSOs and Thai Citizens Demand End to Conflict As Civilian Deaths Rise

ព័ត៌មានថ្មី

អត្ថបទពេញនិយម