រយៈពេលបួនថ្ងៃដែលលោករសាត់នៅលើទឹកសមុទ្រជាមួយពោង បន្ទាប់ពីគេចចេញពីមិត្តរួមការងារដែលប្រើហិង្សានៅលើទូកនេសាទម៉ាឡេស៊ី លោក ប៉ី ពឿន បាននិយាយថា លោកមានសង្ឃឹមរស់រានមានជីវិតតិចតួចប៉ុណ្ណោះ។
លោក ពឿន បាននិយាយថា៖ «ខ្ញុំមិនដែលគិតថា ខ្ញុំនៅមានជីវិតទេ។ ជីវិតរបស់ខ្ញុំនឹងត្រូវបញ្ចប់ព្រោះ [បើទោះបីខ្ញុំ] ស្រែក ក៏គ្មាននរណាឮខ្ញុំដែរ ហើយខ្ញុំក៏មិនអាចហែលឡើងគោកបានដែរ»។
បុរសវ័យ៤០ឆ្នាំរូបនេះដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីជួយសង្គ្រោះកាលពីខែមិថុនានិងបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញកាលពីខែមុនបានប្រាប់ ខេមបូចា ថាលោកបានចាកចេញពីខេត្តព្រៃវែងកាលពីខែកក្កដាឆ្នាំមុនដោយសង្ឃឹមថា នឹងរកបានប្រាក់ ចំណូលល្អប្រសើរតាមរយៈការងារនេសាទដែលមិនត្រូវការឯកសារពាក់ព័ន្ធ។ លោកទទួលបានការងារតាមរយៈមេខ្យល់ម្នាក់ ដែលបានលួចនាំលោកចូលប្រទេសថៃឆ្លង កាត់ព្រៃហើយបន្ទាប់មកបន្តទៅដល់ប្រទេសម៉ាឡេស៊ី។
ខណៈពេលដែលជនចំណាកស្រុកខ្មែរមួយចំនួនត្រូវបានគេជួញដូរនិងធ្លាក់ក្នុងស្ថានភាពដូចជាទាសករនៅលើទូកនេសាទ លោក ពឿន បាននិយាយថា ការងាររបស់លោកគឺជាការងារពិតប្រាកដមួយ។ លោកទទួលបានប្រាក់ឈ្នួលជាមធ្យម ៧២៣ដុល្លារក្នុងមួយខែ ហើយមិនប្រឈមមុខនឹងការធ្វើបាបពីថៅកែរបស់លោកទេ។
ផ្ទុយទៅវិញ លោកបាននិយាយថា លោកបានលោតពីកទូកនេសាទ បន្ទាប់ពីមិត្តរួមការងាររបស់លោកប៉ុនប៉ងធ្វើបាបលោក។ លោកបាននិយាថា លោកបានឮមិត្តរួមការងារនិយាយច្រើនថ្ងៃមកហើយអំពីការប៉ុនប៉ងវាយឬចាប់លោកចង។ លោកព្យាយាមគេចពីពួកគេ ប៉ុន្តែទីបំផុតវាកាន់តែអាក្រក់ទៅ។
លោកបាននិយាយថា៖ «នៅថ្ងៃនោះ ខ្ញុំកំពុងកាន់ចង្កូតទូក ពួកគេ [ដើរសំដៅមករកខ្ញុំ] ដើម្បីព្យាយាមសម្លាប់ខ្ញុំ ប៉ុន្តែខ្ញុំដឹងពីគោលបំណងរបស់ពួកគេ ហើយធ្វើពុតជាឈឺ ពោះហើយដើរចេញទៅ»។
លោកបានបន្តថា៖ «ក្រោយមក ពួកគេនៅតែសម្លឹងមើលខ្ញុំ ហើយពួកគេកាន់អ្វីមួយ [ដើម្បីវាយខ្ញុំ] ដូច្នេះខ្ញុំមើលស្ថានភាពដូចជាពិបាកនឹងរស់នៅលើទូក ខ្ញុំក៏សម្រេចចិត្តលោតទឹកតែម្តង»។
លោក ពឿន បាននិយាយទៀតថា លោកមិនដឹងថា ហេតុអ្វីបានជាពួកគេចង់សម្លាប់គាត់នោះទេ ប៉ុន្តែបន្ទាប់ពីលោកលោតពីទូក ពួកគេមិនបានត្រឡប់ទូកឬព្យាយាមជួយសង្គ្រោះលោកនោះទេ។ ភាពភ័យខ្លាចរបស់លោកត្រូវបានបញ្ជាក់នៅពេលនោះ។
លោកបានបន្ថែមថា៖ «ពួកគេបានដឹងនិងឃើញខ្ញុំលោតចេញពីទូក ប៉ុន្តែពួកគេមិន បានបង្វែរទូកត្រឡប់មកយកខ្ញុំវិញទេ។ ប្រសិនបើពួកគេមិនចង់សម្លាប់ខ្ញុំទេ ពួកគេនឹងមិនឈរមើលហើយបន្តដំណើរទៅមុខនោះទេ»។
ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយកាលពីខែមុនដោយអះអាងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបានសហការជាមួយប៉ូលីសនាវាចរណ៍ម៉ាឡេស៊ី បន្ទាប់ពីពួកគេបានជួយសង្គ្រោះអ្នកនេសាទរូបនេះនៅឆ្នេរសមុទ្រនៃរដ្ឋPerak។
បន្ទាប់ពីមកដល់ប្រទេសកម្ពុជា លោក ពឿន ត្រូវបានគេនាំទៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងខេត្តកណ្តាល ហើយបន្តស្នាក់នៅបណ្តោះអាសន្ននៅអង្គការក្រៅរដ្ឋាភិបាលមួយនៅខេត្តកណ្តាល បន្ទាប់ពីលោកត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី២៩ ខែសីហា។
ការធ្វើចំណាកស្រុកដោយគ្មានឯកសារត្រឹមត្រូវបានក្លាយជាបញ្ហាប្រឈមរបស់ប្រទេសទាំងពីរតាំងពីយូរមកហើយ ប៉ុន្តែបញ្ហានេះត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ចំពេលមានជំងឺរាតត្បាត។ ខណៈពេលដែលកម្ពុជានិងថៃព្យាយាមទប់ស្កាត់វីរុសកូរ៉ូណាពលករចំណាកស្រុកនិយាយថា ពួកគេគ្មានជំរើសអ្វីច្រើនក្រៅពីឆ្លងដែននោះទេ ទោះបីព្រំដែននៅបិទក៏ដោយ។
អ្នកស្រី ឈុំ យីម អាយុ៥៩ឆ្នាំជាម្តាយរបស់លោក ពឿន បានប្រាប់ ខេមបូចា ថាអ្នកស្រីសប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីដឹងថាកូនប្រុសរបស់គាត់ត្រូវបានជួយសង្គ្រោះនៅប្រទេសម៉ាឡេស៊ី។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំគ្រាន់តែឮថា គាត់លោតចេញពីទូក ប៉ុន្តែខ្ញុំមិនដឹងអ្វីផ្សេងទេព្រោះគាត់មិនដែលប្រាប់ខ្ញុំច្រើនអំពីបញ្ហារបស់គាត់ទេ» ។ អ្នកស្រីកត់សម្គាល់ថា កូនប្រុសរបស់អ្នកស្រីតែងតែទូរសព្ទមកផ្ទះពីទូកនេសាទ ប៉ុន្តែមិនដែលត្អូញត្អែរពីការលំបាកទេហើយធ្លាប់ផ្ញើប្រាក់មកផ្ទះប្រហែល៣០០ដុល្លារក្នុងមួយខែ។
អ្នកស្រីបាននិយាយថា អ្នកស្រីមានកូនប្រុសបីនាក់និងកូនស្រីម្នាក់ ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលរស់នៅផ្ទះជាមួយអ្នកស្រី ហើយអ្នកផ្សេងទៀតបានទៅធ្វើការនៅប្រ ទេសថៃនិងម៉ាឡេស៊ី។
អ្នកស្រី យីម បាននិយាយថា៖ «កូនស្រីរបស់ខ្ញុំបានរៀបការហើយបានទៅធ្វើការនៅប្រទេសថៃជាមួយប្តីរបស់នាង» ដោយបានបន្ថែមថា កូនស្រីរបស់អ្នកស្រីមានការបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩។
ប៉ី តឿ អាយុ៣២ឆ្នាំជាប្អូនប្រុសរបស់លោក ពឿន បានវិលត្រឡប់មកពីប្រទេសថៃកាលពីខែមេសា ទីដែលលោកក៏ធ្វើការនៅលើទូកនេសាទផងដែរ។ លោកបាននិយាយថា លោកទៅធ្វើការងារនៅទីនោះព្រោះមិនអាចរកការងារដែលមានប្រាក់ខែសមរម្យនៅកម្ពុជា។
លោកបាននិយាយថា៖ «ខ្ញុំអាចរកប្រាក់បានចន្លោះពី១៣.០០០ទៅ១៥.០០០បាត [៤០០ទៅ៤៦០ដុល្លារ]»។
លោកបានបន្ថែមថា៖ «មែនហើយ ការងារជាអ្នកនេសាទវាពិបាក ហើយធ្វើការនៅពេលយប់ ប៉ុន្តែយើងអាចឈប់សម្រាកកន្លះថ្ងៃ ហើយពេលខ្លះ ប្រសិនបើយើងមិនរវល់យើងអាចសម្រាកបានយូរជាងនេះ»។
កាលពីខែមករា របាយការណ៍ជួញដូរមនុស្សរបស់សហរដ្ឋអាមេរិកបានលើកឡើងថា ជនចំណាកស្រុកកម្ពុជាដែលគ្មានឯកសារត្រឹមត្រូវនិងកំពុងធ្វើការនៅប្រទេសថៃដែល ពួកគេមានចំណែកប្រមាណ៣០-៤០ភាគរយនៅក្នុងចំណោមពលរដ្ឋកម្ពុជាពី១,៥ទៅ ២លាននាក់នៅទីនោះ មុនពេលមានការរីករាលដាលជំងឺកូវីដ ដែលប្រឈមនឹងហានិភ័យខ្ពស់នៃការជួញដូរដោយសារស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។
របាយការណ៍បន្តថា៖ «ក្រុមជួញដូរមនុស្សបន្តជ្រើសរើសបុរសនិងក្មេងប្រុសកម្ពុជាយ៉ាងច្រើននៅប្រទេសថៃ ដើម្បីធ្វើការនៅលើទូកនេសាទនិងកេងប្រវ័ញ្ចពួកគេតាម យៈការងារដោយបង្ខំលើទូកនសាទ ដែលជាកម្មសិទ្ធិនិងប្រតិបត្តិការដោយជនជាតិថៃនៅដែនទឹកអន្តរជាតិ»។
លោក ឌី ថេហូយ៉ា មន្រ្តីកម្មវិធីនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សសង់ត្រាល់ (CENTRAL) បាននិយាយថា អង្គការរបស់លោកបានជួបប្រទះអ្នកនេសាទដែលត្រូវគេកេងប្រវ័ញ្ចរាប់មិនអស់។
លោកបានមានប្រសាសន៍ថា៖ «បទពិសោធន៍របស់យើងដែលមានជាមួយអ្នកនេសាទ [ត្រូវបានជួយសង្គ្រោះ] គឺពួកគេធ្វើការរហូតដល់១៩ឬ២០ម៉ោងក្នុងមួយថ្ងៃ ពេលខ្លះធ្វើការងាររៀងរាល់ថ្ងៃពេញមួយសប្តាហ៍ ពីព្រោះគ្មានប្រព័ន្ធការពារពួកគេ»។
លោកបានបន្ថែមថា៖ «ម្ចាស់ទូកនេសាទបានប្រើកម្មករដែលគ្មានឯកសារត្រឹមត្រូវ [ពីព្រោះ] វាងាយស្រួលកេងប្រវ័ញ្ចកម្លាំងពលកម្មហើយពួកគេបានប្រើកម្លាំងពលកម្មដូចជាទាសភាព»។
មេខ្យល់ដើរតួជាអ្នករត់ការដោយអូសទាញប្រជាពលរដ្ឋកម្ពុជាជាមួយនឹងការសន្យាថា នឹងទទួលបានប្រាក់ខែសមរម្យនិងសន្យាថា នឹងរ៉ាប់រងចំណាយលើការធ្វើដំណើរនិងឯកសារផ្សេងៗ។
លោក ថេហូយ៉ា បានអំពាវនាវឲ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធពង្រឹងវិធានការទាំងក្នុងប្រទេសគឺបង្ក្រាបបណ្តាញមេខ្យល់ខុសច្បាប់និងអន្តរជាតិដោយសហការជាមួយប្រទេសជិតខាង ដើម្បីត្រួតពិនិត្យលក្ខខណ្ឌការងារនៅលើទូកនេសាទឲ្យបានប្រសើរជាងមុន។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោក កុយ គួង អ្នកនាំពាក្យក្រសួងកាបរទេសមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ដោយឡែកសម្រាប់លោក ពឿន ទោះបីជាលោកគេចផុតពីការកេងប្រវ័ញ្ចដ៏អាក្រក់បំផុតដែលអ្នកនេសាទភាគច្រើនជួបប្រទះក៏ដោយ ក៏លោកនិយាយថា បទពិសោធន៍របស់លោកបង្ហាញលោកថា ការធ្វើចំណាកស្រុកដោយគ្មានឯកសារត្រឹមត្រូវពិតជាមានហានិភ័យ។
លោកបាននិយាថា៖ «ឥឡូវនេះ ខ្ញុំស្បថថា ខ្ញុំនឹងមិនទៅធ្វើការ [នៅលើទូកនេសាទខុសច្បាប់] នៅម៉ាឡេស៊ីទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian fisherman escaped violence by jumping ship, spending four days adrift