ពលករខ្មែរចំណាកស្រុកបានរៀបរាប់ពីបញ្ហាប្រឈមផ្សេងៗ និងការចាញ់បោកមេខ្យល់ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដើម្បីអាចទៅធ្វើការនៅបរទេសក្នុងពេលកន្លងមក។
លោក ឃន ឡី អតីតពលករមកពីខេត្តកំពង់ធំបានរៀបរាប់ថា លោកត្រូវបានចាញ់បោកមេខ្យល់ចំនួន២ដងដោយគេសន្យាថាធ្វើលិខិតឆ្លងដែនឱ្យដើម្បីអាចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់។ លោកបានបន្តថា ក្រោយមកទៀតលោកធ្វើលិខិតឆ្លងដែននិងស្វែងរកការងារដោយខ្លួនឯងផ្ទាល់តាមរយៈបងប្អូនដែលធ្វើការនៅថៃប៉ុន្តែដោយសារកូវីដ១៩ លោកត្រូវត្រឡប់មកស្រុកកំណើតវិញក៏ព្រោះតែប្រទេសថៃមិនសូវមានការយកចិត្តទុកដាក់លើពលករខ្មែរ។
លោក ឃន ឡី បាននិយាយថា៖ «ធ្វើលិខិតឆ្លងដែនប៉ះតែក្រុមហ៊ុនបោក លើកទីមួយអស់ជិត១លានរៀលជាង លើកក្រោយទៀតពីរនាក់ប្តីប្រពន្ធខ្ញុំអស់៥០០$ កាលហ្នឹងបានទៅតែឱ្យលិខិតឆ្លងដែនក្លែងក្លាយ។ លើកនេះបានប្អូននៅថៃថាមានក្រុមហ៊ុនគេរើសបុគ្គលិហើយថៅកែក៏បានយកលិខិតឆ្លងដែនទៅតវីសាឱ្យរយៈពេល២ឆ្នាំ ដល់ធ្វើបានមួយឆ្នាំកូវីដ១៩មកដល់ នាំបងប្អូនមកវិញ បើយើងឆ្លងកូវីដ១៩នៅថៃគេមិនមើលទេគេមិនសូវខ្វល់ទេ តែប្រជាជនគេ គេមើលមិនទាន់ផង»។
ក្នុងអំឡុងពេលកូវីដ១៩ ប្រហែល ២៧០ ០០០នាក់បានត្រឡប់មកកម្ពុជាវិញដោយផ្អែកលើ របាយការណ៍របស់អង្គការ IOM ដូច្នេះពួកគេភាគច្រើនត្រូវត្រឡប់ទៅប្រទេសថៃវិញ ដោយសារភាពក្រីក្រ ការបាត់បង់ប្រាក់ចំណូល និងជំពាក់បំណុលគេ។
លោក រ៉ុម រ៉េត ជាជនរងគ្រោះចាញ់បោកមេខ្យល់ទៅម៉ាឡេស៊ីមកពីខេត្តសៀមរាបបានលើកឡើងថា លោកបានស្គាល់មេខ្យល់តាមរយៈមិត្តភក្តិក្នុងហ្វេសប៊ុកបានណែនាំ។ លោកបានចំណាយប្រាក់១២០០$ទៅកាន់មេខ្យល់ដោយមេខ្យល់បាននិយាយថាលុយទាំងអស់នោះយកទៅបង់ឱ្យប៉ូលិសតាមផ្លូវដែលធ្វើដំណើរ។
លោកបានបន្តថា ពេលដែលទៅដល់ប្រទេសម៉ាឡេស៊ីភ្លាមមិនទាន់ចុះទូកបាន១៥នាទីផងប៉ូលិសបានឃាត់ខ្លួនហើយបានបញ្ចូនទៅតុលាការដោយអនុវត្តទោស៦ខែបន្តាប់ពីចេញពីអនុវត្តទោសចប់ប៉ូលិសបានទាក់ទងមកកាន់ស្ថានទូតកម្ពុជា និងទទួលបានជំនួយពីអង្គការសង់ត្រាល់ដើម្បីត្រឡប់ទៅប្រទេសវិញ។
លោក រ៉ុម រ៉េត បាននិយាយថា៖ «ខ្ញុំបានស្គាល់មេខ្យល់តាមមិត្តភក្តិក្នុងហ្វេសប៊ុកគេប្រាប់អ៊ីចឹងហើយគាត់ក៏មិនស្គាល់មេខ្យល់នេះដែរ ខ្ញុំបង់ឱ្យគេអស់១២០០$។ មេខ្យល់ថាយកលុយហ្នឹងឱ្យប៉ូលិសតាមផ្លូវតែគាត់បោកយើងសោះ»។
លោក ឌី ថេហូយ៉ា ជាប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្សនិងទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ មានប្រសាសន៍ថា ការប្រារព្ធកម្មវិធីនេះឡើងក្នុងគោលបំណងផ្តល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុកក្រោយកូវីដ១៩។ មូលហេតុក្នុងការប្រារព្ធកម្មវិធីនេះឡើងព្រោះចង់ទាញចំណាប់អារម្មណ៍ ជាពិសេសរដ្ឋាភិបាលឱ្យយកចិត្តទុកបន្ថែមលើពលករខ្មែរចំនួនជា២លាននាក់នៅឯបរទេស។
លោក ថេហូយ៉ា បន្តថា អ្នកចំណាកស្រុកទៅបរទេសប្រឈមនឹងបញ្ហាធំៗក្រោយកូវីដ១៩ដូចជាគ្មានឯកសារគ្រប់គ្រាន់សម្រាប់ធ្វើការស្របច្បាប់នៅឯបរទេស ចាញ់បោកមេខ្យល់ត្រូវគេធ្វើបាបជាកម្មវត្ថុមួយនៃការជួញដូរ។
លោក ថេហូយ៉ា បានឱ្យដឹងថា៖ «ពួកគាត់ប្រឈងនឹងបញ្ហាធំៗក្រោយកូវីដ១៩ គឺប្រឈមនឹងអត់ឯកសារស្របច្បាប់សម្រាប់ធ្វើការនៅក្រៅប្រទេស គាត់ចំណាយច្រើន ចាញ់បោកគេ ត្រូវបានគេធ្វើបាបជាកម្មវត្ថុនៃការជួញដូរជាដើម កើតចេញពីគាត់មិនមានឯកសារស្របច្បាប់»។ លោក ថេហូយ៉ា បន្តថា៖ «ការចាញ់បោកគេមានទម្រង់ច្រើន។ ការចំណាយច្រើននិងនីតិវិធីហាក់បីដូចស្មុគស្មាញធ្វើឱ្យគាត់មិនអាចបានឯកសារស្របច្បាប់បាន»។
លោកបានបន្ថែមថា មិនមែនពួកគាត់ចង់ចំណាកស្រុកដោយគ្មានច្បាប់ទេតែមានហេតុផលជាច្រើនដូចជាផុតសុពលភាពលិខិតឆ្លងដែននឹងដំណើរការសុំសិទ្ធិធ្វើការត្រូវការឯកសារច្រើនមានលក្ខណៈស្មុគស្មាញធ្វើឱ្យគាត់មិនអាចរៀបចំឯកសារបានគ្រប់គ្រាន់។
លោក ព្រិច រ៉ុប មេឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានថ្លែងថា សម្រាម់ឃុំលោក មានអ្នកចំណាកស្រុកទៅកាន់ប្រទេសថៃចំនួនជាង៥០០នាក់ អ្នកមានច្បាប់ភាគច្រើនធ្វើការនៅទីក្រុង ឬក្នុងប្រទេស ចំពោះពលករដែលនៅធ្វើការខេត្តជាយព្រំដែនមិនចាំបាច់មានច្បាប់ក៏បានដែរ។ អ្នកមានច្បាប់ភាគច្រើនមកធ្វើឯកសារនៅច្រកចេញចូលតែមួយនៅការិយាល័យ។ ចំពោះបណ្ណក្រីក្រអ្នកចំណាកស្រុកនៅប្រទេសថៃអាចមកធ្វើនៅពេលទំនេរនឹងអាចផ្ទេរឱ្យសាច់ញាតិនៅខ្មែរបើកលុយបាន។
លោក ព្រិច រ៉ុប បានបញ្ជាក់ថា៖ «នៅខ្ញុំនេះមានអ្នកចំណាកស្រុក៥០០នាក់ជាង។ គេទៅថៃភាគច្រើនមានច្បាប់ អ្នកអត់ច្បាប់ធ្វើនៅជាយខេត្តតែអាចចេញចូលបាន គេមកធ្វើនៅច្រកចេញចូលតែមួយ។ បណ្ណក្រីក្រខ្ញុំសម្ភាសរហូតហ្នឹង បណ្ណក្រីក្រអាចផ្ទេរទៅសាច់ញាតិឱ្យបើកលុយបាន»។
លោក ណំ សុត មេឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំបានលើកឡើងថា ឃុំគាត់មានអ្នកចំណាកស្រុកត្រឹមតែ៦៥នាក់ប៉ុណ្ណោះ អ្នកចំណាកស្រុកសុទ្ធតែមានច្បាប់ត្រឹមត្រូវមុនចេញទៅធ្វើការនៅប្រទេសថៃ អត់មានច្បាប់ក៏ពួកគាត់មិនទៅដែរព្រោះតែមានការផ្សព្វផ្សាយពីអង្គការសង់ត្រាល់។
លោក ណំ សុត បានបញ្ជាក់ថា៖ «នៅឃុំខ្ញុំមាន៦៥នាក់ បច្ចុប្បន្នមានច្បាប់ទើបអាចទៅបាន ភាគច្រើនទាល់តែមានបងប្អូននៅហ្នឹងបានគាត់ហ៊ានទៅដែរ ដោយសារមានការផ្សព្វផ្សាយពីអង្គការសង់ត្រាល់»។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ករណីឆ្លងដែនខុសច្បាប់នៅតែមានតាមព្រំដែនទៅកាន់ប្រទេសថៃចំពោះចំនួនជាក់លាក់លោកមិនទាន់បានប្រាប់បានទេព្រោះមិនទាន់បានបូកសរុប។
លោក សិទ្ធិ ឡោះ បានថ្លែងថា៖ «ករណីឆ្លងដែននៅតែមាន សម្រាប់ចំនួនជាក់លាក់មិនទាន់អាចនិយាយបានព្រោះមិនទាន់បានបូកសរុប»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានថ្លែងថា ដើម្បីកុំឱ្យចាញ់បោកមេខ្យល់ ពលរដ្ឋខ្មែរដែលមានបំណងចំណាកស្រុកគប្បីស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត។ កុំទុកចិត្តលើនរណាដែលគ្រាន់តែសន្យាថានឹងជួយ ព្រមទាំងសន្យាថានឹងផ្តល់ការងារឱ្យ។
លោក សំអាត មានប្រសាសន៍ថា៖ «ដើម្បីកុំឱ្យចាញ់បោកមេខ្យល់ ប្រជាជនខ្មែរគួរតែស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើចំណាកស្រុក កុំប្រថុយប្រថានធ្វើចំណាកស្រុកដោយមិនមានព័ត៌មានគ្រប់គ្រាន់ ត្រូវធ្វើចំណាកស្រុកដោយស្របច្បាប់។ កុំធ្វើចំណាកស្រុកដោយខុសច្បាប់តាមរយៈមេខ្យល់។ កុំទុកចិត្តមនុស្សដែលយើងមិនស្គាល់ហើយយល់ព្រមធ្វើចំណាកស្រុកតាមគេ»។ លោក សំអាត បន្ថែមថា៖ «កុំទុកចិត្តមេខ្យល់ ស្វែងយល់ពីអ្នកដែលនៅជុំវិញខ្លួនព្រោះអ្នកដែលយើងស្គាល់ក៏អាចបញ្ឆោតយើងបានដែរ»៕