សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

នាយករដ្ឋមន្ត្រីកម្ពុជា បដិសេធថា រដ្ឋាភិបាលនៅពីក្រោយការសម្លាប់អតីតសមាជិកសភាបក្សប្រឆាំងនៅទីក្រុងបាងកក

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ស្តាំ) ក្នុងពិធីរំលឹកខួបលើកទី៤៦ នៃការដួលរលំរបបខ្មែរក្រហម នៅរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ (រូបថត៖ AFP)
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ស្តាំ) ក្នុងពិធីរំលឹកខួបលើកទី៤៦ នៃការដួលរលំរបបខ្មែរក្រហម នៅរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ (រូបថត៖ AFP)

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បដិសេធ​កាលពី​ថ្ងៃ​ទី២០ ខែមករា ​ថា រដ្ឋាភិបាល​ និង​ឪពុក​របស់​លោក ​គឺ​លោក ហ៊ុន សែន អតីត​មេដឹកនាំ​មិន​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​អ្នក​នយោបាយ​ប្រឆាំង​នៅ​កណ្តាល​ក្រុង​បាងកក​ក្នុង​ខែ​នេះទេ។

លោក លិម គិមយ៉ា អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ខណៈ​លោក​ទៅ​ដល់​ទីក្រុង​បាងកក​តាម​រថយន្ត​ក្រុង​ពី​ប្រទេស​កម្ពុជា​ជាមួយ​ភរិយា​ជនជាតិ​បារាំង។

ជនជាតិ​ថៃ Ekkalak Paenoi ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កម្ពុជា​មួយ​ថ្ងៃ​ក្រោយ​មក ហើយ​បាន​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ។

គាត់​បាន​សារភាព​ចំពោះ​ឧក្រិដ្ឋកម្ម​នេះ​នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ​និង​ការ​កាន់កាប់​កាំភ្លើង​ដោយ​គ្មាន​ការ​អនុញ្ញាត។

ឥស្សរជន​គណបក្ស​ប្រឆាំង​និរទេស​ខ្លួន​លោក សម រង្ស៊ី បាន​ចោទ​លោក ហ៊ុន សែន អតីត​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថា​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាប់។

លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ថ្កោលទោស​ចំពោះការចាញ់ប្រហារធ្វើឃាត» និង​បដិសេធ​ថា រដ្ឋាភិបាល ឬ​ឪពុក​របស់​លោក​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ។

«ខ្ញុំចង់សួរថា ហេតុអ្វីរដ្ឋាភិបាលល្ងង់ម្ល៉េះ លោក ហ៊ុន ម៉ាណែត បានថ្លែង​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​ពោធិ៍សាត់​។

លោកបានបន្តថា៖ «​ប្រសិន​បើ​រដ្ឋាភិបាល​រៀបចំ​ផែនការ… ហេតុ​អ្វី​បាន​ជា​យើង​ចាប់​ឃាតក​បញ្ជូន​ទៅ​ប្រទេស​ថៃ​ដើម្បី​ស៊ើប​អង្កេត?»

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកត្រូវបានចោទប្រកាន់ដោយអយុត្តិធម៌ ហើយថារដ្ឋាភិបាលក៏ចង់ដឹងពីមូលហេតុនៃឃាតកម្មនេះផងដែរ ដោយអាជ្ញាធរ​បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយភាគីថៃ។

លោក​បាន​បន្ថែម​ថា ឥស្សរជន​ប្រឆាំង​កំពុង​ធ្វើ​នយោបាយ​លើ​ការ​សម្លាប់​ដើម្បី​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន។

ប៉ូលិស​ថៃ​បាន​លើកឡើង​កាលពី​សប្តាហ៍​មុន​ថា ពួកគេ​កំពុង​តាម​ប្រមាញ់​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​គេ​ជឿថា​ជា​មេខ្លោង​នៅ​ពីក្រោយ​ការសម្លាប់​នេះ។

ទូរទស្សន៍ ThaiPBS បានរាយការណ៍ថា ជនជាតិខ្មែរ ដែលត្រូវបានគេស្គាល់ថា ឈ្មោះ Somwang Bamrungkit អាយុ៤៣ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ពីបទជួលនរណាម្នាក់ឱ្យប្រព្រឹត្តឃាតកម្ម និងកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

ប៉ូលិស​ថៃ​ក៏​បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​ម្នាក់​កាល​ពី​សប្តាហ៍​មុន​ដោយ​ចោទ​ប្រកាន់​ថា​បាន​ជួយ​ខ្មាន់​កាំភ្លើង​ថៃ​រត់​គេច​ខ្លួន។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនបាននិយាយថា Ekkalak ត្រូវបានបង់ប្រាក់ចំនួន ៦០ ០០០ បាត (១ ៧០០ ដុល្លារ) សម្រាប់ការសម្លាប់ ប៉ុន្តែប៉ូលិសបាននិយាយថា លោក Ekkalak បានអះអាងថា គាត់មិនបានទទួលប្រាក់ឈ្នួល ហើយទទួលយកការងារនេះ «ដើម្បីសងបំណុលនៃការដឹងគុណ» នោះទេ។

លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា​​អស់​រយៈពេល​ជិត​បួន​ទសវត្សរ៍​មក​ហើយ ដោយ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ចោទ​លោក​ថា ​បាន​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​កម្ទេច​គណបក្ស​ប្រឆាំង។

លោកបានចុះចេញពីតំណែង ហើយប្រគល់អំណាចឱ្យកូនប្រុសច្បងរបស់គាត់នៅឆ្នាំ២០២៣ ប៉ុន្តែនៅតែត្រូវបានគេមើលឃើញថាគាត់នៅតែមានអំណាចនៅក្នុងព្រះរាជាណាចក្រ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេសរបស់សារព័ត៌មាន AFP ៖ Cambodian PM Denies Govt Behind Killing of Ex-lawmaker in Bangkok  

840 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម