សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរសម្រុកត្រឡប់ពីប្រទេសថៃតាមច្រកទ្ធារអន្តរជាតិដូងរាប់ម៉ឺននាក់ ក្រោយពីផ្ទុះសង្គ្រាមកម្ពុជា-ថៃ

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)
ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)

ខេត្តបាត់ដំបង ៖ ព្រឹកព្រលឹមស្រាងៗពលករខ្មែរចាស់ក្មេងប្រុសស្រី បានអង្គុយចាំនៅមាត់ទ្វារច្រកព្រំដែន ប្រទេសថៃ ជាប់គ្នានឹងច្រកទ្វារព្រំដែនអន្តរជាតិដូងខេត្តបាត់ដំបង​ យ៉ាងកកកុញ ដោយ​​មានសម្ភារៈជាប់ខ្លួន រង់ចាំភាគីថៃបើកច្រកទ្វារព្រំដែនឱ្យពួកគាត់ចូលប្រទេសវិញ នាម៉ោង៩ព្រឹកនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

គ្រាន់តែអាជ្ញាធរថៃបានបង្ហើបច្រកទ្វារព្រំដែនភ្លាមពលករខ្មែរបានសម្រុកនាំគ្នាចូលប្រទេសវិញតាមច្រកទ្វារតូចប្រជ្រៀតគ្នាតាមការកំណត់ឱ្យភាគីថៃ ខណៈដែលច្រកទ្វារព្រំដែនកម្ពុជាបានបើកចំហរទ្វារព្រំដែនទាំងតូចទាំងធំ។

ពលករខ្មែរចាស់ក្មេងប្រុសស្រី ម្នាក់ៗមានសម្ភារៈសំពីងសំពោងជាប់ខ្លួន ខ្លះយួរ ខ្លះទូល អូស ស្ពាយរយីងរយោង និងខ្លះ មានកូនតូចនៅនឹងដៃផង ដោយមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជាប្រចាំនៅច្រកទ្វារ ដើម្បីកុំឱ្យ កកស្ទះ និងមានការផ្តល់ទឹក នំចំណីដល់ពលករនិងក្មេងតូចៗ និងមានគ្រូពេទ្យប្រចាំការសង្គ្រោះបឋមផងដែរ។

ដោយចំនួនពលករខ្មែរកើនឡើងរាប់ម៉ឺននាក់ ប្រហែលជាងមួយម៉ោងក្រោយមកភាគីថៃបាន បើកច្រកទ្វារ ព្រំដែនធំមួយចំហៀង នឹងឱ្យពលករចេញម្តងរាប់រយនាក់ រួចផ្អាក៥ទៅ១០នាទី រួចបន្ត ឱ្យចេញបន្ត បន្ទាប់ ដើម្បីកុំឱ្យមានការកកស្ទះ រហូតដល់ម៉ោង៣ រសៀលទើបភាគីថៃបិទទ្វារច្រកទ្វារព្រំដែន។

ពលករខ្មែរអ្នកស្រី ស៊ឹម​ សុខ វ័យជាង៥០ឆ្នាំ ដៃម្ខាងកាន់ចៅអង្គុយរង់ចាំកូននៅមណ្ឌលសំចតមុខច្រកទ្វារព្រំដែនបាននិយាយថា ក្រោយពីមានការផ្ទុះអាវុធនៅព្រំដែន ជនជាតិថៃខ្លះនៅតំបន់គាត់ធ្វើការនៅខេត្តឆុនបូរី ហាក់មានការរើសអើងលើពលករខ្មែរដោយមិនលក់នំចំណីបាយម្ហូបឱ្យនោះទេ និងមានក្មេងស្ទាវជនជាតិថៃ ជ្រុលនិយមខ្លះបានធ្វើបាបពលករខ្មែរ នៅតាមដងផ្លូវ និងតាមបន្ទប់ស្នាក់នៅផងដែរ។

ពលករខ្មែរមកពីខេត្តព្រៃវែងរូបនេះបាននិយាយទាំងទឹកមុខស្ងួតថា គាត់និងកូន ព្រមទាំងពលករខ្មែរផ្សេងទៀតមានការភ័យខ្លាចគេធ្វើបាបណាមួយឃើញ ពលករខ្មែរបាននាំគ្នាសម្រុកមកស្រុកកំណើតវិញកាន់តែច្រើន គាត់ក៏សម្រេចចិត្តត្រឡប់មកស្រុកវិញតែម្តង។

អ្នកស្រី ស៊ឹម សុខ បន្ថែមថា ៖ «ខ្លះគេរើសអើងខ្មែរយើង គេអត់លក់អីឱ្យហូបចឹងណា គេលក់ឱ្យតែកូនថៃគេហ្នឹង គេរើសអើង គេមិនសូវរាប់អានខ្មែរទេ ពេលចេញពីធ្វើការអី! ខ្លាចគេធ្វើបាប ព្រោះយើងធ្វើការរោងចក្រ ពេលចេញពីម៉ោងការងារថៅកែគេមិនធានាខុសត្រូវទេ ហើយមានផ្ទុះ អាវុធនៅព្រំដែនថែមទៀត យើងខ្លាចបាននាំគ្នាឡប់មកវិញហ្នឹងក្មួយ!»

អ្នកស្រីបន្ថែមថា នៅតាមផ្លូវមានពលករខ្មែរសម្រុកឡើងឡានឈ្នួលពីប្រទេសថៃមកកាន់ព្រំដែនកម្ពុជាយ៉ាងច្រើន ហើយតម្លៃឡានខុសគ្នារវាង អ្នកមានឯកសារ និងអ្នកគ្មានឯកសារ ដោយមួយឡានៗមានពលករ១០នាក់ទៅ១២នាក់ អ្នកមានឯកសារតម្លៃ៨០០បាត ចំណែកអ្នកគ្មានឯកសារស្របច្បាប់គេទា ២៥០០បាតដើម្បីរត់ការ តាមផ្លូវឱ្យតម្រួតថៃផង។

ពលករខ្មែរជាច្រើននាក់ផ្សេងទៀតដែលអ្នកសារព័ត៌មានខេមបូចាជួបសម្ភាសន៍ពួកគាត់អះអាងស្រដៀងគ្នាថា ការត្រឡប់មកប្រទេសវិញនេះគឺដោយសារភ័យខ្លាចបងតូចបងធំជនជាតិថៃគេធ្វើបាបដោយពួកគាត់ខ្លះឃើញផ្ទាល់ភ្នែក ខ្លះដឹងព័ត៌មានបង្ហោះតាមបណ្តាញសង្គម ខ្លះសាច់ញាតិទូរសព្ទឱ្យវិលត្រឡប់មកស្រុកវិញ ខ្លះខ្លាចថៃបិទព្រំដែនលែងឱ្យចេញចូល ស្របពេលដែលមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃនៅព្រំដែន។

ពលករខ្មែរម្នាក់ទៀត លោក សំរិទ្ធ រស់នៅបុស្សស្បូវ ខេត្តបន្ទាយមានជ័យ ដែលបម្រុងនាំប្រពន្ធកូន ជញ្ជូន អីវ៉ាន់ពីមុខច្រកទ្វារព្រំដែនដើម្បីឡើងរថយន្តដែលអាជ្ញាធរខ្មែរចាំទទួលដឹកទៅស្រុកកំណើតបាននិយាយថា លោកឃើញក្រុមស្ទាវថៃជិះម៉ូតូជាក្រុមៗ ១០ទៅម្ភៃនាក់ ធ្វើបាបពលករខ្មែរស្ទើររាល់ថ្ងៃតាមដងផ្លូវ និងបន្ទប់ស្នាក់នៅជិតកន្លែងគាត់ធ្វើការនៅខេត្តឆុនបូរី ក្រោយពីមានការផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជាថៃ។

លោក សំរិទ្ធ បន្តឱ្យដឹងថា ៖ «ដល់ពលេខ្ញុំឃើញចឹងអត់ស្រួលចិត្ត ព្រឹកមិញស្ទាវថៃកាប់ពលករខ្មែរម្នាក់ ដាច់ដៃ និងម្នាក់របួស និងលឺសូរថាមានស្លាប់នៅសយ២៥ វាដើរវាយពលករជាប់គ្នា  ខ្ញុំមិនសូវសប្បាយ ចិត្តក៏ខ្លាចក៏នាំប្រពន្ធកូនមកស្រុកវិញ» ។ លោកបន្តថា ៖ «មានតម្រួតថៃច្រើនដែរតែពលករខ្មែរនៅតែមានគ្រោះថ្នាក់ ស្ទាវថៃវាមិនខ្លាចបណ្តោយ ថ្ងៃមុនមកម្ភៃម៉ូតូជាងវ៉ៃតាមផ្លូវ ប៉ុន្មានថ្ងៃមុនវាវ៉ៃប្តីប្រពន្ធពីរនាក់បែកក្បាល ខ្ញុំភ័យខ្លាចបើខ្ញុំគ្រោះថ្នាក់ ទៅប្រពន្ធកូនពិបាក  ទង្វើរនេះមិនគម្បីទេយើងឈ្លោះគ្នាព្រំដែនប្រទេសនិងប្រទេស ជនជាតិថៃ ធ្វើចឹងខ្ញុំមិនពេញចិត្ត»

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រសាសន៍ខណៈលោកទៅសម្របសម្រួលពលករនៅច្រកទ្វារអន្តរជាតិដូងខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែកក្កដា ថា ចាប់តាំងពីផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តើមដោយកងទ័ពថៃ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ ធ្វើការ ក៏ដូចជានៅសិក្សានៅ ប្រទេសថៃ បាននាំគ្នាសម្រុកវិលត្រឡប់មកកម្ពុជាវិញជាគំហុកដោយសារពួកគាត់ភ័យខ្លាច។ ។

លោកបន្តថា កាលមុនផ្ទុះអាវុធនៅព្រំដែន ពលរដ្ឋខ្មែរវិលត្រឡប់មកប្រទេសកម្ពុជាតាមច្រកអន្តរជាតិដូង មួយថ្ងៃក្រោមមួយពាន់នាក់ ប៉ុន្តែប៉ុន្មានថ្ងៃនេះកើនឡើងខ្ទង់ម៉ឺននាក់ ជាក់ស្តែងថ្ងៃទី២៧ខែ ខែកក្កដា ឆ្នាំ២០២៥ តាមការប៉ាន់ស្មានគឺប្រជាពលរដ្ឋខ្មែរវិលត្រឡប់មក​វិញលើស​ពី១០ម៉ឺននាក់ ។

លោករដ្ឋមន្រ្តីក្រសួងការងារបន្ថែមថាចំនួនប្រជាពលរដ្ឋខ្មែរនឹងបន្តត្រឡប់មកស្រុកវិញកើនឡើងថែមទៀតនៅថ្ងៃបន្ទាប់ ដោយសារតែពួកគាត់មើលឃើញនៅអំពើហឹង្សាពីសំណាក់ជនជាតិថៃលើពលករទេសន្ត ប្រវេសន៍ខ្មែរមាន ការកើនឡើង ។

លោក ហេង សួរបានបញ្ជាក់បន្ថែមថា៖ «ហើយក៏មានការណែនាំថាកុំឱ្យពួកគាត់ចេញក្រៅ មានន័យថាបងប្អូនមានអារម្មណ៍ថារស់នៅក្រោមបរិយាកាសមួយគ្មានសុវត្ថិភាព ចឹងគាត់ចង់វិលមកជួបជុំគ្រួសារគាត់វិញ»

លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កំពុងរស់នៅធ្វើការក្តី សិក្សានៅប្រទេសថៃក្តី បើសិនជាមានអារម្មណ៍មិនមានសុវត្ថិភាព និងមានការរើសអើងសូមបងប្អូនវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកបញ្ជាក់បន្ថែមថា ៖ «នៅទីនេះមានបងប្អូន មានអាជ្ញាធរ ផ្តល់ភាពកក់ក្តៅ ដល់បងប្អូន ហើយក៏មានការងារ សមល្មមទទួលបងប្អូន ចំណែកនិស្សិត បើត្រឡប់មកវិញ ប្រមុខរដ្ឋាភិបាល ក្រសួងអប់រំ មានអាហាររូបករណ៍ ផ្តល់ជូនសិក្សា បានគ្រប់គ្រាន់»

បើតាមតាមអាជ្ញាធរឱ្យដឹងថា រយៈពេលបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន មានពលករខ្មែរជិតម្ភៃម៉ឺននាក់បាននាំគ្នាសម្រុកចេញពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកអន្តរជាតិដូងខេត្តបាត់ដំបង ក្នុងនៅថ្ងៃទី២៥ខែកក្កដា ចំនួនជាង៥ពាន់នាក់  ថ្ងៃទី២៦ ខែកក្កដា មានចំនួនជាង៦ម៉ឺនប្រាំពាន់នាក់ និងថ្ងៃទី២៧ ខែកក្កដានេះ ប្រហែល​ជាង១០ម៉ឺននាក់។

បើតាមអង្គការសង់ត្រាល់បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានពលករខ្មែរធ្វើការនៅ ប្រទេសថៃយ៉ាងតិច១៥នាក់បានរងការវាយដំពីក្រុមជ្រុលនិយមថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធរវាង កងទ័ពកម្ពុជា និងថៃ។ តាមសង់ត្រាល់ ពលរដ្ឋខ្មែរពុំហ៊ានចេញក្រៅផ្ទះនោះទេ និងថាសូម្បីតែការទាក់ទងតាមអនឡាញក៏ពលរដ្ឋខ្មែរខ្លះរងការគំរាមកំហែងដែរ។ ជាមួយគ្នានេះ ក្រសួងការងារកម្ពុជាបានអះអាងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះថា កម្ពុជាមិននៅស្ងៀម និងទាមទារឱ្យអាជ្ញាធរថៃយកជនដៃដល់ ដែលជាពលរដ្ឋខ្លួន ទៅដាក់​ទោសតាមច្បាប់។

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)

ខណៈចំនួនពលករខ្មែរត្រឡប់មកប្រទេសវិញយ៉ាងគំហុកនេះ អង្គការសង់ត្រាល់បាន ស្នើដល់ភាគីពាក់ព័ន្ធជួយសម្រួល សេវាថ្លៃធ្វើដំណើរ ទឹកពិសារ និងការស្នាក់នៅដល់ពលករ ពិសេស កុមារតូចៗ និងស្ត្រីមានផ្ទៃពោះផងដែរ ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ក្រោមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សាលារាជធានីភ្នំពេញបានបញ្ជូនរថយន្តសាធារណៈជាង៤០០គ្រឿង និងកំពុងបន្ថែមឱ្យបាន ៥០០ទៅ៦០០គ្រឿង  និងរថយន្តតាមបណ្តាលខេត្តនានា និងរថយន្តកងទ័ពជាច្រើនគ្រឿងទៀត បញ្ជូន ទៅច្រកទ្វារព្រំដែន ដើម្បីជួយដឹកជញ្ជូនពលករខ្មែរត្រឡប់ទៅស្រុកកំណើតវិញដោយមិនគិតថ្លៃ ។

លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ៖ «គោលដៅដើម្បីដឹកពលរដ្ឋឱ្យដល់ភូមិកំណើតសិន ហើយពីរសប្តាហ៍ក្រោយ ក្រសួងការងារ និងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកការងារ ផ្តល់ឱ្យកាសការងារ និងបណ្តុះបណ្តាល ដល់បងប្អូនដល់ភូមិកំណើតមិនទុកបងប្អូនចោលទេ»។

ក្នុងសេចក្តីអំពាវនាវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បង្កឡើងដោយក្រុមជ្រុលនិយមថៃ ដែលត្រូវបានផ្សព្វផ្សាយចែករំលែក លើគណនីបណ្តាញទំនាក់ទំនងសង្គម ជាពិសេស ក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការងារបានសង្កេតឃើញថា មានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការបើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមានការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅដោយភ័យខ្លាចរងនូវ អំពើហិង្សានានា។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចថៃក៏ដូចជាក្រសួងការងារថៃ សូមធ្វើការស៊ើបអង្កេត និងចាត់វិធានការឱ្យបានម៉ឺងមាត់ដើម្បីដោះស្រាយករណីការរើសអើង និងការប្រើហិង្សាដែលបានកើតឡើងលើពលករខ្មែរនាពេលកន្លងមក ព្រមទាំងដាក់ចេញនូវយន្តការបង្ការនិងទប់ស្កាត់ឱ្យបាន ច្បាស់លាស់និងប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិខាងការងារ និងអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ថា ពលករខ្មែរប្រមាណ៤០ម៉ឺននាក់ដែលវិលត្រឡប់ពីប្រទេសថៃវិញ ក្នុងរយៈពេលប្រាំថ្ងៃនេះ ចាប់ពីផ្ទុះអាវុធ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕

159 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម