ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង៥៖១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៖ នៅទីក្រុងបាងកក ការដួលរលំអគារដែលបណ្តាលមកពីការរញ្ជួយដីត្រូវបានគេរាយការណ៍ថាបានជាប់គាំងកម្មករយ៉ាងហោចណាស់ ៨១ នាក់ និងបានសម្លាប់មនុស្សបីនាក់ ខណៈដែលទីក្រុងនេះបានចូលទៅក្នុងភាពអាសន្ន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ ផ្នែកផ្សេងទៀតនៃតំបន់ក៏បានជួបប្រទះនឹងការញ័រផងដែរ។
កម្មករជាង៣០០នាក់កំពុងធ្វើការក្នុងទីតាំងអគារកម្ពស់ជាង៣០ជាន់ដែលដួលរលំដោយការរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករទាំងអស់នោះក៏មានកម្មករខ្មែរផងដែរ។
លោក លឹង សុផុន មន្ត្រីសម្របសម្រួលទទួលបន្ទុកពលករចំណាកនៅអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានឱ្យដឹងថា ផ្អែកតាមបណ្តាញរបស់លោក និងព័ត៌មានថៃ បានបញ្ជាក់ថា សំណង់អគារនេះសាងសង់បានជាង ៣០ជាន់ ដែលត្រូវបានដួលរលំដោយការរញ្ជួយដីនៅ Chaktuchak ទីក្រុងបាងកក ប្រទេសថៃ ហើយព័ត៌មានបឋមមានមនុស្សជាង ៣០០ នាក់ដែលនៅក្នុងអគារនោះ រួមមានពលករខ្មែរផងដែរ។
លោក សុផុន បានបញ្ជាក់ថា៖ «មានពលករខ្មែរដែលធ្វើការនៅក្នុងអគារនោះដែរ ប៉ុន្តែយើងមិនទាន់ដឹងថាមានពលករខ្មែរប៉ុន្មាននាក់នៅឡើយទេ»។ លោក សុផុន បន្ថែមថា ឥឡូវនេះគាត់កំពុងប្រមូលព័ត៌មាន ហើយគាត់នឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងពលករខ្មែរ។
លោក សុទ្ធ គឹមកុលមន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា នៅថ្ងៃនេះ គ្រោះរញ្ជួយដីនៅបាងកក ប្រទេសថៃ នៅភូមា និងវៀតណាម ប៉ុន្តែសម្រាប់កម្ពុជា គឺមិនទាន់មានកន្លែងដែលកើតបញ្ហារញ្ជួយដីនៅឡើយ។ ក្រុមជំនាញកំពុងតែធ្វើការតាមដាននៃការវិវឌ្ឍនេះ។
ប៉ុន្តែយោងតាមបណ្តាញសង្គមផ្សេងៗ បានលើកឡើងថា បុគ្គលិកអគារខ្ពស់មួយចំនួននៅរាជធានីភ្នំពេញ ត្រូវបានចុះចេញពីអគារដោយការបារម្ភ។
សារព័ត៌មានខេមបូចា នឹងបន្តធ្វើបច្ចុប្បន្នព័ត៌មានទាក់ទងនឹងពលករខ្មែរដែលធ្វើការនៅក្នុងអគារដែលរលំដោយការរញ្ជួយដីនៅប្រទេស។










