នៅកម្ពុជាបច្ចុប្បន្នការទិញទំនិញអនឡាញតាមរយៈទូរសព្ទដៃ ឬថេប្លេត (tablets) កំពុងតែមានការពេញនិយម ដោយសារតែភាពងាយស្រួលរបស់សេវាមួយនេះ។ យ៉ាងណា ក៏មានបញ្ហាកើតឡើងសម្រាប់អ្នកមិនសូវចេះច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាមួយនេះនៅពេលទិញអីវ៉ាន់ ដែលងាយនឹងត្រូវគេបោកប្រាស់ ពិសេសអ្នកទិញអីវ៉ាន់តាមប្រព័ន្ធបណ្ដាញសង្គម។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅ អ្នកស្រី អ៊ុក ឆៃវ៉ាន ជាប្រជាពលរដ្ឋរស់នៅស្រុកជីក្រែង ខេត្តសៀមរាប បានផ្ញើប្រាក់តាមភ្នាក់ងារវីងតាមការណែនាំរបស់អ្នកលក់ ពេលដែលអ្នកស្រីបញ្ជាទិញកង់អាគុយតាមអនឡាញ។
អ្នកលក់ប្រាប់អ្នកស្រីថាពួកគេនៅសល់កង់អាគុយតែ ១០គ្រឿងប៉ុណ្ណោះ និងឲ្យបង់ប្រាក់យ៉ាងយូរត្រឹមម៉ោង៣ និង៣០នាទីរសៀលនៅថ្ងៃដដែល បើមិនដូចនោះទេកង់នឹងលក់អស់មិនខាន។ ដូចនេះ អ្នកស្រីក៏បានបង់ប្រាក់ទៅតាមសំណើរបស់អ្នកលក់។
អ្នកស្រីឲ្យដឹងថា៖ «ពួកគេនឹងផ្ញើកង់មកខ្ញុំបន្ទាប់ពីទទួលប្រាក់រួច។ តាំងពីថ្ងៃហ្នឹងរហូងមកដល់ពេលនេះ ខ្ញុំនៅមិនទាន់បានទទួលកង់ទាំងពីរនោះនៅឡើយ។ ពួកគេក៏បានប្លុកហ្វេសប៊ុករបស់ខ្ញុំ ហើយខ្ញុំក៏មិនអាចទាក់ទងពួកគេតាមទូរសព្ទបានដែរ»។
អ្នកស្រីបានចែករំលែកព័ត៌មានរបស់ហ្វេសប៊ុកអ្នកលក់ដែលបានបោកប្រាស់អ្នកស្រី លើហ្វេសប៊ុករបស់អ្នកស្រីដែរ។ អ្នកស្រីបន្តថា មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនរិះគន់អ្នកស្រី និងមានខ្លះទៀតបានលើកទឹកចិត្តឲ្យអ្នកស្រីដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ។
ចំណែកកញ្ញា យុត សុម៉ាលី ជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ បានប្រាប់ខេមបូចា ដែរថាកញ្ញាក៏ចូលចិត្តទិញទំនិញអនឡាញ ដោយសារថាចំណេញពេលវេលា។ កញ្ញា ថាខ្លួនបានទិញអីវ៉ាន់តាមអនឡាញយ៉ាងតិចម្ដងក្នុងមួយខែ ហើយភាគច្រើនទិញទំនិញដូចជាសៀវភៅ សម្លៀកបំពាក់ កាបូប គ្រីម និងឡេលាបស្បែក ជាដើម។
យ៉ាងណា កញ្ញាថា ខ្លួនក៏ធ្លាប់ចាញ់បោកប្រាក់គេចំនួបបីដងដែរ។ កញ្ញាពន្យល់ថាពេលខ្លះទៀត កញ្ញាទទួលបានទំនិញដែលមិនត្រូវនឹងអ្វីដែលខ្លួលបានបញ្ជាទិញ ឬដូចការរំពឹងទុក។
កញ្ញាឲ្យដឹងថា ពេលខ្លះផលិតផលដែលបញ្ជាទិញគឺខុសទំហំ ហើយពេលកញ្ញាទាក់ទងទៅអ្នកលក់ ពួកគេមិនឆ្លើយតប ហើយក៏មិនទាក់ទងមកវិញដែរ។ កញ្ញាបន្តថា មានពេលខ្លះបន្ទាប់ពីផ្ញើប្រាក់ឲ្យហើយ អ្នកលក់តាមហ្វេសប៊ុកទាំងនោះបានប្លុកហ្វេសប៊ុកកញ្ញាក៏មាន។
កញ្ញាបន្ថែមថា៖ «បើតាមដែលខ្ញុំសង្កេត ប្រភេទមនុស្សបោក គឺវាព្យាយាមឱ្យយើងវេរលុយឱ្យបានលឿនៗ ហើយទំនិញរបស់វានឹងដឹកជូនភ្លាម…ប៉ុន្តែទីបំផុត អីវ៉ាន់អត់មានមកដល់យើងទេ»។
នៅពេលសួរថាតើកញ្ញានឹងរកជំនួយពីខាងណាចំពោះបញ្ហាទាំងនេះ នាងឆ្លើយថាមានតែពឹងទៅលើក្រសួងពាក់ព័ន្ធ ឬនាយកដ្ឋានប្រឆាំងបទល្មើសជួយដោះស្រាយ។ កញ្ញា ចង់ប្ដឹងអ្នកលក់ទាំងនោះតែថាមិនដឹងរកអ្នកលក់នោះដោយរបៀបណា ដោយសារថាអ្នកលក់ទាំងនោះបានប្លុកហ្វេសប៊ុករបស់កញ្ញាហើយដែរ។
ខេមបូចា បានទាក់ទងទៅលោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ក្រសួងមហាផ្ទៃ ប៉ុន្តែលោកបានបដិសេធផ្ដល់ព័ត៌មានទាក់ទងនឹងបទល្មើសតាមអនឡាញនៅកម្ពុជា។
ខេមបូចា ក៏បានទាក់ទងលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប៉ុន្តែលោកមានប្រសាសន៍ថា បញ្ហាទាំងនេះស្ថិតនៅក្រោមការទទួលខុសត្រូវរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ខេមបូចា មិនអាចទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានដូចគ្នា។

លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល ប្រាប់ខេមបូចា ថាការកើនឡើងនៃការបញ្ជាទិញទំនិញ និងសេវាកម្មតាមអនឡាញ ក៏ធ្វើឲ្យមានការចាប់ផ្ដើមចុះឈ្មោះតាមអឡាញដើម្បីបញ្ជាទិញសេវាកម្មធ្វើដំណើរ និងបញ្ជាទិញទំនិញពីក្រៅប្រទេសមកលក់ក្នុងស្រុកផងដែរ។
លោក ថាការកើនឡើងនេះមានខ្លាំងក្នុងអំឡុងវិបត្តិកូវីដ-១៩ ពេលដែលប្រជាពលរដ្ឋមិនអាចជួបជុំ ឬចេញក្រៅទិញម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗបាន។ ជំនួសមកវិញ អ្នកទាំងនោះក៏បានបញ្ជាទិញតាមអនឡាញ និងមានការដឹកជញ្ជូនដល់ផ្ទះ។
យ៉ាងណាលោកបានសង្កេតឃើញដែរថា ទោះបីជាមានការកើនឡើងការទិញទំនិញអនឡាញមែន ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ទាក់ទងនឹងបច្ចេកវិទ្យាទីផ្សារឌីជីថលនេះទេ ដែលជាហេតុនាំឲ្យមានបញ្ហាច្រើនទាំងអ្នកលក់ និងអ្នកទិញ។
លោកបញ្ជាក់ថា៖ «បច្ចេកវិទ្យាថ្មី និងទីផ្សារអនឡាញ មកលឿនជាងការយល់ដឹងរបស់អ្នកលក់ និងអ្នកទិញ ធ្វើឲ្យអ្នកទិញ និងអ្នកលក់អនឡាញក្នុងប្រទេសយើងមិនបានត្រៀមខ្លួនទាន់ពេល»។ ដោយលោកបន្ថែមថា៖ «ពួកគាត់ត្រូវតែលក់ និងទិញ ហើយរៀនពីរបៀបប្រើប្រាស់ទម្រង់លក់ដូរបែបឌីជីថល ដំណាលគ្នាដែរ»។
បើយោងតាម Statcounter Global Stats អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាគិតត្រឹមខែមេសា ឆ្នាំ២០២១ ដល់ខែមេសា ឆ្នាំ២០២២ មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៤៧,៥៦% អ្នកប្រើប្រាស់យូធូបចំនួន ២៧,២៨% អ្នកប្រើប្រាស់ Pinterest មាន៨,៥៩% អ្នកប្រើប្រាស់ Instagram មាន ៣,៩៤% និងអ្នកប្រើប្រាស់ Reddit មាន២,៦៤%។
កញ្ញា សឿង លក្ខិណា ជាអ្នកលក់អនឡាញម្នាក់នៅទីក្រុងភ្នំពេញ ក៏ចូលចិត្តទិញទំនិញ ដូចជាសម្លៀកបំពាក់ គ្រឿងសម្អាង និងម្ហូបអាហារតាមអនឡាញដែរ។ កញ្ញាថា ខ្លួនក៏ធ្លាប់ចាញ់បោកគេដោយផ្ទេរប្រាក់តាមភ្នាក់ងារវីងអស់ ៥០ដុល្លារផងដែរ។
កញ្ញាថា ដំបូងអ្នកលក់ទាំងនោះបានឲ្យកញ្ញាទម្លាក់ទីតាំង។ បើសិនជាកញ្ញានៅខេត្តអ្នកលក់នៅថាពួកគេនៅភ្នំពេញ ហើយបើសិនជាថាកញ្ញានៅភ្នំពេញ អ្នកលក់នោះថាខ្លួនគេនៅតាមខេត្ត។ កញ្ញាបន្តថា អ្នកលក់ទាំងនេះតែងតែថាខ្លួនគេនៅទីតាំងផ្សេងពីអ្នកទិញ និងតម្រូវឲ្យអ្នកទិញផ្ទេរប្រាក់ឲ្យជាមុន។ ក្រោយពីផ្ទេរប្រាក់រួច កញ្ញាថា ពួកគេបានប្លុកហ្វេសប៊ុកកញ្ញា និងឈប់ឆ្លើយឆ្លងសារ។
កញ្ញា ផ្ដល់ជាយោបល់ដល់អ្នកទិញតាមអនឡាញថា៖ «សូមពិនិត្យឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តផ្ញើប្រាក់ទៅអ្នកលក់អនឡាញ ហើយអាជ្ញាធរពាក់ព័ន្ធគួរតែត្រួតពិនិត្យអ្នកលក់បោកប្រាស់ទាំងនោះ»។ កញ្ញាបន្ថែមថា អ្នកប្រើប្រាស់បណ្ដាញសង្គម គួរតែបញ្ចេញមតិយោបល់ ចែករំលែក និងផ្ដល់ព័ត៌មានទាំងទងនឹងការបោកប្រាស់នេះឲ្យបានទូលំទូលាយ ពីព្រោះថាមានផេកហ្វេសប៊ុកជាច្រើនបានប្រើប្រាស់ប្រព័ន្ធមួយនេះដើរបោកប្រាស់អ្នកផ្សេង។
បើតាមនិយ័តករទូរគមនាគមន៍កម្ពុជា ចំនួនអ្នកប្រើប្រាស់ទូរសព្ទចល័តនៅកម្ពុជាមានចំនួន ១៩ ៤៥៨ ៨៤៩ គិតត្រឹមខែមករា ឆ្នាំ២០២២ ខណៈអ្នកចុះឈ្មោះប្រើអ៊ីនធឺណិតមានចំនួន ១៧ ៥៩១ ៣៩៦នាក់។
លោក ង៉ែត ម៉ូសេ មានប្រសាសន៍ថា ការទិញទំនិញតាមអនឡាញ គួរតែមានវគ្គបណ្ដុះបណ្ដាលខ្លះទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព ការបង់ប្រាក់ដោយសុវត្ថិភាព និងការទទួលទំនិញដោយសុវត្ថិភាពដូចគ្នា។
លោកបន្ថែមថា៖ «បើយើងមើលពីររៀបដែលទិញអីវ៉ាន់នៅហាងផ្ទាល់ ពេលដែលយើងទៅដល់ផ្សារ យើងទិញខោអាវ។ អ្នកលក់ឱ្យខោអាវយើង ហើយយើងពិនិត្យមើលខោអាវហ្នឹង ថាតើស្អាតឬអត់ ល្មមនឹងយើងដែរទេ ឬមានដាច់ដាចឬអត់? បន្ទាប់មកបានយើងឱ្យលុយគេ។ ប៉ុន្តែនៅលើអនឡាញវាអត់អ៊ីចឹងទេ យើងគ្រាន់តែឃើញរូបថតដែលគេបង្ហោះទេ យើងមិនដឹងថាទំនិញនោះបែបម៉េច ហើយនឹងមានសុវត្ថិភាពកម្រិតណា?»។
លោកឲ្យដឹងថាចំពោះអ្នកទិញទំនិញអនឡាញពីហាងលក់អនឡាញ អាចមានសុវត្ថិភាពជាង។ លោកថាពេលអ្នកទិញបញ្ជាទិញ និងបង់ប្រាក់ អ្នកលក់មិនទាន់អាចដកប្រាក់នោះបានភ្លាមៗទេ គឺខាងធនាគារជាអ្នកកាក់ទុកសិន នៅពេលអ្នកទិញបញ្ជាក់ថាបានទទួលទំនិញហើយ ទើបអ្នកលក់បានទទួលប្រាក់នោះដែរ។
លោកក៏បានផ្ដល់ជាអនុសាសន៍ដល់ក្រសួងពាក់ព័ន្ធគួរតែតម្រូវឲ្យអ្នកលក់ទាំងអស់បើកគណនី អ្នកលក់ដូរ (Seller Account) ផ្លូវការនៅធនាគារ ដែលធ្វើឲ្យរដ្ឋអាចដកពន្ធបាន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់ខេមបូចាថា ក្រសួងមិនទាន់បញ្ចប់ដំណើរការប្រមូលទិន្ន័យពីចំនួនករណីឆបោកតាមអនឡាញនេះនៅឡើយ ពីព្រោះថាក្រសួងមិនទាន់បានទទួលការចុះឈ្មោះអាជីវកម្មអនឡាញបានពេញលេញនៅឡើយ។
លោកបន្ថែមថា៖ «យើងបានធ្វើសេចក្ដីអំពាវនាវឱ្យគេមកចុះបញ្ជី សុំលិខិតធ្វើអាជីវកម្ម ហើយនឹងចុះបញ្ជីក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែរ តែមកដល់បច្ចុប្បន្ននេះ មិនមានក្រុមហ៊ុនច្រើនទេមកចុះបញ្ចីនៅក្រសួង» ដោយលោកបន្ថែមថា៖ «រាល់ការធ្វើអាជីវកម្ម គឺតម្រូវឱ្យធ្វើការចុះបញ្ជី ឬសុំលិខិតអនុញ្ញាត»។
សម្រាប់លោក ង៉ែត ម៉ូសេ អ្នកទិញ មុននឹងទិញទំនិញតាមបណ្ដាញសង្គម គួរតែពិនិត្យលើការបញ្ចេញមតិយោបល់របស់អ្នកទិញមុនៗនៅលើផេកទាំងនោះ។ អ្នកទិញក៏គួរពិនិត្យមើលទីតាំង លេខទូរសព្ទ របស់អ្នកលក់ថាតើពិតឬអត់ផងដែរ។
ទាក់ទងនឹងការឆបោកតាមអនឡាញនេះ លោក សុវិជាតិ មានប្រសានស៍ថា ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំអនុក្រឹត្យទាក់ទងនឹងការផ្សព្វផ្សាយមិនស្មោះត្រង់ ជាមួយនឹងក្រសួងផ្សេងៗទៀត។ លោកថា វាមានទាក់ទងនឹងការផ្សាយមិនត្រឹមត្រូវតាមគុណភាព បំប៉ោងគុណភាព ឬប្រសិទ្ធភាពជាដើម។
លោកបន្តថា៖ «យើង[ក្រសួងពាណិជ្ជកម្ម] សង្ឃឹមថាអនុក្រឹត្យនឹងចេញឆាប់ៗនេះ ដើម្បីបានជាលិខិតបទដ្ឋានគតិយុត្តិមួយសម្រាប់អនុវត្តន៍កិច្ចការទាក់ទងនឹងកិច្ចការពារ និងការទប់ស្កាត់ការបោកបន្លំតាមអនឡាញ»។
លោក ឈួន ច័ន្ទដារ៉ារ័ត្ន អនុប្រធានការិយាល័យទទួលពាក្យបណ្ដឹងអ្នកប្រើប្រាស់របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ របស់ក្រសួងពាណិជ្ជកម្ម ប្រាប់ខេមបូចាថា តាំងពីឆ្នាំ២០១៩ មក នាយកដ្ឋានបានទទួលពាក្យបណ្ដឹងចំនួន ២៨ករណី មានទាំងការទិញតាមអនឡាញ និងដោយផ្ទាល់ ហើយករណីទាំងនេះមានខ្លះត្រូវបានដោះស្រាយ និងខ្លះមិនទាន់ដោះស្រាយនៅឡើង។
លោក សុវិជាតិ មានប្រសាសន៍ទៀតថា ប្រសិនបើមានប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ទទួលរងនូវការឆបោក នៅតាមការលក់អនឡាញ ជាពិសេសការប្រើប្រាស់ឈ្មោះក្លែងបន្លំ យកឈ្មោះអ្នកធំមកប្រើ ឬក៏ប្រើម៉ាក ដែលមិនពិតប្រាកដ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្ដឹងមក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
លោក ច័ន្ទដារ៉ារ័ត្ន បានបន្ថែមថាអ្នកប្រើប្រាស់អាចទាញយកទម្រង់នៃពាក្យបណ្ដឹងពីវិបសាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឬទៅដាក់ពាក្យដោយផ្ទាល់នៅតាមសាខារបស់អគ្គនាយក ហើយអាចដាក់ពាក្យតាមអនឡាញ ឬមកក្រសួងដោយផ្ទាល់ ក៏ដូចជានៅតាមសាខាអគ្គនាយកដ្ឋានទាំង ២៥ខេត្ត-ក្រុង៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodians report scams in online shopping experiences