អ្នកជំនាញខាងបច្ចេកវិទ្យានៅក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញ ឆ្នាំ២០២៥ បានអំពាវនាវឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AIឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ដោយព្រមានមានចំនួនអ្នកប្រើប្រាស់បច្ចេកវិទ្យានេះដោយមិនត្រឹមត្រូវកាន់តែច្រើនដែលវាបានបំពានទៅនឹងសិទ្ធិមនុស្ស រួមទាំងការបៀតបៀនផ្លូវភេទ និងធ្វើឲ្យប៉ះពាល់ផ្លូវចិត្តអ្នកដទៃ។
វិទិកាប្រចាំឆ្នាំនេះ រៀបចំឡើងដោយក្រុមការងារសិទ្ធិឌីជីថល (DRWG) និងបានរៀបចំឡើងក្រោមប្រធានបទ«រួមគ្នាលើកកម្ពស់អនាគតឌីជីថលនៅកម្ពុជា ប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន»។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីក្របខណ្ឌច្បាប់ទាក់ទងនឹងបច្ចេកវិទ្យាAI និងឧក្រិដ្ឋកម្មអនឡាញ លើកកម្ពស់សិទ្ធិឌីជីថល និងសេរីភាពការប្រើប្រាស់អ៊ីនធឺណិត និងបង្កើតវេទិកាមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងការរួមចំណែកពិភាក្សាលើគោលនយោបាយ។
សម្រាប់ឆ្នាំនេះ កម្មវិធីនេះមានអ្នកចូលរួមចំនួន២៥៦នាក់ រួមមានទាំងយុវជន តំណាងស្ថានទូត តំណាងសង្គមស៊ីវិល និងក្រុមជនជាតិដើមភាគតិច។
ក្នុងកិច្ចពិភាក្សាអំពីការប្រើប្រាស់ និងគ្រប់គ្រង AI លោក ង៉ែត ម៉ូសេ ទីប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពឌីជីថល មានប្រសាសន៍ថា ភាពជឿនលឿននៃបច្ចេកវិទ្យា ក្នុងនោះ AI កំពុងមានឥទ្ធិពល និងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលការងារឲ្យមានភាពងាយស្រួល ប៉ុន្តែទន្ទឹមនឹងនោះ AI ក៏អាចបង្កហានិភ័យដល់ឯកជនភាព និងសេរីភាពផងដែរ។
លោកលើកឡើងថា៖ «វាមានទាំងចំណុចល្អ និងចំណុចមិនល្អ។ ចំណុចមិនល្អគឺ AI អាចត្រូវគេប្រើដើម្បីបន្លំ។ បើសិនជាការប្រើប្រាស់ AI ដោយមិនមានក្រមសីលធម៌ វាអាចប៉ះពាល់ដល់សេរីភាពពួកយើង»។
លោកលើកពីការប្រើប្រាស់មិនត្រឹមត្រូវ ដូចជាមានការប្រើប្រាស់កម្មវិធីកាត់តរូបភាព Photoshop និងរូបភាពបង្កើតដោយ AI ដើម្បីបង្កើតចេញជារូបអាក្រាតក្លែងក្លាយរបស់ស្រ្តីម្នាក់ លោកថាការប្រើប្រាស់មិនត្រឹមត្រូវបែបនេះគឺមកពីខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវខាងផ្លូវច្បាប់។
លោកបន្ថែមថា៖ «ពេលដែលយើងជជែកពីសិទ្ធិឌីជថល យើងក៏ជជែកអំពីឯកជនភាព យើងជជែកពីចំណុចរសើប និងសេរីភាពបញ្ចេកមតិផងដែរ។ អ្វីទាំងនេះជាសិទ្ធិរបស់ពួកយើង ដែលជាគោលការណ៍នៃក្រមសីលធម៌ក្នុងការប្រើប្រាស់ AI។ បើសិនជាយើងចង់ឲ្យ AI អភិវឌ្ឍទៅមុខយូរអង្វែង សិទ្ធិទាំងនោះគឺពិតជាមានសារសំខាន់»។

លោកស្រី ហ៊ាង អូមួយ នាយិកាប្រតិបត្តិក្រុមហ៊ុន Asia Digital Technology Innovation យល់ស្របថា AI បាននាំមកនូវភាពរីកចម្រើន តែក៏នៅមានបញ្ហាលើការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ផងដែរ។
លោកស្រីលើកឡើងថា៖ «ក្នុងការគ្រប់គ្រង AI គឺផ្ដោតលើរបៀបដែលអ្នកប្រើប្រាស់ AI អ្នកបង្កើត AI អ្នកស្រាវជ្រាវពី AI ធ្វើការរួមគ្នាដើម្បីធានាថា AI ដែលអ្នកទាំងនោះប្រើ និងបង្កើត គឺមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ មិនត្រឹមតែបច្ចុប្បន្ន តែទៅថ្ងៃអនាគតផងដែរ»។ ការប្រើប្រាស់ AI និងបច្ចេកវិទ្យាដោយគ្មានក្រមសីលធម៌ ដូចជាចែកចាយព័ត៌មានមិនពិត អាចបង្កឲ្យមានភាពតានតឹង និងតក់ស្លុត នាំឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដែលមិនមែនប៉ះពាល់តែបុគ្គលម្នាក់ទេ តែទាំងគ្រួសារ និងសេដ្ឋកិច្ចផងដែរ។
លោកស្រីកត់សម្គាល់ថា កម្ពុជាមិនមានច្បាប់ស្ដីពី AI ទេ ប៉ុន្តែអាស៊ានបានអនុម័តលើក្របខណ្ឌគ្រប់គ្រង AI ថ្នាក់តំបន់ ដូចជាគោលការណែនាំអំពីកម្រមសីលធម៌ក្នុងការប្រើប្រាស់។ លោកស្រីថា ក្របខណ្ឌនេះបានផ្ដល់ជាមូលដ្ឋានសម្រាប់ការយល់ដឹង និងអនុវត្តប្រកបដោយការទទួលខុសត្រូវ។
អ្នកស្រីបន្ថែមថា៖ «ក្រមសីលធម៌ជាផ្នែកមួយនៃការគ្រប់គ្រង AI ដោយរួមបញ្ចូលទាំងការប្រើប្រាស់ត្រឹមត្រូវ និងការរក្សាទុកទិន្នន័យឯនជន ការបង្កើត AI និងការប្រើប្រាស់ AI ក្នុងលក្ខណៈបរិយាបន្ន ប្រើប្រាស់ដោយនិរន្តរភាព និងការលើកកម្ពស់ និងអប់រំនៃការប្រើប្រាស់ AI»។
លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថាកម្ពុជាដើរទៅមុខជាមួយនឹងភាពរីកចម្រើននៃឌីជីថល ដែលនេះត្រូវតែមានការធានាថាភាពរីកចម្រើននៃបច្ចេកវិទ្យានៅតែមានបរិយាបន្ន និងគោរពសិទ្ធិមនុស្ស។
លោកបន្ថែមថា៖ «ឯកជនភាព និងសុត្ថិភាព ជាកង្វល់ដែលទាមទារឲ្យមានក្របខណ្ឌច្បាប់មួយរឹងមាំ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ទាំងអ្នកបច្ចេកទេស និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សត្រូវតែធ្វើការរួមការរួមគ្នា ដើម្បីធានាថាកម្មវិធី AI នេះបានរួមចំណែកជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម ដើម្បីប្រជាពលរដ្ឋក្នុងប្រទេស និងការពារសិទ្ធិប្រជាពលរដ្ឋ»។
លោកលើកឡើងទៀតថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ មានចក្ខុវិស័យរួមបញ្ចូលការលូតលាស់ផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ដែលដឹកនាំដោយបច្ចេកវិទ្យាឌីជីថល។ យ៉ាងណា លោកក៏កត់សម្គាល់ពីបញ្ហាប្រឈមមួយចំនួនដែលកម្ពុជាមានដូចជាការភ្ជាប់ប្រព័ន្ធអ៊ីណធឺណិត និងចំណេះដឹងផ្នែកឌីជីថលរបស់ប្រជាពលរដ្ឋ។
នៅដើមឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខប្រព័ន្ធអ៊ីនធឺណិត និងគោលនយោបាយពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថល ដោយបានសង្កត់ធ្ងន់លើតម្រូវការគ្រប់គ្រង AI ទិន្នន័យធំ ឬBig data និងការកើតឡើងបច្ចេកវិទ្យាដែលបានប្រើប្រាស់ប្រព័ន្ធឌីជីផល៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Experts Call for Ethical Use of AI at Phnom Penh Internet Forum 2025











