UPDATES:
ម៉ោង ៤:២៨ រសៀល៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី១៨ ខែធ្នូ ដែលក្នុងអំឡុងពេលនោះ លោកបានសម្តែងការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអំពើហិង្សាដែលនៅតែបន្តកើតមាននៅតាមព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹង។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
លោក Rubio បានជំរុញឱ្យប្រទេសថៃចាត់វិធានការជាក់ស្តែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួវិញ។
ម៉ោង ៣:៥៣ រសៀល៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរសព្ទរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ជាមួយសមភាគីចិន លោក វ៉ាង យី ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះ «មិត្តភាពដែកថែបកម្ពុជា-ចិន» និងដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា ពួកគេបានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ រួមទាំងស្ថានភាពព្រំដែនកម្ពុជា-ថៃ ប៉ុន្តែលោកមិនបានថ្លែងឡើងវិញនូវការកត់សម្គាល់របស់លោក វ៉ាង យី អំពីឆន្ទៈរបស់ភាគីទាំងពីរក្នុងការបន្ធូរបន្ថយភាពតានតឹង ឬអនុវត្តបទឈប់បាញ់នោះទេ។
ក្រសួងការបរទេសថៃមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយលើការហៅទូរសព្ទនេះនៅឡើយទេ។
ម៉ោង ១២: ៥១ រសៀល៖ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កងកម្លាំងយោធាថៃបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលឈានចូលថ្ងៃទី១៣។ នេះបើយោងតាមក្រសួងការពារជាតិ។
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ភាគីថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតត្រឹមម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥។
- ចាប់ពីម៉ោង ២០:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច។ រហូតដល់ម៉ោង ៥:០០នាទីព្រឹកនេះទើបស្ងប់ស្ងាត់។
ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតត្រឹមម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥។
- ម៉ោង ៤:៥៤ ព្រឹក៖ យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ៥:៤១ ព្រឹក៖ យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដា។
- ម៉ោង ៦:០១ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ៦:៥៤ ព្រឹក៖ យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់ កម្ពុជានៅភូមិសាស្រ្តឃុំថ្មដា។
- ម៉ោង ៧:៤២ ព្រឹក៖ យោធាថៃបានបាញ់ផ្លោងចំនួន ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ម៉ោង ៨:៤៨ ព្រឹក៖ យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។
ក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច។
ក្រសួងលើកឡើងថា កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបំពានមកលើបូរណភាពទឹកដីកម្ពុជា។
ក្រសួងការពារជាតិ បានបន្តទៀតថា កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។
ក្រសួងបានបន្ថែមថា កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ដំណោះស្រាយការទូតថ្មីៗរបស់ប្រទេសចិន រវាងប្រទេសកម្ពុជា និងថៃ ត្រូវបានបញ្ចប់ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបហ្ហាញពី «ឆន្ទៈ» ក្នុងការបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ខណៈដែលការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនរួមរបស់ពួកគេអស់រយៈពេលជិតពីរសប្តាហ៍។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានហៅទូរសព្ទដាច់ដោយឡែកពីគ្នាកាលពីថ្ងៃព្រហស្បតិ៍ជាមួយសមភាគីកម្ពុជា និងថៃ គឺលោក ប្រាក់ សុខុន និងលោក Sihasak Phuangketkeow។
លោក វ៉ាង យី បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសចិនបានតស៊ូមតិជាប់លាប់សម្រាប់ការសន្ទនាដោយសន្តិវិធី និងរក្សាជំហរយុត្តិធម៌ និងមិនលម្អៀង ខណៈពេលដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន»។លោកបានបន្ថែមថា ប្រទេសចិននឹងបន្ត «ធ្វើជាស្ពាន និងធ្វើការខិតខំប្រឹងប្រែងស្ថាបនាដើម្បីសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំងពីរ»។
ទាំងក្រសួងការបរទេសកម្ពុជា និងថៃ មិនបានចេញសេចក្តីថ្លែងការណ៍ណាមួយលើការអំពាវនាវនេះទេ គិតត្រឹមព្រឹកថ្ងៃសុក្រ។
ការជំរុញការទូតរបស់ចិនបានកើតឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលអន្តរជាតិមុនៗបានបរាជ័យ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកបានជួយសម្របសម្រួលការវិលត្រឡប់ទៅរកបទឈប់បាញ់ដែលលោកបានដឹកនាំកាលពីដើមឆ្នាំនេះ ទោះបីជាការប្រយុទ្ធគ្នានៅតែបន្តក៏ដោយ។
លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះដែរថា លោកមិនបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសចិនទេ បើទោះបីជាមានការអំពាវនាវក្នុងចំណោមក្រសួងការបរទេសក៏ដោយ។
លោក Volker Türk ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកមានការព្រួយបារម្ភអំពីជម្លោះដែលកំពុងកើនឡើង និងផលប៉ះពាល់របស់វាទៅលើជនស៊ីវិល ដោយអំពាវនាវឱ្យមានការបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់។
លោកបានថ្លែងថា អរិភាពកាន់តែរីករាលដាល និងការប្រើប្រាស់ការវាយប្រហារតាមអាកាស និងអាវុធធុនធ្ងន់នៅក្នុង និងជុំវិញតំបន់ដែលមានប្រជាជនរស់នៅច្រើន បង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីការការពារជនស៊ីវិល។
លោកបានព្រមានថា៖ «ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ វាច្បាស់ណាស់ថា ការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល គឺមានសារៈសំខាន់បំផុត»។
យោងតាមក្រសួងមហាផ្ទៃកម្ពុជា យ៉ាងហោចណាស់មានជនស៊ីវិល ១៨នាក់ត្រូវបានសម្លាប់ ៧៩នាក់រងរបួស និងជិតកន្លះលាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីការប៉ះទង្គិចគ្នាបានបន្តឡើងវិញនៅថ្ងៃទី៧ ខែធ្នូ។
ប្រទេសថៃបានរាយការណ៍ថា មានជនស៊ីវិល ២១នាក់ និងទាហាន ២១នាក់ត្រូវបានស្លាប់ គិតត្រឹមថ្ងៃពុធ ដោយមានជាង ២៦០ ០០០នាក់ត្រូវបានផ្លាស់ទី និងជ្រកកោននៅក្នុងជំរំភៀសសឹក។ កម្ពុជាមិនទាន់បានផ្សព្វផ្សាយពីចំនួនទាហានដែលត្រូវបានស្លាប់ចាប់តាំងពីអរិភាពបានចាប់ផ្តើមឡើងវិញនៅឡើយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ China Says Cambodia, Thailand Show ‘Willingness’ to Implement Ceasefire










