សង្គមស៊ីវិលដែលធ្វើការលើសិទ្ធិមនុស្ស និងសហជីព រិះគន់អាជ្ញាធរដែលបានប្រើអំពើហិង្សា និងបៀតបៀនផ្លូវភេទលើកូដករជាស្ត្រី ដែលបានចេញធ្វើកូដកម្មទាមទារសិទ្ធិការងារពីក្រុមហ៊ុនណាហ្គាវើលដ៍។
បើតាមសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល នៅថ្ងៃទី២៤ ខែកុម្ភៈ បានបង្ហាញនូវការសោកស្តាយចំពោះអាជ្ញាធរ ដែលបានប្រើអំពើហិង្សា និងទង្វើបៀតបៀនផ្លូវភេទទៅលើកូដករស្ត្រីដែលបង្កឡើងដោយមន្ត្រីរដ្ឋាភិបាល។
ក្រុមសង្គមស៊ីវិល បានលើកឡើងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលគួរយកចិត្តទុកដាក់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីអាជ្ញាធរ ដើម្បីរួមគ្នាលុបបំបាត់អំពើហិង្សា និងការរើសអើងលើស្ត្រីភេទនៅកម្ពុជា និងលើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករនិយោជិតស្រ្តី ដែលកន្លងមកបានដើរតួនាទីយ៉ាងសំខាន់ ដែលជាដង្ហើមសេដ្ឋកិច្ចជាតិ និងសង្គមគ្រួសារ»។
សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមកូដករភាគច្រើនជាស្ត្រី បានទទួលរងនូវអំពើហិង្សា ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តវិធានការកូវីដ១៩ ដោយមិនត្រឹមត្រូវ ក្នុងការឆ្លើយតបទៅនឹងការធ្វើកូដកម្មដោយសន្តិវិធីរបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។
កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ជាបុគ្គលិកណាហ្គាវើលដ៍ តួនាទីជាអ្នកគ្រប់គ្រងបេឡាជាន់ខ្ពស់រយៈពេល១៣ឆ្នាំ និងជាកូដករមួយរូបបានឱ្យដឹងថា ចំពោះការបៀតបៀនមកលើស្រ្តីដែលជាកូដករ គឺជាចេតនាក្នុងការគំរាមកំហែងមកលើក្រុមកូដករស្រ្តីផ្សេងទៀត។
កញ្ញា សុភ័ក្រម៉ូលីកា អះអាងថា៖ «អាជ្ញាធរយកដៃចាប់ដោះកូដករពេញៗដៃ គ្មានអៀនខ្មាស់ ហើយអ្នកដែលបំពានមកលើស្ត្រីកូដករ គាត់ជាមន្ត្រីស្លៀកពាក់ឯកសណ្ឋាន វាធ្វើអោយប៉ះពាល់មុខមាត់ដល់មន្ត្រីផ្សេងទៀត ក៏ដូចជាស្ថាប័នផងដែរ ហើយនេះជាទង្វើអសីលធម៌»។
កញ្ញា សុភ័ក្រម៉ូលីកា បញ្ចាក់ថា ទោះបីជាមានការរារាំង និងចាប់កូដករទៅចត្តាឡីស័កជាបន្តបន្ទាប់ក៏ដោយ ក៏ក្រុមកូដករនៅតែបន្តចេញធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយ។
កូដកររូបនេះប្រាប់ថា៖ «បើទោះជាខាងសាលារាជធានីភ្នំពេញ ព្យាយាមដាក់បន្ទុកមកលើក្រុមកូដករយ៉ាងណាក៏ដោយ ពួកយើងនៅតែបន្តធ្វើកូដកម្ម ព្រោះពួកយើងបានឃើញទាំងអស់គ្នាហើយថា ខាងសាលារាជធានីភ្នំពេញ ឈរនៅខាងក្រុមហ៊ុន»។
កញ្ញា សុភ័ក្រម៉ូលីកា បន្ថែមទៀតថា បើទោះជាខាងក្រុមកូដករបានខំប្រឹងអនុវត្តនៅវិធានការរបស់ក្រសួងសុខាភិបាលក្ដី ក៏ក្រុមកូដករនៅតែជាអ្នកខុសដដែល។
ជុំវិញបញ្ហានេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបដិសេធមិនឆ្លើយតបជាមួយអ្នកសារព័ត៌មានអំពីការបៀតបៀនរបស់អាជ្ញាធរទៅលើកូដករស្រ្តីឡើយ។
លោក ឆែ បានលើកឡើងថា៖ «ចាំមើលសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្រុងចុះណា អាស្រី ព្រោះកុំឱ្យនិយាយខុសពីសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យកំពុងប្រកាសព័ត៌មានហ្នឹងហើយណា៎ »។
ចំណែកលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពុំអាចទាក់ទងដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ។
តែយ៉ាងណាមិញ តាមរយៈសេចក្ដីប្រកាសរបស់សាលាក្រុងកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ បានឱ្យដឹងថា សកម្មភាពក្រុមកូដករ គ្រាន់តែជាការសម្ដែង ដើម្បីទាមទារចំណាប់អារម្មណ៍ពីមហាជន តាមរយៈការរៀបចំរបស់មនុស្សមួយក្រុមតូច។
សេចក្ដីថ្លែងការលើកឡើងថា៖ «ក្នុងការឆ្លៀតឱកាសក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារ មនុស្សមួយក្រុមតូចបាន សន្សំចិត្ត ណែនាំឱ្យក្រុមបាតុករបង្កើតឈុតឆាកល្ខោនតាមការគ្រោងទុក ហើយថតរូបភាពសម្រាប់បង្ហោះតាមបណ្តាញ សង្គមដើម្បីបំភាន់សាធារណមតិ សម្តែងដូចជាកម្សត់ វេទនា ដើម្បីឱ្យមហាជនយល់ច្រឡំថា អាជ្ញាធរមានសមត្ថកិច្ចធ្វើបាប កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញពួកគាត់»។
ទន្ទឹមនឹងនេះ សាលាក្រុងភ្នំពេញ នឹងនៅតែបន្តចាត់វិធានការតាមច្បាប់ និងពិន័យជាប្រាក់ដល់កូដករ ប្រសិនបើពួកគេនៅតែបន្តសកម្មភាពជួបជុំខុសច្បាប់ ក្រោមហេតុផលការពារការរីករាលដាលឆ្លងនៃមេរោគកូវីដ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខ ជាដើម។
បើតាមលោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម បានលើកឡើងថា ភាគីសាលាក្រុងគួរតែពិនិត្យមើលឡើងវិញ ចំពោះការអនុវត្តវិធានការ ចាប់កូដករទៅចត្តាឡីស័ក ដូចជាការប្រើពាក្យសម្ដី ការបៀតបៀនរាងកាយស្រ្តីកូដករ ដែលបង្ហាញថាការអនុវត្តសិទ្ធិនៅកម្ពុជាដើរថយក្រោយ។
លោកស្រីបញ្ជាក់ថា៖ «អាជ្ញាធរគួរពិនិត្យឡើងវិញ [ដូចជា]ការប្រើពាក្យសម្ដី និងចាប់ដើមទ្រូងស្រ្តី ហើយអ្នកប្រព្រឹត្តដោយមិនញញើត និងក្រែងរអាចំពោះផ្លូវច្បាប់ ហើយអាជ្ញាធរមិនគួរអត់ឱនឱ្យអ្នកដែលប្រព្រឹត្តបែបនេះទេ»។
ជាមួយគ្នានេះដែរ អង្គលីកាដូ ក៏បានលើកឡើងដែរថា អាជ្ញាធរត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសមាជិកសហជីពណាហ្គាវើលដ៍ជាស្ត្រី ដែលកំពុងធ្វើកូដកម្មដោយសន្តិវិធី។
អង្គកាលីកាដូបានលើកឡើងថា៖ «កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់រុញ ទាញ និងសែង កូដករអហិង្សាទាំងនោះ សមត្ថកិច្ចជាបុរសម្នាក់ បានចាប់និងច្របាច់ដោះរបស់ស្ត្រីម្នាក់ ខណៈពេលដែល នាងត្រូវបានបង្ខំឱ្យចូលទៅក្នុងរថយន្តក្រុង» ។
គួរជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ សាលារាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព្រមានថានឹងចាត់វិធានការច្បាប់ ហាមមិនឱ្យកូដករណាហ្គាវើលដ៍ចេញតវ៉ាខុសច្បាប់នៅទីតាំងក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ ។
ការប្រកាសយ៉ាងដូច្នេះ សាលាក្រុងពន្យល់ថា គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ។
តែយ៉ាងណាមិញ អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធមនុស្ស បានលើកឡើងថា អាជ្ញាធរ ហាក់ដូចជាប្រឹងប្រែងរារាំងសកម្មភាពការងារដោយសន្តិវិធី និងស្របច្បាប់ដោយសំអាងលើវិធានការសុខភាពសាធារណៈ ។
អ្នកជំនាញអះអាងថា៖ «មានភាពមិនស៊ីសង្វាក់គ្នាជារួម និងកង្វះតម្លាភាពក្នុងវិធានការគ្រប់គ្រងជំងឺកូវីដ-១៩របស់កម្ពុជា»៕