សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គមស៊ីវិលទាមទារឱ្យស្វែងរកឃាតកពិត ខណៈពេលប្រារព្ធខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី

ក្រុមសង្គមស៊ីវិលនិងយុវជន បានចូលរួមគោរពខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ រាជធានីភ្នំពេញ ជាទីតាំងដែលលោកត្រូវបានឃាតករបាញ់សម្លាប់កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ក្រុមសង្គមស៊ីវិលនិងយុវជន បានចូលរួមគោរពខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ រាជធានីភ្នំពេញ ជាទីតាំងដែលលោកត្រូវបានឃាតករបាញ់សម្លាប់កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ក្រុមសង្គមស៊ីវិលនិងយុវជនមកពីចម្រុះស្ថាប័នជួបជុំគ្នាធ្វើពិធីរំលឹកខួប៦ឆ្នាំនៃឃាតកម្ម​លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាព ដែល​ត្រូវបានឃាតក​បាញ់សម្លាប់កាលពីឆ្នាំ២០១៦កន្លងទៅ។ ក្រុមសង្គមស៊ីវិលនៅតែទទូច​ឱ្យរដ្ឋាភិបាលស្វែងរក​ឃាតកពិតចំពោះការស្លាប់របស់អ្នកវិភាគរូបនេះ។

៦ឆ្នាំនៃការស្លាប់របស់លោក កែម ឡី ក្រុមសង្គមស៊ីវិល និងយុវជន បានមកប្រមូល​ផ្ដុំគ្នា​នៅ​ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្ដុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ  ដើម្បីគោរពវិញ្ញាណក្ខន្ធ​ និងពញ្ញាក់ស្មារតីទៅសាធារណជន អំពីការស្លាប់​របស់​អ្នកវិភាគ​រូប​នេះ ថាមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដឡើយ។

ពួកគេបានសម្ដែងមតិអំពីវីរភាព និងរំលឹកអំពីអនុស្សាវរីយ៍នៃការចងចាំមុនពេលដាក់កម្រង​ផ្កា​អមជាមួយរូបថតនៅមុខស្ដាម៉ាតក្នុងស្ថានីយឥន្ធនៈកាល់តិច ទីតាំងដែលឃាតកបានបាញ់​ប្រហារមកលើរូបលោក កែម ឡី។

លោក រ៉ុង ឈុន ប្រធាន​សហភាពសហជីពកម្ពុជា បានមានប្រសាសន៍ថា រយៈពេល៦ឆ្នាំមក​នេះ ការស្លាប់របស់បណ្ឌិត កែម ឡី នៅមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដឡើយ ត្បិតថា​ឃាតក​ដែលអាជ្ញាធរចាប់បានជាឃាតកក្លែងក្លាយ។ លោកបន្តថា លោកពិតជាចង់ឃើញ​អាជ្ញាធរ​ក្រុងភ្នំពេញ និងរដ្ឋាភិបាល ត្រូវតែវែកមុខរកអ្នកនៅពីក្រោយខ្នងឃាតកមក​ផ្តន្ទាទោស​ទៅតាមច្បាប់ ដើម្បីលុបបំបាត់និន្ទភាពនៅកម្ពុជា។

លោក ឈុន ថ្លែថា៖ «នៅមានភាពស្រពេចស្រពិល ដែលមតិជាតិនិងអន្តរជាតិភាគច្រើនថា​ជាឃាតកក្លែងក្លាយ មិនមែនជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទេ។ ខ្ញុំក៏មើលឃើញ​ចឹង ព្រោះវាមិនមែនជាឃាតកពិត ព្រោះរូបស្រមោលនិងរូបរាងលោក ជួប សម្លាប់ វាផ្សេង​គ្នា»

លោកបន្ថែមថា ការពិត និងយុត្តិធម៌ត្រូវតែលាតត្រដាងជូនអស្សរជនផ្សេងៗទៀត​ដែលគេ​បាន​​សម្លាប់យ៉ាងអាថ៍កំបាំងកន្លងមក ហើយលោកមិនចង់ឃើញ​យុវជនខ្មែរ​ដែលមានឆន្ទៈ​ចូលរួមជួយជាតិ និងទស្សនៈល្អត្រូវបានឃាតកបាញ់សម្លាប់បន្តបន្ទាប់ឡើយ។ លោកបន្តថា ការបង្ហាញខ្លួនដើម្បីគោរពវិញ្ញាញក្ខន្ធបណ្ឌិត កែម ឡី នាពេលនេះ ដើម្បីជាសារជំរុញឱ្យ​ក្រុម​យុវជន ប្រជាពលរដ្ឋ និងអន្តរជាតិ ផ្ដោតអារម្មណ៍​ទៅលើបញ្ហានៃការស្លាប់​របស់អ្នកវិភាគ​រូប​នេះ។

លោកអះអាងថា៖ «ទោះបីប៉ុន្មានឆ្នាំក៏ដោយ បើពុំមានយុត្តិធម៌ទេ​ យើងនៅតែគោរព ហើយបើ​មានយុត្តិធម៌ហើយក៏យើងនៅតែគោរព ព្រោះគាត់បានបន្សល់ស្នាដៃ​ជាច្រើនដែល​យើងមិន​អាច​រៀបរាប់អស់ និងមិនអាចបំភ្លេចបានទេ»។

ក្រុមសង្គមស៊ីវិលនិងយុវជន បានចូលរួមគោរពខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ រាជធានីភ្នំពេញ ជាទីតាំង​ដែលលោកត្រូវបានឃាតកបាញ់សម្លាប់កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង​ សំរាំង

យ៉ាងណាមិញលោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមិនមែនគ្មានសមត្ថភាពស្វែងរក​ឃាតក​ពិត និងអ្នកពាក់ព័ន្ធក្នុងរឿងនេះទេ។ លោកថា ករណីនេះហាក់នៅតែជាអាថ៍កំបាំង និងជាប់ពាក់ព័ន្ធជាមួយអ្នកមានឥទ្ធិពល ទើបបានជាសំណុំរឿងនេះ​អូសបន្លាយរហូតមកដល់​ពេលនេះ។

គេឃើញមានព្រះសង្ឃ៣អង្គនិមន្តសូត្រធម៌ឧទ្ទិសកុសល និងមានក្រុមយុវជនកោសក់ដើរ​ដោះទ្រទាប់ជើងដោយកាន់រូបថត ស្រែកបន្ទរអំពីការប្ដេជ្ញាចិត្តបន្តវីរភាពបណ្ឌិត កែម ឡី។ ដោយឡែក មុនមានការជួបជុំគ្នា សន្តិសុខនៅម៉ាតបានបិទទីតាំងមិនឱ្យ​មនុស្សចូល​ក្នុង​ដើម្បី​ដាក់កម្រងផ្កា ដូច្នេះអ្នកចូលរួមបានត្រឹមតែឈរនៅក្រៅដើម្បីប្រារព្ធពិធីតែប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ គេឃើញមានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបានដាក់កម្លាំងនៅក្បែរៗស្ថានីយប្រេងឥន្ធនៈ និងជនស៊ីវិលជាច្រើននាក់តាមឃ្លាំមើលផងដែរ។

កញ្ញា ឈឿន ដារ៉ាវី ជាយុវជនខ្មែរថាវរៈ បានកោសក់ស្លៀកពាក់ស កាន់ផ្កាឈូក មកគោរព​វិញ្ញាណក្ខន្ធលោក កែម ឡី​ និងបានលើកឡើងថា ការបាត់បង់លោក កែម ឡី គឺជារឿង​ឈឺ​ចាប់​មួយមិនអាចបំភ្លេចបានសម្រាប់កញ្ញា។ កញ្ញាបន្ថែមថា ក្រុមយុវជនខ្មែរថាវរៈកោសក់ គឺចង់បង្ហាញនូវការឈឺចាប់ និងបង្ហាញពីភាពអយុត្តិធម៌ទៅកាន់តុលាការ​ចំពោះការ​រកឃើញ​ឃាតកតែម្នាក់សម្រាប់ឃាតកម្មសម្លាប់លោក កែម ឡី។

កញ្ញាអះអាងថា៖ «យើងមើលឃើញថាវាមិនមែនជាការពិតដែលឃាតកពិត និងអ្នកនៅ​ពី​ក្រោយ​ខ្នងរឿងនេះ មកកាត់ទោសនៅឡើយ។ ពួកខ្ញុំនឹងធ្វើកម្មវិធីជារៀងរាល់ឆ្នាំបង្ហាញ​ថាយុវជនខ្មែមិនភ្លេចវីរភាព និងការរកយុត្តិធម៌ជូនលោកដែរ»

អ្នកនាំពាក្យតំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បាន​ឱ្យដឹង​តាមរយៈតេឡេក្រាម នៅថ្ងៃអាទិត្យនេះ​ថា លោកមិនអាចអធិប្បាយជុំវិញបញ្ហានេះបានទេ ដោយឱ្យសាកសួរលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានិភ្នំពេញ។ ប៉ុន្តែលោក អ៊ី រិន្ទ បានទទួលទូរសព្ទ តែមិនឆ្លើយតប រួចក៏ចុចបិទទូរសព្ទ។

គួររំលឹកថា ស្របពេលដែលតុលាការសម្រេចផ្តន្ទាទោសលោក ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារ​អស់មួយជីវិត កាលពីចុងខែមិនា ឆ្នាំ២០១៧មក តុលាការបានបំបែកសំណុំរឿងព្រហ្មទណ្ឌ​នេះ ទៅជាពីរករណី។ ប៉ុន្តែមកទល់ឆ្នាំ២០២២នេះ គេពុំទាន់ឃើញមានការសើររើ ឬស្វែងរក​តម្រុយថ្មីនៃសំណុំរឿងនេះឡើយ។

ក្រុមសង្គមស៊ីវិលនិងយុវជន បានចូលរួមគោរពខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ រាជធានីភ្នំពេញ ជាទីតាំង​ដែលលោកត្រូវបានឃាតកបាញ់សម្លាប់កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង​ សំរាំង

លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅ​នៃអង្គការលីកាដូ (Licadho) មើលឃើញថា ឃាតកម្មលើលោកកែម ឡី គឺនៅជាប់ពាក់ព័ន្ធនឹងបុគ្គលផ្សេងទៀត ថ្វីបើតុលាការបាន​សម្រេច​ផ្តន្ទាទោស​លោក ​អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្ដី ក៏ក្រុមអង្គការសង្គមស៊ីវិលនៅតែមានមន្ទិលសង្ស័យជុំវិញករណីនេះដដែល។ លោកបន្ត​ថា សំណុំរឿងនេះបានបំបែកជាពីរក៏ពិតមែន ប៉ុន្តែសំណុំរឿងទី២​ ដែលតុលាការចោទប្រកាន់​ទៅលើជនពាក់ព័ន្ធមួយចំនួនមានរយៈពេល៦ឆ្នាំហើយមិនទាន់មានភាពជឿនលឿនទេ។

លោកបញ្ជាក់ថា៖ «ចំណុចត្រង់ហ្នឹង យើងទាមទារឱ្យមានការស៊ើបអង្កេត ដោយតម្លាភាព ឱ្យបានពេញលេញ ដើម្បីយុត្តិធម៌ក្នុងសង្គម ក៏ដូចជាផ្ដល់ជាយុតិ្តធម៌ដល់លោកបណ្ឌិត កែម ឡី​ និងក្រុមគ្រួសារ និងជាគំរូដើម្បីធ្វើការទប់ស្កាត់នូវអំពើឃាតកម្មទៅលើអ្នក​ ដែលជា​និមិត្ត​រូបនៃសេរីភាពបញ្ចេញមតិ»។

សូមជម្រាបជូនថា លោក កែម ឡី អ្នកវិភាគសង្គម និងនយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាន​បាញ់ប្រហារមកលើលោកនៅស្តាម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើង​ស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦​។

យ៉ាងណាមិញ កាលពីចុងខែមិនា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោស ជនដៃដល់ ឈ្មោះ​អឿត អាង ហៅជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ​«ឃាតកម្ម​គិត​ទុកជាមុន» និង «ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ប៉ុន្តែក្រុមសិទ្ធិមនុស្ស និង​សង្គម​ស៊ីវិលចាត់ទុកថា លោក ជួប សម្លាប់ មិនមែនជាឃាតកពិតឡើយ។

អ្នកសារព័ត៌មានខេមបូចា មិនអាចសុំការអត្ថាធិប្បាយពី លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានទេ៕

250 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម