សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អង្គការស៊ីម៉ាក់បានផ្អាកប្រតិបតិ្តការ​បោស​សម្អាត​មីន និងគ្រាប់មិនទាន់ផ្ទុះចំនួនប្រាំបីខេត្តបណ្តោះអាសន្ន

បុគ្គលិក CMAC បង្ហាញគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ។ រូបថតនេះត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយក CMAC នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការប្រកាសរបស់លោកអំពីការបញ្ឈប់សកម្មភាពរបស់ពួកគេបន្ទាប់ពីការផ្អាកមូលនិធិរបស់ USAID ។
បុគ្គលិក CMAC បង្ហាញគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ។ រូបថតនេះត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយក CMAC នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការប្រកាសរបស់លោកអំពីការបញ្ឈប់សកម្មភាពរបស់ពួកគេបន្ទាប់ពីការផ្អាកមូលនិធិរបស់ USAID ។

អង្គការស៊ីម៉ាក់ (CMAC) ​បានជូនដំណឹងដល់​អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តចំនួនប្រាំបី​ ថា​ កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការនៅខេត្តចំនួនប្រាំបី​ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ។ យោងតាមសាររបស់លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា CMAC។

លោក រតនា បានសរសេរសារក្នុងហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣១ ខែមករានេះ ថា៖ «ខ្ញុំក្នុងនាមអង្គភាពស៊ីម៉ាក់​ មានសេចក្តីសោកស្តាយសូមជូនដំណឹងដល់​អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគីរី​ រតនគីរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និងខេត្តព្រៃវែង​ មេត្តាជ្រាបថា​ កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលើនេះ​ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី»

 ​ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​ មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នោះ​ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ​ទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក​ ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា​ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិក​ ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ​ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់​នេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពស៊ីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។

សូមរំលឹកថា​ ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពស៊ីម៉ាក់តាមរយៈអង្គការដៃគូក្នុង​រយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦ ៣៥៥ ៧២០ ដុល្លារ​អាមេរិក​ គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។

បើគិតក្នុងរយ:ពេលពីថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០២២​ ដល់ចុងខែមករា​ ឆ្នាំ២០២៥នេះ​ អង្គភាពស៊ីម៉ាក់ទិសខេត្តខាងលើបានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន ១១ ១៩៥ហិកតា​ រុករកឃើញកម្ទេកចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន ២៧ ០២២គ្រាប់​ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន ១៧ ៩៧១គ្រាប់​ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ​ ចំនួន៦៩គ្រាប់។

ក្នុងពេលវេលានេះ​ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរ និងប្រជាពលពលរដ្ឋ​ ក្នុងការប្រឈមបញ្ហាគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម​ សូមអាជ្ញាធរនិងប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលើ​ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង ១ ០០០នាក់​របស់អង្គភាពសីម៉ាក់ និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋាន​របស់ខ្លួន ដើម្បីអង្គភាពស៊ីម៉ាក់​អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សងទៅជួយគាំទ្រធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម​សំដៅធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណើចាំបាច់។

លោក រតនា បានថ្លែងបញ្ជាក់បន្ថែមក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ ខែកុម្ភៈ ថា៖ «អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ​ ដូចនេះកម្លាំងអង្គភាពស៊ីម៉ាក់បន្តឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានខេត្តទាំងឡាយ​ តាមសំនូមពរជាធម្មតា»

439 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម