សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ ខណៈការប្រយុទ្ធគ្នានៅតែបន្ត Updated

ប្រជាពលរដ្ឋភៀសសឹកមួយកន្លែង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
ប្រជាពលរដ្ឋភៀសសឹកមួយកន្លែង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
UPDATES:

ម៉ោង ៤:៥៥ រសៀល៖ ក្រសួងមហាផ្ទៃបានលើកឡើងថា គិតត្រឹមម៉ោង១រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលចំនួន ៣០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង៩០នាក់រងរបួស និងជាងកន្លះលាននាក់ត្រូវបានភៀសសឹក។

ម៉ោង ៤:៤៥ រសៀល៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទ នៅថ្ងៃទី២៦ ខែធ្នូ ថា ទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានឈានដល់ថ្ងៃទី៣ ប៉ុន្តែភាគីថៃនៅបន្តបាញ់ប្រហារនៅភូមិសាស្ត្រយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ សៀមរាប និងខេត្តឧត្តរមានជ័យ និងភូមិសាស្ត្រយោធភូមិភាគទី៥ ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ និងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប៉ុន្តែយោងតាម Khaosod English បានបញ្ជាក់ថា ការយកចិត្តទុកដាក់ផ្តោតលើស្ថានភាពថៃ-កម្ពុជា ជាមួយនឹងការរំពឹងទុកនៃបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ។ អាជ្ញាធរនឹងតាមដានការវិវត្តរយៈពេល ៧២ ម៉ោង។ មានរបាយការណ៍ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) នៅកម្រិតលេខាធិការដ្ឋានបានបញ្ចប់ ដោយបង្កើតសេចក្តីព្រាងកិច្ចព្រមព្រៀងលើកទីប្រាំមួយដែលបានកែសម្រួល។ ខ្លឹមសារមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ហើយកំពុងរង់ចាំការអនុម័តពីក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) បន្ទាប់ពីនោះ ឧត្តមសេនីយ៍ Nattapol ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ម៉ោង ៣:១១ រសៀល៖ ក្រសួងការពារជាតិបានបញ្ជាក់ថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

  • ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
  • ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រសួងបានបន្ថែមថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ម៉ោង ២:៣៥ រសៀល៖ ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារលើដែនអធិបតេយ្យរបស់កម្ពុជា គិតត្រឹមម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥។ យោងតាមក្រសួងការពារជាតិ។

  • ម៉ោង ៩:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងលើរថយន្តបាញ់ចល័តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់។
  • ម៉ោង ១០:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
  • ចាប់ពីម៉ោង ១១:០០នាទី រហូតដល់ម៉ោង ១២:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងពីចម្ងាយ ដោយបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងកាំជ្រួច DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងបានបន្តបាញ់កាំភ្លើងធំ, រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។

ម៉ោង ២:២០ រសៀល៖ នៅរសៀលថ្ងៃសុក្រនេះ យោធាថៃបានទម្លាក់គ្រាប់បែកប្រែហលល៤គ្រាប់ទៀតនៅភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប ខណៈដែលស្ថានភាពបន្តតានតឹងនៅភូមិសាស្ត្រ ភូមិជោគជ័យ និងបឹងត្រកួន នៃខេត្តបន្ទាយមានជ័យ។ (ខេមបូចា)

ម៉ោង ១១:៤០ ព្រឹក៖ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមក្រសួងការពារជាតិកម្ពុជាលើកឡើង។

  • ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។
  • ចាប់ពីម៉ោង ៩:៥៩នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ៦គ្រាប់បន្ថែមទៀតចូលភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ម៉ោង ១០:៥៨ ព្រឹក៖ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរង លោក Tommy Piggot ដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានចុះផ្សាយនៅព្រឹកថ្ងៃទី២៦ ខែធ្នូ បានឱ្យដឹងថា រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងថៃ។

លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតី Trump សម្រាប់សន្តិភាព និងតម្រូវឲ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង កូឡាឡាំពួរ​។

លោក Tommy បានបន្ថែមថា៖ «លោករដ្ឋមន្ត្រី Rubio ក៏បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ»។

ម៉ោង ៩:៥៥ ព្រឹក៖ ក្រសួងការពារជាតិបានបញ្ជាក់ថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

  • ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ១៧គ្រាប់។
  • ចំនួន ១០គ្រាប់​ ចូលរង្វង់មូលស្ទឹងបត់ផ្លូវ៥៨​ សង្កាត់ផ្សារកណ្តាល។
  • ចំនួន ៥គ្រាប់ ភូមិអណ្តូងថ្មមាស​ សង្កាត់និមិត្ត។
  • ចំនួន ២គ្រាប់​ ចូលភូមិទួលពង្រ​ សង្កាត់អូរឬស្សី ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio បានបញ្ជាក់ជំហរយ៉ាងច្បាស់​លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងហ្វេសប៊ុករបស់លោកថា នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោកបានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

លោក ម៉ាណែត បានថ្លែងថា៖ «ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន»។

លោកបានបន្ថែមថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

ក្រសួងការពារជាតិបានឱ្យដឹងថា ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ផ្លោងចំនួន៣គ្រាប់ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោង ៨:១៥នាទីព្រឹក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

ទោះបី កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានឈានចូលថ្ងៃទី៣ក៏ដោយ ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្ត ដោយយោធាថៃបានបាញ់ប្រហារលើគោលដៅភូមិសាស្ត្រជនស៊ីវិលរស់នៅ។

កិច្ចប្រជុំGBCនេះ បានប្រព្រឹត្តទៅនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។

ក្រសួងមហាផ្ទៃបានលើកឡើងថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលចំនួន ៣០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង៨៨នាក់រងរបួស និងជាងកន្លះលាននាក់ត្រូវបានភៀសសឹក៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម