សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការសិទ្ធិមនុស្សចំនួន៧៣ ជំទាស់នឹងគម្រោងបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍

អ្នកដំណើរលើសាឡាងកំពុងសម្លឹងទៅកាន់កាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នកដំណើរលើសាឡាងកំពុងសម្លឹងទៅកាន់កាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិល​ធ្វើ​ការ​លើ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​ជាង​៧០​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ថ្ងៃព្រហស្បតិ៍ ដោយ​បដិសេធ​​ទៅ​នឹង​គម្រោង​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ និង​អះអាង​ថា​គម្រោង​ននេះ​គឺ​បង្ហាញ​ពី​ចេត​នា​យ៉ាង​ច្បាស់​ក្នុង​ការ​ចង់​រំលាយ​សហជីព​​នៅ​ក្នុង​ក្រុម​ហ៊ុន​មួយ​នេះ។​

​ក្នុង​លិខិត​ចំហ​​នោះ មាន​​​ចុះ​ហត្ថលេខា​ដោយ​ក្រុម​អង្គការ​លើក​កម្ពស់​សិទ្ធិ​ការ​ងារ និង​សិទ្ធិ​មនុស្ស​ចំនួន​៧៣​នៅ​កម្ពុជា​។​ ស្ថាប័ន​ទាំង​នេះ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ការដែល​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​មាន​គម្រោង​បញ្ឈប់​បុគ្គលិកជាង​១ ៣០០​នាក់ គឺ​ជា​មាន​ចេតនា​បំបិទ​សំឡេង​សហជីព និង​ដាក់​ការ​គ្រប់​គ្រង​បន្ថែម​លើ​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​។​

​សេចក្ដី​ថ្លែង​ការណ៍​សរសេរថា៖ «ក្រុម​ហ៊ុន​មាន​ចេតនា​មិន​ចង់​ឲ្យ​មាន​វត្ត​មាន​សហជីព​នៅ​ក្នុង​ក្រុម​ហ៊ុន»។ យ៉ាង​ណា កន្លង​មក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​អះអាង​ថា​ការ​បញ្ឈប់​បុគ្គលិក​មក​ពី បញ្ហាសេដ្ឋកិច្ច។ លិខិត​ដដែល​សរសេរទៀត​ថា៖ «​នេះ​ជា​ឱកាស​របស់​ពួកគេ​ក្នុង​ការ​បន្ត​កេង​ប្រវ័ញ្ចអត្ថប្រយោជន៍​របស់​បុគ្គលិក ហើយ​នឹង​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌមិន​ល្អ​នៅ​កន្លែង​ការងារ​»។

ការបញ្ឈប់​បុគ្គលិក​នេះ​មាន​ចំនួន​ប្រហែល​មួយ​ភាគ​ប្រាំ​មួយ​នៃ​ចំនួន​បុគ្គលិក​ដែល​មាន​ប្រហែល​៨ ០០០​នាក់ និង​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មា​របស់​ក្រុម​ហ៊ុន​កាលពីថ្ងៃទី​៨​ ខែមេសា ការ​កាត់​ចំនួន​បុគ្គលិក​នេះ​ដោយសារ​តែ​ក្រុម​ហ៊ុន​ជួ​ប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​វិបត្តិ​កូវីដ​១៩​។​ ការ​រាល​ដាល​ជា​សកល​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការណ៍​របស់ក្រុម​ហ៊ុន​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ មុន​នឹ​ងក្រុម​ហ៊ុន​បង្ខំ​ចិត្ត​បិទដំណើរ​ការ​បណ្ដោះ​អាសន្ន​នៅ​ខែ​មីនា បន្ទាប់​ពី​បុគ្គលិកក្រុម​ហ៊ុន​ខ្លះ​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ១៩​។​

យ៉ាងណា ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ ក្រុម​អង្គការសង្គម​ស៊ីវិល​បានបង្ហាញ​តួលេខ​ថា​ក្រុម​ហ៊ុន​នៅ​តែមាន​ដំណើរ​​ការ​​ល្អ​នៅ​ឡើយ​។ ក្រុម​ហ៊ុន​នេះ​បាន​ចំណេញ​ប្រាក់​ច្រើន​បំផុត​នៅ​ឆ្នាំ​២០១៩ មាន​រហូត​ដល់​៥២១​លាន​ដុល្លារ និង​នៅ​ឆ្នាំ​២០២០​បាន​ធ្លាក់​ចុះ​​មក​នៅត្រឹម​១០២​លាន​ដុល្លារ ក្នុង​ពេល​វិបត្តកូវីដ១៩ កំពុង​ផ្ទុះ​។ ជាមួយ​គ្នា​នោះដែរ បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើល​បាន​ធ្វើ​ការ​តិច​ម៉ោង​ជាង​មុន​ ឬខ្លះ​ត្រូវ​បាន​ផ្អាក​ការងា​រ​ជាបណ្ដោះ​អាសន្ន​។ មក​ដល់​ពេល​នេះ ខណៈ​ជម្លោះ​រឿង​បញ្ឈប់​បុគ្គលិក​កំពុង​កើត​មាន ក្រុម​ហ៊ុន​ណាហ្គា​វើល​ ក៏​កំពុង​ដំណើរ​ការ​សាង​សង់​ជាធម្មតា​នូវ​គម្រោង​ណាហ្គា​៣ របស់​ខ្លួន​មាន​តម្លៃ​ជាទឹក​ប្រាក់​៤ពាន់​លាន​ដុល្លារ​។ គម្រោង​ថ្មី​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ការបុគ្គ​លិក​បន្ថែម​ប្រហែល​៤ ០០០​នាក់​ទៀត ពេល​សាង​សង់​រួច​។​

អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ ក៏​បាន​ផ្ញើ​សារ​ជូន​ដំណឹង​ពី​ការ​បញ្ឈប់​ការងារ​ទៅ​កាន់​មេដឹក​នាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU) ​ចំនួន​បី​នាក់​ដែរ​កាល​ពី​ខែ​មុន​ រួម​មាន​ប្រធាន កញ្ញា ឈឹម ស៊ីថរ និង​លេខាធិការ អ្នក​ស្រី ឈឹម សុខុន។ មេសហជីព​ទាំង​​បីបាន​ចូល​រួម​ជាមួយ​សហជីព​ផ្សេង​ទៀត​​ បដិសេធ​​គម្រោង​បញ្ឈប់​បុគ្គលិក​នេះ។

អ្នក​ស្រី ឈុន​ សុខា ជា​អនុប្រធាន​សហជីព​ប្រចាំ​ណាហ្គាវើលដ៍ ស្វាគមន៍​ចំពោះ​ការ​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ដើម្បីតស៊ូ​ជាមួយ​នឹង​អ្វី​ដែល​អ្នកស្រី​ហៅ​ថា «ភាព​អយុត្តិ​ធម៌​កំពុងកើត​មាន​ចំពោះ​មេដឹក​នាំសហជីព»។​

អ្នក​ស្រី​លើក​ឡើ​ងថា ក្រសួងការងារ​បានអញ្ជើញ​តំណាង​បុគ្គលិក​ទៅ​ជួប​នៅ​ថ្ងៃទី​១៤ ខែមិថុនា ដើម្បី​ផ្ដល់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​បណ្ដឹង​របស់​សហជីព។​

អ្នកនាំ​ពាក្យ​ក្រ​សួង​ការងារលោក ហេង សួរ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បានទេ។ ដូច​គ្នាដែរ ប្រ​ធានផ្នែក​គ្រប់​គ្រង​ធន​ធាន​មនុស្ស​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ លោក Hein Dames ក៏​មិន​អាច​ទាក់​ទង​បាន​ដូច​គ្នា ដោយ​លោក​មិន​បាន​ឆ្លើយ​តប​អ្វី​ទាំង​អស់​តាំងពី​មាន​ជម្លោះ​នេះ​កើត​ឡើង​។​​

គណៈ​គ្រប់​គ្រង​ណាហ្គាវើលដ៍ កន្លង​មក​បាន​ផ្អាកការងារ​ កញ្ញា​ ស៊ីថរ ម្ដង ដោយ​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​ការ​ប្រមូល​ផ្ដុំ​តវ៉ាពី​សមាជិក​សហជីពរាប់ពាន់​នាក់​​ក្នុង​ខែ​មករា ឆ្នាំ២០២០ និង​ជោគ​ជ័យ​ក្នុង​ការ​រក្សា​កញ្ញា​ក្នុង​ការងារ​ដដែល​។​ ជា​ច្រើនខែ​បន្ទាប់ ពេ​ល​ដែល​វិបត្ត​កូវីដ​បាន​ផ្ទុះ​ឡើង សមាជិក​សហជីព​រាប់​រយ​នាក់ បាន​តវ៉ាទៀត បន្ទាប់ពីក្រុមហ៊ុន​ឈប់​បើក​ប្រាក់​ឈ្នួល​អំឡុងពេល​បុគ្គលិក​ត្រូវ​ផ្អាកការងារ​បណ្ដោះ​អាសន្ន ពេល​ដែល​រដ្ឋាភិបាល​សម្រេច​ចិត្ត​បិទ​កាស៊ីណូ​បណ្ដោះ​អាសន្ន ក្នុង​វិធានការ​ទប់​ស្កាត់​ការរាល​ដាល​វីរុសកូវីដ​១៩​។​

សេចក្ដី​ថ្លែង​ការណ៍រួម បានបន្ថែមថា៖ «គម្រោង​បញ្ឈប់​កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​សហជីព និង​កម្មករ និយោជិត​សរុប​១ ៣២៩នាក់លើក​នេះ គឺ​ជា​ការ​ដាក់​គោល​ដៅ​ប្រហារ​មក​លើ​សហជីព ដែល​គ្រាន់តែ​ស៊ូ​មតិ​ដោយសន្ដិ​វិធី ដើម្បី​សិទ្ធិ​ការងារ​នៃ​សមាជិក​របស់​ខ្លួន»។ សេចក្ដី​ថ្លែង​ការណ៍​​នេះ ធ្វើ​ឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​សមាជិក​សហជីព​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​ បាន​ដាក់ញត្តិ​ទៅ​កាន់ក្រ​សួង​ការងារ​ឲ្យ​ជួយ​អន្តារាគមន៍​លើ​ការ​បញ្ឈប់​បុគ្គលិក​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នេះ។​

ជាមួយ​គ្នា​នេះ​ដែរក្រុមអង្គការ​សង្គម​ស៊ីវិល​ទាំង​៧៣​ ក៏​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ពិនិត្យ និង​តាម​ដាន​ករណី​ជម្លោះនេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​។​

លោក គង់ អាទិត្យ ប្រធាន​សហព័ន្ធសហជីព CCAWDU មាន​ប្រសាសន៍​ថាការ​បញ្ឈប់​មេដឹក​នាំ​សហជីព​ត្រូវ​មាន​ការ​យល់ព្រមពីនាយក​ដ្ឋាន​អធិការកិច្ច​ក្រ​សួង​ការងារ  ព្រោះ​ថា​មេដឹក​នាំ សហជីព​មាន​ការគាំពារ​ពិសេស​មួយ​ចំនួន​។​

លោកមានប្រសាសន៍ថា៖ «​បើ​គេ​បញ្ឈប់​មេសហជីព ដូច​ទៅ​នឹង​បុគ្គលិក​ទូទៅ វា​បំពាន​ទៅ​នឹង​ច្បាប់​ស្ដីពី​សហជីព»។ លោក​ពន្យល់ថា និយោជក​មិន​អាច​បញ្ឈប់​មេសហជីព​បាន​ទេ ដរាបណា​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​ធ្ងរ ឬ​បង្ក​ហិង្សា​នៅ​កន្លែង​ការងារ។

លោក​បន្ថែមថា៖ «យើង​ស្នើ​ដល់​ក្រុមហ៊ុន​ឲ្យ​បញ្ឈប់​ការ​រើស​អើង​មក​លើ​មេ​ដឹក​នាំ​សហជីព ដូច​ដែល​ធ្លាប់​បានធ្វើ​កន្លង​មក»។​

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់​ បាន​គាំទ្រ​នឹង​ការ​លើក​ឡើង​នេះ ហើយ​លោក​បន្ថែម​ថា ក្រ​សួងការងារ​មាន​កាតព្វកិច្ច​ដោះ​ស្រាយ​ជម្លោះ និង​ជំរុញ​ឲ្យភាគីទាំង​ពីរ​ចរចាគ្នា។​

លោក​បានបន្ថែមថា៖ «ក្រុម​ហ៊ុន​ប្រើលេស​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ជា​ឱកាស​សម្រាប់​បញ្ឈប់​បុគ្គលិក​ក្នុង​លក្ខណៈទ្រង់ទ្រាយ​ធំ ខណៈ​បុគ្គលិក​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​»។​

អ្នកស្រី ណុប ទិត្យបូរ៉ាវី វ័យ​៣៨​ឆ្នាំ ជាបុគ្គ​លិក​ផ្នែកអាហារ និង​ភេសជ្ជៈ នៅ​ណាហ្គាវើលដ៍ សង្ឃឹម​ថា​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ អាច​ពិចារណា​ឡើង​វិញ​លើ​ការ​បញ្ឈប់​បុគ្គលិក​នេះ។​

អ្នកស្រីនិយាយថា៖ «សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ ជាការ​សាមគ្គី និង​ការ​រួម​កម្លាំងគ្នា ដូច​នេះ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​អាច​ក្រោក​ឈរទាំងអស់​គ្នា​ទាមទារ​សិទ្ធិ​ និង​សេរីភាព​របស់​យើង​នៅ​កន្លែង​ធ្វើ​ការ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Collective of 73 rights groups rejects NagaWorld layoff plan

313 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម