សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ជន​សង្ស័យ​ដែលបាញ់​​សម្លាប់​អតីតសមាជិកសភាខ្មែរមកពី​បក្ស​ប្រឆាំង​​​នៅប្រទេសថៃត្រូវបានចាប់ខ្លួនក្នុងទឹកដីកម្ពុជា

លោក លិម គិមយ៉ា អតីត​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ AFP ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថត៖ AFP)
លោក លិម គិមយ៉ា អតីត​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ AFP ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថត៖ AFP)

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង២០និង០៥នាទី យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥៖ ជនសង្ស័យជា​អតីត​ទាហាន​ជើងទឹកដែលបាញ់សម្លាប់អតីតសមាជិកសភាមកពីអតីតគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលមានសញ្ជាតិខ្មែរ-បារាំងនៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ប្រទេស​កម្ពុជា​ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិបានចេញផ្សាយនៅថ្ងៃទី៨ ខែមករា បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះ Ekkarat Paenoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក​។ ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានបានផ្តល់ដោយនគរបាលភូមិន្ទថៃ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៥០នាទី នគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យរូបនេះ បានបញ្ជូនខ្លួនទៅស្នងការខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។ ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី។  

ថ្នាក់ដឹកនាំគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស បានថ្កោលទោសការសម្លាប់នេះ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់។ ជាមួយគ្នានោះ គណបក្សសង្រ្គោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំបានចាត់ទុកករណីនេះថា ជាការធ្វើឃាត និងគំរាមកំហែងដល់សេរីភាពនយោបាយ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា ពួក​គេ​នឹង​ចូលរួមក្នុង​ការ​ស៊ើប​អង្កេត ​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ពី​ប្រទេស​ថៃ។

លោក គិមយ៉ា អាយុ ៧៤ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុបន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងបាញ់ ក្រោយពីលោក ជាមួយនឹងប្រពន្ធ និងពូរបស់លោកបានមកដល់ប្រទេសថៃតាមឡានក្រុងពីខេត្តសៀមរាប។

ខ្សែអាត់​វីដេអូ​​ពីកាំមេរ៉ាសុវត្ថិភាពនៅ​កន្លែង​កើត​ហេតុ​បាន​បង្ហាញ​ខ្មាន់​កាំភ្លើង​ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព​ និង​កាន់​កាបូប​ដែល​គេ​ជឿ​ថា​លាក់​អាវុធក្នុងនោះ។

អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនលោក Ekkarat Paenoi អតីតទាហានជើងទឹកថៃដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន កាន់កាប់អាវុធខុសច្បាប់ និងការរំសាយគ្រាប់រំសេវផ្ទុះនៅក្នុងតំបន់ទីក្រុង។

លោក គិមយ៉ា ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​សភា​​កាលពី​ឆ្នាំ ២០១៣ ដែល​គណបក្ស​កាន់​អំណាច​ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ពេលនោះស្ទើរតែ​ចាញ់​អតីតគណបក្ស​សង្គ្រោះ​ជាតិ​។

អតីតគណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១២ ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ហើយ​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូប្រជែង​ដ៏​ធំបំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយគណបក្សនេះ​ត្រូវ​បាន​រំលាយ​តាម​ដីកា​របស់​តុលាការកំពូល​នៅ​ឆ្នាំ២០១៧។

អតីតគណបក្សនេះ​នៅ​តែ​មាន​សកម្មភាព​ជា​អង្គការ​មួយ​ក្នុង​សហគមន៍​ជន​ភៀសខ្លួន​កម្ពុជា។

អ្នកនយោបាយគណបក្សប្រឆាំងជាច្រើន រួមទាំងលោក គិមយ៉ា ត្រូវបានរារាំងពីសកម្មភាពនយោបាយបន្ទាប់ពីការរំលាយគណបក្ស ដែលជំរុញឱ្យមនុស្សជាច្រើនភៀសខ្លួន ចំពេលមានការចាប់ខ្លួន រួមទាំងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំដល់លោក កឹម សុខា សហស្ថាបនិកគណបក្សផងដែរ។

ទោះបីជាគាត់មានសញ្ជាតិបារាំងក៏ដោយ ក៏លោក គិមយ៉ា មិនបានចូលរួមជាមួយតំណាងរាស្រ្តរាប់សិបនាក់ដែលបានភៀសខ្លួនទៅក្រៅប្រទេសនោះទេ។

រហូត​មក​ដល់​ពេល​លោក​ទទួល​មរណភាព លោក គិមយ៉ា ធ្លាប់​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដោយ​ប្រើ​ហ្វេសប៊ុក​របស់​លោក​ជា​ញឹក​ញាប់​អំ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំភិត​បំភ័យ​សកម្មជន។

ឃាតកម្មរបស់គាត់បានបង្កឱ្យមានការអំពាវនាវជាបន្ទាន់ពីអ្នកតស៊ូមតិសិទ្ធិមនុស្ស និងគណបក្សប្រឆាំង ឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ដោយទាមទារឱ្យមានចំណាត់ការឆាប់រហ័សពីអាជ្ញាធរថៃ។ ពួកគេព្រមានថា ការខកខានមិនបានស៊ើបអង្កេត និងកាត់ទោសឱ្យបានត្រឹមត្រូវ នឹងបង្កជាគ្រោះថ្នាក់ដល់សកម្មជនកម្ពុជាដែលកំពុងនិរទេសខ្លួន។

លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលជាគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជាមួយទៀតដែលត្រូវបានដកហូតសិទ្ធិមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២៣ មានប្រសាសន៍ថា៖ «យើងមានការតក់ស្លុតយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់លើលោក លិម គិមយ៉ា»

លោកបន្តថា៖ «យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសនៃឃាតកម្មនេះ និងជំរុញឱ្យរដ្ឋាភិបាលថៃ និងអាជ្ញាធរពាក់ព័ន្ធស្វែងរក និងចាប់ខ្លួនជនដៃដល់ និងក្រុមមនុស្សពាក់ព័ន្ធ»

អតីតគណបក្សសង្គ្រោះជាតិ​បាន​ចេញសេចក្តីថ្លែងការណ៍ថា៖ «​គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ព្រៃផ្សៃ​នេះ ដែលជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​នយោបាយ​»​

លោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារប្រចាំតំបន់អាស៊ី (AHRLA) មានប្រសាសន៍ថា ការបាញ់សម្លាប់អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ សុទ្ធតែជាសញ្ញានៃការធ្វើឃាតអ្នកនយោបាយ។ លោកបន្ថែមថា ឃាតកម្មនេះនឹងបំភិតបំភ័យយ៉ាងខ្លាំងដល់ឥស្សរជនគណបក្សប្រឆាំងកម្ពុជា សកម្មជនអង្គការក្រៅរដ្ឋាភិបាល និងអ្នកការពារសិទ្ធិមនុស្សរាប់រយនាក់ ដែលបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការគាបសង្កត់ផ្នែកនយោបាយ។

សកម្មជនកម្ពុជាជាច្រើននាក់ដែលបានស្វែងរកការជ្រកកោននៅក្នុងប្រទេសថៃត្រូវបានចាប់ខ្លួន និងនិរទេសត្រឡប់មកកម្ពុជាវិញ ដែលជាផ្នែកនៃនិន្នាការក្នុងតំបន់ដែលរដ្ឋាភិបាលអាស៊ីអាគ្នេយ៍សហការគ្នាដើម្បីកំណត់គោលដៅ ឃាត់ខ្លួន និងនិរទេសអ្នកប្រឆាំងគ្នាទៅវិញទៅមក នេះបើយោងតាមក្រុមសិទ្ធិមនុស្សមួយចំនួន។

លោក Robertson បានថ្លែងនៅក្នុងសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «រដ្ឋាភិបាលបារាំងត្រូវតែស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋរបស់ពួកគេគឺ លោក លិម គិមយ៉ា ហើយត្រូវប្រឹងឱ្យអស់លទ្ធភាពក្នុងការជំរុញឱ្យរដ្ឋាភិបាលថៃធ្វើការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព និងហ្មត់ចត់ មិនថាការស៊ើបអង្កេតពិបាកយ៉ាងណាក៏ដោយ» ។

ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ បាននិយាយតាមអ៊ីម៉ែលមកកាន់ សារព័ត៌មានខេមបូចា ថា ខ្លួនកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនៃបារាំងទទួលបន្ទុកអឺរ៉ុប និងក្រសួងការបរទេស និងស្ថានទូតក្នុងប្រទេសថៃ ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើការឆ្លើយតបរបស់រដ្ឋាភិបាលបារាំងទេ។

នៅពេលដែលការថ្កោលទោសអន្តរជាតិលើឃាតកម្មលើលោក គិមយ៉ា កាន់តែកើនឡើង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការអះអាងនៃការពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជាថា «មិនត្រឹមត្រូវ និងគ្មានភស្តុតាងច្បាស់លាស់» ដូចការចោទប្រកាន់​​របស់ «មេដឹកនាំឧទ្ទាម សម រង្ស៊ី ខុសច្បាប់» ទេ។

លោក ឥសាន បាន​អះអាង​ថា​ ឃាតកម្ម​របស់ លោក គិមយ៉ា គឺ​ជា​«រឿង​ចៃដន្យ» ហើយ​បាន​និយាយ​ថា​ករណី​នេះ​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ថៃ​ទាំង​ស្រុង។ លោក​បន្ថែម​ថា កម្ពុជា​នឹង​មិន​ចូល​រួម​ទេ លុះ​ត្រា​តែ​មាន​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​ថៃ។

ការបាញ់សម្លាប់នេះបានកើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន លោក ហ៊ុន សែន ដែលបានប្រគល់អំណាចឱ្យកូនប្រុស លោក ហ៊ុន ម៉ាណែត ក្រោយការបោះឆ្នោតឆ្នាំ២០២៣ បានអំពាវនាវឱ្យមានច្បាប់ដាក់ឈ្មោះជនណាដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ម៉ាណែត ថាជា «ភេរវករ»

គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​៨ មករា ខ្មាន់​កាំភ្លើង​នៅមិនទាន់បានចាប់ខ្លួននៅឡើយទេ។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​រក​មិន​ឃើញ​ជនល្មើស​ទេ វា​នឹង​បង្ក​ការ​ចោទ​ប្រកាន់​ទាំងទៅលើ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា»

ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Suspect Named in Thai Killing of Opposition Leader: Government Won’t Investigate without Request

1,053 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម