សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាសហគមន៍អះអាងថាមានការគំរាមកំហែងពី​អាជ្ញាធរមូលដ្ឋានពេលពួកគេបង្ហោះព័ត៌មានវិវាទដីធ្លីតាមបណ្ដាញសង្គម

សកម្មភាពចម្រូងចម្រាសរវាងអាជ្ញាធរនិងប្រជាពលរដ្ឋសហគមន៍ក្នុងខេត្តត្បូងឃ្មុំឆ្នាំ២០២០។ រូបភាពផ្ដល់ឱ្យ
សកម្មភាពចម្រូងចម្រាសរវាងអាជ្ញាធរនិងប្រជាពលរដ្ឋ សហគមន៍ក្នុងខេត្តត្បូងឃ្មុំឆ្នាំ២០២០។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍ដីធ្លីមកពីខេត្តផ្សេងៗគ្នាលើកឡើងថាពួកគេ តែងតែរងការគំរាមកំហែង​ក្រោម​រូបភាពផ្សេងៗគ្នាពីអាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេបានរាយការណ៍ពីបញ្ហាជម្លោះដីធ្លី​នៅ​ក្នុងសហគមន៍តាមបណ្ដាញសង្គម ដើម្បីឱ្យមានដំណោះស្រាយពីអាជ្ញាធរ​ពាក់ព័ន្ធ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានសហគមន៍សម័យឌីជីថល រៀបចំដោយសមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា (CCFC) កាលពីថ្ងៃទី២៤ សីហា កន្លង​ទៅ លោកស្រី ខៀវ សារ៉ុម មកពីសហគមន៍ខេត្តស្វាយរៀង ប្រាប់ឱ្យដឹងថា នៅពេលដែល​មានបញ្ហាណាមួយកើតឡើង​នៅសហគមន៍ ហើយអ្នកស្រីបង្ហោះនៅលើបណ្ដាញសង្គម គឺ​តែង​តែមានមុខអាជ្ញាធរ​មូលដ្ឋាន​មកគំរាមកំហែងដល់ផ្ទះឱ្យលុបព័ត៌មាន ឬរូបភាពទាំងនោះចេញ។

អ្នកស្រីចាត់ទុកថា សកម្មភាពនេះ គឺជាការរំលោភទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិ​របស់ពលរដ្ឋ ត្បិតអ្នកស្រីយល់ថាការរិះគន់ ឬនិយាយការពិតពីបញ្ហាសង្គម​ដែលកើតមានលើ​ពលរដ្ឋរងគ្រោះមិនខុសច្បាប់ និងមិនគួរមានអាជ្ញាធរតាមយាយីដូច្នេះឡើយ។

អ្នកស្រីថ្លែងថា៖ «ពីមុនមក នៅពេលដែលយើងបង្ហោះព័ត៌មានទៅ វាមានព័ត៌មានរសើប​ចាក់​ដោត ចឹងហើយមានការសួរនាំដល់ផ្ទះ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភាគច្រើនទៅសួរ​ដល់ផ្ទះ​តែម្ដង សូមឱ្យលុបព័ត៌មាននឹងចេញ ព្រោះមិនចង់ឱ្យព័ត៌មាននឹងខ្ចាត់ខ្ចាយទេ»។

អ្នកស្រីបន្តថា៖«ខ្ញុំដឹងខ្លួនឯងថាព័ត៌មាននឹងជាព័ត៌មានពិត កើតឡើងជាក់ស្ដែង​ក្នុងសហគមន៍​របស់យើង ចឹងហើយយើងព្យាយាមជជែកជាមួយគាត់ និងមានតែបន្ថែមព័ត៌មានពិតទៀត»។

ចំណែកលោក ស៊ឹង សុខុម តំណាងសហគមន៍ត្រពាំងជោ ស្រុកឱរ៉ាល់ លើកឡើងស្រដៀង​គ្នាថា លោកធ្លាប់អធិការស្រុកឱរ៉ាល់កោះហៅ ទាក់ទងនឹងការបង្ហោះព័ត៌មាន​ទាក់ទងនឹង​ក្រុមហ៊ុនឯកជនរំលោភយកដីពលរដ្ឋ។

លោក សុខុម ឱ្យដឹងថា៖«ខ្ញុំធ្លាប់ត្រូវអធិការស្រុកឱរ៉ាល់កោះហៅអំពីព័ត៌មានហ្នឹងដែរ សរសេរ​ព័ត៌មានថ្ងៃនោះព្រឹត្តិការដែលក្រុមហ៊ុនទៅរំលោភយកដីរបស់ប្រជាពលរដ្ឋសហគមន៍ខ្ញុំ គេ​បង្ខំ​ឱ្យខ្ញុំសារភាព បើមិនសារភាពគេដាក់គុកយើង»។

វិវាទដីធ្លីរវាងអាជ្ញាធរនិងប្រជាសហគមន៍ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំ២០២០។ រូបភាពផ្ដល់ឱ្យ

អ្នកស្រី ផាវ ញើង តំណាងសហគមន៍១៧៥ ខេត្តកោះកុង បានឱ្យដឹងថា កាលពីពេលកន្លង​ទៅ ពលរដ្ឋក្នុងសហគមន៍មានបញ្ហាហើយបង្ហោះព័ត៌មានតាមបណ្ដាយសង្គមគឺគ្រាន់តែ​សង្ឃឹម​ថាបានដឹងឮទៅដល់អ្នកពាក់ព័ន្ធ ដើម្បីទទួលបានដំណោះស្រាយតែប៉ុណ្ណោះ ប៉ុន្តែ​អាជ្ញាធរបែរជារារាំងមិនឱ្យផ្សព្វផ្សាយទៅវិញ។

អ្នកស្រីបន្ថែមថា នៅពេលដែលពលរដ្ឋរងគ្រោះមិនឃើញទូរទស្សណាហ៊ានផ្សាយបញ្ហារបស់ ពលរដ្ឋឡើយ ហើយអាជ្ញាធរមូលដ្ឋានវិញកាន់តែញញើតទៅទៀត ពេលឃើញពលរដ្ឋថត ឬ​ឡាយព័ត៌មាន។

អ្នកស្រីថា៖ «ពេលខ្ញុំនិយាយចំៗពេក ក៏មានការទិញទឹកចិត្តដែរ អ្វីដែលយើងចង់បាន​គឺ​ដំណោះ​ស្រាយ ចឹងនៅពេលយើងផ្សាយព័ត៌មានជាក់ស្ដែងគាត់តែងតែប្រាប់ថា​សូមកុំ​ឱ្យ​និយាយរឿងអស់ហ្នឹងបានដែរទេ? គេនឹងដោះឱ្យហើយ ឬក៏ឈប់ទៅគេនឹងឱ្យលុយ ឬរក​មុខរបរឱ្យ»។

ជុំវិញបញ្ហានេះ លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ពលរដ្ឋដែលបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ហើយត្រូវបានអាជ្ញាធររារាំង មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងព័ត៌មានឡើយ។

លោកថ្លែងថា៖ «ពាក់ព័ន្ធទៅហ្នឹងការបង្ហោះព័ត៌មានទៅតាមហ្វេសប៊ុក គណនីរបស់ ប្រជាពលរដ្ឋ​មួយៗ វាអត់ស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រសួងព័ត៌មានទេ ក្រសួងព័ត៌មាន​យើង​មានតួនាទី គ្រប់គ្រងនិងដឹកនាំវិស័យព័ត៌មានសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ដោយឡែក លោកអំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ យល់ឃើញថា ទង្វើ​ដែល​អាជ្ញាធរមូលដ្ឋាន ធ្វើការគំរាមកំហែងពលរដ្ឋក្នុងការបង្ហោះព័ត៌មាន ឬបញ្ហាដែល​កើត​មានឡើងក្នុងសហគមន៍ គឺជាការបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការទទួលយកព័ត៌មាន និងសិទ្ធិបញ្ចេញមតិ។

លោកបន្តថា ប្រសិនបើអាជ្ញាធរមូលដ្ឋាន នៅតែបន្តធ្វើដូច្នេះ វានឹងជះឥទ្ធិពលមិនល្អដល់​កម្ពុជា ហើយធ្វើឱ្យពលរដ្ឋខ្លាចមិនហ៊ាននិយាយការពិត និងបញ្ចេញមតិឡើយ។

លោក សំអាត ថា៖ «ខ្ញុំចាត់ទុកថាជាការរិតត្បិតសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ និងការទទួលព័ត៌មានរបស់ពលរដ្ឋ ពីព្រោះពួកគាត់ជួបបញ្ហា ចឹងគាត់ត្រូវការអាជ្ញាធរដឹង ជួយដោះស្រាយទៅលើបញ្ហារបស់គាត់។  ចឹងការរឹតត្បិតរបស់អាជ្ញាធរមូលដ្ឋាន គឺជាការ​រំលោភទៅលើសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ»។

អ្នកភូមិស្រែប្រាំងនៅសហគមន៍ក្នុងខេត្តត្បូងឃ្មុំ ពេលមានបញ្ហាដីធ្លីជាមួយអាជ្ញាធរ​កាលពីឆ្នាំ២០២០។ រូបភាពផ្ដល់ឱ្យ

យោងតាមរបាយការណ៍របស់អង្គការសមាគមធាងត្នោត ដែលចេញក្នុងខែសីហា ឆ្នាំ២០២២ ស្ត្រីសហគមន៍ក្រីក្រមួយចំនួនបានលើកឡើងថា ការចែកចាយព័ត៌មានស្តីពីបញ្ហាប្រឈម​របស់​សហគមន៍ពួកគាត់ ក៏ដូចជាការបង្ហោះពី​សកម្មមភាពប្រជុំនៅក្នុងសហគមន៍ ការប្រារព្ធ​ធពិធីសិទ្ធិលំនៅឋាន បញ្ហាដីធ្លី ការទាមទារ ប្លង់កម្មសិទ្ធិស្របច្បាប់ បញ្ហាបរិស្ថាន និងហេដ្ឋា​រចនាសម្ព័ន្ធ ការទទួលបានជំនួយពីសំណាក់​អង្គគការសង្គមស៊ីវិល និងសប្បុរសជននានា ត្រូវបានរឹតត្បិតដោយការបំភិតបំភ័យ និង​គំរាម​កំហែង​ពីសំណាក់អាជ្ញាធរមូលដ្ឋាន។

របាយការណ៍ដដែលបានឱ្យដឹងថា ការរឹតត្បិតត្បសិទ្ធិសេរីភាពសេរីនេះធ្វើឡើង​ក្រោម​រូបភាព​​ផ្សេងៗ ដូចជាការដាក់់ឱ្យមានកម្លាំងដើម្បីឃ្លាំមើល គំរាមកំហែង និងនាំខ្លួនទៅកាន់ទី​តាំង​សាលាសង្កាត់ដើម្បីធ្វើការសាកសួរ និងផាកពិន័យជាដើម។

អ្នកស្រី បូ បានឱ្យដឹងថា «ចំពោះបទពិសោធន៍ ក្នុងការប្រើប្រាស់បណ្តាញ ផ្សព្វផ្សាយសង្គម បើនិយាយរួមទៅមិនមានសកម្មមភាព អ្វីដែលអាចប្រើប្រាស់បានទេដោយសារនៅ​ក្នុង​សហគមន៍ របស់ខ្ញុំមានការរឹតបន្តឹងខ្លាំង (លើការចែកចាយព័ត៌មាន ក៏ដូចជាការ​បង្ហោះ​សកម្មភាពប្រជុំនៅក្នុងសហគមន៍ កិច្ចប្រជុំការសន្សំលុយជាដើម)។ ខ្ញុំមិនអាចធ្វើ​សកម្មភាព ណាទាំងអស់នៅក្នុងបណ្តាញសង្គមព្រោះតែងតែមានគេតាមដានខ្ញុំ (អ្នកដែលនៅក្នុង​សហគមន៍តែពួកគាត់ជាសមាជិកឃុំសង្កាត់) ខ្ញុំដឹងថាពួកគាត់តាមដានខ្ញុំ ដោយសារ រាល់ការបង្ហោះរបស់់ខ្ញុំនៅលើបណ្តាញសង្គមតែងមានការនិយាយមានការ​ណែនាំពីអាជ្ញាធរមិនឱ្យធ្វើនេះ មិនឱ្យធ្វើនោះ…..»

ចំណែកលោក ណុប វី នាយកប្រត្តិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា  ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការយកព័ត៌មាន សរសេរ ឬបង្ហោះនៅលើបណ្ដាញសង្គម ព្រោះជាសិទ្ធិក្នុងការបញ្ចេញមតិដែលការពារដោយរដ្ឋធម្មនុញ្ញ។

លោកបន្ថែមថា ត្បិតថាពលរដ្ឋទាំងនោះ មិនមែនជាអ្នកសារព័ត៌មានអាជីព បានចុះបញ្ជី​ក្នុង​ក្រសួងព័ត៌មានក៏ដោយ ក៏ក្រសួងគួរតែបង្កបរិយាកាសអំណោយផល និងលើកទឹកចិត្ត ពលរដ្ឋ​សារព័ត៌មានទាំងនោះ ក្នុងការពាំនាំបញ្ហាទៅកាន់មជ្ឈដ្ឋានជុំវិញ ដើម្បីឱ្យមានដំណោះ​ស្រាយ និងដឹងឮដល់ថ្នាក់ដឹកនាំ។

លោក ណុប វី ថ្លែងថា៖ «នៅក្នុងមូលដ្ឋានគ្រឹះ និងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ​គឺអត់មាន​កំណត់ថា លុះត្រាតែអ្នកសារព័ត៌មាន ទើបអាចបង្ហោះ ទើបអាចផ្សព្វផ្សាយ​សរសេរព័ត៌មាន​បាន​ទេ។ ហើយបើសិនជារដ្ឋាភិបាល លោកមានចេតនានៅក្នុងការចង់ឃើញការ​ចូលរួម​របស់​ប្រជាពលរដ្ឋ លោកគួរតែសម្របសម្រួល គួរតែផ្ដល់មធ្យោបាយថែមទៀត មិនត្រឹមតែផ្ដល់​មធ្យោបាយ គឺត្រូវតែចាត់វិធានការទំាងឡាយណា ដែលរារាំងចំពោះការចូលរួមរបស់ពលរដ្ឋ​ក្នុងការផ្សព្វផ្សាយព័ត៌មាន»

តាមរយៈអង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ២០១៧មក​ ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​ត្រូវ​បាន​រឹត​បន្តឹង ​ជាពិសេស​ ទាក់ទង​នឹង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ ​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​របស់​ប្រទេសជាតិ ​ដែល​មាន​ធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ការ​ត្រួត​ពិនិត្យ​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នោះ​ឡើយ។

ថ្វីបើយ៉ាងនេះក្ដី លោក កត្តា អ៊ន មន្រ្តីសិទ្ធិមនុស្សរដ្ឋាភិបាល​ ធ្លាប់បានអះអាងថា របាយការណ៍​ដែលសហគមន៍​ជាតិ​ និង​អន្តរជាតិ​ ធ្វើការ​វាយតម្លៃ​ថា ​កម្ពុជា​គ្មាន​ការ​គោរព​សិទ្ធិ​ត្រឹមត្រូវ​តាម​ស្របច្បាប់​រដ្ឋធម្មនុញ្ញ​ឡើយ គឺជារឿងមិនត្រឹមត្រូវ និងគ្មានភស្ដុតាង​ច្បាស់​លាស់៕

859 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម