សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធ​អនឡាញ

ជនសង្ស័យឆបោកបរទេសដែលត្រូវបានឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ រង់ចាំការស៊ើបអង្កេតបន្ថែមនៅមណ្ឌលឃុំខ្លួននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ (ខេមបូចា/ យ៉ន សូវៀត)
ជនសង្ស័យឆបោកបរទេសដែលត្រូវបានឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ រង់ចាំការស៊ើបអង្កេតបន្ថែមនៅមណ្ឌលឃុំខ្លួននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ (ខេមបូចា/ យ៉ន សូវៀត)

ក្រោមកិច្ចប្រជុំដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្របានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយក្រសួងយុត្តិធម៌កាលពីដើមខែកុម្ភៈ ដើម្បីពង្រឹងការឆ្លើយតបតាមផ្លូវច្បាប់​ចំពោះការឆបោកតាមប្រព័ន្ធអនឡាញ។

សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភានាពេលឆាប់ៗខាងមុខ។

«លោកនាយករដ្ឋមន្ត្រី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញដោយមិនមានការកែប្រែអ្វីឡើយ និងស្នើសុំឱ្យស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ និងអនុម័ត» នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

ច្បាប់នេះត្រូវបានព្រាងឡើងបន្ទាប់ពីមានការដាក់ទណ្ឌកម្ម និងការធ្វើបត្យាប័នទៅកាន់ប្រទេសចិននូវមេខ្លោងឆបោក លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាអតីតទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលោកបានមានប្រសាសន៍ថា លោកមិនបានដឹងថា លោក ចេន ហ្ស៊ី បានកំពុងដំណើរការបណ្តាញឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកម្ពុជានោះទេ។ 

យោងតាមក្រសួងយុត្តិធម៌ សេចក្តីព្រាងនេះត្រូវបានរៀបចំឡើងដោយក្រសួង និងក្រោយមកបានចែករំលែកទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីទទួលបានធាតុចូល បន្ទាប់ពីទទួលបានការណែនាំពីលោកនាយករដ្ឋមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ ទប់ស្កាត់ និងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ។​ សេចក្តីព្រាងច្បាប់នេះក៏ត្រូវបានរៀបចំឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ​។

បើតាមសម្តីលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រាប់ទៅកាន់សារព័ត៌មាន AFP ថា ចាប់តាំងពីការបង្ក្រាបកាលពីខែកក្កដាមក អាជ្ញាធរបានបិទទីតាំងឆបោកប្រមាណ ២៥០កន្លែង និងកាស៊ីណូ ៩១កន្លែង។​ ក្នុងនោះមនុស្សជាង ២ម៉ឺននាក់បានភៀសខ្លួនចេញពីទីតាំងឆបោក និងចាកចេញពីកម្ពុជា ខណៈដែលជនបរទេសប្រមាណ ១ម៉ឺននាក់ត្រូវបានបណ្តេញចេញ។

ថ្លែងក្នុងពិធីបិទសន្និបាតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះក៏នឹងកំណត់ការទទួលខុសត្រូវលើម្ចាស់អចលនទ្រព្យ និងបុគ្គលដែលជ្រើសរើសពលករផងដែរ។ លោកបានសង្កត់ធ្ងន់ថា ការបង្កើនការទទួលខុសត្រូវឱ្យបានកាន់តែទូលំទូលាយ នឹងជួយធានាថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិតជាបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកស្រី ឌី ម៉ូឡានី បានប្រាប់ សារព័ត៌មានខេមបូចា ថា សេចក្តីព្រាងច្បាប់នេះនឹងបង្កើតក្របខ័ណ្ឌច្បាប់ឱ្យកាន់តែច្បាស់លាស់ និងរឹងមាំ ដើម្បី «លើកកម្ពស់» ប្រសិទ្ធភាពនៃការការពារ ទប់ស្កាត់ និងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ។ លោកស្រីបានបន្ថែមថា ច្បាប់នេះនឹងត្រូវបញ្ជូនទៅសភាដើម្បីពិនិត្យ និងអនុម័ត។

កុំព្យូទ័រដែលត្រូវបានរឹបអូសដោយគណៈកម្មការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញពីប្រតិបត្តិការឆបោកក្នុងខេត្តត្បូងឃ្មុំ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។​ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ (ខេមបូចា/យ៉ន សូវៀត)

យ៉ាងណា លោកស្រីមិនបានបញ្ជាក់ពីខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់នោះទេ ដោយនិយាយថា បន្ទាប់ពីវាត្រូវបានអនុម័តដោយសភា នឹងមានសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយ​។

លោកស្រី ម៉ូឡានី មិនបានឆ្លើយតបទៅនឹងសំណួរអំពីរបៀបដែលច្បាប់ដែលបានស្នើឡើងនេះនឹងធានាបាននូវការទទួលខុសត្រូវសម្រាប់អ្នកពាក់ព័ន្ធក្នុងការឆបោកតាមប្រព័ន្ធអនឡាញ រួមទាំងបុគ្គលដែលមានអំណាចនោះទេ។ លោកស្រីក៏មិនបានឆ្លើយតបដែរថា តើក្រុមសង្គមស៊ីវិលនឹងត្រូវបានអញ្ជើញឱ្យមកពិភាក្សា និងផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់នេះដែរឬទេ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា បានប្រាប់សារព័ត៌មាន AFP ថា ច្បាប់នេះស្នើឱ្យមានការដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងសម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដោយកត់សម្គាល់ថា មេខ្លោងនៃមជ្ឈមណ្ឌលឆបោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ជិត ២៥ម៉ឺនដុល្លារ។ ហើយប្រសិនបើប្រតិបត្តិការរបស់ពួកគេពាក់ព័ន្ធនឹងអំពើហិង្សា ការធ្វើទារុណកម្ម ការបង្ខាំងទុក ការជួញដូរមនុស្ស ឬការបង្ខំឱ្យធ្វើការងារ ទោសទណ្ឌនឹងកើនឡើងដល់ ១០ ទៅ ២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ជិត ៥០ម៉ឺនដុល្លារ។

ប្រសិនបើសកម្មភាពនេះបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ ឬច្រើននាក់ មេខ្លោងអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ ឬជាប់ពន្ធនាគារអស់មួយជីវិត ខណៈដែលអ្នកឆបោក​កម្រិតទាបក៏អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ជិត ២៥ម៉ឺនដុល្លារផងដែរ ជាពិសេសនៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តដោយក្រុមដែលមានការចាត់តាំង និងមានជនរងគ្រោះច្រើន។

កាលពីឆ្នាំមុន របាយការណ៍របស់អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មរបស់សហរដ្ឋអាមេរិក លោក Jacob Sims ដែលមានចំណងជើងថា «គោលនយោបាយ និងលំនាំ៖ ឧក្រិដ្ឋកម្មឆ្លងដែនដែលជាប់គាំងដោយរដ្ឋនៅកម្ពុជា ជាការគំរាមកំហែងផ្នែកសន្តិសុខសកល» បានផ្តល់អនុសាសន៍ឱ្យមានការចោទប្រកាន់ ការដាក់ទណ្ឌកម្ម ការហាមឃាត់ទិដ្ឋាការ និងវិធានទទួលខុសត្រូវផ្សេងទៀតសម្រាប់មន្ត្រីរដ្ឋាភិបាលចំនួន ២៨នាក់ និងអ្នកជំនួញមួយចំនួន ដែលជាបណ្តុំក្រុមហ៊ុនមួយស្ថិតនៅចំកណ្តាលនៃការស៊ើបអង្កេតទៅលើទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលមានការចាត់តាំង។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅនៃ​អង្គការ​សិទ្ធិមនុស្ស ​លីកាដូ (Licadho) លោក អំ សំអាត បានស្វាគមន៍ចំពោះសេចក្តីព្រាងច្បាប់នេះ ព្រោះឧស្សាហកម្មឆបោកនេះបានប៉ះពាល់ដល់សេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគ។ ទោះជាយ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍​ថា សេចក្តីព្រាងច្បាប់នេះគួរតែប្រមូលធាតុចូលបន្ថែមទៀតពីភាគីពាក់ព័ន្ធ រួមទាំងសង្គមស៊ីវិល និងវិស័យឯកជន។

យ៉ាងណាមិញ លោកថាអង្គការលីកាដូមិនទាន់បានឃើញសេចក្តីព្រាងច្បាប់នេះនៅឡើយទេ​។

លោកបានបន្តថា៖ «ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនាពេលឆាប់ៗខាងមុខ ជាមួយនឹងធាតុចូល និងស្តង់ដារគ្រប់ជ្រុងជ្រោយ កម្ពុជានឹងអាចសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ ដោយការអនុវត្តច្បាប់នេះប្រកបដោយតម្លាភាព និងស្មើភាពគ្នាដោយគ្មានការលើកលែង»។ លោកបន្ថែមថា៖ «ដូច្នេះ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ អាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង លុបបំបាត់អំពើពុករលួយ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Council of Ministers Approves Draft Law on Anti-Online Scam

ព័ត៌មានថ្មី

អត្ថបទពេញនិយម