ខេត្តព្រះវិហារ៖ ក្រោយបានមករស់នៅក្នុងជំរំជនភៀសសឹកអស់រយៈពេលជាងមួយសប្ដាហ៍ និងជាការភៀសខ្លួនដោយសារជម្លោះលើកទីពីរវាងកម្ពុជា-ថៃ ប្រជាពលរដ្ឋដែលជាជនភៀសសឹកបង្ហាញក្ដីបារម្ភចំពោះបញ្ហាជម្លោះដែលនៅតែបន្តមិនទាន់ចប់ ដោយថាធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ។ ព្រមជាមួយគ្នានោះ ពួកគាត់ក៏បារម្ភពីបញ្ហាសុខភាពដែលត្រូវរស់នៅក្នុងជំរំជនភៀសសឹកទាំងដែលយប់ឡើងអាកាសធាតុចុះត្រជាក់ខ្លាំង។
អ្នកស្រី ផៃ ចាន់លី ជាប្រជាពលរដ្ឋរស់នៅភូមិដំណាក់កណ្ដោល ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានចម្ងាយ៤០គីឡូម៉ែត្រពីព្រំដែនថៃ។ អ្នកស្រីសង្ឃឹមថាជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ។ ពេលមករស់នៅជាថ្មីក្នុងជំរំជនភៀកសឹក អ្នកស្រីបារម្ភពីសុខភាពរបស់ខ្លួន និងកូន ថាអាចនឹងមានជំងឺផ្ដាសាយញឹកញាប់។
អ្នកស្រីបន្ថែមថា អាជ្ញាធរទើបបានផ្ដល់ឲ្យគ្រួសារអ្នកស្រីនូវអាវរងារចំនួនប្រាំពីរ និងភួយចំនួនមួយខណៈសមាជិកគ្រួសារមានចំនួនប្រាំពីរនាក់។ អ្នកស្រីបានស្នើទៅអាជ្ញាធរឲ្យជួយផ្ដល់ថ្នាំផ្ដាសាយ ភួយក្រាសៗ និងអាវរងាបន្ថែមផងដែរ។
ក្រុមគ្រូពេទ្យដែលនៅប្រចាំការក្នុងជំរំជនភៀសសឹកបដិសេធអត្ថាធិប្បាយលើស្ថានភាពសុខភាពរបស់អ្នកទាំងនោះ។
ក្រោយមករស់នៅក្នុងជំរំជនភៀសសឹកបានជាងមួយសប្ដាហ៍ អ្នកស្រីថា ការស់នៅក្នុងជំរំយប់ឡើងមានភាពរងា ហើយបន្ទប់ទឹកក៏នៅប្រហែល១០០ម៉ែត្រពីកន្លែងស្នាក់នៅ និងពេលខ្លះត្រូវរង់ចាំប្រហែល១០នាទីទើបបានប្រើប្រាស់។ អ្នកស្រីឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យសង្គ្រាមចប់ឲ្យបានឆាប់ ដូចនេះគ្រប់គ្នានឹងសប្បាយចិត្ត»។

ចំណែកលោក ផល ឆៃឌិន វ័យ២៦ឆ្នាំ បានឲ្យដឹងដែរថា ការរស់នៅក្នុងជំរំក្នុងរដូវរងាគឺប៉ះពាល់សុខភាពរបស់លោក និងកូនៗចំនួនពីរនាក់ដែលមានអាយុទើបបីខែ និងបីឆ្នាំ។ លោកថាយប់ឡើងអាកាសធាតុត្រជាក់។
លោកត្អូញត្អែរថា ចាប់ពីម៉ោង៦ល្ងាចទៅម៉ោង៨យប់ គឺមានការខ្វះទឹករាល់ថ្ងៃ។ លោកឲ្យដឹងថា អាហារនៅក្នុងជំរំក៏មានតែត្រីខកំប៉ុង និងត្រីងៀត ក្នុងចំណោមអាហារដែលទទួលបាន។
អ្នកភូមិវាលធំ ឃុំជាំក្សាន្ត រូបនេះបន្តថា លោកមានក្ដីបារម្ភចំពោះដំណាំដំឡូងមី និងស្រូវ ដែលកំពុងដាំដុះលើផ្ទៃដីពីរហិកតា។ លោកមិនដឹងថា ដំណាំ និងស្រូវរបស់ខ្លួនមានរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ថៃឬអត់ទេ។
លោកបន្តថា៖ «ខ្ញុំបារម្ភណាស់។ ខ្ញុំមិនដឹងថាពេលណាសង្គ្រាមនឹងចប់ទេ ខ្ញុំចង់វិលទៅផ្ទះវិញ ខ្ញុំនឹងផ្ទះ។ ខ្ញុំមានឆ្កែ ឆ្មានិងម៉ូតូមួយ»។
អ្នកស្រី ទេស ភី វ័យ៧៤ឆ្នាំ ដែលមានផ្ទះនៅចម្ងាយតែ២០គីឡូម៉ែត្រពីព្រំដែនថៃ បានឲ្យដឹងដែរថា អ្នកស្រីបានឮសំឡេងគ្រាប់ផ្លោងរបស់ថៃធ្លាក់នៅជិតៗផ្ទះរាល់យប់។ ចុងក្រោយ អ្នកស្រីសម្រេចចិត្តចាកចេញពីផ្ទះ ជាមួយស្វាមីដែលពិការភ្នែក និងកូនៗចំនួនប្រាំបីនាក់។ អ្នកស្រីក៏កំពុងបារម្ភពីសុខទុក្ខកូនម្នាក់ដែលជាទាហាននៅជួរមុខផងដែរ។
អ្នកស្រីឲ្យដឹងថា៖ «ខ្ញុំចង់បានសន្តិភាពឆាប់ៗ ដូចនេះខ្ញុំអាចត្រឡប់ទៅធ្វើស្រែចម្ការវិញបាន»។

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានឲ្យដឹងថា ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារបានចាកចេញពីផ្ទះសម្បែង ដែលមានចំនួនប្រជាជនសរុបប្រហែលជា៣ម៉ឺននាក់។ វត្ត បាក់កាំ ជាជំរំជនភៀសសឹកធំជាងគេដែលមានប្រជាពលរដ្ឋស្នាក់នៅប្រហែល ២ ០០០គ្រួសារ។ លោកបន្តថាដោយសារតែអាកាសធាតុចុះត្រជាក់នៅពេលយប់ អាជ្ញាធរបានផ្ដល់អាវរងាចំនួន១០បាវធំៗដល់ជំរំនីមួយៗដើម្បីចែកជូនប្រជាពលរដ្ឋនៅទីនោះ។
បើតាមក្រសួងមហាផ្ទៃគិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរយៈពេល១១ថ្ងៃនៃជម្លោះប្រដាប់អាវុធខ្មែរ-ថៃ ជនភៀសសឹកបានឡើងដល់ប្រមាណ ៥១០ ៩០១នាក់ ក្នុងនោះមានស្រ្តី ២៦៦ ៤៧២នាក់ និងកុមារ ១៦២ ២៥៦នាក់ ក្នុងខេត្តចំនួនប្រាំបីដែលរងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Displaced People Hope for War to End Soon as Cold Season Beckons









