ជនជាតិដើមភាគតិចប្រហែល៤០នាក់បានប្រារព្ធទិវាបរិស្ថានពិភពលោក ព្រមទាំងបានអំពាវនាវឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណងដែលមិនទាន់ដោះស្រាយអស់រយៈពេលជិត១០ឆ្នាំមកហើយ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមិនព្រមចាកចេញបានរងផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គិសនីសេសានក្រោម២។ មន្ត្រីបានលើកឡើងថាមិនមានការផ្ដល់សំណងណាមួយទៀតទេទាក់ទងនឹងទំនប់វារីអគ្គិសនីនេះ។
ប៉ុន្តែប្រជាពលរដ្ឋប្រហែល៩០គ្រួសារមកពីអតីតភូមិក្បាលរមាស និងភូមិស្រែគរ ដែលកន្លងមកបានបដិសេធរើលំនៅឋានទៅកាន់ទីតាំងថ្មីក្រោយផ្ទះរបស់ពួកគេត្រូវជនលិចកាលពីឆ្នាំ២០១៧ បានបង្ខំចិត្តទៅតាំងទីលំនៅថ្មីច្រើនគីឡូម៉ែត្រពីទីតាំងចាស់ នៅផ្នែកខាងលើនៃអាងស្តុកទឹករបស់ទំនប់វារីអគ្គិសនី។
អ្នកស្រី ស្រង់ ទ្បាញ់ វ័យ៤៧ឆ្នាំ អនុប្រធានភូមិក្បាលរមាស និងជាប្រធានសហគមន៍សម្រាប់ដំណើរការចុះបញ្ជីដីធ្លីបានឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះនៅតែបន្តជួបការលំបាកដោយមិនបានទទួលសំណង។
អ្នកស្រីថ្លែងក្នុងទិវាបរិស្ថានពិភពលោកថា៖ «យើងនៅតែទាមទារសំណង ប៉ុន្តែមិនឃើញពួកគេមកដោះស្រាយ។ យើងដាក់លិខិត ឬចូលជួបជាមួយពួកគាត់ មិនមានការឆ្លើយតប»។
អ្នកស្រីបន្ថែមថា សហគមន៍ទាមទារសំណងសម្រាប់ការខូចខាតផ្ទះ ការខូចខាតដំណាំ និងទីបញ្ចុះសពរបស់ដូនតា។
សហគមន៍ក៏បានជំរុញឲ្យអាជ្ញាធរពន្លឿនការចុះបញ្ជីដីសហគមន៍ជាង ២ ០០០ ហិកតា ដើម្បីទុកជនជាតិដើមភាគតិចប្រើប្រាស់ជាចម្ការវិលជុំនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។។
យ៉ាងណា អាជ្ញាធរត្រូវបានគេមើលឃើញថាបានពន្យារពេលធ្វើកិច្ចការនេះ ដោយអះអាងថាជាដីជាន់គ្នាជាមួយបុគ្គលឯកជន និងក្រុមហ៊ុនផ្សេងៗ។
អ្នកស្រីបន្ថែមថា៖ «ពួកគាត់និយាយចឹងអែង ប៉ុន្តែយើងនៅតែទាមទារដោយសារថារដ្ឋាភិបាលបានយកដីយើងឱ្យក្រុមហ៊ុនមកដល់ពេលឥទ្បូវ ហើយសហគមន៍យើងមិនបានយល់ព្រម»។
អ្នកស្រីបន្តថា ដំបូងឡើយសហគមន៍បានស្នើចុះបញ្ជីលើផ្ទៃដី ៧ ០០០ ហិកតា ប៉ុន្តែអាជ្ញាធរបានកាត់ចេញជាច្រើនហិកតា ដោយផ្ដល់មួយផ្នែកទៅឲ្យក្រុមហ៊ុន។

ក្រសួងកសិកម្មបានផ្ដល់ដីសម្បទានចំនួន១ម៉ឺនហិកតាទៅឲ្យក្រុមហ៊ុន Siv Guek Investment សម្រាប់ដាំកៅស៊ូ។ ក្រុមហ៊ុន Siv Guek ក្រោយមកក៏ត្រូវក្រុមហ៊ុនចិន Huayue ទិញយក ដោយបន្តរក្សាទំហំដី និងការដាំកៅស៊ូដដែល។
ទំនប់វារីអគ្គិសនីសេសានក្រោម២ ចំណាយថវិកាសាងសង់អស់៨១៦លានដុល្លារ និងមានកម្លាំង៤០០មេហ្គាវ៉ាត់ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា ចិន និងវៀតណាម ដែលបានចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំ២០១៨ និងបានជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានជិត ៥ ០០០ នាក់និងបានផ្លាស់ប្ដូរទាំងស្រុងនូវបែបផែននៃការរស់នៅដែលអាស្រ័យនឹងព្រៃ និងទន្លេរបស់ជនជាតិដើមភាគតិចដូចពនង គួយ ឡាវ ចារ៉ាយ គ្រឹង និងទំពួន ជាដើម។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ថា សំណងបានធ្វើរួចរាល់តាំងពីឆ្នាំ២០២៣ ហេតុនេះលោកថាមិនមានការផ្ដល់សំណងណាមួយទៀតទេ។ លោកឲ្យដឹងថាប្រជាពលរដ្ឋទាំងនោះ «ជ្រើសរើសរស់នៅកន្លែងដែលពួកគាត់ចង់»។
លោកបន្ថែមថា៖ «ការដោះស្រាយផលប៉ះពាល់រឿងសំណងត្រូវបានបិទបញ្ចប់ ដោយសារពលរដ្ឋសហគមន៍ប្រជាពលរដ្ឋទាំងអស់នោះគាត់ព្រមព្រៀងរស់នៅតំបន់ដែលពួកគាត់បានជ្រើសរើសយកសម្រាប់រស់នៅ។នៅពេលដែលមានការស្នើសុំឱ្យមានការចូលរួមដោះស្រាយសំណងផលប៉ះពាល់ពលរដ្ឋយើងបានដាក់កំណត់ហេតុមកគាត់សុំរស់នៅតំបន់ហ្នឹង មិនទៅរស់នៅតំបន់ថ្មីដែលបានរៀបចំជូននោះទេ។ ចឹងគាត់រស់នៅទីតាំងចាស់ បើរស់ទីតាំងចាស់មិនមានសំណងអ្វីលើសពីហ្នឹងទៀតទេ»។
លោកបន្ថែមថា ដំបូងឡើយមានប្រជាពលរដ្ឋប្រហែល៧០គ្រួសារ ប៉ុន្តែពេលនេះលោកថាមានគ្រួសារថ្មីៗបន្ថែមមកតាមដាច់ដោយឡែកទៀត។
ទាក់ទងនឹងការចុះបញ្ជីដីសហគមន៍វិញ លោកបានលើកឡើងថាមិនទាន់អាចធ្វើទៅបានដោយហេតុថាដីដែលខាងសហគមន៍បានស្នើឡើងគឺត្រួតគ្នាជាមួយនឹងដីឯកជនផ្សេងៗទៀត ក៏ដូចជាចំណែកខ្លះត្រួតគ្នាជាមួយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
លោកបន្តថាការចេញប្លង់កម្មសិទ្ធអាចធ្វើទៅបាន បើសិនជាភាគីទាំងអស់ព្រមព្រៀងគ្នា និងទីតាំងនោះមិនមានជម្លោះ ឬជាន់គ្នាជាដើម។
លោក លាង ប៊ុនលាភ នាយកប្រតិបត្តិអង្គការបណ្ដាញទន្លេបី មានប្រសាសន៍ថា «យន្តការពីលើចុះក្រោម» នៃគោលនយោបាយអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ជាពិសេសគម្រោងសេសានក្រោម២ គឺស្នើឡើងដោយរដ្ឋាភិបាល និងអនុវត្តទៅតាមរចនាសម្ព័ន្ធក្រសួងនានា និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែល «មិនបានយកចិត្តទុកដាក់ពីតម្រូវការរបស់សហគមន៍មូលដ្ឋាន»។
លោកបន្តថា៖ «ខ្ញុំគិតថារដ្ឋាភិបាលចង់បង្ហាញគំរូរបស់ទំនប់វារីអគ្គិសនីសេសានក្រោម២។ ពួកគាត់ចង់បង្ខំឲ្យប្រជាពលរដ្ឋទទួលយកសំណង»។
លោកបន្ថែមថា៖ «អាជ្ញាធរអនុវត្តតាមបញ្ជារបស់ថ្នាក់លើ។ មិនថាថ្នាក់លើនិយាយ ឬណែនាំ គឺពួកគាត់ធ្វើតាម ជាជាងស្ដាប់តម្រូវការរបស់សហគមន៍»។
លោកលើកឡើងទៀតថា៖ «បើសិនខ្ញុំជាមន្ត្រីរដ្ឋាភិបាល ខ្ញុំសប្បាយចិត្តក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅក្បែរទំនប់ ឬនៅជិតតំបន់អាងស្ដុកទឹក ជាពិសេសពេលដែលអ្នកទាំងនោះចំណាយធនធានខ្លួនឯងក្នុងការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ ជាជាងបង្ខំឲ្យពួកគាត់ចាកចេញ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dozens of Affected Families of Sesan Dam Seek Compensation, But Gov’t Says the Offer Has Ended