បន្ទាប់ពីប្រឆាំងជំទាស់អស់រយៈពេលជិត៦ឆ្នាំទៅនឹងការបង្ខំឱ្យរុះរើលំនៅឋានពីដីធ្លីដែលរដ្ឋាភិបាលរឹបអូសយក គ្រួសារតជំនាន់នៅជុំវិញបឹងតាមោកបានដើរមកដល់ចំណុចមួយដែលមិនអាចទ្រាំទ្របានទៀតហើយ។
កាលពីខែកុម្ភៈ ការតវ៉ាយ៉ាងក្ដៅគគុកមួយជុំវិញការជីកប្រឡាយមួយនៅខាងក្រោយផ្ទះរបស់ពួកគេបាននាំឱ្យមានការចោទប្រកាន់បទព្រហ្មទណ្ឌទៅលើពលរដ្ឋនៅក្នុងសហគមន៍សំរោងត្បូង ជាភូមិមួយស្ថិតនៅក្នុងខណ្ឌព្រែកព្នៅដែលស្ថិតនៅតាមបណ្ដោយច្រាំងបឹងតាមោក ។ ចាប់តាំងពីពេលនោះមក អ្នកភូមិបានដាក់ញត្តិទៅសាលារាជធានីភ្នំពេញដើម្បីស្នើសុំសំណងសមរម្យតាមតម្លៃទីផ្សារ និងការលើកលែងការចោទប្រកាន់មកលើពួកគេ ។
ជាងមួយខែមកហើយដែលការទទូចសុំសំណងសមរម្យ និងការទម្លាក់ការចោទប្រកាន់របស់អ្នកភូមិត្រូវបានគេមិនអើពើ ដែលនាំឱ្យគ្រួសារនៅសេសសល់ក្នុងភូមិ – និងនៅជុំវិញបឹងតាមោក – ព្រមទទួលយកទាំងអល់អែកនូវសំណងតិចតួចពីរដ្ឋាភិបាល។ រឿងនេះកើតឡើងបន្ទាប់ពីអ្នកភូមិ១០៩គ្រួសារនៅក្នុងភូមិបានយល់ព្រមទទួលយក«គោលនយោបាយដោះដូរ»ដូចគ្នា ។ នេះបើយោងតាមអ្នកភូមិដែលបាននិយាយប្រាប់ ខេមបូចា ។
នៅខណៈពេលដែលអ្នកភូមិបានបោះបង់ចោលការតស៊ូដើម្បីទាមទារសំណងសមរម្យតាមតម្លៃទីផ្សារ អ្នកភូមិជាច្រើននាក់បានសម្ដែងនូវអារម្មណ៍ដែលពួកគេគិតថាពួកគេត្រូវបានបង្ខិតបង្ខំឱ្យទទួលយកសំណងមិនសមរម្យដើម្បីជៀសវាងការធ្វើទុក្ខបុកម្នេញជាបន្ត ។
ធ្លាប់ជាអ្នកជំទាស់តវ៉ាក្រាញននៀលចុងក្រោយគេបង្អស់នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ សហគមន៍សំរោងត្បូង ឥឡូវ ក៏ព្រមទទួលយកការផ្ដល់សំណងពីរដ្ឋាភិបាល ដែលការទទួលយកនេះអាចបង្កើតជាគំរូមួយសម្រាប់ជម្លោះស្រដៀងគ្នានេះនៅទូទាំងប្រទេស ដែលអ្នកទាមទារមានអារម្មណ៍ថាពួកគេបានត្រូវគេបង្ខំឱ្យទទួលយកកញ្ចប់សំណងមិនសមរម្យ និងបោះបង់ដីធ្លីរបស់ខ្លួនទៅឱ្យគម្រោងពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍នានា។
បង្ខំឱ្យទាល់ច្រក
អ្នកស្រី ស៊ា ដាវី ជាអ្នកភូមិមកពីសហគមន៍សំរោងត្បូង ដែលបានតវ៉ាជំទាស់នឹងការបណ្ដេញចេញពីលំនៅឋានចាប់តាំងពីឆ្នាំ២០២០មកនោះ បានប្រាប់ ខេមបូចា ថា គ្រួសាររបស់អ្នកស្រី និងអ្នកភូមិ១២គ្រួសារផ្សេងទៀតបានដាក់សំណើសុំសំណងទៅកាន់អាជ្ញាធរខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៤ ខែកក្កដា។ អ្នកស្រីបាននិយាយថា សំណើនោះ – និងសំណើរបស់គ្រួសារដទៃទៀត – មិនដែលត្រូវបានគេពិនិត្យពិចារណាឡើយ។
នៅថ្ងៃទី១០ ខែកក្កដា អាជ្ញាធរបានដាក់កាលបរិច្ឆេទកំណត់សម្រាប់ការរុះរើផ្ទះរបស់ពួកគេ ត្រឹមថ្ងៃទី២៦ ខែកក្កដា។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក ការរុះរើនោះមិនបានកើតឡើងទេ ហើយផ្ទះអ្នកភូមិនៅមានសភាពធម្មតានៅឡើយ ។ ខេមបូចា ពុំអាចបញ្ជាក់បានទេថាតើមានការដាក់ចេញនូវកាលបរិច្ឆេទកំណត់ថ្មី ឬយ៉ាងណានោះទេ។
ដំបូងឡើយ អ្នកស្រី ដាវី បានដាក់ញត្តិទៅអាជ្ញាធរដើម្បីស្នើសុំឱ្យចែកដីឡូត៍ និងផ្ទះទំហំប្រហាក់ប្រហែលគ្នានៅក្បែរបឹងតាមោកសម្រាប់គ្រួសាររបស់អ្នកស្រីរើទៅតាំងលំនៅ និងផ្ដល់សំណង៧ម៉ឺនដុល្លារ។ ស្រ្តីវ័យ៤២ឆ្នាំរូបនេះបានអះអាងថា អ្នកស្រីមានបង្កាន់ដៃកាន់កាប់ដីដែលអ្នកស្រីបានរស់នៅអស់រយៈពេលជាង២០ឆ្នាំមកហើយ ។
អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំមិនបានលួចដីរដ្ឋដូចដែលពួកគេអះអាងនោះទេ»។ អ្នកស្រីបន្តថា៖ «ប្រសិនបើរដ្ឋត្រូវការដីនោះដើម្បីគោលបំណងអភិវឌ្ឍន៍ រដ្ឋគួរតែផ្ដល់សំណងដោយផ្អែកលើតម្លៃតាមទីផ្សារ»។
លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីនៃសមាគមធាងត្នោតស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលជាអង្គការមិនមែនរដ្ឋាភិបាលគាំទ្រដល់សហគមន៍ក្រីក្រក្នុងទីក្រុង បានគាំទ្រការទាមទាររបស់អ្នកស្រី ដាវី និងអ្នកផ្សេងទៀតសម្រាប់សំណងប្រកបដោយសមធម៌។
លោកបាននិយាយថា៖ «អាជ្ញាធរខណ្ឌព្រែកព្នៅមិនអាចដោះស្រាយជម្លោះដីធ្លីតាមរយៈគោលនយោបាយដោះដូរបានទេ ។ វាមិនគ្រប់គ្រាន់ឡើយ»។
លោកបន្តថា៖ «ដីរបស់គ្រួសារខ្លះជាកម្មសិទ្ធិឯកជន ដូច្នេះ ពួកគេគួរតែទទួលបានសំណងផ្អែកតាមតម្លៃទីផ្សារសម្រាប់ដីនៅតំបន់នោះ បើទោះបី(អ្នកខ្លះ)អត់ទាន់មានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយក៏ដោយ»។
ទោះបីពួកគេបានដាក់ញត្តិបែបនេះក្ដី ជម្រើសដំណោះស្រាយតែមួយគត់ដែលគេផ្ដល់ឱ្យអ្នកស្រី ដាវី និងគ្រួសារដទៃទៀតនៅក្នុងភូមិ គឺគោលនយោបាយដោះដូរដី ។
នៅពេលនិយាយពីសំណងដែលម្ចាស់ផ្ទះ ដូចជា អ្នកស្រី ដាវី បានទាមទារ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បាននិយាយថា៖ «វាមិនអាចទៅរួចទេ [ចំពោះការផ្ដល់សំណងដល់ពួកគេ]តាមតម្លៃដែលពួកគេបានកំណត់នោះ»។
លោកបាននិយាយថា៖ «ការផ្ដល់ដំណោះស្រាយរបស់យើង គឺមានតែគោលនយោបាយដោះដូរដីតែមួយមុខគត់ ប្រសិនបើពួកគេទាមទារលើសពីនេះ យើងមិនអាចព្រមព្រៀងគ្នាកើតទេ»។
នៅក្រោមគោលនយោបាយដោះដូរដីដែលរៀបចំដោយអាជ្ញាធរសាលារាជធានីភ្នំពេញ អាជ្ញាធរបានបែងចែកដីដែលនៅឆ្ងាយពីខណ្ឌពីរបីគីឡូម៉ែត្រដើម្បីសាងសង់ផ្ទះសមល្មមសម្រាប់អ្នកភូមិដែលផ្លាស់ទីលំនៅ និងផ្ដល់សំណងឱ្យពួកគេ ១ម៉ឺនដុល្លារ ឬលើសនេះបន្តិចបន្តួច ដោយអាស្រ័យទៅតាមទំហំអចលនទ្រព្យរបស់ពួកគេ ។
ប៉ុន្តែ កញ្ចប់សំណងចំនួនថេរបែបនេះ គឺទាបជាងតម្លៃទីផ្សារនៃអចលនទ្រព្យរបស់អ្នកភូមិ ដែលនាំឱ្យពួកគេជាច្រើននាក់មានអារម្មណ៍ថាខ្លួនមិនទទួលបានការដោះស្រាយដោយយុត្តិធម៌នោះឡើយ។
លើសពីនេះទៅទៀត គ្រួសារខ្លះដែលទទួលយកកញ្ចប់សំណងនេះ នៅពុំទាន់បានរើទៅកាន់ទីតាំងថ្មីនៅឡើយទេដោយសារតែផ្ទះសាងសង់មិនទាន់រួច ហើយពួកគេក៏ពុំទាន់ទទួលបានសំណង១ម៉ឺនដុល្លារនោះនៅឡើយដែរ។ នេះបើយោងតាមអ្នកស្រី ដាវី ដែលសហគមន៍ចាត់តាំងឱ្យនិយាយជំនួសមុខឱ្យពួកគេ ដោយសារអ្នកស្រីមានទូរសព្ទដៃប្រើ។
ទោះបីស្ទាក់ស្ទើរក្ដី អ្នកស្រី ដាវី នៅពេលចុងក្រោយនេះ បានយល់ព្រមទទួលយកការដោះស្រាយរបស់រដ្ឋ។ ដោយសារតែទំហំដីរបស់គ្រួសារអ្នកស្រី អ្នកស្រីទទួលបានសម្បទានដ៏កម្រនៅក្រោមគោលនយោបាយដោះដូរដីនេះ ដែលរួមមានដីពីរឡូត៍ និងប្រាក់៣ម៉ឺនដុល្លារ។ ប៉ុន្តែ ទោះយ៉ាងនេះក្ដី អ្នកស្រីពុំទាន់ទទួលបានសំណងទាំងនេះនៅឡើយទេ។ យោងតាមអ្នកស្រី ដាវី គិតត្រឹមថ្ងៃទី២១ ខែសីហា គ្រួសារទាំងអស់នៅលើដីជម្លោះនៅក្នុងភូមិសំរោងត្បូងបានយល់ព្រមទទួលយកសំណងរបស់រដ្ឋហើយ។
អ្នកស្រី ដាវី បានត្អូញត្អែរថា៖ «យើងគ្មានជម្រើសអ្វី ក្រៅពីចាកចេញនិងទទួលយកសំណងរបស់រដ្ឋនោះទេ ពីព្រោះអាជ្ញាធរនឹងចោទប្រកាន់យើងដែលនាំឱ្យយើងមិនអាចធ្វើការងារអ្វីកើតទេ»។ អ្នកស្រីបានកត់សម្គាល់ថា ដំណើរការក្ដីក្ដាំពីការចោទប្រកាន់ព្រហ្មទណ្ឌរបស់អ្នកស្រីធ្វើឱ្យអ្នកស្រីរវល់មិនអាចធ្វើការងារអ្វីបានទេ។
ត្រូវបានកាត់ទោស ប៉ុន្តែពុំមានការផ្ដន្ទាទោស
នៅមុននេះ អ្នកស្រី ដាវី ប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌចំនួនពីរករណី ទាក់ទងនឹងជម្លោះដីធ្លី។ បទចោទប្រកាន់លើកទីមួយកើតឡើងកាលពីខែវិច្ឆិកាឆ្នាំ២០២៣ នៅពេលដែលសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អ្នកស្រីពីបទរំលោភបំពានលើមន្ត្រីរាជការសាធារណៈក្នុងអំឡុងពេលតវ៉ាកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។
ការចោទប្រកាន់មួយករណីទៀតលើអ្នកស្រី ដាវី ពាក់ព័ន្ធនឹងបទល្មើសស្រដៀងគ្នាដែរ បានកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលដែលអ្នកស្រី ដាវី និងអ្នកភូមិជាច្រើននាក់ទៀតបានប្រមូលផ្ដុំគ្នាប៉ុនប៉ងរារាំងគ្រឿងចក្ររបស់រដ្ឋមិនឱ្យជីកប្រឡាយនៅក្បែរផ្ទះរបស់ពួកគេ។ ពីពេលនោះមក អ្នកស្រីបានត្រូវតុលាការរកឃើញថាមានទោសក្នុងគ្រប់ករណីចោទប្រកាន់ទាំងអស់ ប៉ុន្តែពុំមានការដាក់ទោសទណ្ឌអ្វីលើអ្នកស្រីឡើយ។
តុលាការក៏បានកោះហៅអ្នកភូមិ៩នាក់ផ្សេងទៀតដែលបានចូលរួមនៅក្នុងការតវ៉ាកាលពីខែកុម្ភៈ ឱ្យចូលខ្លួនមកបំភ្លឺនៅមុខតុលាការផងដែរ ចន្លោះពីថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៦ ខែសីហា ក្រោមបទចោទប្រកាន់«បង្កហិង្សាដោយចេតនា» និង«បទប្រឆាំងនឹងអ្នករាជការសាធារណៈ»។
អ្នកស្រី សឿន ស្រីសុទ្ធ អ្នកភូមិមកពីសហគមន៍សំរោងត្បូង ដែលស្ថិតក្នុងចំណោមអ្នកតវ៉ាទាំង៩នាក់ ដែលត្រូវបានចោទប្រកាន់ បាននិយាយថា អាជ្ញាធរប្រើប្រាស់ការគំរាមកំហែងផ្លូវច្បាប់ដើម្បីដាក់សម្ពាធ មកលើប្រជាជនឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងព្រមទទួលយកគោលនយោបាយដោះដូរដី ។
អ្នកស្រី ទឹម អ៊ុក និងស្វាមីឈ្មោះ ស៊ា សំបាត់ គឺជាអ្នកភូមិពីរនាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទរារាំងការអនុវត្តច្បាប់ បន្ទាប់ពីបានចូលរួមនៅក្នុងជម្លោះជាមួយអ្នកបើកគ្រឿងចក្រ ។
អ្នកស្រី អ៊ុក អះអាងថា បុគ្គលិកសាលាខណ្ឌព្រែកព្នៅបានបំភិតបំភ័យអ្នកស្រីដោយអះអាងថា កូនៗរបស់អ្នកស្រីពុំមានអត្តសញ្ញាណបណ្ណត្រឹមត្រូវទេ។ អ្នកស្រីបាននិយាយថា រឿងនេះបានកើតឡើងបន្ទាប់ពីគេកោះហៅអ្នកស្រីឱ្យចូលទៅបំភ្លឺ និងនៅពេលអ្នកស្រីបំពេញបែបបទទាមទារសំណង។
កាលពីថ្ងៃទី១៦ ខែសីហា តុលាការបានប្រកាសសាលក្រមសំណុះរឿងអ្នកភូមិដែលនៅសេសសល់ ដែលប្រឈមនឹងកាត់ទោស។ ស្រដៀងគ្នានឹងនីតិវិធីតុលាការក្នុងសំណុំរឿងរបស់អ្នកស្រី ដាវី ដែរ អ្នកស្រី ស្រីសុទ្ធ បាននិយាយថា តុលាការបានរកឃើញថា អ្នកស្រី និងចុងចោទផ្សេងទៀតមានទោស ប៉ុន្តែពុំមានការផាកពិន័យ ឬផ្ដន្ទាទោសដាក់ពន្ធនាគារអ្វីទេ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំគិតថា តុលាការព្យួរទោសពួកយើង ពីព្រោះយើងបានយល់ព្រមទទួលយកសំណង។ ប្រសិនបើមិនអ៊ីចឹងទេ យើងប្រហែលជានៅក្នុងពន្ធនាគារបាត់ហើយ នៅពេលនេះ»។
លោក សំអាន បានច្រានចោលការអះអាងរបស់អ្នកភូមិដែលនិយាយថា អាជ្ញាធរបានប្រើប្រាស់វិធីគំរាមកំហែង។
ប្រវត្តិនៃជម្លោះ និងផលប្រយោជន៍ឯកជន
ទោះបីមានភាពតានតឹងកើនឡើងក្ដី ការចាប់យកដីធ្លីនៅក្បែរ ឬនៅក្នុងបឹងតាមោក មិនមែនជារឿងថ្មីដែលទើបនឹងកើតមានឡើងនោះទេ។
ធ្លាប់តែជាប្រភពត្រី ជារបាំងធម្មជាតិការពារទឹកជំនន់ និងជាអាងប្រព្រឹត្តកម្មទឹកកខ្វក់ បឹងតាមោក និងបឹងផ្សេងៗទៀតនៅក្បែរៗរាជធានីភ្នំពេញ ដូចជា បឹងទំពុន បន្តិចម្ដងៗ បានប្រែក្លាយទៅជាតំបន់ អភិវឌ្ឍន៍និងពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយមហាសេដ្ឋីដែលមានឥទ្ធិពល និងស្ថាប័នរដ្ឋ ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយសមាគមធាងត្នោត ជាង ៧៤% នៃផ្ទៃបឹងត្រូវបានចាក់ដីលុបក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ នៅក្រោយការចេញអនុក្រឹត្យមួយកាលពីឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលជួល ឬលក់ដីនៅក្នុង និងនៅជុំវិញបឹង។
អនុក្រឹត្យនោះត្រូវបានប្រើប្រាស់ជាមូលដ្ឋានដើម្បីសម្គាល់ដីនៅបឹងតាមមោកជាដីកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែ តំបន់ដែលសហគមន៍សំរោងត្បូងរស់នៅមិនត្រូវបានទទួលស្គាល់ជាផ្លូវការថាជាដីកម្មសិទ្ធិរបស់រដ្ឋទេ។ ការទាមទារកម្មសិទ្ធិដីមិនច្បាស់លាស់នៅក្នុងព្រះរាជក្រឹត្យ និងការបណ្ដេញសហគមន៍ចេញពីដីធ្លីពួកគេបានបណ្ដាលឱ្យអង្គការសិទ្ធិមនុស្ស លីកាដូ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍ ៣៨ផ្សេងទៀត ចេញសេចក្ដីថ្លែងការណ៍មួយកាលពីខែមករា ដោយទាមទារឱ្យអាជ្ញាធរ«បញ្ឈប់ការបៀតបៀននិងការគំរាមកំហែង»ទៅលើសហគមន៍សំរោងត្បូង និងផ្ដល់សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ដល់ពួកគេ។
ក្រៅពីនេះ អ្នកភូមិបានស្វែងរកអន្តរាគមន៍ក្នុងជម្លោះដីធ្លីនេះពីស្ថាប័នជាន់ខ្ពស់នានា ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ពួកគេបានស្នើសុំទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា និងទៅព្រះបរមរាជវាំង ផងដែរ ។
អ្នកភូមិសំរោងត្បូងភាគច្រើនបំផុតដែលបាននិយាយជាមួយ ខេមបូចា បានសម្ដែងការព្រួយបារម្ភថា ជាជាងប្រើប្រាស់សម្រាប់គម្រោងសាធារណៈដែលអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេ និងសហគមន៍មូលដ្ឋានផ្សេងទៀត ដីធ្លីរបស់ពួកគេអាចនឹងត្រូវបែងចែកសម្រាប់ផលប្រយោជន៍ឯកជនទៅវិញ។
អ្នកស្រី ស្រីសុទ្ធ បាននិយាយថា៖ «ខ្ញុំគិតថា ដីនេះនឹងទុកឱ្យអ្នកមានលុយនិងអ្នកមានអំណាច ដោយសារតែតំបន់នេះមិនស្ថិតនៅក្នុងផែនទីសម្រាប់គម្រោងអភិវឌ្ឍន៍របស់រដ្ឋទេ»។
ខណៈដែលសហគមន៍ត្រៀមខ្លួនបោះបង់ដីធ្លីរបស់ខ្លួននៅទីបំផុតទៅ ដើម្បីបើកផ្លូវឱ្យគម្រោងអភិវឌ្ឍន៍ថ្មីៗទាំងនេះ ក្ដីសង្ឃឹមដែលនៅសេសសល់របស់ពួកគេ គឺការប្ដឹងឧទ្ធរណ៍សំណុំរឿងព្រហ្មទណ្ឌរបស់ពួកគេ និងការទទួលបានការដោះស្រាយសំណងគ្រប់ចំនួន។
លោក សំអាន មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ជុំវិញកាលបរិច្ឆេទនៃការផ្លាស់ទៅនៅកន្លែងថ្មី ឬការបញ្ចប់ស្ថាពរនូវការសាងសង់ផ្ទះថ្មីដូចដែលបានសន្យានៅក្នុងគោលនយោបាយដោះដូរដីនោះ។ ប៉ុន្តែអាជ្ញាធរខណ្ឌបានលើកឡើងថា ប្រជាជនភាគច្រើនបំផុតដែលទទួលយកគោលនយោបាយដោះដូរដីនេះ បានទទួលសំណងម្នាក់ៗ ១ម៉ឺនដុល្លារ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Endgame at Boeung Tamok: Samraong Tboung Villagers Accept Government Settlements After Protests and Convictions