សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សកម្មជនបរិស្ថាន​បន្តរក្សាជំហរ ទោះ​រង​ការ​គំរាម​កំហែង​ផ្នែក​ច្បាប់បន្ទាប់ពីលាតត្រដាងករណី​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះ​រកា

រូបភាពលោក ម៉ា ចិត្រា សកម្មជនបរិស្ថានឈរក្បែរដើមឈើធំមួយដើមស្ថិតក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលលោកអះអាងថាត្រូវបានកាប់បំផ្លាញ អំឡុងពេលលោកចុះល្បាតព្រៃជាមួយប្រជាសហគមន៍កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
រូបភាពលោក ម៉ា ចិត្រា សកម្មជនបរិស្ថានឈរក្បែរដើមឈើធំមួយដើមស្ថិតក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលលោកអះអាងថាត្រូវបានកាប់បំផ្លាញ អំឡុងពេលលោកចុះល្បាតព្រៃជាមួយប្រជាសហគមន៍កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

សកម្មជនបរិស្ថានដែលនិយាយឥតសំចៃ រក្សាការតាំងចិត្តក្នុងការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន បើទោះបីជាមានការគំរាមកំហែងផ្នែកច្បាប់ បន្ទាប់ពីលាតត្រដាងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់អភិរក្សស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាក៏ដោយ។

ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីបទសម្ភាសន៍របស់លោក ម៉ា ចិត្រា ជាមួយវិទ្យុអាស៊ីសេរី ទាក់ទងនឹងការចុះល្បាតរួមគ្នាជាមួយប្រជាសហគមន៍ដែលពួកគេចងក្រងឯកសារភស្តុតាងនៃបទល្មើសព្រៃឈើ និងការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា។ ជុំវិញករណីនេះ អាជ្ញាធរ​បាន​អះអាង​ថា​វាជា​រូបភាព​ចាស់។

អ្នកវិភាគផ្នែកអភិបាលកិច្ចល្អ យល់ថា បញ្ហានៃបទល្មើសព្រៃឈើគឺវានៅតែបន្តមាន«គម្លាតឆ្ងាយពីគ្នានៅទ្បើយ» រវាងឆន្ទៈនយោបាយ និងការអនុវត្តជាក់ស្តែងនៃច្បាប់របស់មន្ត្រីថ្នាក់ក្រោម។

នៅក្នុងសេចក្តីថ្លែងការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះនៅថ្ងៃទី១០ ខែឧសភា បានចោទប្រកាន់ សកម្មជនបរិស្ថាន លោក ចិត្រា និងក្រុមរបស់គាត់ ថា បានធ្វើ«សកម្មភាពខុសច្បាប់នៅក្នុងតំបន់អភិរក្សដោយគ្មានការអនុញ្ញាត» និង«បានបង្កើតព័ត៌មានមិនពិតមានចេតនាញុះញង់ ប៉ុនប៉ង និងបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់ ក្នុងសង្គម ដើម្បីបម្រើផលប្រយោជន៍ឱ្យនយោបាយក្រុមអគតិក្រៅច្បាប់នៅក្រៅប្រទេស»

មន្ទីរបរិស្ថានខាងលើអះអាងថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គល និងក្រុមខិលខូចចំពោះករណីខាងលើ និងបានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយបញ្ឈប់ការចេញផ្សាយនូវ «ព័ត៌មានមិនពិត»

ថ្លែងប្រាប់ សារព័ត៌មានខេមបូចា លោក ចិត្រា បាននិយាយថា ព័ត៌មានដែលលោកផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពី «ការពិតជាក់ស្ដែង»

លោក​បន្តថា៖ «ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​ធនធាន​ធម្មជាតិ ជា​ពិសេស​ចំពោះ​បញ្ហា​ដែល​ខ្ញុំ​បាន​លើក​ឡើង​នោះ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា​ខ្ញុំ​អាច​ប្រឈម​មុខ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់»

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​ប្រមុខ​រដ្ឋាភិបាល​នឹង​ពិចារណា​លើ​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់ចត់។​ ដូច​ដែល​ខ្ញុំ​បាន​និយាយ​កន្លង​មក​ ព័ត៌មាន​ដែល​ខ្ញុំ​បាន​ចែក​រំលែក​គឺ​ជា​ការ​ពិត»

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​នឹង​មិន​បោះបង់​ទេ ​ដរាបណា​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន។ ខ្ញុំ​នឹង​បន្ត​ដើរ​ល្បាត​ជាមួយ​ប្រជាសហគមន៍​មូលដ្ឋាន​ដើម្បី​បង្កើន​ការ​យល់​ដឹង​។​ គោលដៅ​តែមួយគត់​របស់​យើង​គឺ​ការពារ​ធនធានធម្មជាតិ​របស់​យើង​»​

ជាអ្នកដែលបានចូលរួមល្បាតរយៈពេលបីថ្ងៃជាមួយប្រជាសហគមន៍ក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី៥ ខែឧសភា លោក ចិត្រា បានអំពាវនាវឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតពីអំពើពុករលួយនៅថ្នាក់មូលដ្ឋាន ដែលលោកជឿថាកំពុងបន្តរួមចំណែកក្នុងការកាប់បំផ្លាញព្រៃឈើ។

បុរសវ័យ៣៤ឆ្នាំ ដែលបានចូលរួមការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ស្ថិតនៅជួរភ្នំក្រវាញ តាំងពីឆ្នាំ២០១៤រូបនេះ បានឱ្យដឹងទៀតថា៖ «បញ្ហាសំខាន់គឺជាអំពើពុករលួយ»។ នេះជាការសង្ស័យរបស់ខ្ញុំថាមានមន្ត្រីមួយចំនួនកំពុងគប់គិតជាមួយឈ្មួញ»

រូបភាពលោក ម៉ា ចិត្រា សកម្មជនបរិស្ថាន និងប្រជាសហគមន៍បានជួបដើមឈើធំមួយដែលត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃព្រះរកាអំឡុងពេលដើរល្បាត។ រូបថតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ (រូបភាព៖ លោក ម៉ា ចិត្រា)

សហគមន៍ជនជាតិដើមភាគតិចកួយក្នុងភូមិប្រមេរ ដែលបានបង្ហោះរបាយការណ៍បន្ទាប់ពីការចុះល្បាតរបស់ពួកគេក្នុងដែនជម្រកសត្វព្រៃព្រះរកា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា បានបង្ហាញនូវបទល្មើសព្រៃឈើចំនួន៣៣៤ករណី រួមមានការកាប់ដើមឈើតូចធំ ទីតាំងប្រព្រឹត្តល្មើស ម៉ាស៊ីនអារឈើ និងឈើដែលបានកាប់រួចប្រវែងចន្លោះពី២៥សង់ទីម៉ែត្រ ទៅ ១៧៨សង់ទីម៉ែត្រ។

សហគមន៍ជនជាតិដើមភាគតិចកួយ លោក កាក់ ភារិទ្ធិម៉ាស៊ី ដែលចូលរួមក្នុងការល្បាតនោះ បានសម្តែងការខកចិត្តចំពោះការច្រានចោលរបស់អាជ្ញាធរលើការលាតត្រដាងការពិតរបស់ពួកគេ។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​មន្ត្រី​បរិស្ថាន​បដិសេធ​ព្រោះ​មិន​ចង់​បង្ខូច​កេរ្តិ៍ឈ្មោះរបស់​ថ្នាក់​លើ​។​ នៅ​ពេល​ដែល​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ជាច្រើនត្រូវបានលាតត្រដាង ​វា​នឹង​ឆ្លុះ​បញ្ចាំង​ជាអវិជ្ជមានពី​ប្រទេស​ជាតិផងដែរ»

ជាមួយគ្នា លោក ភារិទ្ធិម៉ាស៊ី ​បានគាំទ្រលើ​របាយការណ៍​ដែល​ធ្វើ​ឡើង​ដោយ​សហគមន៍​ដោយ​បញ្ជាក់​ថា ​ពួកគេ​បាន​រក​ឃើញ​ភស្តុតាង​ជាក់លាក់​មួយចំនួន​នៃ​បទល្មើស​ព្រៃឈើ។

លោក ឱក សេរីសុភ័ក្រ ជាអ្នកជំនាញផ្នែកអភិបាលកិច្ចល្អ បានជំរុញឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវមុននឹងធ្វើការសន្និដ្ឋាន ដោយលោកបានភ្ជាប់ករណីរបស់លោក ម៉ា ចិត្រា ដែលលោកថាបាន«កត់ត្រាពីបទល្មើសព្រៃឈើនៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់មួយ»

តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក សុភ័ក្រ​ បានលើកឡើងថា៖ «សម័យឌីជីថលឥឡូវ មិនពិបាកទេក្នុងការផ្ទៀងផ្ទាត់ ថាតើជារូបចាស់ ឬជារូបថតបច្ចុប្បន្ន។ បើពិនិត្យទៅ ឃើញថាជារូបចាស់ នោះបុគ្គលដែលផ្សព្វផ្សាយត្រូវតែមានកំហុស។ បើជារូបថ្មីមែន ត្រូវតែធ្វើការស៊ើបអង្កេតដោយអង្គភាពមិនពាក់ព័ន្ធដោយចំពោះ»

សំណេរដដែលបានរៀបរាប់ដោយភ្ជាប់ទៅនឹងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជំរុញឱ្យពលរដ្ឋផ្តល់ការរិះគន់ក្នុងន័យស្ថាបនា និងព្រមានពីការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីញុះញង់ប្រជាពលរដ្ឋ ថា៖ «ការហាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយព៌តមាន ផ្សាយអំពីសំណុំរឿងនេះ ទាំងដែលមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ គឺមានលក្ខណ:គំរាមកំហែង ហើយរឹតតែធ្វើឲ្យមតិសាធារណ:មានមន្ទិលសង្ស័យលើករណីយមួយនេះ»

លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ បានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធគួរតែចុះជួបជាមួយសកម្មជនបរិស្ថាន និងប្រជាសហគមន៍មូលដ្ឋានដែលតែងតែទម្លាយពីបទល្មើសព្រៃឈើ ជាជាងការចេញសេចក្តីថ្លែងការណ៍ដើម្បី«ដោះសារការពិត»

លោកបានថ្លែងថា៖ «យើងតែងតែឃើញក្រសួងច្រានចោលនូវការរកឃើញទាំងនេះ ជាជាងការទទួលស្គាល់ភស្តុតាង និងធ្វើការរួមគ្នាដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសរបស់យើង»

បើតាមលោក ម៉ាឡា សង្កេតឃើញថា សកម្មជនបរិស្ថានមិនអាចអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេបានពេញលេញទេ ខណៈអ្នកខ្លះប្រឈមមុខនឹងហានិភ័យនៃការចាប់ខ្លួន បើទោះបីជាពួកគេខិតខំការពារធនធានធម្មជាតិក៏ដោយ។

កាល​ពី​ឆ្នាំ​មុន សកម្មជន​បរិស្ថាន​ចំនួន១០​នាក់ ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស ដោយ​តុលាការ​បាន​កាត់​ទោស​ការ​អត្ថាធិប្បាយ ​ឬ​សកម្មភាព​របស់​ពួក​គេ​ថា​ជា​បទឧក្រិដ្ឋ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក មឿន សុភេទ បានស្នើ​ឱ្យប្រជា​សហគមន៍​ចែករំលែក​ទីតាំង Universal Transverse Mercator (UTM) សម្រាប់​ករណី​ចំនួន ៣៣៤ ដែល​ពួកគេ​បាន​រាយការណ៍។ គួរឱ្យដឹងថា UTM គឺជាប្រព័ន្ធសម្របសម្រួលដើម្បីកំណត់ទីតាំងជាក់លាក់នៅលើភពផែនដី។ ករណី​នេះ​លោក​ចង់​ដឹង​ពី​ទីតាំង​ពិតប្រាកដ​នៃ​ការ​កាប់​ឈើ។

នៅពេលអ្នកសារព័ត៌មានសុំការអត្ថាធិប្បាយទៅនឹងសេចក្ដីថ្លែងការណ៍ដែលថា លោក ចិត្រា ​បានបង្ហោះរូបភាពចាស់ លោក សុភេទ បានតបថា៖ «ចឹងបានខ្ញុំចង់បានចំនុចប្រព័ន្ធ UTM ធ្វើការផ្ទៀងផ្ទាត់វា។ យើងត្រូវមានការយល់ដឹងអំពីនីតិវិធីបន្តបន្ទាប់ទៀត»

ទោះ​ជា​យ៉ាង​ណា លោក​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​អំពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដែល​នឹង​កើត​ឡើង​ចំពោះ​ លោក ចិត្រា ឡើយ ដោយថា៖ «សូមរង់ចាំលទ្ធផលនៃការធ្វើការងាររបស់យើងជសិន»

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យអ្នកសារព័ត៌មានទៅស្វែងរកខ្លឹមសារលើសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួង នៅពេលអ្នកសារព័ត៌មានទាក់ទងសុំការអត្ថាធិប្បាយ។ ដោយមានដកសម្រង់សំដីរដ្ឋមន្ត្រីក្រសួងបរិស្ថាន​លោក អ៊ាង សុផល្លែត ថា៖ «ជំរុញឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព»

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​បង្វែរ​សំណួរ​ទៅ​ក្រសួង​បរិស្ថាន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Environmental Activist Stands Firm Despite Legal Action Threat After Exposing Logging in Preah Roka Wildlife Sanctuary

91 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម